រដូវសែសិបថ្ងៃ
ថ្ងៃសុក្រ អាទិត្យទី២
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
- ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះគ្រីស្ត ជាព្រះអម្ចាស់ ដ្បិតព្រះអង្គត្រូវល្បងល និងរងទុក្ខលំបាក ព្រោះតែយើងរាល់គ្នា។
ទំនុកតម្កើងតាមការជ្រើសរើស
ចូរយើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
១ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
ចូរស្រែកច្រៀងដោយអំណរថ្វាយព្រះជាម្ចាស់ដែលជាថ្មដាសង្គ្រោះយើង។
២ ចូរយើងនាំគ្នាចូលមកចំពោះព្រះភក្ត្រព្រះអង្គទាំងអរព្រះគុណ
និងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ
៣ ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម
ព្រះអង្គជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់លើសព្រះនានា។
៤ ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ គឺចាប់តាំងពីបាតដីរហូតដល់ចុងកំពូលភ្នំ
៥ សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ
ព្រោះព្រះអង្គបានបង្កើតសមុទ្រមក រីឯផែនដីក៏ព្រះអង្គបានបង្កើតមកដែរ។
៦ ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអង្គ
ចូរយើងក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដែលបានបង្កើតយើងមក
៧ ដ្បិតព្រះអង្គជាព្រះនៃយើង
យើងជាប្រជារាស្ដ្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ។
ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ
៨ មិនត្រូវមានចិត្តរឹងរូស ដូចកាលបះបោរនៅមេរីបា
ដូចថ្ងៃល្បងលនៅម៉ាសា ក្នុងវាលរហោស្ថាននោះឡើយ
៩ គឺបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង
គេសាកមើលយើង ទោះបីគេបានឃើញកិច្ចការដែលយើងធ្វើក៏ដោយ។
១០ ក្នុងអំឡុងពេលសែសិបឆ្នាំ
មនុស្សនៅជំនាន់នោះបានធ្វើឱ្យយើងឆ្អែតចិត្តជាខ្លាំង ហើយយើងបានពោលថា:
ពួកនេះជាប្រជាជនដែលមានចិត្តវង្វេង គេពុំស្គាល់មាគ៌ារបស់យើងឡើយ។
១១ ហេតុនេះ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា
មិនឱ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
១ មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់!
២ ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
ចូរនាំគ្នាចូលមកជិតព្រះអង្គដោយច្រៀងយ៉ាងសប្បាយ!
៣ ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះអង្គបានបង្កើតយើងមក
យើងជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយជាប្រជាជនដែលព្រះអង្គថែរក្សា។
៤ ចូរនាំគ្នាចូលតាមទ្វារព្រះដំណាក់របស់ព្រះអង្គ ដោយអរព្រះគុណ
ចូរនាំគ្នាចូលមកក្នុងព្រះវិហារ ដោយពាក្យសរសើរតម្កើង!
ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ!
៥ ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរជានិច្ច
ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះជាម្ចាស់
២ ឱព្រះជាម្ចាស់អើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង!
៣ ដូច្នេះ មនុស្សនៅលើផែនដីនឹងស្គាល់មាគ៌ារបស់ព្រះអង្គ
ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ
គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ!
៤ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៥ មហាជននាំគ្នាសប្បាយរីករាយ នាំគ្នាស្រែកជយឃោស
ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ដ្រនានាដោយយុត្តិធម៌
ហើយព្រះអង្គដឹកនាំមហាជនទាំងឡាយនៅលើផែនដី។
៦ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៧ ផែនដីបានបង្កើតភោគផល
ព្រោះព្រះជាម្ចាស់ជាព្រះនៃយើង បានប្រទានពរឱ្យយើង។
៨ សូមព្រះជាម្ចាស់ប្រទានពរឱ្យយើង សូមឱ្យប្រជាជនទាំងប៉ុន្មាន
ដែលរស់នៅទីដាច់ស្រយាលនៃផែនដី គោរពកោតខ្លាចព្រះអង្គ!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ព្រះមហាក្សត្រដ៏ឧត្ដម
១ ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់
ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុងពិភពលោក
ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ!
២ គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដីពីលើសមុទ្រ
ហើយធ្វើឱ្យវាស្ថិតនៅយ៉ាងរឹងប៉ឹងពីលើទន្លេនានា។
៣ តើនរណាអាចឡើងទៅលើភ្នំរបស់ព្រះអម្ចាស់បាន?
តើនរណាអាចឈរនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គបាន?
៤ មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ
និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន
គឺអ្នកដែលមិនបណ្តោយខ្លួនទៅថ្វាយបង្គំព្រះក្លែងក្លាយ
និងនិយាយស្បថស្បែបំពាន។
៥ ព្រះអម្ចាស់នឹងប្រទានពរដល់គេ
ហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះ នឹងប្រោសគេឱ្យសុចរិតដែរ។
៦ គឺអ្នកទាំងនេះហើយដែលស្វែងរកព្រះអង្គ
ជាអ្នកស្វែងរកព្រះរបស់លោកយ៉ាកុប។
៧ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
៨ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់ប្រកបដោយព្រះចេស្ដាដ៏ខ្លាំងពូកែ
ព្រះអម្ចាស់ជាអ្នកចម្បាំងដ៏ជំនាញ។
៩ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
១០ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់នៃពិភពទាំងមូល គឺព្រះអង្គហើយ
ដែលជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង!។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៥១
ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំផង
ត្រូវប្រែគំនិតប្រាជ្ញា និងវិញ្ញាណឱ្យបានថ្មីឡើង ហើយត្រូវពាក់ជីវិតថ្មីដ៏សុចរិត និងវិសុទ្ធ មកពីសេចក្ដីពិត
ជាជីវិតដែលព្រះជាម្ចាស់បានបង្កើត ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ (អភ ៤,២៣-២៤)។
បន្ទរទី១ ៖ ព្រះអម្ចាស់អើយ ព្រះអង្គតែងតែទទួលចិត្តសោកស្តាយនិងចិត្តលែងមានអំនួត។
៣ | ឱព្រះជាម្ចាស់នៃទូលបង្គំអើយ! សូមអាណិតមេត្តាទូលបង្គំ តាមព្រះហឫទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គផង សូមលើកលែងទោសឱ្យទូលបង្គំ តាមព្រះហឫទ័យអាណិតមេត្តាដ៏ទូលំទូលាយរបស់ព្រះអង្គផង!។ |
៤ | សូមលប់លាងកំហុសទូលបង្គំឱ្យបានស្អាតទាំងស្រុង សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធរួចពីបាប! |
៥ | ទូលបង្គំទទួលសារភាពកំហុសរបស់ទូលបង្គំហើយ អំពើបាបទូលបង្គំដិតជាប់នៅក្នុងអារម្មណ៍ទូលបង្គំជានិច្ច។ |
៦ | ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ គឺទាស់នឹងព្រះអង្គតែមួយគត់ ទូលបង្គំបានប្រព្រឹត្តនឹងអំពើដែលព្រះអង្គចាត់ទុកថាជាអំពើអាក្រក់។ ទោះបីព្រះអង្គដាក់ទោសទូលបង្គំយ៉ាងណាក្តី ក៏ព្រះអង្គនៅតែឥតកំហុសដែរ។ |
៧ | ទូលបង្គំមានកំហុសតាំងពីកំណើតមក ទូលបង្គំជាប់បាបតាំងពីនៅក្នុងផ្ទៃម្តាយមកម៉្លេះ! |
៨ | ក៏ប៉ុន្តែ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្តីពិត នៅក្នុងជម្រៅចិត្តមនុស្ស។ សូមប្រោសឱ្យស្គាល់ជម្រៅនៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គ |
៩ | សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធ នោះទូលបង្គំនឹងបានបរិសុទ្ធមែន សូមលាងសំអាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងសំឡីទៅទៀត។ |
១០ | សូមប្រាប់ឱ្យទូលបង្គំដឹងថា ព្រះអង្គអត់ទោសទូលបង្គំហើយ នោះទូលបង្គំនឹងមានអំណរសប្បាយ ចិត្តសោកសង្រេងរបស់ទូលបង្គំ នឹងប្រែជារីករាយឡើងវិញ។ |
១១ | ឱព្រះអង្គអើយ! សូមកុំទតមើលអំពើបាបរបស់ទូលបង្គំឡើយ។ សូមលប់បំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំផង។ |
១២ | ឱព្រះជាម្ចាស់អើយ! សូមប្រោសប្រទានឱ្យទូលបង្គំមានចិត្តបរិសុទ្ធ សូមបង្កើតចិត្តគំនិតថ្មីដ៏រឹងប៉ឹងដល់ទូលបង្គំផង។ |
១៣ | សូមកុំបោះបង់ទូលបង្គំឱ្យឃ្លាតឆ្ងាយពីព្រះអង្គ សូមកុំដកព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គចេញពីទូលបង្គំឡើយ។ |
១៤ | សូមប្រោសប្រទានឱ្យទូលបង្គំមានអំណរ ព្រោះតែព្រះអង្គសង្គ្រោះទូលបង្គំ សូមគាំទ្រទូលបង្គំ ដោយប្រទានព្រះវិញ្ញាណឱ្យទូលបង្គំ សុខចិត្តធ្វើតាមព្រះហឫទ័យព្រះអង្គជានិច្ច។ |
១៥ | ទូលបង្គំនឹងប្រៀនប្រដៅមនុស្សពាល ឱ្យស្គាល់មាគ៌ារបស់ព្រះអង្គ នោះពួកគេនឹងបែរចិត្តវិលមករកព្រះអង្គវិញ។ |
១៦ | ឱព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃទូលបង្គំ សូមរំដោះទូលបង្គំឱ្យរួចពីស្លាប់ ទូលបង្គំនឹងប្រកាសអំពីសេចក្តីសុចរិតរបស់ព្រះអង្គ។ |
១៧ | ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យបន្លឺសំឡេងផង នោះទូលបង្គំនឹងប្រកាសពាក្យសរសើរតម្កើងព្រះអង្គ។ |
១៨ | ព្រះអង្គមិនសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយយញ្ញបូជាទេ ទោះបីតង្វាយដុតទាំងមូល ក៏ព្រះអង្គមិនគាប់ព្រះហឫទ័យដែរ។ |
១៩ | យញ្ញបូជាដែលព្រះអង្គសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយ គឺចិត្តសោកសង្រេង ព្រះអង្គតែងតែទទួលចិត្តសោកសង្រេង និងចិត្តលែងមានអំនួត។ |
២០ | ឱព្រះអម្ចាស់អើយ! សូមប្រោសប្រណីក្រុងស៊ីយ៉ូន សូមមេត្តាកសាងកំពែងក្រុងយេរូសាឡឹមឡើងវិញផង។ |
២១ | ពេលនោះ ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងតង្វាយស្របតាមវិន័យ គឺតង្វាយដុតទាំងមូល និងយញ្ញបូជា គេនឹងយកគោឈ្មោលមកថ្វាយនៅលើអាសនៈរបស់ព្រះអង្គដែរ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់អើយ ព្រះអង្គតែងតែទទួលចិត្តសោកស្តាយនិងចិត្តលែងមានអំនួត។
បទលើកតម្កើងតាមគម្ពីរហាបាគូក (ហគ ៣,២-៤.១៣ក.១៥-១៨)
ព្រះជាម្ចាស់យាងមកវិនិច្ឆ័យទោសមនុស្សលោក
“ចូរអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះព្រះជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ” (លក ២១,២៨)។
បន្ទរទី២ ៖ ពេលព្រះអង្គទ្រង់ព្រះពិរោធ សូមនឹកដល់ព្រះហឫទ័យអាណិតមេត្តារបស់ព្រះអង្គផង។
(បទព្រហ្មគីតិ)
២- | ឱព្រះជាអម្ចាស់ | ខ្ញុំឮច្បាស់សព្វសេចក្តី | |
ស្នាព្រះហស្តថ្លាថ្លៃ | រៀងរាល់ថ្ងៃខ្លាំងអស្ចារ្យ | ||
សូមទ្រង់ប្រោសប្រណី | ដោយសេចក្តីករុណា | ||
សម្តែងឫទ្ធិបាដិហារិយ៍ | ឱ្យគ្រប់គ្នាស្គាល់ផងចុះ | ||
ប៉ុន្តែពេលព្រះអង្គ | ពិរោធខ្លាំងសូមសន្តោស | ||
ព្រះទ័យដែលធ្លាប់ស្មោះ | ធ្លាប់ស្រណោះគ្រាកន្លង | ||
៣- | ព្រះម្ចាស់យាងមកពី | ភ្នំជាទីឥតមានហ្មង | |
វិសុទ្ធពេកកន្លង | បារមីទ្រង់ភ្លឺចែងចាំង | ||
សូមឱ្យពសុធា | កុំរួញរាស្រែកឱ្យខ្លាំង | ||
លើកតម្កើងព្រះអង្គ | យប់ថ្ងៃផងកុំរួញរា | ||
៤- | ព្រះអង្គភ្លឺពណ្ណរាយ | ចាំងពីនាយល្អអស្ចារ្យ | |
ចែងចាំងរស្មីថ្លា | ព្រះចេស្តាបង្កប់ទុក | ||
១៣- | ព្រះអង្គចេញសង្គ្រោះ | មនុស្សទាំងអស់នៅលើលោក | |
ទាំងស្តេចដែលចេញមក | ទ្រង់អភិសេកចាក់ប្រេងឱ្យ | ||
ព្រះអង្គបានប្រហារ | មេគ្រួសារមិនបណ្តោយ | ||
កម្ទេចមិនទុកឱ្យ | នៅសល់ឡើយទាំងអស់គ្នា | ||
១៥- | ព្រះអង្គត្រួសត្រាយផ្លូវ | សេះដើរទៅលាន់ខ្ទ័រខ្ទារ | |
នៅក្នុងបាតជលសា | ដែលកំពុងកញ្ជ្រោលខ្លាំង | ||
១៦- | ខ្ញុំឮសន្ធឹកនេះ | ទ្រូងស្ទើរប្រេះភ័យភាន់ភាំង | |
ឆ្អឹងឆ្អែងពុកអស់ទាំង | ដៃជើងគាំងនៅស្ងៀមឈឹង | ||
ខ្ញុំរង់ចាំតែថ្ងៃ | អាសន្នភ័យទាំងទន្ទឹង | ||
ពេលពួកឈ្លានពានខឹង | ពួកវានឹងកាប់ប្រហារ | ||
១៧- | ព្រៃឈើលែងឱ្យផ្លែ | ស្រូវក្នុងស្រែស្កកអសារ | |
សត្វគោចៀមផងណា | ត្រូវមរណាគ្មានសល់ដែរ | ||
១៨- | ឯខ្ញុំសែនរីករាយ | អរសប្បាយបានល្ហើយល្ហែ | |
ព្រោះព្រះម្ចាស់នៅក្បែរ | ទ្រង់តាមថែសង្គ្រោះខ្ញុំ | ||
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច |
បន្ទរ ៖ ពេលព្រះអង្គទ្រង់ព្រះពិរោធ សូមនឹកដល់ព្រះហឫទ័យអាណិតមេត្តារបស់ព្រះអង្គផង។
ទំនុកតម្កើងលេខ ១៤៧,១២-២០
ការស្តារក្រុងយេរូសាឡឹមឡើងវិញ
“សូមអញ្ជើញមក ខ្ញុំនឹងបង្ហាញឱ្យលោកឃើញកូនក្រមុំ ជាភរិយារបស់កូនចៀម” (វវ ២១,៩)។
បន្ទរទី៣ ៖ ក្រុងយេរូសាឡឹមអើយ ! ចូរសរសើរតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់ !
១២ | ក្រុងយេរូសាឡឹមអើយ ! ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់ ! ក្រុងស៊ីយ៉ូនអើយ ! ចូរសរសើរតម្កើងព្រះរបស់អ្នក ! |
១៣ | ដ្បិតព្រះអង្គការពារ និងពង្រឹងអ្នកឱ្យមានសន្តិសុខ ព្រះអង្គនឹងប្រទានពរដល់ប្រជាជនដែលរស់នៅក្នុងទីក្រុង។ |
១៤ | ព្រះអង្គប្រទានឱ្យទឹកដីអ្នកមានសន្តិភាព ព្រះអង្គប្រទានឱ្យអ្នកមានស្រូវដ៏ល្អយ៉ាងបរិបូណ៌ |
១៥ | ព្រះអង្គមានព្រះបន្ទូលបញ្ជាទៅផែនដី ហើយព្រះបន្ទូលរបស់ព្រះអង្គផ្សព្វផ្សាយទៅយ៉ាងរហ័ស |
១៦ | ព្រះអង្គធ្វើឱ្យមានទឹកកកធ្លាក់ចុះមកដូចសំឡី ព្រះអង្គធ្វើឱ្យមានសន្សើមធ្លាក់ចុះមកយ៉ាងសក្បុស |
១៧ | ព្រះអង្គធ្វើឱ្យមានព្រឹលធ្លាក់ចុះមកទាំងដុំៗ តើនរណាអាចទ្រាំនឹងអាកាសធាតុត្រជាក់ ដែលព្រះអង្គបានបង្កើតមកនេះ? |
១៨ | ពេលព្រះអង្គមានព្រះបន្ទូល នោះទឹកកកនិងព្រឹលក៏រលាយទៅជាទឹក ព្រះអង្គធ្វើឱ្យមានខ្យល់បក់មក ហើយទឹកនោះក៏ហូរទៅ។ |
១៩ | ព្រះអង្គសម្តែងឱ្យពូជពង្សរបស់លោកយ៉ាកុប ស្គាល់ព្រះបន្ទូលរបស់ព្រះអង្គ ព្រះអង្គប្រទានក្រឹត្យវិន័យ និងបទបញ្ជាផ្សេងៗឱ្យជនជាតិអ៊ីស្រាអែល។ |
២០ | ព្រះអង្គពុំបានប្រោសប្រទានដូច្នេះ ចំពោះជនជាតិទាំងឡាយទេ ពួកគេពុំស្គាល់វិន័យរបស់ព្រះអង្គឡើយ។ សូមសរសើរតម្កើងព្រះអម្ចាស់! អាលេលូយ៉ា!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ក្រុងយេរូសាឡឹមអើយ ! ចូរសរសើរតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់ !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៥៣,១១ខ-១២)
អ្នកបម្រើរបស់យើងសុចរិត លោកក៏ប្រោសមហាជនឱ្យសុចរិតដោយទទួលយកកំហុសរបស់ពួកគេ។ ហេតុនេះហើយបានជាយើងប្រគល់ឱ្យលោកគ្រប់គ្រងលើមនុស្សជាច្រើន លោកនឹងចែកជ័យភ័ណ្ឌរួមជាមួយពួកកាន់អំណាច ព្រោះលោកបានលះបង់អ្វីៗទាំងអស់រហូតដល់បាត់បង់ជីវិត និងសុខចិត្តឱ្យគេរាប់បញ្ចូលទៅក្នុងចំណោមជនឧក្រិដ្ឋ ដ្បិតលោកទទួលយកបាបរបស់មនុស្សទាំងអស់មកដាក់លើខ្លួនលោក ព្រមទាំងទូលអង្វរឱ្យមនុស្សបាបផង” ។
បន្ទរ៖ ព្រះអម្ចាស់នឹងរំដោះទូលបង្គំ*ឱ្យរួចផុតពីអន្ទាក់។ បន្ទរឡើងវិញ៖…
-ដែលគេដាក់ចាំចាប់ទូលបង្គំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ ៖ «គាត់មុខជាសម្លាប់ជនពាលទាំងនោះឥតត្រាប្រណីឡើយ រួចប្រវាស់ចម្ការឱ្យអ្នកផ្សេងទៀត ដែលនឹងប្រគល់ផលជាចំណែករបស់គាត់ជូនគាត់ នៅរដូវទំពាំងបាយជូរទុំ» ។
៦៨ | ”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។ |
៦៩ | ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។ |
៧០ | ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម |
៧១ | គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង |
៧២ | ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ |
៧៣ | គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ ជាបុព្វបុរសរបស់យើងថា |
៧៤ | ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច |
៧៥ | ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។ |
៧៦ | ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ |
៧៧ | កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ ដោយលើកលែងគេឱ្យរួចពីបាប។ |
៧៨ | ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់ ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង |
៧៩ | និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់លោកសាការី (តាមបែបស្មូត) បទពាក្យ ៧
៦៨- | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់ព្រះរបស់ | |
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះ | យាងមករំដោះរាស្ត្រព្រះអង្គ | ។ | |
៦៩- | ទ្រង់បានប្រទានព្រះសង្គ្រោះ | ដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់ | |
ពីក្នុងចំណោមព្រះញាតិវង្ស | នៃអង្គដាវីឌបម្រើជាក់ | ។ | |
៧០- | ព្រះម្ចាស់ប្រទានព្រះសង្គ្រោះ | យើងមិនដែលលោះមិនដែលអាក់ | |
ដូចបានសន្យាតាមរយៈ | ព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន | ។ | |
៧១- | ព្រះអង្គសង្គ្រោះយើងឱ្យរួច | ចេញពីអំណាចខ្មាំងលើសលន់ | |
និងផុតពីដៃពួកទុរជន | ដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង | ។ | |
៧២- | ព្រះអង្គសម្ដែងព្រះហឫទ័យ | ករុណាប្រណីមិនឆ្មៃឆ្មើង | |
ដល់បុព្វបុរសដែលតម្កើង | សម្ពន្ធព្រះអង្គមិនភ្លេចសោះ | ។ | |
៧៣- | គឺព្រះអង្គហើយបានសន្យា | ពាក្យពិតសត្យាមិនចន្លោះ | |
នឹងអប្រាហាំបុព្វបុរស | ដូនតាយើងនោះដូច្នេះថា | ។ | |
៧៤- | ទ្រង់នឹងរំដោះយើងឱ្យរួច | ផុតពីអំណាចខ្មាំងឫស្យា | |
ដើម្បីយើងអាចក្រាបវន្ទា | ព្រះអង្គគ្រប់គ្រាគ្មានភ័យភិត | ។ | |
៧៥- | ព្រមទាំងឱ្យយើងបានរស់នៅ | ឥតមានអាស្រូវដោយសុចរិត | |
ជារៀងរាល់ថ្ងៃមួយជីវិត | គាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ | ។ | |
៧៦- | ចំណែកឯរូបរបស់កូន | នឹងក្លាយខ្លួនជាព្យាការី | |
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃ | រៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ | ។ | |
៧៧- | កូននឹងធ្វើឱ្យអស់ប្រជា | រាស្ត្រទាំងអស់គ្នាគេបានដឹង | |
ថាព្រះសង្គ្រោះគឺព្រះអង្គ | ទាំងលើកទោសផងរួចពីបាប | ។ | |
៧៨- | ព្រះរបស់យើងមានព្រះទ័យ | ករុណាប្រណីជាដរាប | |
ទ្រង់ប្រទានថ្ងៃរះរៀងរាប | រំដោះរួចបាបយើងពិតៗ | ។ | |
៧៩- | សម្រាប់បំភ្លឺដល់អស់អ្នក | ដែលបាននៅស្នាក់ទីងងឹត | |
ព្រមទាំងតម្រង់ផ្លូវជីវិត | យើងឆ្ពោះទៅរកក្តីសុខសាន្ត | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ «គាត់មុខជាសម្លាប់ជនពាលទាំងនោះឥតត្រាប្រណីឡើយ រួចប្រវាស់ចម្ការឱ្យអ្នកផ្សេងទៀត ដែលនឹងប្រគល់ផលជាចំណែករបស់គាត់ជូនគាត់ នៅរដូវទំពាំងបាយជូរទុំ» ។
ពាក្យអង្វរសកល
ចូរយើងទូលអង្វរព្រះគ្រីស្តជាព្រះសង្រ្គោះ ដែលបានលោះយើង ដោយព្រះអង្គបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ៖
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមអាណិតអាសូរយើងខ្ញុំ !
ព្រះអង្គបានយាងឡើងទៅក្រុងយេរូសាឡឹម ដើម្បីរងទុក្ខលំបាក និងទទួលសិរីរុងរឿង
—សូមព្រះអង្គនាំព្រះសហគមន៍ទៅកាន់បុណ្យចម្លងនៃស្ថានបរមសុខផង។ (បន្ទរ)
ព្រះអង្គត្រូវគេឆ្កាង និងចាក់ទម្លុះដោយលំពែងរបស់ទាហាន
—សូមព្រះអង្គព្យាបាលរបួសយើងខ្ញុំ។ (បន្ទរ)
ព្រះអង្គបានធ្វើឱ្យឈើឆ្កាងទៅជាដើមឈើនៃជីវិត
—សូមព្រះអង្គប្រោសប្រទានឱ្យដើមឈើនេះមានផលផ្លែ សម្រាប់អស់អ្នកដែលបានកើតជាថ្មី ក្នុងអគ្គសញ្ញាជ្រមុជទឹកផង។ (បន្ទរ)
នៅលើឈើឆ្កាង ព្រះអង្គបានលើកលែងទោសឱ្យចោរដែលប្រែចិត្តគំនិត
—សូមព្រះអង្គលើកលែងទោសអំពើបាបរបស់យើងខ្ញុំផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គសព្វព្រះហឫទ័យឱ្យយើងខ្ញុំប្រែចិត្តគំនិត និងប្រព្រឹត្តអំពើល្អ។ សូមព្រះអង្គមេត្តាជម្រះយើងខ្ញុំឱ្យបានស្អាតបរិសុទ្ធ និងមានចិត្តស្មោះត្រង់ ដើម្បីចូលរួមជាមួយព្រះគ្រីស្តនៅស្ថានបរមសុខ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។