ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

យើងកោតសរសើរព្រះជាម្ចាស់ ដោយរំឭកឡើងវិញនូវកិច្ចការដ៏អស្ចារ្យ ដែលព្រះអង្គបានប្រព្រឹត្ត (Cassiodorus)។

បន្ទរទី១ ៖ ព្រះអម្ចាស់ដែលជា​អធិបតី​លើ​ស្ដេច​ទាំង​អស់​នៅផែនដី នឹងយាងមក! អស់អ្នកណាដែលត្រៀមខ្លួនរួចរាល់ ទៅទទួលស្វាគមន៍ព្រះអង្គ មានសុភមង្គលហើយ !

(ក)

ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!
ចូរលើកតម្កើងព្រះដែលខ្ពង់ខ្ពស់លើសព្រះនានា
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!
ចូរលើកតម្កើងព្រះអម្ចាស់ ដែលខ្ពង់ខ្ពស់លើសអម្ចាស់នានា
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!
មានតែព្រះអង្គទេដែលធ្វើការអស្ចារ្យដ៏ឧត្តុង្គឧត្តមបំផុត
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!
ព្រះអង្គបានបង្កើតផ្ទៃមេឃ ដោយព្រះប្រាជ្ញាញាណ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!
ព្រះអង្គបានដាក់ផែនដីពីលើផ្ទៃទឹក
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!
ព្រះអង្គបានបង្កើតដុំពន្លឺធំៗ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!
គឺព្រះអាទិត្យឱ្យគ្រប់គ្រងនៅពេលថ្ងៃ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!
ព្រះចន្ទ និងហ្វូងតារា ឱ្យគ្រប់គ្រងនៅពេលយប់
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!
១០ព្រះអង្គប្រហារជីវិតកូនច្បងរបស់ជនជាតិអេស៊ីប
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!
១១ព្រះអង្គនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!
១២ដោយឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់ដែលជា​អធិបតី​លើ​ស្ដេច​ទាំង​អស់​នៅផែនដី នឹងយាងមក! អស់អ្នកណាដែលត្រៀមខ្លួនរួចរាល់ ទៅទទួលស្វាគមន៍ព្រះអង្គ មានសុភមង្គលហើយ !

បន្ទរទី២ ៖ អស់​អ្នក​ដែល​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី ចូរ​ច្រៀង​បទ​ថ្មីថ្វាយ​ព្រះ‌អម្ចាស់!

(ខ)

(បទកាកគតិ)

១២-ដោយឫទ្ធិបារមីតេជះខ្លាំងក្រៃអានុភាពផង
ដ្បិតធម៌មេត្តាករុណាកន្លងនៅជាប់ឥតហ្មង
ស្ថិតស្ថេរពេញទី
១៣-ទ្រង់ញែកសមុទ្រគ្មានព្រឺតក់ស្លុតចែកចេញជាពីរ
ដោយធម៌មេត្តាករុណាសំភីតាំងជាប់នៅទី
អស់កល្បគ្មានផុត
១៤-ទ្រង់នាំជនជាតិអ៊ីស្រាអែលដើរកាត់តាមបាតសមុទ្រ
ដោយធម៌មេត្តាករុណាបំផុតនៅមិនរលត់
អស់កល្បកប្បហោង
១៥-ព្រះអង្គធ្វើឱ្យស្តេចផារ៉ោនធ្លោយទាំងកងទ័ពផង
លង់ក្នុងសមុទ្រស្លាប់គ្រានេះម្តងករុណាព្រះអង្គ
ស្ថិតនៅឥតស្រាន្ត
១៦-ព្រះអង្គណែនាំប្រជាឱ្យទ្រាំតាមរហោស្ថាន
ដោយធម៌មេត្តាករុណាថ្កើងថ្កានស្ថិតគ្មានអវសាន
អស់កល្បមានជោគ
១៧-ទ្រង់ប្រហារស្តេចពេញដោយអំណាចច្រើនអង្គដួលស្តូក
ដោយធម៌មេត្តាករុណាមានមកស្ថិតនៅលើលោក
អស់កល្បកន្លង
១៨-ព្រះអង្គប្រហារស្តេចខ្លាំងមហិមាឱ្យក្ស័យគ្រប់អង្គ
ដោយធម៌មេត្តាករុណាត្រចង់ស្ថិតនៅគង់វង្ស
អស់កល្បគ្រប់ទី
១៩-គឺមានព្រះបាទស៊ីហុនសោយរាជ្យលើអាម៉ូរី
ដ្បិតទ្រង់មេត្តាករុណាប្រណីសន្តោសពេកក្រៃ
រហូតតទៅ
២០-និងព្រះបាទអុកគ្រប់គ្រងលើស្រុកបាសាននោះនៃ
ព្រោះតែព្រះអង្គទ្រង់មានព្រះទ័យស្មោះស្ម័គ្រមេត្រី
អស់កល្បស្ថិតស្ថេរ
២១-ព្រះអង្គប្រទានអ៊ីស្រាអែលបានដីទុកជាកេរ
ដ្បិតព្រះហឫទ័យករុណាឥតប្រែព្រះអង្គស្ថិតស្ថេរ
អស់កល្បតទៅ
២២-ព្រះអង្គប្រទានកូនចៅឱ្យមានស្រុករស់និត្យនៅ
ដោយធម៌មេត្តាករុណាពេកកូវព្រះអង្គស្ថិតនៅ
ជាអចិន្ត្រៃយ៍
២៣-ពេលយើងមានទុក្ខវេទនាគ្រប់មុខទ្រង់តែងប្រណី
ដោយធម៌មេត្តាករុណាឥតបីប្រសើរពេកក្រៃ
គ្រប់សម័យកាល
២៤-ព្រះអង្គរំដោះយើងផុតពីគ្រោះលែងភ័យជ្រួលច្រាល
ដោយព្រះហឫទ័យករុណាត្រកាលស្ថិតនៅរៀងរាល់
រហូតឥតឈប់
២៥-ព្រះអង្គប្រទានអាហារឱ្យបានឆ្អែតឆ្អន់គ្រប់រូប
ដោយធម៌មេត្តាករុណាលើសលប់ស្ថិតនៅតាំងជាប់
ឥតបីរលត់
២៦-ចូរលើកតម្កើងព្រះម្ចាស់ខ្ពស់ឡើងគ្មានទីបំផុត
ដោយធម៌មេត្តាករុណាវិសុទ្ធស្ថិតមិនរលត់
អស់កល្បកប្បហោង
សូមកោតសរសើរដល់ព្រះបិតាព្រះរាជ្យបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កានឥតហ្មង
ដែលគង់ជានិច្ច

បន្ទរ ៖ អស់​អ្នក​ដែល​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី ចូរ​ច្រៀង​បទ​ថ្មីថ្វាយ​ព្រះ‌អម្ចាស់!

បន្ទរទី៣ ៖ «ពេល​បុត្រ​មនុស្សមក​ដល់ តើ​លោក​ឃើញ​មនុស្ស​មាន​ជំនឿ​នៅ​លើ​ផែន‌ដី​នេះ​ឬ​ទេ?»។

សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត
ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង
ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។
ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ
ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មង នៅចំពោះព្រះភក្ត្រព្រះអង្គ
ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។
ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ
ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ
ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោស
ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង
ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឱ្យយើងបានរួចពីបាប
តាមព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់របស់ព្រះអង្គ។
ព្រះជាម្ចាស់ប្រណីសន្តោសយើងយ៉ាងខ្លាំងបំផុត
គឺទ្រង់ប្រទានឱ្យយើងមានតំរិះ និងមានប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។
ព្រះអង្គបានប្រោសឱ្យយើងស្គាល់ពីគម្រោងការដ៏លាក់កំបាំងនៃព្រះហឫទ័យរបស់ព្រះអង្គ
តាមព្រះបំណងដ៏សប្បុរស ដែលទ្រង់បានសម្រេចទុកជាមុន ដោយព្រះអង្គផ្ទាល់។
១០ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត
គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី
ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្ត ជាម្ចាស់តែមួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ «ពេល​បុត្រ​មនុស្សមក​ដល់ តើ​លោក​ឃើញ​មនុស្ស​មាន​ជំនឿ​នៅ​លើ​ផែន‌ដី​នេះ​ឬ​ទេ?»។

នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះ‌អម្ចាស់ មួយ​ថ្ងៃ​ប្រៀប​បាន​នឹង​មួយ​ពាន់​ឆ្នាំ ហើយ​មួយ​ពាន់​ឆ្នាំក៏​ប្រៀប​បាន​នឹង​មួយ​ថ្ងៃ​ដូច្នោះ​ដែរ។ ព្រះ‌អម្ចាស់​នឹង​យាង​មក តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ឥត​បង្អែ‌បង្អង់ ដូច​អ្នក​ខ្លះ​នឹក​ស្មាន​នោះ​ឡើយ។ ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​ចំពោះ​បង‌ប្អូន ព្រោះ​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​នរណា​ម្នាក់​ត្រូវ​វិនាស​ទេ គឺ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​មនុស្ស​លោក​គ្រប់ៗ​រូប​កែ​ប្រែ​ចិត្ត​គំនិត​វិញ។ ថ្ងៃ​ដែល ព្រះ‌អម្ចាស់​យាង​មកប្រៀប​បាន​ទៅ​នឹង​ពេល​ចោរ​ចូល​លួច​ដូច្នោះ​ដែរ។ នៅ​គ្រា​នោះ ផ្ទៃ​មេឃ​នឹង​រលាយ​សូន្យ​ទៅ ដោយ​សន្ធឹក​ខ្ទរ‌ខ្ទារ ធាតុ​នានា​នឹង​ឆេះ​រលាយ​សូន្យ​អស់​ទៅ ហើយ​ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស ទាំង​ផែន‌ដី ទាំង​អ្វីៗ​ដែល​នៅ​លើ​ផែន‌ដី​ដែរ។ បើ​អ្វីៗ​ទាំង​នោះ​មុខ​តែ​រលាយ​សូន្យ​យ៉ាង​នេះ​ទៅ​ហើយ បង‌ប្អូន​ត្រូវ​មាន​ចរិយា​ដ៏‌វិសុទ្ធ និង​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ឲ្យ​មែន​ទែន!។

បន្ទរ៖ ឱព្រះ‌ជាអម្ចាស់ប្រកបដោយឫទ្ធានុភាព និងព្រះចេស្តា ! *សូមយាងមករំដោះយើងខ្ញុំឱ្យមានសេរីភាពឡើងវិញផង។ បន្ទរឡើងវិញ៖…
—សូមទតមកយើងខ្ញុំដោយព្រះ‌ហឫទ័យសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ ឱអេម៉ានូអែល! ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រ ព្រះ‌អង្គប្រទាន​ច្បាប់​ទម្លាប់​មក​យើង។ ព្រះអង្គជាក្តីប្រាថ្នារបស់ប្រជាជាតិទាំងឡាយ និងជាព្រះសង្រ្គោះរបស់មនុស្សទាំងអស់។
ឱព្រះជាអម្ចាស់យើងខ្ញុំអើយ! សូមយាងមករំដោះយើងខ្ញុំឱ្យមានសេរីភាព។

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ ឱអេម៉ានូអែល! ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រ ព្រះ‌អង្គប្រទាន​ច្បាប់​ទម្លាប់​មក​យើង។ ព្រះអង្គជាក្តីប្រាថ្នារបស់ប្រជាជាតិទាំងឡាយ និងជាព្រះសង្រ្គោះរបស់មនុស្សទាំងអស់។
ឱព្រះជាអម្ចាស់យើងខ្ញុំអើយ! សូមយាងមករំដោះយើងខ្ញុំឱ្យមានសេរីភាព។

ព្រះសង្រ្គោះរបស់យើងបានយាងមក នាំដំណឹងល្អមកកាន់ជនក្រីក្រ។ យើងខ្ញុំសូមទូលថា ៖

បន្ទរ៖ ចូរឱ្យមនុស្សទាំងអស់បានឃើញសិរីរុងរឿងរបស់ព្រះអង្គ !

សូមបង្ហាញព្រះអង្គឱ្យអស់អ្នកដែលមិនទាន់ស្គាល់
—បានឃើញអំពីកិច្ចសង្រ្គោះរបស់ព្រះអង្គផង។ (បន្ទរ)

សូមឱ្យព្រះនាមព្រះអង្គប្រកាសដល់ទីដាច់ស្រយាលនៃផែនដី
—ដើម្បីឱ្យមនុស្សទាំងអស់ស្វែងរកផ្លូវទៅកាន់ព្រះអង្គផង។ (បន្ទរ)

លើកទីមួយ ព្រះអង្គបានយាងមកសង្រ្គោះពិភពលោក
—ឥឡូវនេះ សូមព្រះអង្គយាងមកវិញ ដើម្បីសង្រ្គោះអស់អ្នកដែលជឿលើព្រះនាមព្រះអង្គផង។ (បន្ទរ)

ព្រះអង្គបាននាំសេរីភាពមកឱ្យយើងខ្ញុំ ដោយការសង្រ្គោះយើងខ្ញុំ
—សូមព្រះអង្គបន្តសង្រ្គោះ និងរំដោះយើងខ្ញុំឱ្យមានសេរីភាព។ (បន្ទរ)

ព្រះអង្គបានយាងមកក្នុងឋានៈជាមនុស្ស ព្រះអង្គក៏នឹងបង្វែរការវិនិច្ឆ័យទោសដែរ
—សូមព្រះអង្គប្រទានរង្វាន់អស់កល្បជានិច្ច ដល់អ្នកដែលបានទទួលមរណភាពទៅហើយនោះផង។ (បន្ទរ)

ឱព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ!
សូមសម្តែងព្រះបារមី ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី
ដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យ
អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ
តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។

ឱព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការអើយ ! ព្រះអង្គបានចាត់ព្រះបុត្រាឲ្យយាងមកប្រសូតជាមនុស្សដូចយើងខ្ញុំ ដោយបង្ហាញពីព្រះហឫទ័យមេត្តាករុណាចំពោះអ្នកតូចតាច និងអ្នកក្រីក្រ។ សូមព្រះអង្គមេត្តាប្រោសឲ្យយើងខ្ញុំប្រែចិត្តគំនិត ដើម្បីទទួលកិត្តិយសដ៏ថ្លៃថ្លាជាបុត្រធីតារបស់ព្រះអង្គ។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

64 Views

Theme: Overlay by Kaira