រដូវរង់ចាំ
ថ្ងៃអាទិត្យ សប្ដាហ៍ទី២
(ពេលល្ងាច)
ចាប់ពីអាទិត្យទី១ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១០,១-៥.៧
ព្រះមេស្ស៊ី ជាព្រះមហាក្សត្រ និងជាបូជាចារ្យ
ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ (១ករ ១៥,២៥)។
បន្ទរទី១៖ ចូរងើយទៅលើមេឃ ហើយរំពៃមើលចុះ! ព្រះអង្គយាងមកលើពពក ក្នុងផ្ទៃមេឃប្រកបដោយមហិទ្ធិឫទ្ធិ និងព្រះចេស្ដាដ៏ខ្លាំងពូកែ អាលេលូយ៉ា!
១ | ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាអម្ចាស់របស់ខ្ញុំថា ៖ “សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្រ្កាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!”។ |
២ | សូមព្រះអង្គប្រោសប្រទានឱ្យព្រះរាជ្យរបស់ព្រះករុណា លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ! សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ! |
៣ | នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលគាល់ព្រះករុណា នៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។ |
៤ | ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖ “ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក”។ |
៥ | ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។ |
៧ | នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ រួចហើយ ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ចូរងើយទៅលើមេឃ ហើយរំពៃមើលចុះ! ព្រះអង្គយាងមកលើពពក ក្នុងផ្ទៃមេឃប្រកបដោយមហិទ្ធិឫទ្ធិ និងព្រះចេស្ដាដ៏ខ្លាំងពូកែ អាលេលូយ៉ា!
ទំនុកតម្កើងលេខ ១១៥
សូមលើកតម្កើងព្រះជាម្ចាស់ដ៏ពិតប្រាកដ
មនុស្សម្នារៀបរាប់អំពីរបៀបដែលបងប្អូនទទួលយើង នៅពេលយើងមករកបងប្អូន និងអំពីរបៀបដែលបងប្អូនលះបង់ព្រះក្លែងក្លាយ
បែរមករកព្រះជាម្ចាស់ ដើម្បីគោរពបម្រើព្រះអង្គដែលមានព្រះជន្មរស់ និងជាព្រះដ៏ពិតប្រាកដ (១ថស ១,៩)។
បន្ទរទី២៖ ព្រះអម្ចាស់នឹងយាងមក ឥតខកចិត្តឡើយ។ ប្រសិនបើក្រមកដល់ ចូរទន្ទឹងរង់ចាំ ដ្បិតព្រឹត្តិការណ៍ពិតជាកើតមានជាក់ជាមិនខាន អាលេលូយ៉ា!
(បទកាកគតិ)
១- | បពិត្រព្រះម្ចាស់ | ខ្ញុំមិនគួរសោះ | ឱ្យគេតម្កើង |
មានតែព្រះអង្គ | ទើបត្រូវលើកឡើង | ឱ្យខ្ពស់ថ្កុំថ្កើង | |
ព្រោះទ្រង់សប្បុរស | ។ | ||
២- | ម្តេចក៏ប្រជា | គ្រប់ជាតិនានា | នាំគ្នាសួរស្រុះ |
មកយើងខ្ញុំថា | “ពួកឯងទាំងអស់ | តើព្រះឯងនោះ | |
ស្ថិតនៅឯណា? “ | ។ | ||
៣- | ព្រះរបស់ខ្ញុំ | នៅទីបរម | សុខឥតឧបមា |
ទ្រង់សព្វព្រះទ័យ | ធ្វើកិច្ចអស្ចារ្យ | អ្វីសព្វប្រការ | |
បានឥតមានទាស់ | ។ | ||
៤- | ឯព្រះពួកអ្នក | ប្រាកដជាជាក់ | ព្រះក្លែងក្លាយស្មោះ |
ខ្លះធ្វើពីឈើ | គគីរកកោះ | ពីប្រាក់ពីមាស | |
ជាព្រះមនុស្សច្នៃ | ។ | ||
៥- | ព្រះនោះមានមាត់ | និយាយមិនកើត | មិនដែលចេញស្តី |
តាមតែជាងឆ្លាក់ | ដាក់មកធ្វើអ្វី | ភ្នែកឥតប្រស្រី | |
មើលអ្វីមិនបាន | ។ | ||
៦- | រីឯត្រចៀក | មានប្រាកដជាក់ | តែមិនចំណាន |
ព្រោះស្តាប់មិនកើត | មិនដឹងដើមដាន | ច្រមុះដែលមាន | |
តែមិនដឹងក្លិន | ។ | ||
៧- | មានសព្វទាំងដៃ | តែមិនអាចលៃ | ប៉ះពាល់ឬកាន់ |
មានជើងនៅស្ងៀម | ព្រោះដើរមិនបាន | បំពង់កមាន | |
តែគ្មានសំឡេង | ។ | ||
៨- | សូមឱ្យអស់អ្នក | ដែលបានដាប់ឆ្លាក់ | រូបព្រះនោះឯង |
ហើយផ្ញើជីវិត | គ្មានគិតកោតក្រែង | ឱ្យគេចំបែង | |
ដូចព្រះទាំងនោះ | ។ | ||
៩- | អ៊ីស្រាអែលអើយ | ចូរកុំកន្តើយ | ជីវិតផ្ញើព្រះ |
នោះទ្រង់នឹងជួយ | អ្នកបានទាំងអស់ | ជាខែលគ្រឿងក្រោះ | |
ពាំងអ្នករាល់គ្នា | ។ | ||
១០- | ពូជពង្សរបស់ | អរ៉ុនទាំងអស់ | ចូរអ្នកម្នីម្នា |
ផ្ញើជន្មជីវ៉ា | លើព្រះនាមា | ទ្រង់នឹងការពារ | |
ឱ្យអ្នកបានសុខ | ។ | ||
១១- | អ្នកដែលកោតខ្លាច | ព្រះមានអំណាច | នឹងមិនជួបទុក្ខ |
បើផ្ញើជីវិត | អ្នកនឹងបានសុខ | ពីនេះទៅមុខ | |
ផុតទុក្ខល្ហើយល្ហែ | ។ | ||
១២- | ព្រះមិនបំភ្លេច | សូម្បីតួចតិច | ដល់ពួកយើងទេ |
ព្រះអង្គឱ្យពរ | យើងកើនឡើងទ្វេ | អ៊ីស្រាអែលដែរ | |
និងលោកអរ៉ុន | ។ | ||
១៣- | ព្រះអង្គប្រទាន | ពរទាំងអ្នកមាន | អ្នកតូចអ្នកធំ |
ដែលចេះកោតខ្លាច | ក្រាបថ្វាយបង្គំ | យកព្រះជាធំ | |
ជាម្លប់ថ្លៃថ្លា | ។ | ||
១៤- | សូមព្រះប្រទាន | ពរនោះឱ្យមាន | ដល់អ្នករាល់គ្នា |
បានចម្រើនឡើង | គ្រប់ពេលវេលា | បានសុខរមនា | |
កូនចៅប្រុសស្រី | ។ | ||
១៥- | សូមអ្នកទទួល | កុំបីអំពល់ | ពីម្ចាស់មេឃដី |
ទ្រង់ប្រទានពរ | បវរសួស្តី | ព្រះអម្ចាស់ថ្លៃ | |
ជាព្រះយើងពិត | ។ | ||
១៦- | ផ្ទៃមេឃផែនដី | សន្លឹមអន្លាយ | គឺជាកម្មសិទ្ធ |
របស់ព្រះម្ចាស់ | តែមួយអង្គគត់ | ព្រះអង្គអាណិត | |
ឱ្យដីមកមនុស្ស | ។ | ||
១៧- | មនុស្សស្លាប់ជាខ្មោច | មានក្លិនអសោច៍ | ពុំអាចថ្កើងយស |
អស់អ្នកដែលចុះ | ទៅស្ថានក្រោមនោះ | ក៏ពុំមានឈ្មោះ | |
តម្កើងសិរី | ។ | ||
១៨- | គឺយើងនេះហើយ | គ្មានអ្នកផ្សេងឡើយ | ដែលរស់លើដី |
បានលើកតម្កើង | ព្រះអង្គរាល់ថ្ងៃ | ឥតមានសំចៃ | |
ជារៀងរហូត | ។ | ||
សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ព្រះអម្ចាស់នឹងយាងមក ឥតខកចិត្តឡើយ។ ប្រសិនបើក្រមកដល់ ចូរទន្ទឹងរង់ចាំ ដ្បិតព្រឹត្តិការណ៍ពិតជាកើតមានជាក់ជាមិនខាន អាលេលូយ៉ា!
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៩,១-២.៥-៨)
វិវាហមង្គលការកូនចៀម
បន្ទរទី៣ ៖ ព្រះអម្ចាស់ជាចៅហ្វាយ និងជាព្រះមហាក្សត្ររបស់យើង។ ព្រះអង្គនឹងយាងមក ដើម្បីឱ្យយើងទទួលសេចក្ដីសុខសាន្ត និងជាសះស្បើយ អាលេលូយ៉ា!
១ | អាលេលូយ៉ា! សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព |
២ | ដ្បិតទ្រង់វិនិច្ឆ័យយ៉ាងត្រឹមត្រូវតាមយុត្តិធម៌ អាលេលូយ៉ា! អាលេលូយ៉ា! |
៥ | អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គ ទាំងតូចទាំងធំអើយ! ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង! ។ អាលេលូយ៉ា! អាលេលូយ៉ា! |
៦ | ដ្បិតព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់ ទ្រង់បានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ |
៧ | យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ អាលេលូយ៉ា! អាលេលូយ៉ា! ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ ភរិយាថ្មោងថ្មីរបស់កូនចៀម ក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ” ។ អាលេលូយ៉ា! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់ជាចៅហ្វាយ និងជាព្រះមហាក្សត្ររបស់យើង។ ព្រះអង្គនឹងយាងមក ដើម្បីឱ្យយើងទទួលសេចក្ដីសុខសាន្ត និងជាសះស្បើយ អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ភីល ៤,៤-៧)
ចូរបងប្អូនអរសប្បាយ ដោយរួមជាមួយព្រះអម្ចាស់ជានិច្ច ខ្ញុំសូមជម្រាបបងប្អូនម្ដងទៀតថា ចូរអរសប្បាយឡើង!
ចូរសម្ដែងឲ្យមនុស្សម្នាទាំងអស់ស្គាល់សន្ដានចិត្តសប្បុរសរបស់បងប្អូន ព្រះអម្ចាស់ជិតយាងមកដល់ហើយ។
សូមកុំខ្វល់ខ្វាយនឹងអ្វីឡើយ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈទេសៈទាំងអស់
ត្រូវទូលព្រះជាម្ចាស់ឲ្យជ្រាបពីសំណូមពររបស់បងប្អូន ដោយអធិស្ឋាន និងទូលអង្វរ ទាំងអរព្រះគុណព្រះអង្គផង។
ធ្វើដូច្នេះ សេចក្ដីសុខសាន្តរបស់ព្រះជាម្ចាស់ដែលហួសពីការស្មានរបស់មនុស្ស
នឹងស្ថិតជាប់ក្នុងចិត្តគំនិតបងប្អូន ដែលរួមក្នុងអង្គព្រះគ្រីស្តយេស៊ូមិនខាន។
បន្ទរ៖ ឱព្រះអម្ចាស់អើយ សូមសម្ដែងព្រះហឫទ័យមេត្តាករុណាចំពោះ យើងខ្ញុំ។ បន្ទរឡើងវិញ៖…
—ហើយសូមសង្គ្រោះយើងខ្ញុំផង!។ បន្ទរ៖…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
អាទិត្យទី២៖ «ព្រះជាម្ចាស់បានប្រទានពរដល់នាងលើសស្ត្រីនានា នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿព្រះបន្ទូលដែលព្រះអម្ចាស់ប្រាប់នាង មុខជាបានសម្រេចមិនខាន» អាលេលូយ៉ា!។
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
អាទិត្យទី២៖ «ព្រះជាម្ចាស់បានប្រទានពរដល់នាងលើសស្ត្រីនានា នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿព្រះបន្ទូលដែលព្រះអម្ចាស់ប្រាប់នាង មុខជាបានសម្រេចមិនខាន» អាលេលូយ៉ា!។
ពាក្យអង្វរសកល ៖ អាទិត្យទី២&៤
បពិត្រព្រះគ្រីស្តជាព្រះអម្ចាស់! ព្រះអង្គបានប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយអំណរសប្បាយថា ៖
បន្ទរ៖ ឱព្រះអម្ចាស់យេស៊ូអើយ សូមយាងមក !
បពិត្រព្រះអម្ចាស់យេស៊ូ ! ដោយព្រះអង្គបានប្រសូតមកជាមនុស្ស ព្រះអង្គបង្ហាញសិរីរុងរឿងឱ្យពិភពលោកស្គាល់
—សូមប្រទានជីវិតថ្មីឱ្យយើងខ្ញុំ ដោយការយាងមករបស់ព្រះអង្គផង។ (បន្ទរ)
ព្រះអង្គបានទទួលយកភាពទន់ខ្សោយរបស់យើងខ្ញុំ មកដាក់លើព្រះអង្គ—សូមអាណិតអាសូរយើងខ្ញុំ។ (បន្ទរ)
ដោយការយាងមកលើកដំបូង ព្រះអង្គបានបន្ទាបព្រះកាយ ដើម្បីសង្រ្គោះពិភពលោកឱ្យរួចពីបាប
—សូមរំដោះយើងខ្ញុំឱ្យរួចផុតពីទោសកំហុសទាំងឡាយ នៅពេលព្រះអង្គយាងមកវិញ ក្នុងសិរីរុងរឿងនោះផង។ (បន្ទរ)
ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យលើអ្វីៗទាំងអស់
—សូមនាំយើងខ្ញុំឱ្យទទួលមត៌កអស់កល្បជានិច្ច ក្នុងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គផង។ (បន្ទរ)
ព្រះអង្គគង់នៅខាងស្តាំព្រះបិតា —សូមឱ្យវិញ្ញាណក្ខន្ធទាំងឡាយបានរីករាយជាមួយនឹងពន្លឺរបស់ព្រះអង្គ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ឱព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ!
សូមសម្តែងព្រះបារមី ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី
ដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យ
អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ
តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។
ពាក្យអធិដ្ឋាន
ឱព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការអើយ ! ព្រះអង្គសព្វព្រះហឫទ័យចាត់ព្យាការីយ៉ូហានបាទីស្ត ឲ្យមករៀបចំផ្លូវថ្វាយព្រះបុត្រាព្រះអង្គ។
សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឲ្យយកចិត្តទុកដាក់ រៀបចំផ្លូវថ្វាយព្រះគ្រីស្តដែលកំពុងយាងមក
និងប្រោសឲ្យយើងខ្ញុំចេះកសាងពិភពលោកប្រកបដោយយុត្តិធម៌។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។