រដូវរង់ចាំ
សន្តីលូស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី (រំឭកចាំបាច់)
ថ្ងៃសុក្រ សប្ដាហ៍ទី២
(ពេលថ្ងៃ)
ថ្ងៃសុក្រ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,៧៣-៨០
សូមព្រះអង្គបំភ្លឺខ្ញុំ
(៩ ព្រឹក)
បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។
(១២ ថ្ងៃត្រង់)
បន្ទរ៖ ទេវទូតកាព្រីអែលពោលទៅកាន់នាងម៉ារីថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ
ព្រះអង្គគង់នៅជាមួយនាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។
(៣ រសៀល)
បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះមហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។
៧៣ | ព្រះអង្គបានបង្កើតទូលបង្គំមក ហើយប្រទានឱ្យទូលបង្គំបានរឹងប៉ឹងឡើង សូមប្រទានឱ្យទូលបង្គំមានប្រាជ្ញា ដើម្បីស្វែងយល់វិន័យរបស់ព្រះអង្គ។ |
៧៤ | ពេលអស់អ្នកគោរពកោតខ្លាចព្រះអង្គឃើញទូលបង្គំ គេនឹងមានអំណរ ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។ |
៧៥ | បពិត្រព្រះអម្ចាស់! ទូលបង្គំដឹងថា ការអ្វីដែលព្រះអង្គបានសម្រេច សុទ្ធតែសុចរិតទាំងអស់ ព្រះអង្គដាក់ទោសទូលបង្គំក៏ត្រឹមត្រូវដែរ។ |
៧៦ | សូមសម្រាលទុក្ខទូលបង្គំ ដោយសារព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ តាមព្រះបន្ទូលសន្យាជាមួយទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គ។ |
៧៧ | សូមសម្តែងព្រះហឫទ័យមេត្តាករុណាមកលើទូលបង្គំ ដើម្បីឱ្យទូលបង្គំរស់រានមានជីវិតផង ដ្បិតទូលបង្គំពេញចិត្តនឹងធម្មវិន័យរបស់ព្រះអង្គខ្លាំងណាស់។ |
៧៨ | សូមឱ្យមនុស្សអួតបំប៉ោងត្រូវអាម៉ាស់ ដ្បិតពួកគេនិយាយមួលបង្កាច់ទូលបង្គំ រីឯទូលបង្គំវិញ ទូលបង្គំសញ្ជឹងគិតពីច្បាប់របស់ព្រះអង្គ។ |
៧៩ | សូមឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ នាំគ្នាមករកទូលបង្គំ ដើម្បីឱ្យបានស្គាល់ដំបូន្មានរបស់ព្រះអង្គ។ |
៨០ | សូមជួយទូលបង្គំឱ្យប្រព្រឹត្តតាមក្រិត្យវិន័យរបស់ព្រះអង្គ ឱ្យបានឥតខ្ចោះ កុំឱ្យទូលបង្គំត្រូវអាម៉ាស់ឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៥៩,២-៥.១០-១១.១៧-១៨
សូមរំដោះទូលបង្គំឱ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ!
ព្រះបន្ទូលនៃការសង្រ្គោះទាំងនេះ បានបង្រៀនយើងពីការលះបង់ ដែលយើងគួរមានទៅព្រះបិតា (Eusebius of Caesarea)។
(បទកាកគតិ)
២- | ឱព្រះម្ចាស់អើយ | សូមកុំកន្តើយ | ជួយរំដោះខ្ញុំ |
ឱ្យរួចពីខ្មាំង | សត្រូវតូចធំ | វាមានគំនុំ | |
ចង់ចាប់ធ្វើបាប | ។ | ||
៣- | សូមជួយរំដោះ | ជីវិតឱ្យរស់ | ជារៀងដរាប |
ផុតពីពួកពាល | ពីអ្នកសាងបាប | អាក្រក់ឆ្អេះឆ្អាប | |
ពួកមនុស្សស្រេកឈាម | ។ | ||
៤- | ឱព្រះអម្ចាស់ | ទោះខ្ញុំពុំខុស | ក៏គេព្យាយាម |
ចាំស្ទាក់ប្រហារ | ជីវិតខ្ញុំភ្លាម | ពួកគេព្យាយាម | |
ប្រឆាំងជានិច្ច | ។ | ||
៥- | ទោះខ្ញុំមិនខុស | ក៏ពួកទាំងនោះ | នៅតែមានល្បិច |
ពួនចាំស្ទាក់ចាប់ | រូបខ្ញុំមិនភ្លេច | សូមកុំកែគេច | |
បែរភក្ត្រមើលផង | ។ | ||
១០- | ទូលបង្គំខំប្រឹង | មើលទៅព្រះអង្គ | មិនឱ្យខានខក |
ទ្រង់ជាកម្លាំង | កំពែងជម្រក | មិនឱ្យខ្មាំងមក | |
ពាធាបំភ័យ | ។ | ||
១១- | ព្រះរបស់ខ្ញុំ | ហឫទ័យទូលំ | ទូលាយឥតបី |
មេត្តាករុណា | សន្តោសប្រណី | ឱ្យខ្ញុំសប្បាយ | |
ដោយខ្មាំងចាញ់ដៃ | ។ | ||
១៧- | រីឯខ្ញុំវិញ | ក្នុងចិត្តពោរពេញ | សរសើរមិនឈប់ |
ច្រៀងលើកតម្កើង | ព្រះម្ចាស់ជាម្លប់ | ថ្លែងមិនឈរឈប់ | |
ហឫទ័យមេត្តា | ។ | ||
ពេលព្រឹកព្រលឹម | ថ្លែងទាំងញញឹម | ពីក្តីករុណា | |
របស់ព្រះអង្គ | ជាកំពែងការ | ជួយខ្ញុំនេះណា | |
ពេលអាសន្នភ័យ | ។ | ||
១៨- | បពិត្រព្រះម្ចាស់ | ព្រះអង្គជាព្រះ | មានឫទ្ធិបារមី |
ទូលបង្គំនឹងស្មូត | បទតម្កើងថ្វាយ | ព្រះអង្គនេះហើយ | |
ជាកំពែងមាំ | ។ | ||
សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
ដែលគង់ជានិច្ច | ។ |
ទំនុកតម្កើងលេខ ៦០
ពាក្យអធិដ្ឋានក្រោយពេលមានមហន្តរាយ
“អ្នករាល់គ្នាជួបទុក្ខវេទនាក្នុងលោក ប៉ុន្តែ ចូរមានសង្ឃឹមឡើង ! ខ្ញុំបានឈ្នះលោកនេះហើយ” (យហ ១៦,៣៣)។
៣ | ឱព្រះអម្ចាស់អើយ! ព្រះអង្គបោះបង់ចោលយើងខ្ញុំហើយ ព្រះអង្គធ្វើឱ្យយើងខ្ញុំបាក់ទ័ព ទោះបីជាព្រះអង្គព្រះពិរោធនឹងយើងខ្ញុំក៏ដោយ សូមស្រោចស្រង់យើងខ្ញុំឡើងវិញផង។ |
៤ | ព្រះអង្គបានធ្វើឱ្យផែនដីរញ្ជួយ និងប្រេះចេញពីគ្នា ឥឡូវនេះ សូមព្រះអង្គភ្ជិតដីនេះ ឱ្យបានជិតគ្នាឡើងវិញផង ព្រោះផែនដីកំពុងរង្គើ។ |
៥ | ព្រះអង្គធ្វើឱ្យប្រជារាស្ត្ររបស់ព្រះអង្គ ជួបនឹងទុក្ខវេទនាដ៏សែនពិបាក ព្រះអង្គដាក់ទោសយើងខ្ញុំស្ទើរតែវង្វេងស្មារតី។ |
៦ | ព្រះអង្គប្រទានទង់ជ័យជាសញ្ញា ឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ អាចគេចផុតពីបរាជ័យ។ |
៧ | សូមយាងមកសង្គ្រោះយើងខ្ញុំ ដោយឫទ្ធិបារមីរបស់ព្រះអង្គ សូមឆ្លើយតបនឹងយើងខ្ញុំផង! ដើម្បីឱ្យប្រជារាស្ត្រជាទីស្រឡាញ់របស់ព្រះអង្គបានរួចជីវិត។ |
៨ | ព្រះជាម្ចាស់មានព្រះបន្ទូលពីទីសក្ការៈរបស់ព្រះអង្គមកថា ៖ “យើងនឹងយកជ័យជម្នះ យើងនឹងបំបែកស្រុកស៊ីគែម យើងនឹងវាស់ជ្រលងភ្នំស៊ូកូត ចែកដល់ប្រជារាស្ត្ររបស់យើង។ |
៩ | ស្រុកកាឡាតជាទឹកដីរបស់យើង ហើយស្រុកម៉ាណាសេក៏ជាទឹកដីរបស់យើងដែរ ស្រុកអេប្រាអ៊ីមប្រៀបដូចជាមួកដែករបស់យើង ហើយស្រុកយូដាជាដំបងរាជ្យរបស់យើង។ |
១០ | ទឹកដីម៉ូអាប់ជាកន្លែងដែលយើងលាងជើង យើងបោះស្បែកជើងយើងនៅទឹកដីអេដុម យកស្រុកនេះធ្វើជាកម្មសិទ្ធិហើយ។ យើងនឹងស្រែកជយោ ក្រោយពីបានឈ្នះស្រុកភីលីស្ទីន!”។ |
១១ | តើនរណានាំខ្ញុំចូលទៅក្នុងទីក្រុងដ៏មាំមួនបាន? តើនរណានាំខ្ញុំចូលទៅស្រុកអេដុម? |
១២ | ឱព្រះជាម្ចាស់អើយ! មានតែព្រះអង្គទេដែលអាចនាំយើងខ្ញុំបាន! ក៏ប៉ុន្តែ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ ព្រះអង្គឈប់យាងទៅជាមួយកងទ័ពយើងខ្ញុំទៀតហើយ។ |
១៣ | សូមយាងមកជួយយើងខ្ញុំឱ្យប្រឆាំងតទល់នឹងពួកសត្រូវផង ដ្បិតការសង្គ្រោះមកពីមនុស្សលោកឥតបានការអ្វីសោះ។ |
១៤ | បើព្រះជាម្ចាស់គង់នៅជាមួយយើងខ្ញុំ នោះយើងខ្ញុំនឹងមានជ័យជម្នះ ព្រះអង្គនឹងបង្ក្រាបបច្ចាមិត្តរបស់យើងខ្ញុំឱ្យរាប។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
(៩ ព្រឹក)
បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។
(១២ ថ្ងៃត្រង់)
បន្ទរ៖ ទេវទូតកាព្រីអែលពោលទៅកាន់នាងម៉ារីថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ
ព្រះអង្គគង់នៅជាមួយនាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។
(៣ រសៀល)
បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះមហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) យរ ២៩,១១.១៣
យើងស្គាល់ច្បាស់នូវគម្រោងការដែលយើងបានគ្រោងទុក សម្រាប់អ្នករាល់គ្នា ជាគម្រោងការដែលផ្តល់សេចក្ដីសុខសាន្តដល់អ្នករាល់គ្នា គឺមិនមែនឲ្យអ្នករាល់គ្នាត្រូវវេទនាទេ។ យើងនឹងផ្តល់សេចក្ដីសង្ឃឹម និងអនាគតល្អឲ្យអ្នករាល់គ្នា -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ អ្នករាល់គ្នាស្វែងរកយើង ហើយនឹងជួបយើងមិនខាន ព្រោះអ្នករាល់គ្នាស្វែងរកយើង ដោយចិត្តស្មោះ។
—ហើយឲ្យស្តេចទាំងប៉ុន្មាននៅលើផែនដី កោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គ!។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) យរ ៣០,១៨ក
ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «យើងនឹងស្តារពូជពង្សរបស់យ៉ាកុបឡើងវិញ យើងនឹងអាណិតអាសូរក្រុមគ្រួសាររបស់គេ។
—ពេលណាព្រះអង្គសង្គ្រោះពួកគេ សូមជួយទូលបង្គំ។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) បារ ៣,៥-៦ក
សូមព្រះអង្គកុំនឹកចាំពីអំពើទុច្ចរិតនៃដូនតារបស់យើងខ្ញុំឡើយ! សូមនឹកគិតតែពីឫទ្ធិបារមី និងពីព្រះនាមព្រះអង្គប៉ុណ្ណោះ។ ដ្បិតព្រះអង្គពិតជាព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំ!។
—សូមរំដោះប្រជារាស្រ្តរបស់ព្រះអង្គចេញពីអំពើបាបរបស់ពួកគេផង។
ពាក្យអធិដ្ឋាន
ពាក្យអធិដ្ឋាន
ឱព្រះអម្ចាស់អើយ ! សូមឲ្យពាក្យទូលអង្វររបស់សន្តីលូស៊ីជាព្រហ្មចារិនី និងជាមរណសាក្សី នាំឲ្យយើងខ្ញុំមានចិត្តគំនិតថ្មី។ សូមប្រោសឲ្យយើងខ្ញុំអាចប្រារព្ធបុណ្យកំណើតរបស់សន្តីលូស៊ីនៅស្ថានបរមសុខ នាពេលឥឡូវនេះ និងឲ្យយើងខ្ញុំសម្លឹងឆ្ពោះទៅកាន់អ្វីៗដែលអស់កល្បជានិច្ច។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះអម្ចាស់!