ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ការជាប់ឃុំឃាំងនៅស្រុកបាប៊ីឡូន គឺជាប្រភេទនៃការជាប់ឃុំឃាំងខាង​វិញ្ញាណរបស់យើង (សន្តហ៊ីលឡារី)។

បន្ទរទី១ ៖ «ចូរ​នាំ​គ្នា​ច្រៀង​បទ​ខ្លះ​ពី​ក្រុង​ស៊ីយ៉ូនឱ្យ​យើង​ស្ដាប់​ផង!» អាលេលូយ៉ា!

យើងអង្គុយនៅមាត់ទន្លេស្រុកបាប៊ីឡូន នាំគ្នាយំស្រណោះក្រុងស៊ីយ៉ូន។
យើងភ្ជួរពិណរបស់យើងនឹងដើមឈើ នៅជិតមាត់ទន្លេ។
ពេល​នោះ ពួក​អ្នក​ដែល​ចាប់​យើង​មក​ជា​ឈ្លើយសឹក បាន​សុំ​ឱ្យ​យើង​ច្រៀង
ពួក​អ្នក​ធ្វើ​ទោស​យើង បាន​សុំ​ឱ្យ​យើងច្រៀង​បទ​សប្បាយ គេ​ពោល​ថា:
«ចូរ​នាំ​គ្នា​ច្រៀង​បទ​ខ្លះ​ពី​ក្រុង​ស៊ីយ៉ូនឱ្យ​យើង​ស្ដាប់​ផង!» ។
តើឱ្យយើងច្រៀងបទតម្កើងថ្វាយព្រះអម្ចាស់ នៅលើទឹកដីបរទេសដូចម្តេចកើត?
ឱក្រុងយេរូសាឡឹមអើយ ! បើខ្ញុំភ្លេចអ្នក សូមឱ្យដៃស្តាំរបស់ខ្ញុំស្ពឹកចុះ !
ប្រសិន​បើ​ខ្ញុំ​មិន​នឹក​ដល់​អ្នក​ទេ ហើយ​ប្រសិន​បើ​ខ្ញុំ​មិន​ចាត់​ទុក​អ្នក​
ជា​អំណរដ៏​ខ្លាំង​ក្លា​បំផុត​របស់​ខ្ញុំ​ទេ​នោះ សូម​ឱ្យ​អណ្ដាត​ខ្ញុំ​រឹង​ទៅ​ចុះ !

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ «ចូរ​នាំ​គ្នា​ច្រៀង​បទ​ខ្លះ​ពី​ក្រុង​ស៊ីយ៉ូនឱ្យ​យើង​ស្ដាប់​ផង!» អាលេលូយ៉ា!

ជាតិសាសន៍នានា នឹងដើរក្នុងពន្លឺរបស់ក្រុងនោះ ហើយស្តេចនានានឹងនាំរាជទ្រព្យចូលមកក្នុងក្រុងនោះដែរ (វវ ២១,២៤)។

បន្ទរទី២ ៖ នៅ​ពេល​ទូលបង្គំមាន​ទុក្ខ​វេទនា ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គបាន​ធ្វើឱ្យ​ទូលបង្គំមាន​ជីវិត​ឡើង​វិញ អាលេលូយ៉ា!

(បទកាកគតិ)

១-ខ្ញុំសូមតម្កើងព្រះម្ចាស់ខ្ពស់ឡើងអស់ពីដួងចិត្ត
នៅមុខទេវតាទូលបង្គំស្មូតបទតម្កើងថ្វាយថ្វាត់
ដល់ព្រះអង្គថ្លៃ
២-ខ្ញុំក្រាបបែរមុខតម្រង់ទៅរកវិហារប្រពៃ
ខ្ញុំលើកតម្កើងព្រះនាមថ្លាថ្លៃដោយព្រះហឫទ័យ
ស្មោះស្ម័គ្រឥតស្បើយ
៣-នៅថ្ងៃដែលខ្ញុំស្រែកអង្វរសុំព្រះអង្គតបឆ្លើយ
ព្រះអង្គប្រទានឥតមានកន្តើយឱ្យខ្ញុំបានស្បើយ
ក្នុងចិត្តក្លាហាន
៤-ឱព្រះម្ចាស់អើយសូមទ្រង់ផ្តល់ឱ្យស្តេចទាំងប៉ុន្មាន
នៅលើផែនដីនាំគ្នាគ្រប់ប្រាណតម្កើងពេលបាន
ឮទ្រង់សន្យា
៥-សូមឱ្យគេនាំគ្នីគ្នាច្រៀងរាំតម្កើងកិច្ចការ
ថាព្រះអម្ចាស់រុងរឿងអស្ចារ្យឧត្តមថ្លៃថ្លា
បំផុតគ្មានពីរ
៦-ទោះបីព្រះម្ចាស់ខ្ពង់ខ្ពស់ពេកណាស់ក៏ទ្រង់សំភី
គិតមនុស្សលោកគ្រប់វិនាទីមនុស្សកាចយាយី
ទ្រង់ស្គាល់ពីឆ្ងាយ
៧-ពេលទូលបង្គំជួបអាសន្នធំទ្រង់ឥតជិនណាយ
ជួយការពារខ្ញុំវាយខ្មាំងខ្ចាត់ខ្ចាយសង្គ្រោះខ្ញុំដោយ
ឫទ្ធីបារមី
៨-បពិត្រព្រះម្ចាស់ការគ្រប់យ៉ាងនេះពិតជាប្រពៃ
ព្រះអង្គប្រកបដោយព្រះហឫទ័យករុណាក្រៃ
ឥតបីបោះបង់
សូមកោតសរសើរដល់ព្រះបិតាព្រះរាជ្យបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កានឥតហ្មង
ដែលគង់ជានិច្ច

បន្ទរ ៖ នៅ​ពេល​ទូលបង្គំមាន​ទុក្ខ​វេទនា ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គបាន​ធ្វើឱ្យ​ទូលបង្គំមាន​ជីវិត​ឡើង​វិញ អាលេលូយ៉ា!

បន្ទរទី៣ ៖ ព្រះអម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម ប្រកប​ដោយ​ឫទ្ធានុភាព ព្រះបារមី តេជានុភាព និង​សិរី‌រុង​រឿង អាលេលូយ៉ា!

១១“បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព
ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក
អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ
ដោយសារព្រះហឫទ័យរបស់ព្រះអង្គ” ។
គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា ៖
“ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង
ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា
ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា
គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់
ដោយសារព្រះលោហិតរបស់ព្រះអង្គ។
១០ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង
ហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី” ។
១២នាំគ្នាបន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា
ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ
ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង” ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម ប្រកប​ដោយ​ឫទ្ធានុភាព ព្រះបារមី តេជានុភាព និង​សិរី‌រុង​រឿង អាលេលូយ៉ា!

សូម​បង‌ប្អូន​ចូល​មក​ជិត​ព្រះ‌គ្រីស្ត ជា​សិលា​ដ៏​មាន​ជីវិត ជា​សិលា​ដែល​មនុស្ស​លោក​បាន​បោះ​បង់​ចោល តែ​ព្រះ‌ជាម្ចាស់​បាន​រើស​យក ព្រោះ​ព្រះ‌អង្គ​ឈ្វេង​យល់​ថា​មាន​តម្លៃ​វិសេស។ រីឯ​បង‌ប្អូន​វិញ បង‌ប្អូន​ប្រៀប​បាន​នឹង​ថ្ម​ដ៏​មាន​ជីវិត​ដែរ ដូច្នេះ ចូរ​ផ្គុំគ្នា​ឡើង កសាង​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌វិញ្ញាណ ធ្វើជា​ក្រុម​បូជា‌ចារ្យ​ដ៏‌វិសុទ្ធ ដើម្បីថ្វាយ​យញ្ញ‌បូជា​ខាង​វិញ្ញាណ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ តាម‌រយៈ​ព្រះយេស៊ូ‌គ្រីស្ត។

បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ដោយបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ ៖ ខ្ញុំ​ស្គាល់​ចៀម​ទាំង​នោះ ហើយ​ចៀម​ទាំង​នោះ​មក​តាម​ខ្ញុំ។ ខ្ញុំ​ឱ្យ​គេ​មាន​ជីវិត​អស់​កល្ប‌ជានិច្ច អាលេលូយ៉ា!

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ ខ្ញុំ​ស្គាល់​ចៀម​ទាំង​នោះ ហើយ​ចៀម​ទាំង​នោះ​មក​តាម​ខ្ញុំ។ ខ្ញុំ​ឱ្យ​គេ​មាន​ជីវិត​អស់​កល្ប‌ជានិច្ច អាលេលូយ៉ា!

ដោយព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានប្រទានសេចក្តីសង្ឃឹមដ៏ពិតប្រាកដដល់ប្រជារាស្រ្តព្រះអង្គ។ ចូរយើងទូលសូមព្រះអង្គឱ្យអស់ពីដួងចិត្តថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់យេស៊ូ ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! សូមព្រះសណ្តាប់ពាក្យអង្វរយើងខ្ញុំផង !

បពិត្រព្រះអម្ចាស់យេស៊ូ ! ព្រះលោហិត និងទឹកបានហូរចេញពីស្នាមរបួសត្រង់ឆ្នឹងជំនីរព្រះអង្គ
—សូមប្រោសឱ្យព្រះសហគមន៍របស់ព្រះអង្គធ្វើជាកូនក្រមុំ ដែលគ្មានស្លាកស្នាមផង។ (បន្ទរ)

ឱម្ចាស់គង្វាលទាំងឡាយអើយ ! ក្រោយព្រះអង្គមានព្រះជន្មរស់ ឡើងវិញ ព្រះអង្គបានធ្វើឱ្យលោកសិលាក្លាយជាគង្វាលហ្វូងចៀមរបស់ព្រះអង្គ នៅពេលលោកប្រកាសថាស្រឡាញ់ព្រះអង្គ
—សូមព្រះអង្គពង្រីកសេចក្តីស្រឡាញ់ និងការលះបង់របស់សម្តេចប៉ាបព្រះនាម…ពីមួយថ្ងៃទៅមួយថ្ងៃផង។ (បន្ទរ)

ព្រះអង្គបានបង្ហាញឱ្យពួកសាវ័កស្គាល់ពីរបៀបចាប់ត្រី ដែលល្អប្រសើរជាង
—សូមព្រះអង្គផ្ញើអ្នកដទៃឱ្យបន្តការងារជាអ្នកនេសាទមនុស្សពីអស់លោកផង។ (បន្ទរ)

នៅមាត់បឹង ព្រះអង្គបានរៀបចំនំប៉័ង និងត្រីសម្រាប់ពួកសាវ័ក
—សូមកុំឱ្យយើងខ្ញុំអនុញ្ញាតឱ្យអ្នកដទៃត្រូវស្លាប់ ដោយការអត់ឃ្លាននោះឡើយ។ (បន្ទរ)

ព្រះយេស៊ូជាលោកអដាំថ្មី និងមានវិញ្ញាណដែលផ្តល់ជីវិត សូមព្រះអង្គបំផ្លាស់បំប្រែមនុស្សស្លាប់ឱ្យមានលក្ខណៈដូចព្រះអង្គ
—ដើម្បីឱ្យអំណរសប្បាយដ៏ពេញបរិបូណ៌របស់ព្រះអង្គស្ថិតក្នុងពួកគេ។ (បន្ទរ)

បពិត្រព្រះបិតាដ៏មានធម៌មេត្តាករុណាយ៉ាងក្រៃលែង ! ព្រះអង្គប្រោសឱ្យព្រះសហគមន៍លូតលាស់ជាលំដាប់ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ។ សូមព្រះអង្គមេត្តាប្រទានឱ្យអស់អ្នកដែលមានឈ្មោះជាគ្រីស្តបរិស័ទយកចិត្តទុកដាក់រស់នៅឱ្យសមរម្យនឹងឋានៈរបស់ខ្លួន។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

2 Views

Theme: Overlay by Kaira