ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បងប្អូនជាប្រជារាស្ត្រ ដែលព្រះជាម្ចាស់បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ ដើម្បីឱ្យបងប្អូនប្រកាសដំណឹងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ
ដែលបានហៅបងប្អូនឱ្យចេញពីទីងងឹត មកកាន់ពន្លឺរុងរឿងរបស់ព្រះអង្គ (១សល ២,៩)។

បន្ទរទី១ ៖ យើង​នេះ​ហើយ​ជា​ព្រះអម្ចាស់ដែល​សង្គ្រោះ និង​លោះ​អ្នក អាលេលូយ៉ា!

(ក)

អាលេលូយ៉ា!
ចូរសរសើរតម្កើងព្រះអម្ចាស់! ចូរសរសើរតម្កើងព្រះនាមព្រះអម្ចាស់!
អ្នកបម្រើរបស់ព្រះអម្ចាស់អើយ! ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ!
អ្នករាល់គ្នាដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់
អ្នករាល់គ្នាដែលស្ថិតនៅក្នុងបរិវេណព្រះដំណាក់របស់ព្រះនៃយើងអើយ!
ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស
ចូរច្រៀងតម្កើងថ្វាយព្រះនាមព្រះអង្គ ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងយើង។
ព្រះអម្ចាស់បានជ្រើសរើសពូជពង្សលោកយ៉ាកុប
ព្រះអង្គយកជនជាតិអ៊ីស្រាអែលធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ។
ខ្ញុំដឹងច្បាស់ថា ព្រះអម្ចាស់ជាព្រះដ៏ឧត្តុង្គឧត្តម
ព្រះអម្ចាស់របស់យើងប្រសើរលើសព្រះដទៃទាំងប៉ុន្មាន។
បើព្រះអម្ចាស់សព្វព្រះហឫទ័យធ្វើការអ្វី ព្រះអង្គនឹងសម្រេចបានទាំងអស់
ទាំងនៅលើផ្ទៃមេឃ ទាំងនៅលើផែនដី នៅក្នុងសមុទ្រ និងនៅក្នុងទីជម្រៅនៃបាតសមុទ្រ។
ព្រះអង្គនាំពពកចេញពីជើងមេឃ ព្រះអង្គធ្វើឱ្យមានផ្លេកបន្ទោរ ដើម្បីឱ្យភ្លៀងធ្លាក់
ព្រះអង្គក៏បញ្ចោញខ្យល់ឱ្យបក់បោកមកដែរ។
ព្រះអង្គបានប្រហារកូនច្បងទាំងឡាយនៅស្រុកអេស៊ីប
គឺចាប់តាំងពីកូនមនុស្ស រហូតដល់កូនសត្វពាហនៈ។
ព្រះអង្គសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ នៅស្រុកអេស៊ីប
ដើម្បីដាក់ទោសព្រះចៅផារ៉ោន និងមន្ត្រីទាំងប៉ុន្មានរបស់ស្តេច។
១០ព្រះអង្គបានវាយប្រហារប្រជាជាតិជាច្រើន
ព្រះអង្គបានវាយប្រហារជីវិតស្តេចដ៏ខ្លាំងពូកែ
១១គឺព្រះបាទស៊ីហុន ជាស្តេចស្រុកអាម៉ូរី ព្រះបាទអុកជាស្តេចស្រុកបាសាន
និងស្តេចទាំងប៉ុន្មានរបស់ជនជាតិកាណាន។
១២ព្រះអង្គប្រគល់ទឹកដីរបស់ពួកគេ ឱ្យអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ ទុកជាមត៌ក។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ យើង​នេះ​ហើយ​ជា​ព្រះអម្ចាស់ដែល​សង្គ្រោះ និង​លោះ​អ្នក អាលេលូយ៉ា!

បន្ទរទី២ ៖ សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះរាជ្យដែល​កំពុង​តែ​មក​ដល់ គឺ​ព្រះរាជ្យ​របស់​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​យើង ! អាលេលូយ៉ា!

(ខ)

(បទកាកគតិ)

១៣-បពិត្រព្រះម្ចាស់ព្រះនាមរបស់ព្រះអង្គគង់វង្ស
ជារៀងរហូតល្បីល្បាញយូរលង់ត្រចះត្រចង់
អស់កល្បឥតរា
១៤-ដ្បិតព្រះអង្គរកយុត្តិធម៌នាំមកឱ្យរាស្ត្រប្រជា
ព្រះអង្គអាណិតអាសូរគ្រប់គ្រាអស់កូនចៅជា
អ្នកស្ម័គ្របម្រើ
១៥-ព្រះផ្សេងឯទៀតជាព្រះមិនពិតកើតពីមនុស្សធ្វើ
ពីមាសពីប្រាក់ពីស្ពាន់ពីឈើអ្វីសព្វសារពើ
ជាព្រះក្លែងក្លាយ
១៦-ព្រះនោះមានមាត់បើកបិទមិនកើតមិនអាចនិយាយ
មាត់ដែលជាងឆ្លាក់គេដាក់មកឱ្យភ្នែកដែលមានហើយ
តែបើកមិនរួច
១៧-ត្រចៀកក៏មានតែស្តាប់មិនបានដូចត្រចៀកខូច
ស្រេចតែជាងធ្វើតាមធំតាមតូចខ្យល់ចូលមិនរួច
ដង្ហើមក៏គ្មាន
១៨-សូមឱ្យអស់អ្នកដែលខំសូនឆ្លាក់ឥតមានស្រាកស្រាន្ត
ធ្វើព្រះក្លែងក្លាយដែលមានប៉ុន្មានឱ្យពួកគេបាន
ដូចព្រះទាំងនោះ
១៩-អ៊ីស្រាអែលអើយកុំនៅកន្តើយនាំគ្នាទាំងអស់
ខំលើកតម្កើងព្រះជាអម្ចាស់ទាំងពូជរបស់
លោកអរ៉ុនផង
២០-គ្រួសារលេវីចូរមកមូលមីរសរសើរផ្គូរផ្គង
និងអ្នកដែលធ្លាប់គោរពព្រះអង្គសរសើរថ្កើងថ្កាន
ព្រះម្ចាស់នៃយើង
២១-ចូរយើងនាំគ្នាមកផ្តុំមូលមីរសរសើរតម្កើង
ព្រះជាអម្ចាស់គង់ភ្នំស៊ីយ៉ូននិងនៅក្នុងក្រុង
យេរូសាឡឹម
សូមកោតសរសើរដល់ព្រះបិតាព្រះរាជ្យបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កានឥតហ្មង
ដែលគង់ជានិច្ច

បន្ទរ ៖ សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះរាជ្យដែល​កំពុង​តែ​មក​ដល់ គឺ​ព្រះរាជ្យ​របស់​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​យើង ! អាលេលូយ៉ា!

បន្ទរទី៣ ៖ ចូរយើងច្រៀងលើកតម្កើងថ្វាយព្រះអម្ចាស់ ដ្បិតព្រះអង្គមានជ័យជម្នះដ៏ធំអស្ចារ្យ ! អាលេលូយ៉ា!

“ឱព្រះជាម្ចាស់ដែលមានព្រះចេស្តាលើអ្វីៗទាំងអស់អើយ
ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់!
ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ
មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់!
បពិត្រព្រះអម្ចាស់!
តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ?
តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ?
ដ្បិតមានតែព្រះអង្គប៉ុណ្ណោះជាព្រះដ៏វិសុទ្ធ។
មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ
ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌”។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរយើងច្រៀងលើកតម្កើងថ្វាយព្រះអម្ចាស់ ដ្បិតព្រះអង្គមានជ័យជម្នះដ៏ធំអស្ចារ្យ ! អាលេលូយ៉ា!

ថ្វី‌ដ្បិត​តែ​ព្រះ‌អង្គ​ជា​ព្រះ‌បុត្រា​ក៏​ដោយ ព្រះ‌អង្គ​ក៏​បាន​រៀន​ស្ដាប់​បង្គាប់ ដោយ​រង‌ទុក្ខ​លំបាក។ បន្ទាប់​ពី​ព្រះ‌អង្គ​បាន​គ្រប់​លក្ខណៈ​ហើយ ព្រះ‌អង្គ​ក៏​បាន​ទៅ​ជា​ប្រភព​នៃ​ការ​សង្គ្រោះ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច សម្រាប់​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​ព្រះ‌អង្គ ហើយ​ព្រះ‌ជាម្ចាស់​ក៏​ប្រកាស​តែង‌តាំង​ព្រះ‌អង្គ​ជា​មហា​បូជា‌ចារ្យ តាម​របៀប​ព្រះ‌បាទ​មែល‌គីសេ‌ដែក​ដែរ។

បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ដោយបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ ព្រះអម្ចាស់ដែលគេឆ្កាង និងមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានលោះយើងខ្ញុំ អាលេលូយ៉ា!

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ ព្រះអម្ចាស់ដែលគេឆ្កាង និងមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានលោះយើងខ្ញុំ អាលេលូយ៉ា!

ព្រះគ្រីស្តជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។ ចូរយើងកោតសរសើរព្រះអង្គ ហើយទូលថា ៖

បន្ទរ៖ ឱព្រះបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ ! សូមប្រទានព្រះពរដល់ប្រជារាស្រ្តព្រះអង្គ !

យើងខ្ញុំសូមទូលអង្វរព្រះយេស៊ូជាអម្ចាស់ សម្រាប់អ្នកបម្រើពិធីបុណ្យទាំងអស់របស់ព្រះសហគមន៍
—ដូចអស់លោកបានធ្វើពិធីកាច់នំប៉័ងនៃជីវិតសម្រាប់យើងខ្ញុំយ៉ាងណា សូមឱ្យអស់លោកផ្ទាល់បានទទួលនូវការចិញ្ចឹម និងកម្លាំងយ៉ាងនោះដែរ។ (បន្ទរ)

យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់គ្រីស្តបរិស័ទគ្រប់និកាយ ដើម្បីឱ្យមនុស្សទាំងអស់សាកសមនឹងការត្រាស់ហៅរបស់ខ្លួន
—ហើយសូមព្រះអង្គការពារពួកគេក្នុងការរួបរួមនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដោយសារចំណងនៃសេចក្តីសុខសាន្ត។ (បន្ទរ)

យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់ថ្នាក់ដឹកនាំយើងខ្ញុំ សូមឱ្យពួកគេដឹកនាំដោយយុត្តិធម៌ និងមេត្តា
—ហើយផ្សព្វផ្សាយភាពសុខដុម និងសេចក្តីសុខសាន្ត ទៅដល់ពិភពលោក។ (បន្ទរ)

យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់ខ្លួនយើងខ្ញុំផ្ទាល់ ដើម្បីឱ្យដួងចិត្តរបស់យើងខ្ញុំបានជ្រះស្អាតបរិសុទ្ធ និងច្រៀងសរសើរតម្កើងព្រះអង្គ ក្នុងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ
—សូមឱ្យយើងខ្ញុំរួមគ្នាសាជាថ្មីជាមួយនឹងបងប្អូនយើងខ្ញុំ ដែលបានលាចាកលោកនេះ យើងខ្ញុំសូមសរសើរចំពោះសេចក្តីសប្បុរសរបស់ព្រះអង្គ។ (បន្ទរ)

ឱព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គសព្វព្រះហឫទ័យត្រាស់ហៅលោកសូល ដែលមានចិត្តរឹងរូសឱ្យកែប្រែចិត្តគំនិត ហើយព្រះអង្គក៏ប្រោសយើងខ្ញុំឱ្យជឿលើព្រះគ្រីស្តដែរ។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំឱ្យស្ម័គ្រចិត្តរស់នៅតាមរបៀបថ្មី ស្របតាមគម្រោងការរបស់ព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

6 Views

Theme: Overlay by Kaira