ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

១០៥ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀងដែលបំភ្លឺជំហានទូលបង្គំ
និងជាពន្លឺដែលបំភ្លឺផ្លូវរបស់ទូលបង្គំ។
១០៦ទូលបង្គំសូមសន្យាដោយឥតងាករេថា
ទូលបង្គំនឹងប្រតិបត្តិតាមសេចក្តីសម្រេចដ៏សុចរិតរបស់ព្រះអង្គ។
១០៧បពិត្រព្រះអម្ចាស់! ទូលបង្គំរងទុក្ខវេទនាខ្លាំងពន់ពេកណាស់
សូមប្រោសប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!
១០៨ឱព្រះអម្ចាស់អើយ! សូមទទួលពាក្យអង្វររបស់ទូលបង្គំទុកជាតង្វាយ
សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់ផង!
១០៩ជីវិតទូលបង្គំប្រឈមមុខទល់នឹងអន្តរាយជានិច្ច
ប៉ុន្តែ ទូលបង្គំមិនភ្លេចធម្មវិន័យរបស់ព្រះអង្គទេ។
១១០មនុស្សអាក្រក់នាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ
តែទូលបង្គំមិនវង្វេងចេញឆ្ងាយពីច្បាប់របស់ព្រះអង្គឡើយ។
១១១ដំបូន្មានរបស់ព្រះអង្គជាកេរមត៌ករបស់ទូលបង្គំ
ដំបូន្មានទាំងនេះធ្វើឱ្យទូលបង្គំមានអំណរនៅក្នុងចិត្ត។
១១២ទូលបង្គំប្តេជ្ញាចិត្តធ្វើតាមក្រិត្យវិន័យរបស់ព្រះអង្គ
គឺជារង្វាន់របស់ទូលបង្គំរហូតដល់ទីបំផុត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

លោក​ម្ចាស់​អើយ! សូម​ជួយ​ផង យើង​ស្លាប់​ឥឡូវ​ហើយ» (មថ ៨,២៥)។

(បទពាក្យ ៧)

២-ឱព្រះជាម្ចាស់នៃខ្ញុំអើយសូមយាងមកហើយជួយរំដោះ
សូមទ្រង់មេត្តាជួយសង្គ្រោះប្រោសខ្ញុំឱ្យរស់បានឆាប់ៗ
៣-ឱ្យអ្នកព្យាបាទជីវិតខ្ញុំត្រូវជួបទុក្ខធំកិត្តិយសអាប់
ទាំងអ្នកដែលប៉ងចង់ធ្វើបាបវិនាសឆុតឆាប់ត្រូវដកខ្លួន
៤-សូមឱ្យអ្នកដែលសើចចំអកលែបខាយឡឺយឡកវិនាសសូន្យ
ត្រូវបរាជ័យមិនរួចខ្លួនកិត្តិយសសាបសូន្យអន្តរាយ
៥-រីអ្នកស្រឡាញ់ការសង្គ្រោះឱ្យគេទាំងនោះជួបសប្បាយ
ថ្លែងឥតឈប់ឈរទាំងយប់ថ្ងៃសូមលើកសិរីថ្កើងព្រះអង្គ
៦-ឱព្រះអម្ចាស់ទូលបង្គំរស់រងទុក្ខធំវេទនាណាស់
សូមយាងមកជួយដោយរូតរះមេត្តាសង្គ្រោះកុំបង្អង់
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

ព្រះ‌អង្គ​បាន​ទម្លាក់​អ្នក​កាន់​អំណាច​ចុះ​ពី​តំណែង ហើយ​ព្រះ‌អង្គ​លើក​តម្កើង​មនុស្ស​ទន់‌ទាប​ឡើង (លក ១,៥២)។

២-បពិត្រព្រះជាម្ចាស់! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ!
យើងខ្ញុំសូមសរសើរតម្កើងព្រះនាមព្រះអង្គ ដែលគង់នៅជិតយើងខ្ញុំ
យើងខ្ញុំរៀបរាប់អំពីស្នាព្រះហស្ត ដ៏គួរឱ្យស្ញប់ស្ញែងរបស់ព្រះអង្គ!
៣-ព្រះអង្គមានព្រះបន្ទូលថា “ដល់គ្រាដែលយើងបានកំណត់ទុក
យើងនឹងវិនិច្ឆ័យដោយយុត្តិធម៌!
៤-ផែនដី និងសត្វលោកទាំងអស់ ដែលរស់នៅលើផែនដីនឹងត្រូវរលាយ
គឺយើងដែលបានធ្វើឱ្យផែនដីនៅតែរឹងមាំ!”។
៥-យើងនិយាយប្រាប់មនុស្សអួតបំប៉ោងថា “កុំអួតបំប៉ោងទៀត!”
ហើយប្រាប់មនុស្សពាលថា “កុំវាយឫកខ្ពស់!”
៦-កុំប្រកាន់ឫកខ្ពស់ពេក ឈប់និយាយព្រហើនកោងកាចទៅ!
៧-អ្នកដែលវិនិច្ឆ័យ មិនមែនមកពីខាងកើត ឬខាងលិច
ហើយក៏មិនមែនមកពីខាងត្បូង ឬខាងជើងដែរ
៨-គឺព្រះជាម្ចាស់ទេតើដែលវិនិច្ឆ័យ
ព្រះអង្គដាក់ទោសអ្នកនេះ ហើយលើកលែងទោសអ្នកនោះ។
៩-ព្រះអម្ចាស់កាន់ពែងមួយនៅក្នុងព្រះហស្ត
គឺពែងដែលពេញទៅដោយព្រះពិរោធ
ពេលព្រះអង្គចាក់ពែងនោះទៅលើផែនដី
មនុស្សអាក្រក់ទាំងប៉ុន្មាន ត្រូវតែទទួលទោសចៀសមិនផុតឡើយ។
១០-រីឯខ្ញុំវិញ ខ្ញុំនឹងប្រកាសអំពីព្រះរបស់លោកយ៉ាកុបរហូតតរៀងទៅ
ខ្ញុំនឹងច្រៀងតម្កើងព្រះអង្គ។
១១-ព្រះអង្គនឹងបំបាក់អំនួតរបស់មនុស្សពាល
តែព្រះអង្គនឹងលើកមុខមនុស្សសុចរិតឡើង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) រ៉ូម ៤,២៤ខ-២៥

យើង​ជឿ​លើ​ព្រះ‌អង្គ​ដែល​បាន​ប្រោស​ព្រះ‌យេស៊ូ​ជា‌អម្ចាស់​នៃ​យើង ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌យេស៊ូ​ត្រូវ​គេ​បញ្ជូន​ទៅ​សម្លាប់ ព្រោះ​តែ​កំហុស​របស់​យើង ហើយ​ព្រះ‌ជាម្ចាស់​ប្រោស​ព្រះ‌អង្គឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ឲ្យ​យើង​សុចរិត។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញហើយ អាលេលូយ៉ា!
—ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកស៊ីម៉ូនឃើញ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ១យហ ៥,៥-៦ក

តើ​អ្នក​ណា​អាច​ឈ្នះ​លោកីយ៍​បាន? គឺ​អ្នក​ដែល​ជឿ​ថា ព្រះ‌យេស៊ូពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់។ ព្រះ‌យេស៊ូ‌គ្រីស្ត​នេះ​ហើយដែល​បាន​យាង​មក​ក្នុង​លោក​នេះ ដោយ​ទឹក និង​លោហិត មិន​ត្រឹម​តែ​ដោយ​ទឹក​ប៉ុណ្ណោះ​ទេ គឺ​ដោយ​ទឹក និង​លោហិត​ផង។

បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង អាលេលូយ៉ា!
—ដោយ​បាន​ឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) អភ ៤,២៣-២៤

ត្រូវ​ប្រែ​គំនិត​ប្រាជ្ញា និង​វិញ្ញាណ​ឲ្យ​បាន​ថ្មីឡើង ហើយ​ត្រូវ​ពាក់​ជីវិត​ថ្មីដ៏​សុចរិត និង​វិសុទ្ធ មក​ពី​សេចក្ដីពិត ជា​ជីវិត​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។

បន្ទរ៖ សូម​លោក​ស្នាក់​នៅ​ជា​មួយ​យើង​ខ្ញុំ​ទី​នេះ​ហើយ អាលេលូយ៉ា!
—ដ្បិត​ថ្ងៃ​កាន់​តែ​ទាប ហើយ​ជិត​យប់​ផង អាលេលូយ៉ា!
ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតា ! ព្រះអង្គណែនាំ និងគាំទ្រព្រះសហគមន៍ឱ្យរីកចម្រើនលូតលាស់។ សូមព្រះអង្គមេត្តាប្រោសឱ្យយើងខ្ញុំមានចិត្តសង្ឃឹមជានិច្ចនៅគ្រាលំបាក ដើម្បីរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូដែលសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់
សូមអរព្រះគុណព្រះជាម្ចាស់ !

6 Views

Theme: Overlay by Kaira