ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរ ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

៩៧-ទូលបង្គំស្រឡាញ់ធម្មវិន័យរបស់ព្រះអង្គខ្លាំងណាស់
ទូលបង្គំសញ្ជឹងគិតអំពីធម្មវិន័យនេះជារៀងរាល់ថ្ងៃ។
៩៨-វិន័យរបស់ព្រះអង្គធ្វើឱ្យទូលបង្គំមានប្រាជ្ញាវាងវៃជាងខ្មាំងសត្រូវ
ដ្បិតទូលបង្គំរិះគិតពីវិន័យនេះជានិច្ច។
៩៩-ទូលបង្គំចេះដឹងជាងគ្រូៗទាំងប៉ុន្មានរបស់ទូលបង្គំទៅទៀត
ដ្បិតទូលបង្គំយកដំបូន្មានទាំងប៉ុន្មាននេះ មកសញ្ជឹងគិត។
១០០-ទូលបង្គំចេះរិះគិតពិចារណា ជាងចាស់ៗព្រឹទ្ធាចារ្យទៅទៀត
ដ្បិតទូលបង្គំបានប្រព្រឹត្តតាមច្បាប់របស់ព្រះអង្គ។
១០១-ទូលបង្គំចៀសចេញឆ្ងាយពីផ្លូវអាក្រក់ទាំងប៉ុន្មាន
ដើម្បីប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
១០២-ទូលបង្គំមិនងាកចេញពីសេចក្តីដែលព្រះអង្គបានសម្រេចឡើយ
ដ្បិតព្រះអង្គប្រៀនប្រដៅទូលបង្គំដូច្នេះ។
១០៣-ព្រះបន្ទូលសន្យារបស់ព្រះអង្គ
ប្រៀបបាននឹងអាហារដ៏ឆ្ងាញ់ពិសេសសម្រាប់ទូលបង្គំ
មានរសជាតិផ្អែមជាងទឹកឃ្មុំទៅទៀត។
១០៤-ច្បាប់របស់ព្រះអង្គធ្វើឱ្យទូលបង្គំចេះរិះគិតពិចារណា
ហេតុនេះហើយបានជាទូលបង្គំស្អប់ផ្លូវវៀចវេរ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​ត្រឹម​តែ​រូប​កាយ (មថ ១០,២៨)។

(ក)

(បទព្រហ្មគីតិ)

១-បពិត្រព្រះម្ចាស់អើយដូចម្តេចឡើយក៏ព្រះអង្គ
ឈប់នឹកទ្រង់បោះបង់ឱ្យរញ៉ង់នៅកំព្រា
ម្តេចក៏ទ្រង់ពិរោធយើងរហូតឱ្យវេទនា
ភ្លេចអស់រាស្ត្រប្រជាធ្លាប់គាំពារត្រាប្រណី
២-កុំភ្លេចព្រះសហគមន៍ដែលទ្រង់សុំមកថ្នមបី
ជាកម្មសិទ្ធិប្រពៃសូមអាល័យភ្នកនឹកនា
គឺពួកកុលសម្ពន្ធដែលទ្រង់បានលោះមកជា
មរតកថ្លៃមហិមារកពណ៌នាក៏ពុំបាន
សូមនឹកដល់បងប្អូនភ្នំស៊ីយ៉ូនល្អថ្កើងថ្កាន
ទ្រង់យកជាទីស្ថានគង់នៅបានក្តីសុខដុម
៣-សូមយាងមកវិហារដែលគ្រាំគ្រាយូរខែឆ្នាំ
សក្ការៈត្រូវខ្ទេចខ្ទាំលែងរឹងមាំខ្មាំងបំផ្លាញ
៤-បច្ចាមិត្រព្រះអង្គស្រែករំពងគ្រប់ទីស្ថាន
ដែលព្រះអង្គធ្លាប់បានជួបនឹងយើងរៀងរាល់ថ្ងៃ
៥-ពួកគេប្រៀបបានទៅផ្លែពូថៅអ្នកកាប់ព្រៃ
គេប្រឹងអត់សំចៃរៀងរាល់ថ្ងៃឥតឈប់ឈរ
៦-គេយកផ្លែពូថៅវាយសំដៅក្បាច់ដ៏ល្អ
រចនាស្រស់បវរមិនឈប់ឈរមិនស្រណោះ
៧-គេដុតទីសក្ការដ៏ថ្លៃថ្លាចោលទាំងអស់
បន្ថោកដំណាក់ព្រះជាអម្ចាស់ឥតមានក្រែង
៨-គេនាំគ្នាគិតថានឹងផ្តន្ទាឱ្យជាក់ស្តែង
ដុតបំផ្លាញកន្លែងគ្មានរអែងនៅក្នុងស្រុក
៩-យើងខ្ញុំលែងឃើញអ្វីដែលប្រពៃតទៅមុខ
ជាទីសម្គាល់ទុកថាជាតិយើងគឺជាអ្វី
យើងលែងមានទាំងអស់បាត់ទាំងឈ្មោះព្យាការី
គ្មាននរណាដឹងអីថាយើងនៅច្នេះដល់ណា
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច
១០-បពិត្រព្រះជាម្ចាស់! តើឱ្យបច្ចាមិត្តត្មះតិះដៀលព្រះអង្គដល់ពេលណា?
តើឱ្យខ្មាំងសត្រូវប្រមាថព្រះនាមព្រះអង្គដល់ណាទៀត?
១១-ហេតុអ្វីបានជាព្រះអង្គមិនព្រមយាងមកជួយយើងខ្ញុំ
ហេតុអ្វីបានជាព្រះអង្គលាក់ព្រះបារមីទុកដូច្នេះ?
១២-បពិត្រព្រះជាម្ចាស់!
ព្រះអង្គជាព្រះមហាក្សត្ររបស់ទូលបង្គំ តាំងពីដើមរៀងមក
ព្រះអង្គតែងតែសង្គ្រោះយើងខ្ញុំជាច្រើនលើកច្រើនសា នៅក្នុងស្រុកនេះ។
១៣-ព្រះអង្គបានបង្ក្រាបសមុទ្រ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ
ព្រះអង្គបានវាយកម្ទេចក្បាលនាគនៅក្នុងសមុទ្រ
១៤-ព្រះអង្គបានវាយកម្ទេចក្បាលស្តេចក្រពើ
បោះវាទៅឱ្យស្តេចនានានៅវាលរហោស្ថានស៊ី។
១៥-ព្រះអង្គបានធ្វើឱ្យមានទឹកផុសចេញពីប្រភពទឹកនានា ហូរដូចទឹកជ្រោះ
ព្រះអង្គបានធ្វើឱ្យទន្លេដែលមិនចេះរីង ប្រែជារីងស្ងួតទៅវិញ។
១៦-ព្រះអង្គជាម្ចាស់លើថ្ងៃ ជាម្ចាស់លើយប់
ព្រះអង្គបានដាក់ព្រះចន្ទ និងព្រះអាទិត្យ ភ្ជាប់នឹងកន្លែងរបស់គេ។
១៧-ព្រះអង្គបានកំណត់ព្រំដែននៃផែនដី
ព្រះអង្គក៏បានបង្កើតរដូវប្រាំង និងរដូវវស្សាដែរ។
១៨-ឱព្រះអម្ចាស់អើយ! សូមកុំភ្លេចថា បច្ចាមិត្តបានត្មះតិះដៀលព្រះអង្គ
សាសន៍ល្ងីល្ងើនោះ ជេរប្រមាថព្រះនាមព្រះអង្គ!។
១៩-សូមកុំប្រគល់ជីវិតប្រជារាស្ត្ររបស់ព្រះអង្គ
ទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងដ៏សាហាវ
សូមកុំបំភ្លេចប្រជារាស្ត្រដ៏កំសត់ទុគ៌តរបស់ព្រះអង្គ ជារៀងរហូតឡើយ។
២០-សូមនឹកដល់សម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយយើងខ្ញុំ!
ប្រជាជននាំគ្នាលាក់ខ្លួន ព្រោះមានមនុស្សឃោរឃៅពាសពេញស្រុក។
២១-សូមកុំឱ្យអស់អ្នកដែលត្រូវគេជិះជាន់ អាម៉ាស់មុខទៀតឡើយ
សូមឱ្យជនក្រីក្រ និងជនកំសត់ទុគ៌ត សរសើរតម្កើងព្រះនាមព្រះអង្គ។
២២-ឱព្រះជាម្ចាស់អើយ! សូមក្រោកឡើងការពារព្រះកិត្តិនាមរបស់ព្រះអង្គ
សូមកុំបំភ្លេចពាក្យដែលជនល្ងីល្ងើទាំងនេះ ប្រមាថព្រះអង្គជារៀងរាល់ថ្ងៃ។
២៣-សូមកុំបំភ្លេចសម្រែកនៃខ្មាំងសត្រូវរបស់ព្រះអង្គ
គេស្រែកយ៉ាងអឺងកងទាស់នឹងព្រះអង្គ ឥតឈប់ឈរឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) កក ៤,១១-១២

ព្រះ‌អង្គ​ហ្នឹង​ហើយ​ជា “ថ្ម​ដែល​លោក​ទាំង​អស់​គ្នា​ជា​ជាង​សំណង់​បោះ​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត​វិញ” ។ ក្រៅ​ពី​ព្រះ‌យេស៊ូ គ្មាន​នរណា​ម្នាក់​អាច​សង្គ្រោះ​មនុស្ស​បាន​ទាល់​តែ​សោះ ដ្បិត​នៅ​ក្រោម​មេឃ​នេះ ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រទាន​នាម​ណា​មួយ​ផ្សេង​ទៀត​មក​មនុស្ស ដើម្បី​សង្គ្រោះ​យើង​នោះ​ឡើយ»។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញហើយ អាលេលូយ៉ា!
—ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកស៊ីម៉ូនឃើញ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ១សល ៣,២១-២២ក

នេះ​ជា​និមិត្ត‌រូប​នៃ​ពិធី​ជ្រមុជ​ទឹក ដែល​សង្គ្រោះ​បង‌ប្អូន​នា​បច្ចុប្បន្ន​កាល តែ​ពិធី​ជ្រមុជ​ទឹក​មិន​មែន​ជា​ពិធី​លាង​ជម្រះ​រូប​កាយ​នោះ​ទេ គឺ​ជា​ការ​ថ្វាយ​ជីវិត​ទាំង​ស្រុង​ទៅ​ព្រះ‌ជាម្ចាស់ ដោយ​មន‌សិការ​ល្អ​វិញ។ ពិធី​ជ្រមុជ​ទឹក​នេះ​សង្គ្រោះ​បង‌ប្អូន ដោយ‌សារ​ព្រះ‌យេស៊ូ‌គ្រីស្ត​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះ‌អង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់។

បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង អាលេលូយ៉ា!
—ដោយ​បាន​ឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) កូឡ ៣,១-២

ដូច្នេះ ប្រសិន​បើ​បង‌ប្អូន​បាន​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត​មែន ចូរ​ស្វែង​រក​អ្វីៗ​នៅ​ស្ថាន​លើ ជា​ស្ថាន​ដែល​ព្រះ‌គ្រីស្ត​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់នោះ​វិញ។ ចូរ​គិត​ពី​អ្វីៗដែល​នៅ​ស្ថាន​លើ កុំ​គិត​ពី​អ្វី​នៅ​លើ​ផែន‌ដីនេះ​ឡើយ។

បន្ទរ៖ សូម​លោក​ស្នាក់​នៅ​ជា​មួយ​យើង​ខ្ញុំ​ទី​នេះ​ហើយ អាលេលូយ៉ា!
—ដ្បិត​ថ្ងៃ​កាន់​តែ​ទាប ហើយ​ជិត​យប់​ផង អាលេលូយ៉ា!
ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតា ! កាលពីដើមព្រះអង្គបានប្រទានឱ្យលោកស្ទេផានធ្វើជាសាក្សីអំពីសេចក្តីពិត រហូតដល់បូជាជីវិតដូចព្រះយេស៊ូ។ សូមព្រះអង្គមេត្តាប្រោសប្រទានដល់យើងខ្ញុំជាគ្រីស្តបរិស័ទ ដែលកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណដ៏វិសុទ្ធ មានជំនឿមាំមួន និងមានសេចក្តីក្លាហានហ៊ានបញ្ជាក់ជំនឿរបស់ខ្លួន ដូចលោកស្ទេផាន។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!

9 Views

Theme: Overlay by Kaira