រដូវបុណ្យចម្លង
ថ្ងៃចន្ទ អាទិត្យទី៣
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,៨៩-៩៦
ការសញ្ជឹងគិតពីវិន័យរបស់ព្រះជាម្ចាស់
ខ្ញុំឱ្យវិន័យថ្មីដល់អ្នករាល់គ្នា គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ (យហ ១៣,៣៤)។
បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
៨៩ | បពិត្រព្រះអម្ចាស់! ព្រះបន្ទូលរបស់ព្រះអង្គ ស្ថិតស្ថេររហូតតរៀងទៅនៅស្ថានបរមសុខ។ |
៩០ | ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ ព្រះអង្គតែងតាំងផែនដីឱ្យរឹងមាំ ផែនដីក៏នៅស្ថិតស្ថេរដែរ។ |
៩១ | អ្វីៗសព្វសារពើ នៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃ តាមការសម្រេចនៃព្រះហឫទ័យរបស់ព្រះអង្គ ដ្បិតអ្វីៗសព្វសារពើសុទ្ធតែក្រោមអំណាចរបស់ព្រះអង្គ។ |
៩២ | ប្រសិនបើទូលបង្គំមិនពេញចិត្តនឹងធម្មវិន័យរបស់ព្រះអង្គទេ ទូលបង្គំមុខជារងទុក្ខវេទនា ហើយវិនាសអន្តរាយជាមិនខាន។ |
៩៣ | ទូលបង្គំនឹងមិនភ្លេចច្បាប់របស់ព្រះអង្គឡើយ ដ្បិតដោយសារច្បាប់ទាំងនេះ ព្រះអង្គធ្វើឱ្យទូលបង្គំមានជីវិតឡើងវិញ។ |
៩៤ | ទូលបង្គំនៅក្រោមឱវាទរបស់ព្រះអង្គហើយ សូមសង្គ្រោះទូលបង្គំផង! ដ្បិតទូលបង្គំយកចិត្តទុកដាក់ស្វែងរកច្បាប់របស់ព្រះអង្គ។ |
៩៥ | មនុស្សអាក្រក់រង់ចាំប្រហារជីវិតទូលបង្គំ តែទូលបង្គំនៅតែចាប់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ។ |
៩៦ | ទូលបង្គំឃើញថា សូម្បីអ្វីៗដែលល្អឥតខ្ចោះ ក៏នឹងមានទីបញ្ចប់ដែរ ប៉ុន្តែ វិន័យរបស់ព្រះអង្គទូលំទូលាយឥតមានព្រំដែនឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៧១
ឱព្រះជាអម្ចាស់អើយ ! ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំតាំងពីក្មេងមក !
ចូរសប្បាយរីករាយដោយចិត្តសង្ឃឹម។ ចូរកាន់ចិត្តអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិស្ឋាន (រ៉ូម ១២,១២)។
(ក)
(បទពាក្យ ៧)
១- | បពិត្រព្រះម្ចាស់ខ្ញុំសូមជ្រក | ក្រោមម្លប់ជម្រកនៃព្រះអង្គ | |
កុំឱ្យរូបខ្ញុំត្រូវបាត់បង់ | ទាំងកិត្តិយសផងអាប់អាសារ | ។ | |
២- | ដោយព្រះអង្គមានព្រះហឫទ័យ | សុចរិតប្រពៃសូមមេត្តា | |
ផ្ទៀងព្រះកាណ៌ស្តាប់ខ្ញុំវាចា | សង្គ្រោះជីវ៉ាឱ្យបានរស់ | ។ | |
៣- | សូមព្រះអង្គទៅជាថ្មដា | លាក់ពួនអាត្មាខ្ញុំផុតគ្រោះ | |
ទ្រង់សព្វព្រះទ័យប្រណីប្រោស | ជីវិតខ្ញុំរស់បានសុខសាន្ត | ។ | |
៤- | ឱព្រះជាម្ចាស់សូមរំដោះ | ខ្ញុំពីឃ្នាងខ្នោះពួកតិរច្ឆាន | |
រួចផុតពីដៃជនសាមាន្យ | មនុស្សទាំងប៉ុន្មានប៉ងយាយី | ។ | |
៥- | បពិត្រព្រះជាអម្ចាស់អើយ | ទូលបង្គំនេះហើយផ្ញើជីវី | |
ជីវិតលើទ្រង់គ្រប់នាទី | សង្ឃឹមតាំងពីនៅក្មេងវ័យ | ។ | |
៦- | ទូលបង្គំពឹងផ្អែកលើព្រះអង្គ | តាំងពីនៅក្នុងផ្ទៃម្តាយថ្លៃ | |
ព្រះអង្គតែមួយសព្វព្រះទ័យ | ដុសខាត់កែច្នៃខ្ញុំឥតឈប់ | ។ | |
៧- | មនុស្សម្នាជាច្រើនចេះតែនឹក | ឆ្ងល់ខ្ញុំល្ងាចព្រឹកទាំងថ្ងៃយប់ | |
តាមពិតខ្ញុំមានព្រះជាម្លប់ | ជីវិតខ្ញុំស្ងប់រៀងរហូត | ។ | |
៨- | ទូលបង្គំតែងពោលពាក្យសរសើរ | ព្រះគ្មានអ្វីស្មើខ្ពស់បំផុត | |
តម្កើងសិរីទ្រង់រហូត | ព្រះតែមួយគត់ទាំងយប់ថ្ងៃ | ។ | |
៩- | ឥឡូវនេះខ្ញុំចាស់ជរា | ទ្រុឌទ្រោមគ្រាំគ្រាកម្លាំងថយ | |
មេត្តាកុំបោះបង់ខ្ញុំឡើយ | កុំទុកខ្ញុំឱ្យនៅឯកា | ។ | |
១០- | ដ្បិតខ្មាំងសត្រូវរបស់ខ្ញុំ | គេនៅជួបជុំពោលមុសា | |
អស់អ្នកដែលឃ្លាំចាំប្រហារ | គេពិភាក្សាយោបល់គ្នា | ។ | |
១១- | គេថាព្រះម្ចាស់លែងអើពើ | លែងការពារមើលថែគាំពារ | |
ចូរដេញតាមចាប់គាត់គ្រប់គ្នា | ព្រោះគ្មាននរណាជួយគាត់បាន | ។ | |
១២- | ឱព្រះជាម្ចាស់អើយសូមកុំ | យាងចាកចោលខ្ញុំចេញចាកស្ថាន | |
សូមយាងមកជួយកុំបីខាន | ឆាប់ៗនឹងបានខ្ញុំធូរស្បើយ | ។ | |
១៣- | សូមឱ្យអស់អ្នកដែលប៉ុនប៉ង | ប្រហារខ្ញុំបង់ត្រូវអន្តរាយ | |
សាបសូន្យទាំងឈ្មោះបាត់ទាំងកាយ | កិត្តិយសប្រែក្លាយបាត់សូន្យឈឹង | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
(ខ)
១៤ | រីឯទូលបង្គំវិញ ទូលបង្គំនៅតែមានសង្ឃឹមជានិច្ច ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ហើយសរសើរតម្កើងទៀត! |
១៥ | ទូលបង្គំនឹងថ្លែងរៀបរាប់អំពីសេចក្តីសុចរិតរៀងរាល់ថ្ងៃ និងការសង្គ្រោះរបស់ព្រះអង្គដែលមានចំនួនដ៏ច្រើនឥតគណនា។ |
១៦ | បពិត្រព្រះជាអម្ចាស់! ដោយសារព្រះអង្គជួយ ទូលបង្គំចូលមកក្នុងព្រះដំណាក់ ទូលបង្គំសូមរំលឹកអំពីសេចក្តីសុចរិតរបស់ព្រះអង្គតែមួយប៉ុណ្ណោះ។ |
១៧ | បពិត្រព្រះជាម្ចាស់! ព្រះអង្គបានប្រៀនប្រដៅទូលបង្គំ តាំងពីក្មេងរហូតមកទល់ពេលនេះ ទូលបង្គំនៅតែប្រកាសអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ។ |
១៨ | ឱព្រះជាម្ចាស់អើយ! ឥឡូវនេះទូលបង្គំចាស់ជរាទៅហើយ សូមកុំបោះបង់ចោលទូលបង្គំឡើយ! ដើម្បីឱ្យទូលបង្គំអាចប្រកាសអំពីព្រះចេស្តារបស់ព្រះអង្គ ប្រាប់មនុស្សនៅជំនាន់នេះ និងប្រកាសអំពីឫទ្ធានុភាពរបស់ព្រះអង្គ ប្រាប់មនុស្សទាំងអស់នៅជំនាន់ក្រោយៗដែរ។ |
១៩ | បពិត្រព្រះជាម្ចាស់! ព្រះហឫទ័យសុចរិតរបស់ព្រះអង្គខ្ពស់ពន់ពេកណាស់ ដ្បិតព្រះអង្គបានធ្វើការធំដ៏អស្ចារ្យជាច្រើន បពិត្រព្រះជាម្ចាស់! គ្មាននរណាដូចព្រះអង្គឡើយ! |
២០ | ព្រះអង្គបានធ្វើឱ្យទូលបង្គំជួបអាសន្នអន់ក្រ និងទុក្ខលំបាកជាច្រើនហើយ ព្រះអង្គមុខជានឹងប្រទានឱ្យយើងខ្ញុំមានជីវិតសាជាថ្មី ព្រះអង្គនឹងលើកទូលបង្គំឱ្យឡើងពីរណ្តៅមកវិញ។ |
២១ | ព្រះអង្គនឹងប្រទានឱ្យទូលបង្គំមានកិត្តិយសកាន់តែខ្ពស់ឡើង ព្រះអង្គនឹងសម្រាលទុក្ខទូលបង្គំសាជាថ្មី។ |
២២ | បពិត្រព្រះនៃទូលបង្គំ! ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ដោយសំឡេងចាប៉ី ទូលបង្គំនឹងលើកតម្កើងព្រះហឫទ័យដ៏ស្មោះស្ម័គ្ររបស់ព្រះអង្គ។ បពិត្រព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល! ទូលបង្គំនឹងដេញពិណថ្វាយព្រះអង្គផង! |
២៣ | ទូលបង្គំនឹងដេញភ្លេងថ្វាយព្រះអង្គ ទូលបង្គំនឹងបន្លឺសំឡេងឡើងដោយអំណរ ព្រោះព្រះអង្គបានរំដោះជីវិតទូលបង្គំ។ |
២៤ | ទូលបង្គំនឹងថ្លែងអំពីសេចក្តីសុចរិតរបស់ព្រះអង្គជារៀងរាល់ថ្ងៃ ដ្បិតអស់អ្នកដែលប៉ងប្រាថ្នាឱ្យទូលបង្គំវេទនា ត្រូវអាប់អោន និងអាម៉ាស់មុខ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) វវ ១,១៧-១៨
ពេលខ្ញុំឃើញលោក ខ្ញុំដួលសន្លប់បាត់ស្មារតី នៅទៀបជើងលោក។ លោកដាក់ដៃស្ដាំលើខ្ញុំ ទាំងពោលថាៈ «កុំខ្លាចអី! គឺយើងនេះហើយដែលនៅមុនគេ និងនៅក្រោយគេបំផុត យើងបានស្លាប់ តែឥឡូវនេះ យើងមានជីវិតរស់អស់កល្បជាអង្វែងតរៀងទៅ។ យើងមានអំណាចលើសេចក្ដីស្លាប់ និងលើស្ថានមច្ចុរាជ។
—ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកស៊ីម៉ូនឃើញ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) កូឡ ២,៩.១២
ដ្បិតគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ស្ថិតនៅយ៉ាងពោរពេញក្នុងរូបកាយព្រះគ្រីស្ត។ ពេលបងប្អូនទទួលពិធីជ្រមុជទឹក បងប្អូនត្រូវកប់ក្នុងផ្នូររួមជាមួយព្រះគ្រីស្តហើយ ដោយបងប្អូនរួមក្នុងអង្គព្រះគ្រីស្ត បងប្អូនក៏មានជីវិតរស់ឡើងវិញរួមជាមួយព្រះអង្គដែរ ព្រោះបងប្អូនមានជំនឿលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះគ្រីស្តឲ្យមានព្រះជន្មរស់ឡើងវិញ។
—ដោយបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ២ធម ២,៨.១១
ចូរនឹកដល់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មរស់ឡើងវិញ ព្រះអង្គជាប់ព្រះញាតិវង្សនឹងព្រះបាទដាវីឌ ស្របតាមដំណឹងល្អដែលខ្ញុំប្រកាស។ ពាក្យនេះគួរឲ្យជឿ គឺថាៈ ប្រសិនបើយើងរួមស្លាប់ជាមួយព្រះអង្គ យើងក៏នឹងមានជីវិតរស់រួមជាមួយព្រះអង្គដែរ។
—ដ្បិតថ្ងៃកាន់តែទាប ហើយជិតយប់ផង អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ពាក្យអធិដ្ឋាន
ឱព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! កាលពីដើមព្រះអង្គគាប់ព្រះហឫទ័យនឹងលោកស្ទេផាន ដែលមានប្រាជ្ញាមកពីព្រះវិញ្ញាណ។ សូមព្រះអង្គមេត្តាប្រទានឱ្យយើងខ្ញុំមានប្រាជ្ញាវាងវៃ ហ៊ានធ្វើជាសាក្សីរបស់ព្រះយេស៊ូគ្រីស្តក្នុងលោកនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!