រដូវបុណ្យចម្លង
សន្តអាថាណាស ជាអភិបាល និងគ្រូបាធ្យាយ
(រំឭកចាំបាច់)
ថ្ងៃសុក្រ អាទិត្យទី២
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,៧៣-៨០
សូមព្រះអង្គបំភ្លឺខ្ញុំ
បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
៧៣ | ព្រះអង្គបានបង្កើតទូលបង្គំមក ហើយប្រទានឱ្យទូលបង្គំបានរឹងប៉ឹងឡើង សូមប្រទានឱ្យទូលបង្គំមានប្រាជ្ញា ដើម្បីស្វែងយល់វិន័យរបស់ព្រះអង្គ។ |
៧៤ | ពេលអស់អ្នកគោរពកោតខ្លាចព្រះអង្គឃើញទូលបង្គំ គេនឹងមានអំណរ ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។ |
៧៥ | បពិត្រព្រះអម្ចាស់! ទូលបង្គំដឹងថា ការអ្វីដែលព្រះអង្គបានសម្រេច សុទ្ធតែសុចរិតទាំងអស់ ព្រះអង្គដាក់ទោសទូលបង្គំក៏ត្រឹមត្រូវដែរ។ |
៧៦ | សូមសម្រាលទុក្ខទូលបង្គំ ដោយសារព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ តាមព្រះបន្ទូលសន្យាជាមួយទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គ។ |
៧៧ | សូមសម្តែងព្រះហឫទ័យមេត្តាករុណាមកលើទូលបង្គំ ដើម្បីឱ្យទូលបង្គំរស់រានមានជីវិតផង ដ្បិតទូលបង្គំពេញចិត្តនឹងធម្មវិន័យរបស់ព្រះអង្គខ្លាំងណាស់។ |
៧៨ | សូមឱ្យមនុស្សអួតបំប៉ោងត្រូវអាម៉ាស់ ដ្បិតពួកគេនិយាយមួលបង្កាច់ទូលបង្គំ រីឯទូលបង្គំវិញ ទូលបង្គំសញ្ជឹងគិតពីច្បាប់របស់ព្រះអង្គ។ |
៧៩ | សូមឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ នាំគ្នាមករកទូលបង្គំ ដើម្បីឱ្យបានស្គាល់ដំបូន្មានរបស់ព្រះអង្គ។ |
៨០ | សូមជួយទូលបង្គំឱ្យប្រព្រឹត្តតាមក្រិត្យវិន័យរបស់ព្រះអង្គ ឱ្យបានឥតខ្ចោះ កុំឱ្យទូលបង្គំត្រូវអាម៉ាស់ឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៥៩,២-៥.១០-១១.១៧-១៨
សូមរំដោះទូលបង្គំឱ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ !
ព្រះបន្ទូលនៃការសង្រ្គោះទាំងនេះ បានបង្រៀនយើងពីការលះបង់ ដែលយើងគួរមានទៅព្រះបិតា (Eusebius of Caesarea)។
(បទកាកគតិ)
២- | ឱព្រះម្ចាស់អើយ | សូមកុំកន្តើយ | ជួយរំដោះខ្ញុំ |
ឱ្យរួចពីខ្មាំង | សត្រូវតូចធំ | វាមានគំនុំ | |
ចង់ចាប់ធ្វើបាប | ។ | ||
៣- | សូមជួយរំដោះ | ជីវិតឱ្យរស់ | ជារៀងដរាប |
ផុតពីពួកពាល | ពីអ្នកសាងបាប | អាក្រក់ឆ្អេះឆ្អាប | |
ពួកមនុស្សស្រេកឈាម | ។ | ||
៤- | ឱព្រះអម្ចាស់ | ទោះខ្ញុំពុំខុស | ក៏គេព្យាយាម |
ចាំស្ទាក់ប្រហារ | ជីវិតខ្ញុំភ្លាម | ពួកគេព្យាយាម | |
ប្រឆាំងជានិច្ច | ។ | ||
៥- | ទោះខ្ញុំមិនខុស | ក៏ពួកទាំងនោះ | នៅតែមានល្បិច |
ពួនចាំស្ទាក់ចាប់ | រូបខ្ញុំមិនភ្លេច | សូមកុំកែគេច | |
បែរភក្ត្រមើលផង | ។ | ||
១០- | ទូលបង្គំខំប្រឹង | មើលទៅព្រះអង្គ | មិនឱ្យខានខក |
ទ្រង់ជាកម្លាំង | កំពែងជម្រក | មិនឱ្យខ្មាំងមក | |
ពាធាបំភ័យ | ។ | ||
១១- | ព្រះរបស់ខ្ញុំ | ហឫទ័យទូលំ | ទូលាយឥតបី |
មេត្តាករុណា | សន្តោសប្រណី | ឱ្យខ្ញុំសប្បាយ | |
ដោយខ្មាំងចាញ់ដៃ | ។ | ||
១៧- | រីឯខ្ញុំវិញ | ក្នុងចិត្តពោរពេញ | សរសើរមិនឈប់ |
ច្រៀងលើកតម្កើង | ព្រះម្ចាស់ជាម្លប់ | ថ្លែងមិនឈរឈប់ | |
ហឫទ័យមេត្តា | ។ | ||
ពេលព្រឹកព្រលឹម | ថ្លែងទាំងញញឹម | ពីក្តីករុណា | |
របស់ព្រះអង្គ | ជាកំពែងការ | ជួយខ្ញុំនេះណា | |
ពេលអាសន្នភ័យ | ។ | ||
១៨- | បពិត្រព្រះម្ចាស់ | ព្រះអង្គជាព្រះ | មានឫទ្ធិបារមី |
ទូលបង្គំនឹងស្មូត | បទតម្កើងថ្វាយ | ព្រះអង្គនេះហើយ | |
ជាកំពែងមាំ | ។ | ||
សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
ដែលគង់ជានិច្ច | ។ |
ទំនុកតម្កើងលេខ ៦០
ពាក្យអធិដ្ឋានក្រោយពេលមានមហន្តរាយ
“អ្នករាល់គ្នាជួបទុក្ខវេទនាក្នុងលោក ប៉ុន្តែ ចូរមានសង្ឃឹមឡើង ! ខ្ញុំបានឈ្នះលោកនេះហើយ” (យហ ១៦,៣៣)។
៣ | ឱព្រះអម្ចាស់អើយ! ព្រះអង្គបោះបង់ចោលយើងខ្ញុំហើយ ព្រះអង្គធ្វើឱ្យយើងខ្ញុំបាក់ទ័ព ទោះបីជាព្រះអង្គព្រះពិរោធនឹងយើងខ្ញុំក៏ដោយ សូមស្រោចស្រង់យើងខ្ញុំឡើងវិញផង។ |
៤ | ព្រះអង្គបានធ្វើឱ្យផែនដីរញ្ជួយ និងប្រេះចេញពីគ្នា ឥឡូវនេះ សូមព្រះអង្គភ្ជិតដីនេះ ឱ្យបានជិតគ្នាឡើងវិញផង ព្រោះផែនដីកំពុងរង្គើ។ |
៥ | ព្រះអង្គធ្វើឱ្យប្រជារាស្ត្ររបស់ព្រះអង្គ ជួបនឹងទុក្ខវេទនាដ៏សែនពិបាក ព្រះអង្គដាក់ទោសយើងខ្ញុំស្ទើរតែវង្វេងស្មារតី។ |
៦ | ព្រះអង្គប្រទានទង់ជ័យជាសញ្ញា ឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ អាចគេចផុតពីបរាជ័យ។ |
៧ | សូមយាងមកសង្គ្រោះយើងខ្ញុំ ដោយឫទ្ធិបារមីរបស់ព្រះអង្គ សូមឆ្លើយតបនឹងយើងខ្ញុំផង! ដើម្បីឱ្យប្រជារាស្ត្រជាទីស្រឡាញ់របស់ព្រះអង្គបានរួចជីវិត។ |
៨ | ព្រះជាម្ចាស់មានព្រះបន្ទូលពីទីសក្ការៈរបស់ព្រះអង្គមកថា ៖ “យើងនឹងយកជ័យជម្នះ យើងនឹងបំបែកស្រុកស៊ីគែម យើងនឹងវាស់ជ្រលងភ្នំស៊ូកូត ចែកដល់ប្រជារាស្ត្ររបស់យើង។ |
៩ | ស្រុកកាឡាតជាទឹកដីរបស់យើង ហើយស្រុកម៉ាណាសេក៏ជាទឹកដីរបស់យើងដែរ ស្រុកអេប្រាអ៊ីមប្រៀបដូចជាមួកដែករបស់យើង ហើយស្រុកយូដាជាដំបងរាជ្យរបស់យើង។ |
១០ | ទឹកដីម៉ូអាប់ជាកន្លែងដែលយើងលាងជើង យើងបោះស្បែកជើងយើងនៅទឹកដីអេដុម យកស្រុកនេះធ្វើជាកម្មសិទ្ធិហើយ។ យើងនឹងស្រែកជយោ ក្រោយពីបានឈ្នះស្រុកភីលីស្ទីន!”។ |
១១ | តើនរណានាំខ្ញុំចូលទៅក្នុងទីក្រុងដ៏មាំមួនបាន? តើនរណានាំខ្ញុំចូលទៅស្រុកអេដុម? |
១២ | ឱព្រះជាម្ចាស់អើយ! មានតែព្រះអង្គទេដែលអាចនាំយើងខ្ញុំបាន! ក៏ប៉ុន្តែ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ ព្រះអង្គឈប់យាងទៅជាមួយកងទ័ពយើងខ្ញុំទៀតហើយ។ |
១៣ | សូមយាងមកជួយយើងខ្ញុំឱ្យប្រឆាំងតទល់នឹងពួកសត្រូវផង ដ្បិតការសង្គ្រោះមកពីមនុស្សលោកឥតបានការអ្វីសោះ។ |
១៤ | បើព្រះជាម្ចាស់គង់នៅជាមួយយើងខ្ញុំ នោះយើងខ្ញុំនឹងមានជ័យជម្នះ ព្រះអង្គនឹងបង្ក្រាបបច្ចាមិត្តរបស់យើងខ្ញុំឱ្យរាប។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) កក ២,៣២.៣៦
ព្រះជាម្ចាស់បានប្រោសលោកយេស៊ូនេះឱ្យរស់ឡើងវិញ យើងខ្ញុំទាំងអស់គ្នាជាសាក្សី។ ហេតុនេះ សូមឱ្យជនជាតិអ៊ីស្រាអែលទាំងមូលដឹងជាក់ច្បាស់ថា លោកយេស៊ូនេះ ដែលបងប្អូនបានឆ្កាង ព្រះជាម្ចាស់បានតែងតាំងលោកឡើងជាព្រះអម្ចាស់ និងជាព្រះគ្រីស្ដហើយ»។
—ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកស៊ីម៉ូនឃើញ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) កាឡ ៣,២៧-២៨
បងប្អូនទាំងអស់គ្នាដែលបានទទួលពិធីជ្រមុជទឹក ដើម្បីឱ្យបានរួមជាមួយព្រះគ្រីស្ត បងប្អូនក៏មានព្រះគ្រីស្តនៅជាប់ជាមួយដែរ។ ដូច្នេះ គ្មានសាសន៍យូដា គ្មានសាសន៍ក្រិកទៀតទេ ហើយក៏គ្មានអ្នកងារ គ្មានអ្នកជា គ្មានបុរស គ្មានស្ត្រីទៀតដែរ គឺបងប្អូនទាំងអស់បានរួមគ្នាមកជាអង្គតែមួយ ក្នុងព្រះគ្រីស្តយេស៊ូ។
—ដោយបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ១ករ ៥,៧-៨
សូមបងប្អូនជម្រះខ្លួនឱ្យបរិសុទ្ធផុតពីមេម្សៅចាស់នោះទៅ ដើម្បីឱ្យបងប្អូនបានទៅជាម្សៅថ្មី ដែលគ្មានមេ ដ្បិតគេបានសម្លាប់ព្រះគ្រីស្តធ្វើជាយញ្ញបូជារបស់យើង ក្នុងឱកាសបុណ្យចម្លងរួចស្រេចទៅហើយ។ ហេតុនេះ យើងត្រូវធ្វើពិធីបុណ្យចម្លង ដោយមិនប្រើនំបុ័ងដែលមានមេម្សៅចាស់ ឬមេនៃអំពើអាក្រក់ និងអំពើថោកទាបនោះឡើយ គឺយើងប្រើនំបុ័ងឥតមេជាសញ្ញានៃចិត្តបរិសុទ្ធ និងចិត្តស្មោះត្រង់របស់យើង។
—ដ្បិតថ្ងៃកាន់តែទាប ហើយជិតយប់ផង អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គបានជ្រើសរើសសន្តអាថាណាស ជាអភិបាលឱ្យធ្វើជាជនដ៏ឆ្នើមខាងជំនឿ ដោយប្រកាសថា ព្រះបុត្រាព្រះអង្គពិតជាព្រះជាម្ចាស់។ តាមការប្រៀនប្រដៅរបស់សន្តអាថាណាស សូមព្រះអង្គប្រោសឱ្យយើងខ្ញុំស្គាល់ និងស្រឡាញ់ព្រះអង្គកាន់តែខ្លាំងឡើងៗ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះអម្ចាស់!