(រំឭកចាំបាច់)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ (១ករ ១៥,២៥)។

បន្ទរទី១៖ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូលមក​កាន់​ព្រះ‌រាជា ជា​ព្រះអម្ចាស់របស់​ខ្ញុំថា៖ «សូម​គង់​នៅ​ខាង​ស្តាំ​យើង» អាលេលូយ៉ា! ។

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាអម្ចាស់របស់ខ្ញុំថា ៖
“សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្រ្កាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!”។
សូមព្រះអង្គប្រោសប្រទានឱ្យព្រះរាជ្យរបស់ព្រះករុណា លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ!
សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ!
នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត
ពួកយុវជននាំគ្នាចូលគាល់ព្រះករុណា នៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។
ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖
“ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក”។
ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។
នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ រួចហើយ ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូលមក​កាន់​ព្រះ‌រាជា ជា​ព្រះអម្ចាស់របស់​ខ្ញុំថា៖ «សូម​គង់​នៅ​ខាង​ស្តាំ​យើង» អាលេលូយ៉ា! ។

ឱព្រះជាអម្ចាស់ដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់អើយ ! ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម គួរឱ្យស្ញប់ស្ញែងពន់ពេកណាស់ (វវ ១៥,៣)។

បន្ទរទី២៖ ព្រះអម្ចាស់​ដែលប្រកប​ដោយ​ព្រះហឫទ័យអាណិតអាសូរ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យឱ្យយើងនឹក​ដល់​ស្នា​ព្រះ‌ហស្ដ​ដ៏អស្ចារ្យរបស់​ព្រះ‌អង្គ អាលេលូយ៉ា! ។

(បទពាក្យ ៧)

១-ចូរលើកតម្កើងព្រះជាម្ចាស់ប្រសើរពេកណាស់លើលោកា
ខ្ញុំថ្កើងព្រះអង្គហួសសិរសាក្នុងហ្វូងមនុស្សម្នាដែលទៀងត្រង់
២-គ្រប់ស្នាព្រះហស្តព្រះអម្ចាស់ប្រសើរពេកណាស់ខ្ពស់ឧត្តុង
អ្នកពេញចិត្តស្នាព្រះហស្តទ្រង់ស្វះស្វែងយល់ផងកុំរារែក
៣-គ្រប់ស្នាព្រះហស្តបានបញ្ចោញរស្មីចិញ្ចែងភ្លឺអនេក
សេចក្តីសុចរិតល្អពន់ពេកមិនប្រេះបាក់បែកនៅរហូត
៤-ព្រះអង្គទ្រង់សព្វព្រះហឫទ័យឱ្យយើងស្រមៃមិនរលត់
ដល់ការអស្ចារ្យខ្ពស់បំផុតហឫទ័យអាណិតចិត្តអាសូរ
៥-ព្រះអង្គប្រទានទាំងអាហារដល់អ្នកវេទនាស្រែកទ្រហោ
អ្នកដែលកោតខ្លាចទ្រង់អាសូរសម្ពន្ធមានយូរធ្លាប់មេត្រី
៦-ព្រះអង្គសម្តែងអានុភាពឱ្យរាស្ត្រជ្រួតជ្រាបឥតសង្ស័យ
គឺព្រះអង្គបានឱ្យទឹកដីប្រជាដទៃមកពួកគេ
៧-គ្រប់ស្នាព្រះហស្តព្រះអង្គធ្វើសុទ្ធតែអំពើល្អឥតរេ
សុចរិតយុត្តិធម៌ឥតប្រួលប្រែដូច្នេះគួរតែជឿទាំងស្រុង
៨-បញ្ហាទាំងនោះឥតចន្លោះមិនបាត់មួយសោះស្ថិតគង់វង្ស
សុចរិតល្អល្អះភ្លឺត្រចង់ក្តីពិតទៀងត្រង់យ៉ាងប្រពៃ
៩-ព្រះអង្គរំដោះប្រជារាស្ត្រពួកគេទាំងអស់មានសិរី
ទ្រង់បានចងសម្ពន្ធមេត្រីនឹងរាស្ត្រប្រុសស្រីរហូតទៅ
ព្រះនាមព្រះអង្គគង់ទីខ្ពស់វិសុទ្ធឥតមោះឥតហ្មងសៅ
បារមីគួរស្ញែងខ្លាចពេកកូវរាល់យប់ថ្ងៃត្រូវតែគោរព
១០-អ្នកណាដែលចង់មានប្រាជ្ញាគួរតែគិតថាមានប្រភព
ប្រាជ្ញានឹងកើតមានសព្វគ្រប់បើអ្នកគោរពខ្លាចព្រះម្ចាស់
អ្នកដែលធ្វើតាមប្រាជ្ញានេះគេអាចត្រិះរិះបានល្អល្អះ
យើងសូមតម្កើងព្រះអម្ចាស់ជាព្រះខ្ពង់ខ្ពស់រហូតទៅ
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ព្រះអម្ចាស់​ដែលប្រកប​ដោយ​ព្រះហឫទ័យអាណិតអាសូរ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យឱ្យយើងនឹក​ដល់​ស្នា​ព្រះ‌ហស្ដ​ដ៏អស្ចារ្យរបស់​ព្រះ‌អង្គ អាលេលូយ៉ា! ។

បន្ទរទី៣ ៖ ព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់ ព្រះអង្គ​ជា​ព្រះមហាក្សត្រ។ អាលេលូយ៉ា!

អាលេលូយ៉ា!
សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង
ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព
ដ្បិតទ្រង់វិនិច្ឆ័យយ៉ាងត្រឹមត្រូវតាមយុត្តិធម៌ អាលេលូយ៉ា!
អាលេលូយ៉ា!
អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់
អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គ ទាំងតូចទាំងធំអើយ!
ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង! ។ អាលេលូយ៉ា!
អាលេលូយ៉ា!
ដ្បិតព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់
ទ្រង់បានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ
យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង
ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ អាលេលូយ៉ា!
អាលេលូយ៉ា!
ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ
ភរិយាថ្មោងថ្មីរបស់កូនចៀម ក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ” ។
អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់ ព្រះអង្គ​ជា​ព្រះមហាក្សត្រ។ អាលេលូយ៉ា!

សូមសរសើរតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង។ ព្រះជាម្ចាស់បានប្រោសយើងឱ្យកើតជាថ្មី ដោយប្រោសព្រះយេស៊ូគ្រីស្តឱ្យមានព្រះជន្មរស់ឡើងវិញ ស្របតាមព្រះហឫទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គ ដូច្នេះ យើងមានសេចក្តីសង្ឃឹមដែលមិនចេះសាបសូន្យ ហើយយើងនឹងទទួលមត៌កដែលមិនចេះរលួយ មិនចេះសៅហ្មង មិនចេះស្រពោន។ ព្រះជាម្ចាស់បម្រុងទុកមត៌កនេះឱ្យបងប្អូននៅស្ថានបរមសុខ ហើយឫទ្ធានុភាពរបស់ព្រះអង្គថែរក្សាបងប្អូនដោយសារជំនឿ ដើម្បីឱ្យបងប្អូនទទួលការសង្គ្រោះដែលព្រះអង្គបានរៀបចំទុកជាស្រេច ហើយដែលទ្រង់នឹងសម្តែងនៅគ្រា​ចុង​ក្រោយ​បំផុត។

បន្ទរ៖ លោក​ទាំង​មូល *ថ្លែង​ពី​សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់។ បន្ទរឡើងវិញ៖…
-សូមលើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ ៖ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ព្រះអង្គបានចាត់ខ្ញុំឱ្យមកប្រកាសដំណឹងល្អដល់ជនក្រីក្រ។

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ព្រះអង្គបានចាត់ខ្ញុំឱ្យមកប្រកាសដំណឹងល្អដល់ជនក្រីក្រ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្កើតពិភពលោក ហើយការរំដោះបាបរបស់ព្រះអង្គ បានបង្កើតពិភពលោកឡើងវិញ ហើយការបង្កើតថ្មីនេះក៏នៅតែបន្ត ដោយសារសេចក្តីស្រឡាញ់របស់ព្រះអង្គ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយអំណរសប្បាយថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមឱ្យសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះអង្គបន្តនៅក្នុងយើងខ្ញុំផង។

យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលបានសម្តែងឬទ្ធានុភាពរបស់ព្រះអង្គនៅក្នុងធម្មជាតិ
—ហើយព្រះអង្គក៏បានសម្តែងព្រះឧបការគុណនៅក្នុងប្រវត្តិសាស្ត្រផងដែរ។ (បន្ទរ)

ព្រះបុត្រាព្រះអង្គបានប្រកាសពីការលើកលែងទោស និងជ័យជម្នះរបស់ឈើឆ្កាង
—សូមព្រះអង្គរំដោះយើងខ្ញុំពីភាពភ័យខ្លាច និងភាពអស់សង្ឃឹមផង។ (បន្ទរ)

សូមឱ្យអស់អ្នកដែលស្រេកឃ្លានសេចក្តីស្រឡាញ់ និងស្វែងរកសន្តិភាព
—ធ្វើការរួមគ្នាដោយគ្មានការបោកបញ្ជោត និងកសាងពិភពលោកមួយប្រកបដោយ​សេចក្តីសុខសាន្តដ៏ពិតប្រាកដផង។ (បន្ទរ)

សូមព្រះអង្គគង់នៅជាមួយអស់អ្នកដែលត្រូវគេសង្កត់សង្កិន សូមរំដោះអស់អ្នកដែលជាប់ជាឈ្លើយ ឱ្យមានសេរីភាពឡើងវិញ សូមលួងលោមអស់អ្នកដែលកំពុងកើតទុក្ខព្រួយ សូមចម្អែតអស់អ្នកដែលស្រេកឃ្លាន សូមប្រទានកម្លាំងដល់អស់អ្នកដែលទន់ខ្សោយ
—និងក្នុងមនុស្សទាំងអស់ដែលបង្ហាញពីជ័យជម្នះឈើឆ្កាងរបស់ព្រះអង្គផង។ (បន្ទរ)

បន្ទាប់ពីព្រះបុត្រាព្រះអង្គបានសោយទិវង្គត និងបានបញ្ចុះក្នុងផ្នូរ ព្រះបិតាបានប្រោសព្រះអង្គឱ្យមានព្រះជន្មរស់ឡើងវិញក្នុងសិរីរុងរឿង
—សូមព្រះអង្គប្រទានឱ្យអ្នកជឿលើព្រះអង្គដែលបានទទួលមរណភាពទៅហើយនោះ បានរួម​រស់ជាមួយព្រះបុត្រាព្រះអង្គផង។ (បន្ទរ)

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គសព្វព្រះហឫទ័យត្រាស់ហៅយើងខ្ញុំឱ្យស្គាល់ដំណឹងល្អ និងប្រោសឱ្យយើងខ្ញុំធ្វើជាប្រជារាស្រ្តផ្ទាល់របស់ព្រះអង្គ សូមព្រះអង្គមេត្តាបំភ្លឺចិត្ត​គំនិត​របស់យើងខ្ញុំ ឱ្យទទួលព្រះបន្ទូលព្រះអង្គដោយចិត្តស្មោះជានិច្ច។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

40 Views

Theme: Overlay by Kaira