ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ព្រះជាម្ចាស់នឹងតាំងបុត្រនោះ ឱ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោរបស់ព្រះអង្គ (លក ១,៣២)។

បន្ទរទី១ ៖ ចូរឱ្យប្រជារាស្ត្ររបស់ព្រះអង្គស្រែកហ៊ោឡើងយ៉ាងសប្បាយ ក្នុងពេលពួកគេនាំគ្នាចូលទៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។

(ក)

ឱព្រះអម្ចាស់អើយ! សូមនឹកដល់ព្រះបាទដាវីឌ
និងការនឿយហត់ទាំងប៉ុន្មានរបស់ព្រះរាជាផង។
ព្រះរាជាបានស្បថជាមួយព្រះអម្ចាស់
គឺទ្រង់បានសន្យាជាមួយព្រះដ៏មានព្រះចេស្តារបស់លោកយ៉ាកុបថា ៖
“ទូលបង្គំនឹងមិនចូលទៅជ្រកនៅក្នុងពន្លាទូលបង្គំ
ទូលបង្គំនឹងមិនឡើងទៅដេកនៅលើគ្រែទូលបង្គំទេ
ទូលបង្គំមិនព្រមបិទភ្នែក ទូលបង្គំមិនព្រមទទួលទានដំណេកលង់លក់ឡើយ
ដរាបណាទូលបង្គំពុំទាន់រកកន្លែងថ្វាយព្រះអង្គបាន
ដរាបណាទូលបង្គំពុំទាន់រកព្រះដំណាក់ថ្វាយព្រះដ៏មានចេស្តារបស់លោកយ៉ាកុបបានទេនោះ!” ។
យើងបានឮគេនិយាយថា ហិបនៃសម្ពន្ធមេត្រីស្ថិតនៅឯភូមិអេប្រាតា
យើងបានរកឃើញហិបនេះនៅតំបន់យ៉ាអារ។
ចូរយើងនាំគ្នាចូលទៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់
ចូរយើងក្រាបនៅទាបព្រះបាទារបស់ព្រះអង្គ!
ឱព្រះអម្ចាស់អើយ! សូមតើនឡើង
សូមយាងមកជាមួយហិបនៃឫទ្ធានុភាពរបស់ព្រះអង្គ
ហើយគង់នៅក្នុងទីសម្រាករបស់ព្រះអង្គរហូតតរៀងទៅ។
សូមឱ្យអស់លោកបូជាចារ្យរបស់ព្រះអង្គប្រព្រឹត្តអំពើសុចរិតជានិច្ច
សូមឱ្យប្រជារាស្ត្ររបស់ព្រះអង្គ ស្រែកហ៊ោរឡើងយ៉ាងសប្បាយ!
១០ដោយយល់ដល់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ
សូមកុំបោះបង់ចោលស្តេច ដែលព្រះអង្គបានចាក់ប្រេងអភិសេកនេះឡើយ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរឱ្យប្រជារាស្ត្ររបស់ព្រះអង្គស្រែកហ៊ោឡើងយ៉ាងសប្បាយ ក្នុងពេលពួកគេនាំគ្នាចូលទៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។

បន្ទរទី២ ៖ ព្រះអម្ចាស់បានជ្រើសរើសក្រុងស៊ីយ៉ូន ព្រះអង្គសព្វព្រះហឫទ័យគង់នៅក្នុងក្រុងនេះ។

(ខ)

(បទព្រហ្មគីតិ)

១១-ព្រះអង្គបានសន្យានឹងស្តេចដាវីឌល្អឯក
យើងនឹងតែងតាំងពូជឱ្យគ្រងរាជ្យជាបន្ត
១២-ប្រសិនបើបុត្រអ្នកកាន់បានជាក់សម្ពន្ធល្អ
មេត្រីយើងតៗហើយធ្វើតាមយើងប្រដៅ
នោះពូជគេនឹងបានល្អថ្កើងថ្កានមិនអាស្រូវ
ឡើងគ្រងរាជ្យតទៅតកូនចៅឥតស្រាកស្រាន្ត
១៣-ព្រះអម្ចាស់បានជ្រើសពិនិត្យរើសក្រុងថ្កើងថ្កាន
ជាទីល្អចំណានស៊ីយ៉ូនបានជាលំនៅ
១៤-យើងនឹងស្នាក់សម្រាករហូតជាក់មិនចេញទៅ
ចង់រស់ស្ថិតនិត្យនៅកន្លែងនេះមិនទៅណា
១៥-យើងនឹងប្រទានពរក្រុងបវរតាមត្រូវការ
ឱ្យអ្នកខ្សត់វេទនាមានអាហារមិនខ្វះទេ
១៦-យើងនឹងសង្គ្រោះក្រុងឱ្យរឿងរុងល្អឡើងទ្វេ
ដោយបូជាចារ្យគេឱ្យរាស្ត្រហ៊ោរអរអនេក
១៧-ទីនេះយើងឱ្យស្តេចមានអំណាចខ្ពស់ពន់ពេក
កើតចេញមកពីពូជនៃដាវីឌដ៏ខ្លាំងក្លា
យើងនឹងរៀបចំឱ្យស្តេចអង្គក្រោយមានចេស្តា
គ្រងរាជ្យយូរវស្សាជំនួសស្តេចយើងអភិសេក
១៨-យើងនឹងធ្វើឱ្យខ្មាំងបាក់មុខខ្លាំងខ្មាសពន់ពេក
តែយើងនឹងឱ្យរាជ្យរបស់គេបានថ្កុំថ្កើង
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ ព្រះអម្ចាស់បានជ្រើសរើសក្រុងស៊ីយ៉ូន ព្រះអង្គសព្វព្រះហឫទ័យគង់នៅក្នុងក្រុងនេះ។

បន្ទរទី៣ ៖ ព្រះបិតាបានប្រគល់អំណាចទាំងអស់ដល់ព្រះគ្រីស្ត ទាំងព្រះកិត្តិនាម និងរាជ្យសម្បត្តិ ហើយប្រជាជនទាំងអស់នឹងនាំគ្នាមកគោរពបម្រើព្រះអង្គ។

១៧“បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់
ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ ហើយក៏មានព្រះជន្មគង់នៅ
តាំងពីដើមរៀងមកដែរ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ
ព្រោះទ្រង់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។
១៨ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គសម្តែងព្រះពិរោធក៏មកដល់ដែរ
គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោសមនុស្សស្លាប់។
នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ
និងដល់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ
ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញអស់អ្នកដែលបានបំផ្លាញផែនដីដែរ” ។
១០ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំងនៅលើមេឃថា ៖
“ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ
ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើង
ព្រមទាំងអំណាចព្រះគ្រីស្តរបស់ព្រះអង្គក៏បានមកដល់ដែរ
ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ
គឺអ្នកនោះឯង ដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃ ទាំងយប់ នៅមុខព្រះភក្ត្រនៃព្រះរបស់យើង។
១១បងប្អូនយើងបានឈ្នះវា ដោយសារព្រះលោហិតរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ
ហើយបងប្អូនទាំងនោះ បានស៊ូប្តូរជីវិតឥតស្តាយសោះឡើយ។
១២ហេតុនេះ ស្ថានបរមសុខ និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ!
ចូរមានអំណរសប្បាយឡើង!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះបិតាបានប្រគល់អំណាចទាំងអស់ដល់ព្រះគ្រីស្ត ទាំងព្រះកិត្តិនាម និងរាជ្យសម្បត្តិ ហើយប្រជាជនទាំងអស់នឹងនាំគ្នាមកគោរពបម្រើព្រះអង្គ។

នៅទីបញ្ចប់ ត្រូវមានចិត្តគំនិតតែមួយ និងរួមសុខទុក្ខជាមួយគ្នា។ ត្រូវមានចិត្តស្រឡាញ់គ្នាទៅវិញទៅមក ដូចបងប្អូនបង្កើតមានចិត្តអាណិតមេត្តា និងសុភាព។ កុំប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ កុំជេរប្រមាថតបនឹងអ្នកដែលជេរប្រមាថបងប្អូន គឺត្រូវជូនពរគេវិញ ដ្បិតព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឱ្យប្រព្រឹត្តដូច្នេះឯង ដើម្បីឱ្យបងប្អូនបានទទួលព្រះពររបស់ព្រះអង្គតាមព្រះបន្ទូលសន្យា។

បន្ទរ៖ ព្រះអម្ចាស់បានប្រទាននំប៉័ងធ្វើពីស្រូវសាលី *ជាអាហារសម្រាប់យើងបរិភោគ។ បន្ទរឡើងវិញ៖…
-ព្រមទាំងឱ្យយើងមានទឹកឃ្មុំបរិភោគយ៉ាងបរិបូណ៌ផង។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ ៖ ព្រះអម្ចាស់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយព្រះអង្គលើកតម្កើងមនុស្សទន់ទាបឡើង។

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ ព្រះអម្ចាស់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយព្រះអង្គលើកតម្កើងមនុស្សទន់ទាបឡើង។

ចូរយើងអង្វររកព្រះគ្រីស្ត ព្រះអង្គជាគង្វាលដ៏សប្បុរស ដែលយាងមកជួយប្រជារាស្រ្តរបស់ព្រះអង្គ ៖

បន្ទរ៖ ឱព្រះជាម្ចាស់អើយ ! សូមព្រះអង្គទ្រង់ព្រះមេត្តាសណ្តាប់យើងខ្ញុំផង។

យើងខ្ញុំសូមកោតសរសើរព្រះអម្ចាស់ ដែលបានត្រាស់ហៅយើងខ្ញុំឱ្យចូលទៅក្នុងព្រះសហគមន៍ដ៏វិសុទ្ធរបស់ព្រះអង្គ
—សូមព្រះអង្គថែរក្សាយើងខ្ញុំឱ្យរួមរស់ក្នុងព្រះសហគមន៍រហូតដល់ពេលស្លាប់ផង។ (បន្ទរ)

ព្រះអង្គបានប្រទានព្រះសហគមន៍ទាំងអស់ ឱ្យសម្តេចប៉ាបព្រះនាម……………មើលថែរក្សា
—សូមព្រះអង្គប្រទានឱ្យលោកមានជំនឿរឹងមាំ មានសេចក្តីសង្ឃឹមដ៏រស់រវើក និងមានសេចក្តីស្រឡាញ់ផង។ (បន្ទរ)

សូមព្រះអង្គប្រទានព្រះអំណោយទាននៃការកែប្រែចិត្តគំនិតដល់អស់អ្នកបាប
—ហើយសូមឱ្យមនុស្សទាំងអស់ ចេះនឹកស្តាយអំពើអាក្រក់របស់ខ្លួនយ៉ាងពិតប្រាកដផង។ (បន្ទរ)

ព្រះអង្គសព្វព្រះហឫទ័យរស់នៅដូចជាជនចម្លែកក្នុងលោកនេះ
—សូមព្រះអង្គយកព្រះហឫទ័យទុកដាក់ដល់អស់អ្នកដែលបែកបាក់ពីក្រុមគ្រួសារ និងពីមាតុភូមិផង។ (បន្ទរ)

សម្រាប់អស់អ្នកដែលបានទទួលមរណភាព ទាំងមានចិត្តសង្ឃឹមលើព្រះអង្គ
—សូមព្រះអង្គប្រោសប្រទានឱ្យពួកគេចូលសម្រាកក្នុងសេចក្តីសុខសាន្តអស់កល្បជានិច្ចផង។ (បន្ទរ)

បពិត្រព្រះអម្ចាស់ ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលបានណែនាំយើងខ្ញុំតាមរយៈដំណាក់កាលនៃការងារក្នុងថ្ងៃនេះ។ ដោយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ សូមអត់ទោសអំពើបាបដែលយើងខ្ញុំបានប្រព្រឹត្ត ដោយសារភាពជាមនុស្សទន់ខ្សោយរបស់យើងខ្ញុំផង។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

48 Views

Theme: Overlay by Kaira