ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

សូមព្រះជាម្ចាស់ប្រទានសេចក្តីសុខសាន្ត…ដល់ប្រជារាស្ត្រអ៊ីស្រាអែលរបស់ព្រះអង្គ (កាឡ ៦,១៦)។

បន្ទរទី១ ៖ ព្រះអម្ចាស់គង់នៅជុំវិញប្រជារាស្ត្ររបស់ព្រះអង្គ។

១-អ្នកណាផ្ញើជីវិតលើព្រះអម្ចាស់ អ្នកនោះប្រៀបបាននឹងភ្នំស៊ីយ៉ូនដែលស្ថិតស្ថេររហូត ឥតរង្គើឡើយ។
២-ភ្នំនានានៅព័ទ្ធជុំវិញក្រុងយេរូសាឡឹមយ៉ាងណា
ព្រះអម្ចាស់ក៏គង់នៅជុំវិញប្រជារាស្ត្ររបស់ព្រះអង្គ
តាំងពីពេលនេះ រហូតដល់អស់កល្បជានិច្ចយ៉ាងនោះដែរ។
៣-ដ្បិតស្តេចពាលពុំអាចគ្រប់គ្រងលើទឹកដីរបស់មនុស្សសុចរិតបានទេ
ដូច្នេះ មនុស្សសុចរិតគ្មានចិត្តលំអៀងទៅប្រព្រឹត្តអំពើទុច្ចរិតឡើយ។
៤-ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យសប្បុរស
ចំពោះអស់អ្នកដែលមានចិត្តសប្បុរស និងទៀងត្រង់។
៥-រីឯអស់អ្នកដែលដើរតាមមាគ៌ាដ៏វៀចវេរវិញ
សូមព្រះអម្ចាស់ដេញគេឱ្យទៅជាមួយអស់អ្នក
ដែលប្រព្រឹត្តអំពើទុច្ចរិតចុះ។
សូមឱ្យអ៊ីស្រាអែលបានប្រកបដោយសេចក្តីសុខសាន្ត!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់គង់នៅជុំវិញប្រជារាស្ត្ររបស់ព្រះអង្គ។

ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ អ្នករាល់គ្នាមុខជាបានស្ងប់ចិត្តមិនខាន ដ្បិតខ្ញុំស្លូត និងមានចិត្តសុភាព (មថ ១១,២៩)។

បន្ទរទី២ ៖ បើ​អ្នក​រាល់​គ្នា​មិន​ដូរ​ចិត្ត​គំនិតឱ្យបាន​ដូច​ក្មេង​តូចៗ​ទេ អ្នក​រាល់​គ្នា​មិន​អាច​ចូល​ទៅ​ក្នុង​ព្រះរាជ្យនៃ​ស្ថាន​បរម‌សុខឡើយ។

(បទកាកគតិ)

១-បពិត្រព្រះម្ចាស់ទូលបង្គំជាមនុស្សដែលមិនអំនួត
មិនវាយឫកខ្ពស់មិនអាងមិនអួតមិនចង់ប្រកួត
អ្នកតូចអ្នកទាប
ខ្ញុំមិនលោភលន់ចង់បានទ្រព្យធនគេជាដរាប
មិនចង់បានអ្វីដែលធំហួសមាឌលើសសមត្ថភាព
របស់ខ្ញុំឡើយ
២-តែផ្ទុយទៅវិញចិត្តខ្ញុំពោរពេញស្ងៀមស្ងាត់ព្រងើយ
ដូចជាកូនក្មេងជាប់ទ្រូងម្តាយហើយវាធ្វើកន្តើយ
នឹងអ្វីទាំងអស់
៣-អ៊ីស្រាអែលអើយកុំបង្អង់ឡើយទុកចិត្តលើព្រះ
តាំងពីឥឡូវតទៅឥតខ្ចោះរហូតដល់អស់
កប្បកល្បជានិច្ច
សូមកោតសរសើរដល់ព្រះបិតាព្រះរាជ្យបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កានឥតហ្មង
ដែលគង់ជានិច្ច

បន្ទរ ៖ បើ​អ្នក​រាល់​គ្នា​មិន​ដូរ​ចិត្ត​គំនិតឱ្យបាន​ដូច​ក្មេង​តូចៗ​ទេ អ្នក​រាល់​គ្នា​មិន​អាច​ចូល​ទៅ​ក្នុង​ព្រះរាជ្យនៃ​ស្ថាន​បរម‌សុខឡើយ។

បន្ទរទី៣ ៖ ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង។

១១“បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង
ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក
អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ ដោយសារព្រះហឫទ័យរបស់ព្រះអង្គ”។
គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា ៖
“ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង
ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា
ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន
និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។
១០ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ
បម្រើព្រះជាម្ចាស់របស់យើង ហើយយើងនឹងគ្រងរាជ្យលើផែនដី” ។
១២“កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា
ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជ្យសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ​
ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង” ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង។

ចូរមានចិត្តស្រឡាញ់ ដោយឥតលាក់ពុតឡើយ ។ ចូរស្អប់ខ្ពើមអ្វីៗដែលអាក្រក់ ហើយជាប់ចិត្តតែនឹងអ្វីៗដែលល្អវិញ។ ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ទុកដូចជាបងប្អូនបង្កើត។ ត្រូវលើកកិត្តិយសគ្នាទៅវិញទៅមក ដោយចិត្តគោរព។ ត្រូវឧស្សាហ៍ខ្នះខ្នែង កុំខ្ជិលច្រអូសឡើយ។ ត្រូវបម្រើព្រះអម្ចាស់ដោយចិត្តក្លៀវក្លា។ ចូរសប្បាយរីករាយដោយចិត្តសង្ឃឹម។ ចូរកាន់ចិត្តអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិដ្ឋាន។

បន្ទរ៖ ឱព្រះអម្ចាស់អើយ *ព្រះបន្ទូលរបស់ព្រះអង្គស្ថិតស្ថេររហូតតទៅ។ បន្ទរឡើងវិញ៖…
-ព្រះហឫទ័យ​ស្មោះស្ម័គ្រ​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​អស់កល្ប​ជា​អង្វែងត​រៀង​ទៅ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ ៖ ខ្ញុំ​មាន​ចិត្ត​អំណរ​យ៉ាង​ខ្លាំង ព្រោះ​ព្រះជាម្ចាស់​ជា​ព្រះសង្គ្រោះ​របស់​ខ្ញុំ។

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ ខ្ញុំ​មាន​ចិត្ត​អំណរ​យ៉ាង​ខ្លាំង ព្រោះ​ព្រះជាម្ចាស់​ជា​ព្រះសង្គ្រោះ​របស់​ខ្ញុំ។

ព្រះជាម្ចាស់បានបង្កើតសេចក្តីសង្ឃឹមដល់ប្រជារាស្ត្ររបស់ព្រះអង្គ។ យើងខ្ញុំសូមទូលអង្វរដោយអំណរសប្បាយថា ៖

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! ព្រះអង្គជាសេចក្តីសង្ឃឹមរបស់ប្រជារាស្រ្ត។

ឱព្រះអម្ចាស់អើយ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ
—ពីព្រោះនៅក្នុងអង្គព្រះគ្រីស្ត ព្រះអង្គបានប្រទានទ្រព្យសម្បត្តិទាំងអស់នៃព្រះប្រាជ្ញាញាណ និងចំណេះដឹងដល់យើងខ្ញុំ។ (បន្ទរ)

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គស្គាល់ជម្រៅចិត្តរបស់មនុស្សទាំងអស់ សូមព្រះអង្គប្រទានព្រះប្រាជ្ញាញាណរបស់ព្រះអង្គដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលនានា
—ដើម្បីឱ្យពួកគេអាចទាញយកប្រភពនៃដំបូន្មានរបស់ព្រះអង្គ ហើយគាប់ព្រះហឫទ័យព្រះអង្គទាំងចិត្តគំនិត និងអំពើផង។ (បន្ទរ)

សូមប្រទានឱ្យពួកវិចិត្រករ ចេះប្រើទេពកោសល្យរបស់ខ្លួន ដើម្បីឆ្លុះបញ្ចាំងពីភាពរុងរឿងរបស់ព្រះអង្គ
—សូមឱ្យការងាររបស់ពួកគេផ្តល់សេចក្តីសង្ឃឹម និងអំណរសប្បាយដល់ពិភពលោក។ (បន្ទរ)

សូមព្រះអង្គកុំបណ្តោយឱ្យយើងខ្ញុំចាញ់ការល្បួង ហួសពីសមត្ថភាពរបស់យើងខ្ញុំ
—តែសូមព្រះអង្គជួយពង្រឹងអស់អ្នកទន់ខ្សោយ និងជួយលើកយើងខ្ញុំចេញពីរណ្តៅផង។ (បន្ទរ)

ព្រះអង្គមានព្រះបន្ទូលសន្យាតាមរយៈព្រះបុត្រាថា នឹងប្រោសមនុស្សឱ្យរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត
—សូមព្រះអង្គកុំបំភ្លេចអស់អ្នកដែលបានទទួលមរណភាព។ (បន្ទរ)

បពិត្រព្រះអម្ចាស់ ! សូមឱ្យពាក្យអធិដ្ឋានរបស់យើងខ្ញុំនៅវេលាល្ងាចនេះឡើងទៅដល់ព្រះអង្គ ហើយសូមព្រះអង្គចាក់បង្ហូរព្រះពរមកលើយើងខ្ញុំ។ សូមឱ្យការសង្រ្គោះរបស់ព្រះអង្គ សង្រ្គោះយើងខ្ញុំនៅពេលឥឡូវនេះ និងរហូតអស់កល្បជានិច្ចផង។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

38 Views

Theme: Overlay by Kaira