ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

យើងមានសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ក្នុងខ្លួនមែន លុះត្រាតែយើងកាន់​តាម​វិន័យរបស់ព្រះអង្គ (១យហ ៥,៣)។

បន្ទរទី១ ៖ អ្នកណា​ប្រតិបត្តិតាម​វិន័យ​របស់​ព្រះ‌អម្ចាស់ អ្នក​នោះមានសុភមង្គល​ហើយ! ។

អ្នកណាមានកិរិយាមារយាទល្អត្រឹមត្រូវឥតខ្ចោះ
ហើយប្រតិបត្តិតាមធម្មវិន័យរបស់ព្រះអម្ចាស់
អ្នកនោះមានសុភមង្គលហើយ!។
អ្នកណាប្រតិបត្តិតាមដំបូន្មានរបស់ព្រះអង្គ
ហើយខិតខំស្វែងរកព្រះអង្គអស់ពីចិត្ត អ្នកនោះមានសុភមង្គលហើយ!
អ្នកទាំងនោះមិនបានប្រព្រឹត្តអំពើទុច្ចរិតទេ
គេដើរតាមមាគ៌ារបស់ព្រះអង្គ។
ព្រះអង្គបានចេញច្បាប់មក ដើម្បីឱ្យយើងខ្ញុំយកចិត្តទុកដាក់ប្រតិបត្តិតាម។
សូមជួយទូលបង្គំឱ្យមានចិត្តរឹងប៉ឹង ដើម្បីប្រតិបត្តិតាមក្រិត្យវិន័យរបស់ព្រះអង្គ។
ដូច្នេះ ពេលណាទូលបង្គំពិនិត្យមើលវិន័យទាំងប៉ុន្មានរបស់ព្រះអង្គ
នោះទូលបង្គំនឹងមិនត្រូវខកចិត្តទេ។
ទូលបង្គំសូមលើកតម្កើងព្រះអង្គដោយចិត្តទៀងត្រង់
ដោយពិចារណាមើលសេចក្តីដ៏សុចរិត ដែលព្រះអង្គបានសម្រេចមក។
ទូលបង្គំចង់ប្រតិបត្តិតាមក្រិត្យវិន័យរបស់ព្រះអង្គ
សូមព្រះអង្គកុំបោះបង់ចោលទូលបង្គំឡើយ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ អ្នកណា​ប្រតិបត្តិតាម​វិន័យ​របស់​ព្រះ‌អម្ចាស់ អ្នក​នោះមានសុភមង្គល​ហើយ!។

សូមព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសង្ឃឹម ប្រោសបងប្អូនដែលមានជំនឿ ឱ្យ​បាន​ពោរពេញដោយអំណរ និងសេចក្ដីសុខសាន្តគ្រប់ប្រការ (រ៉ូម ១៥,១៣)។

បន្ទរទី២ ៖ ចិត្ត​ទូល‌បង្គំត្រេក‌អរ​សប្បាយ ព្រោះ​ព្រះ‌អង្គ​សង្គ្រោះទូល‌បង្គំ។

(បទពុំនោល)

២-បពិត្រព្រះអម្ចាស់អើយតើនៅកន្តើយព្រងើយនឹងខ្ញុំដល់ណា?
ម្តេចនៅតែងាកភក្ត្រាចេញពីកាយាទូលបង្គំដល់ណាទៀត?
៣-តើទ្រូងខ្ញុំត្រូវចង្អៀតកង្វល់ឥតឃ្លាតក្នុងចិត្តរហូតដល់ណា?
តើចិត្តខ្ញុំត្រូវខ្លោចផ្សារកើតក្តីទុក្ខាអាត្មាព្រួយដល់អង្កាល់?
តើខ្មាំងមានប្រៀបផ្ចាញ់ផ្ចាលលើខ្ញុំអង្កាល់ទើបស្រាលនឹងបានល្ហែល្ហើយ?
៤-ឱព្រះជាអម្ចាស់អើយសូមទតហើយឆ្លើយចម្លើយមកទូលបង្គំ ។
សូមមេត្តាប្រោសឱ្យខ្ញុំឃើញពន្លឺចំសូមកុំទុកខ្ញុំឱ្យស្លាប់ ។
៥-ក្រែងខ្មាំងសត្រូវបង្អាប់ថា “អញសម្លាប់អញចាប់បានឈ្នះវាហើយ” ។
ពួកសត្រូវឥតកន្តើយត្រេកអរសប្បាយព្រោះតែខ្ញុំបរាជ័យ ។
៦-ចំពោះរូបខ្ញុំឃ្មៀតខ្មីទុកចិត្តហឫទ័យប្រណីរបស់ព្រះអង្គ ។
សូមឱ្យខ្ញុំត្រេកអរផងពីព្រោះព្រះអង្គបានសង្គ្រោះទូលបង្គំ ។
សូមឱ្យខ្ញុំច្រៀងរងំសរសើរឧត្តមដល់ខ្ញុំព្រះអង្គប្រណី ។
កោតសរសើរព្រះបិតាព្រះរាជ្យបុត្រានិងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គទ្រង់គង់នៅតាំងតែពីដើមហើយជាដរាបរៀងទៅ ។

បន្ទរ ៖ ចិត្ត​ទូល‌បង្គំត្រេក‌អរ​សប្បាយ ព្រោះ​ព្រះ‌អង្គ​សង្គ្រោះទូល‌បង្គំ។

នៅទីណាដែលមានបាបកាន់តែច្រើន នៅទីនោះព្រះហឫទ័យប្រណីសន្តោស​របស់​ព្រះជាម្ចាស់ក៏រឹតតែមានច្រើនលើសលប់ថែមទៀត (រ៉ូម ៥,២០)។

បន្ទរទី៣ ៖ ព្រះជាម្ចាស់​បាន​បណ្ដោយ​ឱ្យមនុស្ស​ទាំង​អស់​មិន​ស្ដាប់​បង្គាប់​ព្រះ‌អង្គ ដើម្បី​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដល់​មនុស្ស​ទាំង​អស់។

មនុស្សលេលាតែងតែនឹកគិតថា “គ្មានព្រះជាម្ចាស់ទេ”
គេនាំគ្នាប្រព្រឹត្តអំពើថោកទាបគួរឱ្យស្អប់ខ្ពើម
គ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ។
ព្រះអម្ចាស់ទតពីស្ថានបរមសុខមកពិនិត្យមើលមនុស្សលោក
ក្រែងលោឃើញនរណាម្នាក់មានប្រាជ្ញា ហើយស្វែងរកព្រះអង្គ។
ពួកគេសុទ្ធតែវង្វេងទាំងអស់គ្នា ហើយរួមគ្នាប្រព្រឹត្តអំពើទុច្ចរិត
គ្មាននរណាប្រព្រឹត្តអំពើល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង។
តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត សុទ្ធតែជាមនុស្សល្ងង់ឬ?
ពួកគេរកស៊ីចិញ្ចឹមជីវិតដោយកេងប្រវ័ញ្ចប្រជារាស្ត្ររបស់យើង
ពួកគេមិនអង្វររកព្រះអម្ចាស់ទាល់តែសោះ។
ពួកគេនាំគ្នាភ័យញ័រ ដ្បិតព្រះអម្ចាស់ជួយគាំទ្រមនុស្សសុចរិត។
អ្នករាល់គ្នាធ្វើឱ្យមនុស្សទុគ៌តបាត់បង់សេចក្តីសង្ឃឹម
ប៉ុន្តែ ព្រះអម្ចាស់ធ្វើជាជម្រករបស់គេ។
សូមព្រះអង្គដែលគង់នៅបុរីស៊ីយ៉ូនសង្គ្រោះប្រជាជនអ៊ីស្រាអែល។
នៅពេលដែលព្រះអម្ចាស់នាំប្រជារាស្ត្ររបស់ព្រះអង្គ
ដែលជាប់ជាឈ្លើយឱ្យត្រឡប់មកស្រុកវិញ
ពូជរបស់លោកយ៉ាកុបត្រេកអរយ៉ាងខ្លាំង
ពូជរបស់លោកអ៊ីស្រាអែលនឹងមានអំណរសប្បាយដ៏លើសលប់។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះជាម្ចាស់​បាន​បណ្ដោយ​ឱ្យមនុស្ស​ទាំង​អស់​មិន​ស្ដាប់​បង្គាប់​ព្រះ‌អង្គ ដើម្បី​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដល់​មនុស្ស​ទាំង​អស់។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) យរ ១៧,៧-៨

រីឯ​អ្នក​ដែល​ផ្ញើជីវិត​លើ​ព្រះ‌អម្ចាស់ និង​យក​ព្រះ‌អង្គ​ធ្វើជា​បង្អែក ពិត​ជា​ទទួល​ព្រះ‌ពរ​មិន​ខាន! អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​មាន​ឫស​ចាក់​ទៅ​រក​ទឹក​ហូរ វា​មិន​ខ្លាច​កម្ដៅ ហើយ​ស្លឹក​របស់​វា​នៅ​ខៀវ​ខ្ចីជា‌និច្ច។ នៅ​ពេល​រាំង​ស្ងួត វា​មិន​ព្រួយ​បារម្ភ​អ្វី​ទេ គឺ​វា​នៅ​តែ​បង្កើត​ផ្លែ​ផ្កា​ដដែល។

បន្ទរ៖ ព្រះ‌ជាម្ចាស់​យកចិត្តទុកដាក់ រាល់តម្រូវការរបស់អស់​អ្នក​ដែល​ដើរតាមព្រះ‌អង្គ។
—អ្នក​ណា​ទុកចិត្តលើ​ព្រះ‌ដ៏ខ្ពង់ខ្ពស់បំផុត អ្នក​នោះ​មាន​សុភមង្គលហើយ!។
ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! ព្រះអង្គបានចាត់ព្រះវិញ្ញាណដ៏វិសុទ្ធឱ្យយាងមកសណ្ឋិតលើក្រុមគ្រីស្តទូត ហេតុនេះ សូមព្រះអង្គចាត់ព្រះវិញ្ញាណនៃសេចក្តីស្រឡាញ់នេះ ឱ្យយាងមកសណ្ឋិតលើយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំធ្វើជាសាក្សីអំពីព្រះអង្គនៅចំពោះមុខអ្នកដទៃផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) សុភ ៣,១៣-១៥​

អ្នកណារកប្រាជ្ញាឃើញ អ្នកណារៀនដឹងខុសត្រូវ អ្នកនោះមានសុភមង្គល​ហើយ​ ដ្បិតប្រាជ្ញាដែលគេរកបាននេះប្រសើរជាងមានប្រាក់ ហើយផ្ដល់ឱ្យគេបាន​ចំណេញ​ច្រើនជាងមានមាសទៅទៀត។ ប្រាជ្ញាមានតម្លៃលើសត្បូង ហើយអ្វីៗទាំង​អស់​ដែលអ្នកប្រាថ្នាចង់បាន ពុំអាចមាន តម្លៃស្មើនឹងប្រាជ្ញានេះឡើយ។

បន្ទរ៖ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យនឹង​សេចក្ដីពិត​នៅ​ក្នុង​ជម្រៅ​ចិត្ត​មនុស្ស។
—សូម​ប្រោស​ប្រទាន​ឱ្យ​ទូល‌បង្គំមាន​ប្រាជ្ញា​នៅ​ក្នុង​ជម្រៅ​ដួង‌ចិត្ត​ផង!។
ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតា ! ព្រះអង្គបានបង្ហាញឱ្យលោកសិលាស្គាល់ពីព្រះហឫទ័យរបស់ព្រះអង្គ ដើម្បីនាំមនុស្សគ្រប់ជាតិសាសន៍ឱ្យទទួលការសង្គ្រោះ។ សូមឱ្យរាល់កិច្ចការដែលយើងខ្ញុំធ្វើ បានលើកតម្កើងព្រះអង្គ និងនាំយកគម្រោងការនៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គដល់មនុស្សទាំងអស់ផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) យ៉ូប ៥,១៧-១៨

ហេតុ​នេះ អ្នក​ដែល​ត្រូវ​ព្រះ‌ជាម្ចាស់​ស្តី​ប្រដៅ ពិត​ជា​មាន​សុភមង្គល​មិន​ខាន។ មិន​ត្រូវ​មាក់‌ងាយ​ការ​ស្តី​បន្ទោស​របស់​ព្រះ ដែល​ប្រកប​ដោយ​ឫទ្ធា‌នុភាព​ឡើយ។ ព្រះ‌ជាម្ចាស់​ធ្វើ​ឱ្យ​ឈឺ​ចាប់ តែ​ព្រះ‌អង្គ​នឹង​ព្យាបាល​ឡើង​វិញ ព្រះ‌អង្គ​ធ្វើ​ឱ្យ​របួស តែ​ព្រះ‌អង្គ​នឹង​ព្យាបាល​មុខ​របួស​នេះ ដោយ​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ផ្ទាល់។

បន្ទរ៖ សូម​ប្រព្រឹត្ត​ចំពោះ​ទូល‌បង្គំ​ដែល​ជា​អ្នក​បម្រើរបស់​ព្រះ‌អង្គ ដោយព្រះហឫទ័យមេត្តា‌ករុណា។
—សូម​បង្រៀន​ទូល‌បង្គំឱ្យ​ធ្វើតាម​ព្រះ‌ហឫទ័យរបស់​ព្រះ‌អង្គ។
ពាក្យអធិដ្ឋាន

បពិត្រព្រះបិតា! ព្រះអង្គបានចាត់ទេវទូតឱ្យទៅជួបលោកគ័រនេល្យូស ដើម្បីបង្ហាញផ្លូវទៅកាន់ការសង្រ្គោះ។ សូមព្រះអង្គជួយយើងខ្ញុំឱ្យប្រព្រឹត្តកិច្ចការមនុស្សធម៌ ដើម្បីសង្គ្រោះដល់ពិភពលោក ដូច្នេះ ព្រះសហគមន៍អាចនាំយើងខ្ញុំ និងមនុស្សជាតិទាំងអស់ចូលទៅក្នុងព្រះវត្តមានព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន

សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!

44 Views

Theme: Overlay by Kaira