រដូវធម្មតា
សន្តីស្កូឡាស្ទិក ជាព្រហ្មចារិនី
(រំឭកចាំបាច់)
ថ្ងៃចន្ទ អាទិត្យទី៥
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១
ព្រះអម្ចាស់បានប្រព្រឹត្តចំពោះខ្ញុំ ស្របតាមសេចក្ដីសុចរិតរបស់ខ្ញុំ
អ្នកណាស្រេកឃ្លានសេចក្ដីសុចរិត អ្នកនោះមានសុភមង្គលហើយ! (មថ ៥,៦)។
បន្ទរទី១ ៖ ព្រះអម្ចាស់យកចិត្តទុកដាក់ចំពោះអ្នកទន់ខ្សោយ និងអ្នកដែលត្រូវគេជិះជាន់។
១ | ខ្ញុំមកជ្រកកោនជាមួយព្រះអម្ចាស់ហើយ ហេតុអ្វីបានជាអ្នករាល់គ្នាប្រាប់ខ្ញុំ ឱ្យរត់ទៅជ្រកនៅតាមភ្នំ ដូចសត្វស្លាបទៅវិញដូច្នេះ? |
២ | ពួកជនពាលបានយឹតធ្នូភ្ជាប់ព្រួញទៅនឹងខ្សែ បម្រុងនឹងបាញ់ចេញពីទីងងឹត សំដៅទៅលើអស់អ្នកដែលមានចិត្តទៀងត្រង់។ |
៣ | ប្រសិនបើអ្វីៗដែលជាមូលដ្ឋាននៃសង្គមត្រូវរលំអស់ តើមនុស្សសុចរិតនឹងធ្វើអ្វីកើត? |
៤ | ព្រះអម្ចាស់គង់នៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ បល្ល័ង្ករបស់ព្រះអង្គស្ថិតនៅក្នុងស្ថានបរមសុខ ព្រះអង្គទតមើល ហើយឈ្វេងយល់អ្វីៗទាំងអស់ដែលមនុស្សលោកធ្វើ។ |
៥ | ព្រះអម្ចាស់ឈ្វេងយល់ចិត្តមនុស្សសុចរិត តែព្រះអង្គមិនសព្វព្រះហឫទ័យនឹងមនុស្សពាល ព្រមទាំងអ្នកដែលប្រព្រឹត្តអំពើឃោរឃៅទេ។ |
៦ | សូមព្រះអង្គដាក់ទោសមនុស្សពាល ដោយធ្វើឱ្យមានរងើកភ្លើង និងស្ពាន់ធ័របង្អុរចុះមកលើពួកគេដូចជាភ្លៀង ហើយសូមឱ្យខ្យល់ក្ដៅបក់បោកមកលើពួកគេដែរ។ |
៧ | ដ្បិតព្រះអម្ចាស់ទ្រង់សុចរិត ព្រះអង្គសព្វព្រះហឫទ័យនឹងកិច្ចការណាដែលសុចរិត។ មនុស្សមានចិត្តទៀងត្រង់ មុខជាបានឃើញព្រះភក្ត្ររបស់ព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់យកចិត្តទុកដាក់ចំពោះអ្នកទន់ខ្សោយ និងអ្នកដែលត្រូវគេជិះជាន់។
ទំនុកតម្កើងលេខ ១៥
តើនរណាអាចឈរនៅចំពោះព្រះភក្រ្តព្រះអម្ចាស់បាន?
បងប្អូនបានចូលមកជិតភ្នំស៊ីយ៉ូន មកជិតក្រុងរបស់ព្រះដ៏មានព្រះជន្មគង់នៅ (ហប ១២,២២)។
បន្ទរទី២ ៖ អ្នកណាមានចិត្តបរិសុទ្ធ អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់ !
(បទព្រហ្មគីតិ)
១- | បពិត្រព្រះអម្ចាស់ | នរណាខ្លះអាចរស់នៅក្នុង | |
ព្រះពន្លាព្រះអង្គ | ស្ថិតលើខ្នងភ្នំវិសុទ្ធ | ។ | |
២- | គឺមានតែមនុស្ស | ដែលគ្មានទោសនិងប្រព្រឹត្ត | |
អំពើសុចរិត | និយាយពិតជាដរាប | ។ | |
៣- | គេមិននិយាយមួល | បង្កាច់ផ្តួលមិនធ្វើបាប | |
បងប្អូនដែលទន់ទាប | មិនបង្អាប់កិត្តិយស | ។ | |
៤- | គេមិនរាប់រកអ្នក | ដែលព្រះម្ចាស់មិនស្ម័គ្រស្មោះ | |
តែគេលើកកិត្តិយស | អ្នកគោរពកោតព្រះអង្គ | ។ | |
៥- | បើមាននរណាម្នាក់ | មករកប្រាក់គេឱ្យខ្ចី | |
មិនចង់បានកម្រៃ | ច្រើនតិចក្តីគេមិនយក | ។ | |
អ្នកប្រព្រឹត្តដូច្នេះ | ជាមនុស្សចេះអាចចូលជ្រក | ||
ក្រោមបារមីរៀងមក | នឹងបានសុខជានិរន្តរ៍ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ អ្នកណាមានចិត្តបរិសុទ្ធ អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់ !
បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)
ព្រះជាម្ចាស់ជាព្រះសង្រ្គោះ
បន្ទរទី៣ ៖ ព្រះជាម្ចាស់បានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ។
៣ | សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើងក្នុងអង្គព្រះគ្រីស្ត។ |
៤ | ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។ |
៥ | ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ |
៦ | ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោស ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ |
៧ | ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឱ្យយើងបានរួចពីបាប តាមព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់របស់ព្រះអង្គ។ |
៨ | ព្រះជាម្ចាស់ប្រណីសន្តោសយើងយ៉ាងខ្លាំងបំផុត គឺទ្រង់ប្រទានឱ្យយើងមានតម្រិះ និងមានប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។ |
៩ | ព្រះអង្គបានប្រោសឱ្យយើងស្គាល់ពីគម្រោងការដ៏លាក់កំបាំងនៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស ដែលទ្រង់បានសម្រេចទុកជាមុនដោយព្រះអង្គផ្ទាល់។ |
១០ | ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេចនៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្តជាម្ចាស់តែមួយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះជាម្ចាស់បានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កូឡ ១,៩-១១)
យើងចេះតែអធិដ្ឋាន និងទូលអង្វរព្រះជាម្ចាស់ឱ្យបងប្អូនឥតឈប់ឈរឡើយ ដើម្បីឱ្យបងប្អូនស្គាល់ព្រះហឫទ័យរបស់ព្រះអង្គយ៉ាងច្បាស់ ដោយមានគ្រប់ប្រាជ្ញា និងតម្រិះដែលមកពីព្រះវិញ្ញាណ។ សូមឱ្យបងប្អូនរស់នៅបានសមរម្យនឹងព្រះអម្ចាស់ ដើម្បីឱ្យបានគាប់ព្រះហឫទ័យព្រះអង្គក្នុងគ្រប់វិស័យទាំងអស់។ ដូច្នេះ បងប្អូននឹងបង្កើតផលក្នុងគ្រប់អំពើល្អដែលបងប្អូនធ្វើ ហើយបងប្អូននឹងស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ឡើងៗ។ សូមឱ្យបងប្អូនមានកម្លាំងមាំមួនគ្រប់ជំពូក ដោយព្រះចេស្តាដ៏រុងរឿងរបស់ព្រះអង្គ ដើម្បីឱ្យបងប្អូនអាចស៊ូទ្រាំនឹងអ្វីៗទាំងអស់ និងចេះអត់ធ្មត់ទៀតផង។
បន្ទរ៖ ឱព្រះអម្ចាស់អើយ សូមប្រោសទូលបង្គំឱ្យជាឡើងវិញផង *ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គហើយ។ បន្ទរឡើងវិញ៖…
-ខ្ញុំទូលថា “ឱព្រះអម្ចាស់អើយ សូមអាណិតមេត្តាទូលបង្គំផង” ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ សូមអញ្ជើញមក ភរិយារបស់ព្រះគ្រីស្ត ! ចូរទទួលមកុដដែលព្រះអម្ចាស់បានរៀបចំទុកឱ្យនាងតាំងពីអស់កល្បជានិច្ច។
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ សូមអញ្ជើញមក ភរិយារបស់ព្រះគ្រីស្ត ! ចូរទទួលមកុដដែលព្រះអម្ចាស់បានរៀបចំទុកឱ្យនាងតាំងពីអស់កល្បជានិច្ច។
ពាក្យអង្វរសកល
ព្រះជាម្ចាស់ជាព្រះបិតារបស់យើង បានចងសម្ពន្ធមេត្រីអស់កល្បជានិច្ចជាមួយប្រជារាស្ត្រព្រះអង្គ ហើយព្រះអង្គមិនដែលឈប់ប្រទានព្រះពរដល់ពួកគេឡើយ។ យើងខ្ញុំសូមទូលអង្វរទៅព្រះអង្គ ដោយចិត្តជឿជាក់ និងកត្តញ្ញូ ចំពោះអំណោយទានទាំងនេះថា៖
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមប្រោសប្រទានព្រះពរដល់ប្រជារាស្រ្តព្រះអង្គ។
ឱព្រះអម្ចាស់អើយ ! សូមសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គ
—សូមប្រទានពរដល់ជាចំណែកមរតករបស់ព្រះអង្គ។ (បន្ទរ)
សូមព្រះអង្គបង្រួបបង្រួមគ្រីស្ដបរិស័ទទាំងអស់ជាធ្លុងតែមួយ
—ដើម្បីឱ្យពិភពលោកជឿលើព្រះគ្រីស្ដដែលព្រះអង្គបានចាត់ឱ្យយាងមក។ (បន្ទរ)
សូមព្រះអង្គចាក់បង្ហូរនូវជីវិតរបស់ព្រះអង្គ លើអស់បងប្អូនយើងខ្ញុំ និងមនុស្សជាទីស្រឡាញ់របស់យើងខ្ញុំ
—សូមឱ្យពួកគាត់ធ្វើជារូបតំណាងរបស់ព្រះគ្រីស្ដនៅចំពោះមុខមនុស្សលោកផង។ (បន្ទរ)
សូមព្រះអង្គបង្ហាញសេចក្តីស្រឡាញ់របស់ព្រះអង្គ ដល់អស់អ្នកដែលកំពុងរងទុក្ខលំបាក
—សូមព្រះអង្គបើកភ្នែករបស់ពួកគាត់ឱ្យមើលឃើញការសង្រ្គោះរបស់ព្រះអង្គផង។ (បន្ទរ)
បពិត្រព្រះបិតា ! សូមព្រះអង្គបង្ហាញធម៌មេត្តាករុណាដល់អស់អ្នកដែលបានទទួលមរណភាព
—សូមឱ្យពួកគាត់រកឃើញការសម្រាករបស់ខ្លួននៅក្នុងអង្គព្រះគ្រីស្ដផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ ! ថ្ងៃនេះ យើងខ្ញុំសូមរំឭកដល់សន្តីស្កូឡាស្ទីក ជាទីគាប់ព្រះហឫទ័យព្រះអង្គ។ សូមព្រះអង្គប្រោសយើងខ្ញុំឱ្យចេះបម្រើព្រះអង្គដោយចិត្តស្មោះ តាមគំរូរបស់សន្តីស្កូឡាស្ទីក និងឱ្យយើងខ្ញុំមានអំណរសប្បាយទទួលសេចក្តីស្រឡាញ់ដែលមកពីព្រះអង្គ។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។