(រំឭកចាំបាច់)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ​ ទ្រង់គ្រប់លក្ខណ៍យ៉ាង​ណា​ សុំឱ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍យ៉ាងនោះដែរ​ (មថ ៥,៤៨)។

បន្ទរទី១ ៖ ធម្មវិន័យរបស់ព្រះអម្ចាស់ធ្វើឱ្យមានកម្លាំងចិត្ត​ ហើយពន្លឺរបស់ព្រះអង្គ​ ធ្វើឱ្យភ្នែកបានភ្លឺ។

ធម្មវិន័យរបស់ព្រះអម្ចាស់ល្អឥតខ្ចោះ ធ្វើឱ្យមានកម្លាំងចិត្តឡើងវិញ
បណ្តាំរបស់ព្រះអម្ចាស់គួរជាទីទុកចិត្ត​ ធ្វើឱ្យមនុស្សល្ងិតល្ងង់បែរទៅជាមានប្រាជ្ញា
បទបញ្ជារបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ ធ្វើឱ្យមានអំណរសប្បាយ
បទបញ្ញត្តិរបស់ព្រះអម្ចាស់ល្អត្រចះត្រចង់ បំភ្លឺចិត្តគំនិតឱ្យបានភ្លឺថ្លា។
១០ការគោរពកោតខ្លាចព្រះអម្ចាស់ជាអំពើមួយល្អបរិសុទ្ធណាស់ ហើយស្ថិតស្ថេររហូតតរៀងទៅ។
ការវិនិច្ឆ័យរបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ និងសុចរិតទាំងអស់​
១១គួរឱ្យប្រាថ្នាជាងចង់បានមាសសុទ្ធដ៏ច្រើន
ហើយផ្អែមជាងទឹកឃ្មុំ ដែលហូរចេញពីសំបុកទៅទៀត។
១២ធម្មវិន័យបំភ្លឺទូលបង្គំជាអ្នកបម្រើព្រះអង្គ​
ហើយដោយប្រព្រឹត្តតាម ទូលបង្គំទទួលផលយ៉ាងបរិបូណ៌។
១៣គ្មាននរណាម្នាក់អាចមើលឃើញកំហុសដែលខ្លួនប្រព្រឹត្ត​ ដោយអចេតនានោះបានឡើយ
សូមលើកលែងទោសឱ្យទូលបង្គំនូវកំហុសណា ដែលទូលបង្គំមិនដឹងខ្លួននោះផង។
១៤សូមការពារទូលបង្គំឱ្យរួចពីចិត្តអំនួត
សូមកុំឱ្យចិត្តអួតបំប៉ោងនេះ សោយរាជ្យលើទូលបង្គំបានឡើយ
ធ្វើដូច្នេះទូលបង្គំនឹងបានឥតសៅហ្មង ឥតជាប់ជំពាក់នឹងអំពើបាបដ៏ធ្ងន់នេះទេ។
១៥ឱព្រះអម្ចាស់ដែលជាថ្មដា និងជាព្រះដែលការពារទូលបង្គំអើយ!​
សូមប្រោសប្រណីទទួលពាក្យរបស់ទូលបង្គំ​
និងសេចក្តីដែលទូលបង្គំពោលក្នុងចិត្ត នៅចំពោះព្រះភក្រ្តព្រះអង្គផង។​

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ធម្មវិន័យរបស់ព្រះអម្ចាស់ធ្វើឱ្យមានកម្លាំងចិត្ត​ ហើយពន្លឺរបស់ព្រះអង្គ​ ធ្វើឱ្យភ្នែកបានភ្លឺ។

ពាក្យ​អធិដ្ឋាន​របស់អ្នកគោរពកោតខ្លាចព្រះជាម្ចាស់ ដែលត្រូវគេនិយាយមួលបង្កាច់

ដ្បិតព្រះជាម្ចាស់ ដែលជាចៅក្រម ទ្រង់ឈរនៅមាត់ទ្វារស្រាប់ហើយ (យក ៥,៩)។

បន្ទរទី២ ៖ ព្រះអម្ចាស់​នឹង​យាង​មក​ជា​ចៅក្រម​ដ៏​សុចរិត​របស់ប្រជាជន។

(ក)

(បទពាក្យ ៧)​

២-ឱព្រះជាអម្ចាស់ខ្ញុំអើយខ្ញុំសូមពឹងហើយលើព្រះអង្គ
សង្គ្រោះរំដោះនិងទ្រទ្រង់រួចពីអន្លង់អ្នកបៀតបៀន
៣-ក្រែងលោគេហែកទូលបង្គំដូចសត្វសិង្ហខាំដោយស្រេកឃ្លាន
នោះគ្មាននរណាអាចនឹងហ៊ានរំដោះឱ្យបានរួចជីវិត
៤-ឱព្រះអម្ចាស់ទូលបង្គំប្រសិនបើខ្ញុំបានប្រព្រឹត្ត
ដូចពាក្យគេថាដោយគ្មានគិតប្រឡាក់ដាមដិតក្តីកខ្វក់
៥-ប្រសិនបើទូលបង្គំបានប្រព្រឹត្តសាមាន្យចិត្តអាក្រក់
តបនឹងមិត្តភក្តិដោយគំរក់រឹបអូសលួចឆក់យកទ្រព្យា
៦-សូមឱ្យសត្រូវខ្មាំងដេញទាន់និងឱ្យគេជាន់ឈ្លីប្រហារ
ព្រមទាំងកិត្តិយសខ្ញុំនេះណាទម្លាក់អាត្មាក្នុងភក់ចុះ
៧-ឱព្រះអម្ចាស់សូមតើនឡើងពិរោធឱ្យប៉ើងតបចំពោះ
អំពើឃោរឃៅសត្រូវនោះដ្បិតអង្គសប្បុរសតែងតាំងច្បាប់
៨-សូមឱ្យប្រជាជាតិនានាចោមរោមនាំគ្នាមកត្រងត្រាប់
ជុំវិញព្រះអង្គល្អគួរគាប់លើអស់មនុស្សសព្វសត្វនានា
៩-ព្រះអង្គជាចៅក្រមវិនិច្ឆ័យប្រជាប្រុសស្រីគ្រប់អង្គា
ព្រះអម្ចាស់អើយសូមមេត្តាទូលបង្គំនេះណាអ្នកស្លូតត្រង់
១០-សូមឈប់ធ្វើអំពើទុច្ចរិតជួយគាំទ្រចិត្តមនុស្សរឹងប៉ឹង
បពិត្រព្រះដ៏សុចរិតថ្កើងសូមព្រះអង្គឈ្វេងយល់ចិត្តមនុស្ស
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ព្រះអម្ចាស់​នឹង​យាង​មក​ជា​ចៅក្រម​ដ៏​សុចរិត​របស់ប្រជាជន។

បន្ទរទី៣ ៖ ព្រះជាម្ចាស់ជាចៅក្រមដ៏សុចរិត​ និងមានឫទ្ធានុភាពខ្លាំងក្លា ព្រះ‌អង្គ​សង្គ្រោះ​អស់​អ្នកដែល​មាន​ចិត្ត​ទៀង​ត្រង់។

(ខ)

១១ព្រះជាម្ចាស់ជាខែលការពារខ្ញុំ
ព្រះអង្គសង្គ្រោះអស់អ្នកដែលមានចិត្តត្រង់។
១២ព្រះជាម្ចាស់ជាចៅក្រមដ៏សុចរិត
ព្រះអង្គតែងតែដាក់ទោស អ្នកប្រព្រឹត្តអំពើអាក្រក់ជារៀងរាល់ថ្ងៃ។
១៣មនុស្សអាក្រក់មិនដូរគំនិតទេ
គេនឹងសំលៀងមុខដាវ ហើយយឹតធ្នូប្រុងប្រៀបបាញ់
១៤គេនឹងរៀបចំអាវុធ ដើម្បីប្រហារអ្នកដទៃ
ព្រមទាំងត្រៀមព្រួញភ្លើងចាំជាស្រេចផង។
១៥អ្នកណាគិតតែពីប្រព្រឹត្តអំពើទុច្ចរិត ហើយរិះគិតពីអំពើឧក្រិដ្ឋ
អ្នកនោះនឹងបង្កើតការបោកបញ្ឆោត។
១៦អ្នកណាជីករណ្តៅកាន់តែជ្រៅទៅៗ
អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្តៅ ដែលខ្លួនបានជីកនោះជាមិនខាន។
១៧អំពើទុច្ចរិតដែលគេបានប្រព្រឹត្ត នឹងធ្លាក់មកលើក្បាលគេវិញ
អំពើឃោរឃៅរបស់គេ ក៏នឹងធ្លាក់មកលើលលាដ៍ក្បាលគេវិញដែរ។
១៨ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គមានព្រះហឫទ័យសុចរិត
ខ្ញុំនឹងច្រៀងលើកតម្កើងព្រះនាមព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះជាម្ចាស់ជាចៅក្រមដ៏សុចរិត​ និងមានឫទ្ធានុភាពខ្លាំងក្លា ព្រះ‌អង្គ​សង្គ្រោះ​អស់​អ្នកដែល​មាន​ចិត្ត​ទៀង​ត្រង់។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) រ៉ូម ១៣,៨.១០

មិន​ត្រូវ​ជំពាក់​អ្វីនរណា ក្រៅ​ពី​ជំពាក់​សេចក្ដី​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ឡើយ ដ្បិត​អ្នក​ណា​ស្រឡាញ់​អ្នក​ដទៃ អ្នក​នោះ​ប្រតិបត្តិ​តាម​គម្ពីរ‌វិន័យសព្វ​គ្រប់​ហើយ។ អ្នក​មាន​ចិត្ត​ស្រឡាញ់ មិន​ដែល​ប្រព្រឹត្ត​អាក្រក់​ចំពោះ​បង‌ប្អូន​ឯ​ទៀតៗ​ឡើយ ដូច្នេះ​សេចក្ដី​ស្រឡាញ់​នាំ​ឱ្យ​ប្រតិបត្តិតាម​វិន័យ​បាន​ពេញ​លក្ខណៈ។

បន្ទរ៖ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​កុំ​យាង​ចេញ​ឆ្ងាយ​ពី​ទូល‌បង្គំ។
—ឱព្រះសង្គ្រោះអើយ! សូម​កុំ​បោះ​បង់​ចោល​ទូល‌បង្គំ​ឡើយ!។
ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ជាព្រះបិតា ! ការងារ គឺជាព្រះអំណោយទានដែលព្រះអង្គប្រទានមកយើងខ្ញុំ និងជាការត្រាស់ហៅដែលនាំឱ្យយើងខ្ញុំមានកិត្តិយស ដោយប្រើប្រាស់នូវទេពកោសល្យដែលខ្លួនមាន ដើម្បីជាប្រយោជន៍រួម។ សូមព្រះអង្គណែនាំយើងខ្ញុំតាមកិច្ចការដែលយើងខ្ញុំប្រព្រឹត្ត និងសូមបង្រៀនឱ្យយើងខ្ញុំចេះរស់នៅរួមជាមួយព្រះវិញ្ញាណ ដែលបានបង្កើតយើងខ្ញុំឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ និងជាបងប្អូននឹងគ្នាក្នុងសេចក្តីស្រឡាញ់នោះផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) យក ១,១៩-២០.២៦

បង‌ប្អូនជាទីស្រឡាញ់អើយ បង‌ប្អូនសុទ្ធតែជាអ្នកចេះដឹងហើយ ក៏ប៉ុន្តែ ម្នាក់ៗត្រូវ​ប្រុងប្រៀបស្ដាប់ តែកុំប្រញាប់និយាយ កុំប្រញាប់ខឹង ដ្បិតអ្នកមានកំហឹងពុំអាច​ធ្វើអ្វីស្របតាមសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើនរណាម្នាក់នឹក​ស្មានថាខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្ដាតខ្លួន អ្នកនោះបញ្ឆោតខ្លួន​ឯង​ហើយ ហើយសាសនាដែលខ្លួនកាន់នោះ ក៏គ្មានប្រយោជន៍អ្វីដែរ។

បន្ទរ៖ ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​អស់​មួយ​ជីវិត។
—ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​ឥត​ឈប់​សោះ​ឡើយ។
ពាក្យអធិដ្ឋាន

បពិត្រព្រះបិតា! ព្រះអង្គជាម្ចាស់ចម្ការ និងជាអ្នកច្រូតកាត់។ ព្រះអង្គសុចរិត ព្រះអង្គបានដាក់កិច្ចការឱ្យយើងខ្ញុំធ្វើ និងឱ្យប្រាក់ឈ្នួលមកយើងខ្ញុំ។ សូមព្រះអង្គមេត្តាជួយយើងខ្ញុំឱ្យចេះទទួលខុសត្រូវលើកិច្ចការ ដែលយើងខ្ញុំធ្វើនៅថ្ងៃនេះ ហើយសូមកុំឱ្យមានអ្វីមកបំបែកយើងចេញពីសេចក្តីស្រឡាញ់របស់ព្រះអង្គបានឡើយ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ១សល ១,១៧ខ-១៩

ចូរ​រស់​នៅ​ដោយ​គោរព​កោត​ខ្លាច​ព្រះ‌អង្គ ក្នុង​ពេល​ដែល​បង‌ប្អូន​ស្នាក់​នៅ​លើ​ផែន‌ដី​នេះ ដ្បិត​ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​មនុស្ស តាម​អំពើ​ដែល​ម្នាក់ៗបាន​ប្រព្រឹត្ត ឥត​រើស​មុខ​នរណា​ឡើយ។ បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះ‌ជាម្ចាស់​បាន​លោះ​បង‌ប្អូន​ឱ្យ​រួច​ពី​របៀប​រស់​នៅ​ដ៏​ឥត​ន័យ ដែល​ជា​ដំណែល​ត​ពី​បុព្វបុរសរបស់​បង‌ប្អូន មិន​មែន​ដោយ‌សារ​អ្វីៗ​ដែល​តែង‌តែ​រលាយ​សាប​សូន្យ​ទៅ ដូច​ជា​មាស ឬ​ប្រាក់​ទេ គឺ​ដោយ‌សារ​ព្រះ‌លោហិត​ដ៏​ថ្លៃ​វិសេស​របស់​ព្រះ‌គ្រីស្ត ដែល​ប្រៀប​បាន​នឹង​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ ឥត​ស្លាក‌ស្នាម។

បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូម​រំដោះ​ទូល‌បង្គំ សូម​ប្រណី​សន្ដោស​ទូល‌បង្គំផង!។
—ទូល‌បង្គំនឹង​លើក​តម្កើង​ព្រះ‌អង្គនៅ​ក្នុង​អង្គ​ប្រជុំ!។
ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់! ព្រះអង្គបានត្រាស់ហៅយើងខ្ញុំ ឱ្យមកគោរពថ្វាយបង្គំព្រះអង្គ នៅពេលក្រុមគ្រីស្តទូតឡើងទៅអធិដ្ឋានក្នុងព្រះវិហារ នៅវេលានេះ។ យើងខ្ញុំសូមថ្វាយពាក្យអធិដ្ឋានទាំងនេះ ក្នុងព្រះនាមព្រះយេស៊ូ សូមឱ្យឫទ្ធានុភាពរបស់ព្រះអង្គ យាងចុះមកសណ្ឋិតលើអស់អ្នកដែលបានហៅរកព្រះនាមព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!

46 Views

Theme: Overlay by Kaira