(បុណ្យរំឭកចាំបាច់)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១៖ នៅទីនេះមានបុរសម្នាក់ ដែលពាក្យសម្តីមិនអាចបរិយាយប្រាប់អស់បាន។ សេចក្តីស្លាប់មិនអាចយកឈ្នះគាត់បានទេ។ គាត់មិនខ្លាចសេចក្តីស្លាប់ ហើយក៏មិនព្រមរស់ដែរ។

ឱ​ព្រះអម្ចាស់​អើយ តើ​នរណា​អាច​ស្នាក់​នៅ​ក្នុង​ព្រះពន្លារបស់​ព្រះ‌អង្គ​បាន?
តើ​នរណា​អាច​ស្ថិត​នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​បាន?
គឺ​មាន​តែ​មនុស្ស​ឥត​សៅ‌ហ្មងដែល​ប្រព្រឹត្ត​អំពើ​សុចរិត ហើយ​និយាយ​តែ​សេចក្ដីពិត
ដែល​មាន​នៅក្នុង​ដួងចិត្ត​របស់​ខ្លួន​ប៉ុណ្ណោះ ទើប​អាច​នៅ​បាន។
គេ​មិន​និយាយ​មួល​បង្កាច់ មិន​ធ្វើបាប​អ្នក​ដទៃ
ហើយ​ក៏​មិន​បង្អាប់‌បង្អោន​កិត្តិយសបង‌ប្អូន​រួម​ជាតិ​របស់​ខ្លួន​ដែរ។
គេ​មិន​រាប់​រក​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់មិន​គាប់​ព្រះ‌ហឫទ័យ​នោះ​ឡើយ
តែ​គេ​លើក​កិត្តិយស​អស់​អ្នក​ដែល​គោរពកោត​ខ្លាច​ព្រះ‌អម្ចាស់។
បើ​គេ​សន្យា​អ្វីមួយ ទោះ​បី​ត្រូវ​ខាត​បង់​យ៉ាង​ណា​ក៏​ដោយ
ក៏​គេ​នៅ​តែ​គោរព​តាម​ពាក្យ​សម្ដី​របស់​ខ្លួន​ជា‌និច្ច។
គេ​ឱ្យ​ប្រាក់​អ្នក​ដទៃ​ខ្ចី ដោយ​មិន​យក​ការ
ហើយ​គេ​ក៏​មិន​ព្រម​ទទួល​សំណូក ដើម្បី​ដាក់​ទោស​ជន​ស្លូត​ត្រង់​ដែរ។
អ្នក​ណា​ប្រព្រឹត្ត​ដូច្នេះ អ្នក​នោះ​នឹង​បាន​សុខ​ជានិច្ច។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ នៅទីនេះមានបុរសម្នាក់ ដែលពាក្យសម្តីមិនអាចបរិយាយប្រាប់អស់បាន។ សេចក្តីស្លាប់មិនអាចយកឈ្នះគាត់បានទេ។ គាត់មិនខ្លាចសេចក្តីស្លាប់ ហើយក៏មិនព្រមរស់ដែរ។

បន្ទរទី២៖ បពិត្រព្រះអម្ចាស់ ! ប្រសិនបើប្រជារាស្រ្តព្រះអង្គនៅតែត្រូវការទូលបង្គំ ទូលបង្គំត្រៀមខ្លួនរួចជាស្រេច ចំពោះកិច្ចការដែលព្រះអង្គដាក់ឱ្យទូលបង្គំធ្វើ។

(បទពាក្យ ៧)

១-អ្នកអោនកោតខ្លាចព្រះអម្ចាស់ប្រតិបត្តិច្បាស់តាមព្រះទ័យ
ស្មោះស្ម័គ្រគោរពតាមវិន័យបានសុខពេកក្រៃមានមង្គល
២-ពូជរបស់គេមានអំណាចចិត្តក្លាអង់អាចគ្មានកង្វល់
ដ្បិតព្រះជាម្ចាស់ប្រទានផលព្រះពរពិតដល់អ្នកសុចរិត
៣-ក្នុងផ្ទះមនុស្សដែលចិត្តធម៌មានទ្រព្យបវរល្អប្រណីត
សេចក្តីសុចរិតនៅស្ថេរស្ថិតព្រះអង្គអាណិតឱ្យពរជាប់
៤-ក្នុងទីងងឹតមានពន្លឺលេចឡើងបំភ្លឺមិនស្រអាប់
ចិត្តគាត់ប្រណីល្អគួរគាប់សន្តោសលើសព្វជនប្រុសស្រី
៥-មនុស្សដែលមានចិត្តទូលាយយកអ្វីទៅឱ្យអ្នកផងខ្ចី
ព្រមទាំងរកស៊ីមិនកេងគៃអ្នកនោះប្រពៃល្អបំផុត
៦-កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយទីជិតទីឆ្ងាយមិនរលត់
មនុស្សគ្រប់សម័យតែងចាំស្ទាត់នឹកទៅដល់គាត់ជាប់ជានិច្ច
៧-អ្នកនោះមិនស្លុតមិនព្រឺខ្លាចមានចិត្តអង់អាចមិនមានល្បិច
មិនខ្លាចគេដៀលត្មះពន្លិចហើយផ្ញើជីវិតលើព្រះម្ចាស់
៨-គាត់មានចិត្តនឹងហើយអង់អាចមិនចេះភ័យខ្លាចអ្វីទាំងអស់
ទាល់តែគាត់ឃើញខ្មាំងទាំងនោះបាក់ទ័ពប្រាសអស់ទើបស្កប់ចិត្ត
៩-គាត់តែងចែកទានដល់អ្នកក្រដោយចិត្តស្មោះសរស្ម័គ្រពិតៗ
ចិត្តគាត់ទូលាយត្រង់សុចរិតកម្លាំងគាត់ស្ថិតមិនបាត់បង់
១០-ពេលជនអាក្រក់ឃើញដូច្នោះចិត្តគេទោមនស្សខាំធ្មេញផង
បាក់ធ្លាក់ទឹកចិត្តខូចបំណងពុំសម្រេចម្តងណាសោះឡើយ
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! ប្រសិនបើប្រជារាស្រ្តព្រះអង្គនៅតែត្រូវការទូលបង្គំ ទូលបង្គំត្រៀមខ្លួនរួចជាស្រេច ចំពោះកិច្ចការដែលព្រះអង្គដាក់ឱ្យទូលបង្គំធ្វើ។

បន្ទរទី៣៖ សន្តម៉ាតាំងជាអភិបាល បានលះបង់អ្វីៗក្នុងពិភពលោកនេះ ជាពន្លឺដែលរះបំភ្លឺក្នុងចំណោមលោកបូជាចារ្យ ឥឡូវនេះ លោករស់នៅជាមួយព្រះគ្រីស្តអស់កល្បជានិច្ច។

«ឱ​ព្រះជាអម្ចាស់​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​អើយ
ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ប្រសើរ​ឧត្ដម គួរ​ឱ្យ​កោត​ស្ញប់ស្ញែង​ពន់​ពេក​ណាស់!
ឱ​ព្រះ‌មហា​ក្សត្រ​នៃ​ប្រជាជាតិ​ទាំង‌ឡាយ​អើយ
មាគ៌ា​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​សុចរិត និង​ត្រឹម​ត្រូវ​ទាំង​អស់!
បពិត្រ​ព្រះអម្ចាស់! តើ​មាន​នរណា​មិន​គោរព​កោត​ខ្លាច​ព្រះនាម​ព្រះអង្គ!
តើ​នរណា​មិន​លើក​តម្កើង​សិរី‌រុង​រឿង​នៃ​ព្រះ‌នាម​ព្រះ‌អង្គ!
ដ្បិត​មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ជា​ព្រះ​ដ៏‌វិសុទ្ធ។
មនុស្ស​គ្រប់​ជាតិ​សាសន៍នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយបង្គំព្រះអង្គ
ដ្បិត​គេ​បាន​ឃើញ​ច្បាស់​ថា ព្រះ‌អង្គ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌»។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ សន្តម៉ាតាំងជាអភិបាល បានលះបង់អ្វីៗក្នុងពិភពលោកនេះ ជាពន្លឺដែលរះបំភ្លឺក្នុងចំណោមលោកបូជាចារ្យ ឥឡូវនេះ លោករស់នៅជាមួយព្រះគ្រីស្តអស់កល្បជានិច្ច។

ចំពោះ​ព្រឹទ្ធា‌ចារ្យដែល​នៅ​ក្នុង​ចំណោម​បង‌ប្អូន ក្នុង​នាម​ខ្ញុំ​ជាព្រឹទ្ធា‌ចារ្យដូច​គ្នា ហើយ​ជា​បន្ទាល់​អំពី​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រីស្ត និង​ជា​អ្នក​រួម​ទទួល​សិរី‌រុង​រឿងដែល​នឹង​ត្រូវ​លេច​មក ខ្ញុំ​សូម​ដាស់‌តឿន​ថាៈ សូម​មើល​ថែរក្សា​ហ្វូង​ចៀម​ដែល​ព្រះ‌ជាម្ចាស់​ផ្ញើទុក​នឹង​បង‌ប្អូន ដោយ​ចិត្ត​ស្មោះស្ម័គ្រ ស្រប​តាម​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ គឺ​មិន​មែន​ដោយ​ទើសទ័ល ឬ​ដោយ​ចង់​បាន​កម្រៃ​អ្វីដែរ តែ​ត្រូវ​មើល​ថែ‌រក្សា​ដោយ​សុទ្ធ​ចិត្ត។ កុំ​ប្រើ​អំណាច​ជិះជាន់​អស់​អ្នក​ដែល​ព្រះជាម្ចាស់​ប្រទាន​មក​ឱ្យ​បង‌ប្អូន​ថែរក្សា​នោះ​ឡើយ គឺ​ត្រូវ​ធ្វើជា​គំរូ​ដល់​ហ្វូង​ចៀម​វិញ។ ពេល​គង្វាល​ដ៏​ឧត្ដម​យាង​មក​ដល់ បង‌ប្អូន​នឹង​ទទួល​មកុដ​ដ៏​រុង‌រឿង​ដែល​មិន​ចេះ​អាប់​រស្មី។

បន្ទរ៖ នេះគឺជាបុរសម្នាក់ដែលស្រឡាញ់បងប្អូនរបស់គាត់ *ហើយតែងតែអធិដ្ឋានឱ្យពួកគេជានិច្ច។ បន្ទរឡើងវិញ៖…
-គាត់ចំណាយពេលផ្ទាល់ខ្លួនក្នុងការបម្រើពួកគេ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ ៖ លោកអភិបាលដ៏មានសុភមង្គលម្នាក់នេះ បានស្រឡាញ់ព្រះគ្រីស្តអស់ពីកម្លាំងរបស់គាត់ ហើយលោកគ្មានការភ័យខ្លាចចំពោះអ្នកគ្រប់គ្រងផែនដីឡើយ។ ទោះបីលោកមិនបានស្លាប់ដូចសេចក្តីស្លាប់របស់មរណសាក្សីក្តី ក៏អ្នកប្រកាសជំនឿដ៏វិសុទ្ធនេះ បានឈ្នះធាងទន្សែនៃមរណសាក្សីដែរ។

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ លោកអភិបាលដ៏មានសុភមង្គលម្នាក់នេះ បានស្រឡាញ់ព្រះគ្រីស្តអស់ពីកម្លាំងរបស់គាត់ ហើយលោកគ្មានការភ័យខ្លាចចំពោះអ្នកគ្រប់គ្រងផែនដីឡើយ។ ទោះបីលោកមិនបានស្លាប់ដូចសេចក្តីស្លាប់របស់មរណសាក្សីក្តី ក៏អ្នកប្រកាសជំនឿដ៏វិសុទ្ធនេះ បានឈ្នះធាងទន្សែនៃមរណសាក្សីដែរ។

យើងខ្ញុំសូមលើកតម្កើងព្រះគ្រីស្ត ដែលបានប្រទានតេជានុភាព និងកម្លាំងដល់ប្រជារាស្ត្រព្រះអង្គ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គទ្រង់ព្រះមេត្តាសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ ហើយយើងខ្ញុំនឹងសរសើរតម្កើងព្រះអង្គជារៀងរហូត។

ព្រះគ្រីស្តជាកម្លាំងរបស់យើង ព្រះអង្គបានត្រាស់ហៅអ្នកជឿ ឱ្យស្គាល់ពីសេចក្តីពិតរបស់ព្រះអង្គ
—សូមព្រះអង្គប្រោសប្រទានឱ្យពួកគេមានជំនឿ និងចិត្តតស៊ូផង។ (បន្ទរ)

សូមព្រះអង្គជួយតម្រង់ផ្លូវមេដឹកនាំ ឱ្យបានស្របតាមព្រះហឫទ័យរបស់ព្រះអង្គ
—សូមព្រះអង្គជួយដល់មេដឹកនាំទាំងនេះ ឱ្យចេះរក្សាសន្តិភាព និងស្វែងរកផលប្រយោជន៍រួមផង។ (បន្ទរ)

ព្រះអង្គបានប្រទាននំប៉័ងដល់បណ្តាជនដែលស្រេកឃ្លាន
—សូមព្រះអង្គជួយយើងខ្ញុំឱ្យចេះចែករំលែកធនធានរបស់ខ្លួន ទៅដល់អ្នកដែលខ្វះខាតផង។ (បន្ទរ)

សូមព្រះអង្គកុំបណ្តោយឱ្យមេដឹកនាំពិភពលោក យកចិត្តទុកដាក់តែចំពោះតម្រូវការរបស់ប្រជាជាតិខ្លួនប៉ុណ្ណោះ
—ប៉ុន្តែ សូមឱ្យអស់លោកទាំងនោះ ចេះគោរព និងខ្វល់ខ្វាយពីតម្រូវការរបស់ប្រជាជនទាំងអស់ផង។ (បន្ទរ)

សូមព្រះអង្គប្រោសប្រទានសុភមង្គល និងការរស់ឡើងវិញ ដល់បងប្អូនយើងខ្ញុំដែលបានទទួលមរណភាព
—ហើយសូមឱ្យអ្នកជឿលើព្រះអង្គបានទទួលសិរីរុងរឿងពីព្រះអង្គផង។ (បន្ទរ)

ឱព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ!
សូមសម្តែងព្រះបារមី ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី
ដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យ
អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ
តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។

ឱព្រះជាម្ចាស់អើយ ! សន្តម៉ាតាំងជាអភិបាលបានលើកតម្កើងព្រះអង្គទាំងពេលលោកមានជីវិតរស់នៅ ទាំងពេលលោកទទួលមរណភាព។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ សូមទ្រង់បង្ហូរព្រះហឫទ័យប្រណីសន្តោសដ៏អស្ចារ្យរបស់ព្រះអង្គ ជ្រាបចូលក្នុងដួងចិត្តយើងខ្ញុំ និងសូមកុំឱ្យការរស់នៅ ឬសេចក្តីស្លាប់ នាំយើងខ្ញុំឱ្យឃ្លាតឆ្ងាយពីសេចក្តីស្រឡាញ់របស់ព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

41 Views

Theme: Overlay by Kaira