រដូវធម្មតា
សន្តីអាហ្កាថ ជាព្រហ្មចារិនី និងជាមរណសាក្សី
(រំឭកចាំបាច់)
ថ្ងៃពុធ សប្ដាហ៍ទី៤
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១៣៩,១-១៨.២៣-២៤
ព្រះអង្គទតឃើញអ្វីៗទាំងអស់
តើនរណាស្គាល់គំនិតរបស់ព្រះអម្ចាស់?
តើនរណាបានថ្វាយយោបល់ទៅព្រះអង្គ? (រ៉ូម ១១,៣៤)។
បន្ទរទី១ ៖ ទូលបង្គំកោតស្ញប់ស្ញែងណាស់ ដោយព្រះអង្គស្គាល់ទូលបង្គំយ៉ាងច្បាស់ដូច្នេះ គឺអស្ចារ្យពេកដែលទូលបង្គំមិនអាចយល់បានឡើយ។
(ក)
១ | បពិត្រព្រះអម្ចាស់! ព្រះអង្គឈ្វេងយល់ដល់ជម្រៅចិត្តទូលបង្គំ ព្រះអង្គស្គាល់ទូលបង្គំយ៉ាងច្បាស់។ |
២ | ព្រះអង្គជ្រាបពេលណាទូលបង្គំអង្គុយ ពេលណាទូលបង្គំក្រោកឈរ ព្រះអង្គឈ្វេងយល់គំនិតរបស់ទូលបង្គំ ជាមុនស្រេចទៅហើយ។ |
៣ | ព្រះអង្គជ្រាបពេលណាទូលបង្គំធ្វើការ ពេលណាទូលបង្គំសម្រាក ព្រះអង្គជ្រាបច្បាស់នូវអ្វីៗទាំងអស់ ដែលទូលបង្គំប្រព្រឹត្ត។ |
៤ | បពិត្រព្រះអម្ចាស់! ពាក្យសម្តីមិនទាន់ចេញពីមាត់ទូលបង្គំផង ព្រះអង្គក៏ជ្រាបសេចក្តីដែលទូលបង្គំបម្រុងនឹងនិយាយនោះរួចស្រេចទៅហើយ។ |
៥ | ព្រះអង្គនៅពីមុខពីក្រោយទូលបង្គំ ព្រះអង្គការពារទូលបង្គំដោយព្រះបារមីរបស់ព្រះអង្គ។ |
៦ | ទូលបង្គំសែនកោតស្ញប់ស្ញែងណាស់ ដោយព្រះអង្គស្គាល់ទូលបង្គំច្បាស់ដូច្នេះ គឺអស្ចារ្យពេកណាស់ ទូលបង្គំមិនអាចយល់បានឡើយ។ |
៧ | តើទូលបង្គំអាចទៅណាឆ្ងាយពីព្រះអង្គបាន? តើទូលបង្គំគេចចេញទៅណាឱ្យឆ្ងាយពីព្រះភក្ត្ររបស់ព្រះអង្គបាន? |
៨ | បើទូលបង្គំឡើងទៅលើមេឃ ព្រះអង្គគង់នៅទីនោះ បើទូលបង្គំទៅនៅស្ថានមនុស្សស្លាប់ ក៏ព្រះអង្គនៅទីនោះដែរ។ |
៩ | ទោះបីទូលបង្គំពាក់ស្លាបហោះ ទៅកន្លែងព្រះអាទិត្យរះ ឬទោះបីទូលបង្គំទៅរស់នៅខាងនាយសមុទ្រក៏ដោយ |
១០ | ក៏ព្រះអង្គគង់នៅទីនោះ ដើម្បីដឹកនាំទូលបង្គំ ហើយជួយទូលបង្គំ ដោយព្រះបារមីរបស់ព្រះអង្គដែរ។ |
១១ | ប្រសិនបើទូលបង្គំពោលថា: «សូមឱ្យភាពងងឹតគ្របពីលើខ្ញុំ ហើយសូមឱ្យពន្លឺថ្ងៃដែលនៅជុំវិញខ្ញុំ ប្រែទៅជាយប់ងងឹត!» ។ |
១២ | ប៉ុន្តែ ចំពោះព្រះអង្គ ទោះបីងងឹតយ៉ាងណាក្តី ក៏នៅតែភ្លឺដដែល គឺយប់ភ្លឺដូចថ្ងៃ ហើយភាពងងឹតដូចពន្លឺ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ទូលបង្គំកោតស្ញប់ស្ញែងណាស់ ដោយព្រះអង្គស្គាល់ទូលបង្គំយ៉ាងច្បាស់ដូច្នេះ គឺអស្ចារ្យពេកដែលទូលបង្គំមិនអាចយល់បានឡើយ។
បន្ទរទី២ ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងឈ្វេងយល់ជម្រៅចិត្តរបស់មនុស្ស យើងមើលធ្លុះអាថ៌កំបាំងរបស់គេ។ យើងនឹងតបស្នងឱ្យមនុស្សម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។
(ខ)
(បទពាក្យ ៧)
១៣- | ព្រះអង្គបង្កើតរូបខ្ញុំមក | ហើយទ្រង់បានទុកខ្ញុំក្នុងផ្ទៃ | |
អ្នកម្តាយមានគុណយូរខែថ្ងៃ | សន្តោសប្រណីគ្រប់ៗគ្រា | ។ | |
១៤- | ទូលបង្គំសូមថ្កើងព្រះអង្គ | ស្នាព្រះហស្តទ្រង់ដ៏អស្ចារ្យ | |
ខ្ញុំដឹងថាអ្វីគ្រប់ប្រការ | សុទ្ធតែអស្ចារ្យកើតពីទ្រង់ | ។ | |
១៥- | ពេលទូលបង្គំចាប់កំណើត | នៅក្នុងទីស្ងាត់លាក់កំបាំង | |
ក៏មិនអាចពួននឹងព្រះអង្គ | អ្វីៗក៏ទ្រង់ជ្រាបទាំងអស់ | ។ | |
១៦- | កាលទូលបង្គំមិនទាន់មាន | រូបកាយមាំមួនសាច់ឈាមស្រស់ | |
ព្រះអង្គទតខ្ញុំឃើញទាំងអស់ | ឥតមានចន្លោះត្រង់ណាឡើយ | ។ | |
ព្រះអង្គកំណត់ពេលវេលា | អាយុសង្ខារខ្ញុំរួចហើយ | ||
កត់ទុកជាស្រេចមិនកន្តើយ | មុននឹងដល់ថ្ងៃនោះមកទៀត | ។ | |
១៧- | បពិត្រព្រះម្ចាស់ព្រះតំរិះ | ព្រះអង្គជ្រៅជ្រះជាងសមុទ្រ | |
ខ្ពស់ហួសអាកាសវេហាស៍ផុត | មិនអាចកំណត់ដឹងចំនួន | ។ | |
១៨- | ប្រសិនបើចិត្តខ្ញុំចង់រាប់ | ក៏មិនអាចគ្រប់ទាំងអស់បាន | |
ពីការអស្ចារ្យទាំងប៉ុន្មាន | មានចំនួនច្រើនជាងគ្រាប់ខ្សាច់ | ។ | |
២៣- | ឱព្រះម្ចាស់អើយសូមពិនិត្យ | ឱ្យបានស្គាល់ចិត្តផុតកង្វល់ | |
ទាំងល្បងមើលខ្ញុំឱ្យអស់ខ្វល់ | ដើម្បីបានយល់អ្វីខ្ញុំគិត | ។ | |
២៤- | សូមព្រះជាម្ចាស់ទ្រង់ទតមើល | ខ្ញុំមិនបានដើរខុសពីក្រឹត្យ | |
ជួយដឹកនាំខ្ញុំឱ្យជួបជិត | មាគ៌ាប្រណីតនៅអស់កល្ប | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងឈ្វេងយល់ជម្រៅចិត្តរបស់មនុស្ស យើងមើលធ្លុះអាថ៌កំបាំងរបស់គេ។ យើងនឹងតបស្នងឱ្យមនុស្សម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។
បទលើកតម្កើងតាមលិខិតកូឡូស (កូឡ ១,១២-២០)
ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ
បន្ទរទី៣ ៖ ព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។
១២ | ចូរអរព្រះគុណព្រះបិតាដោយចិត្តរីករាយ ព្រោះព្រះអង្គបានប្រោសប្រទានឱ្យបងប្អូនមានសមត្ថភាព អាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។ |
១៣ | ព្រះអង្គបានរំដោះយើងឱ្យរួចផុតពីអំណាចនៃសេចក្តីងងឹត ហើយចម្លងយើងទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ |
១៤ | ដោយយើងបានរួមនៅក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង និងលើកលែងទោសយើងឱ្យរួចពីបាប។ |
១៥ | ព្រះគ្រីស្តជាតំណាងរបស់ព្រះជាម្ចាស់ ដែលយើងមើលពុំឃើញ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក |
១៦ | ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ ទាំងទេវរាជ្យ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង ទាំងវត្ថុសក្តិសិទ្ធិ និងទាំងអំណាចនានា ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។ |
១៧ | ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។ |
១៨ | ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺព្រះសហគមន៍ ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់ |
១៩ | ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យ ឱ្យគ្រប់លក្ខណៈសម្បត្តិរបស់ព្រះអង្គ ស្ថិតនៅក្នុងព្រះគ្រីស្ត។ |
២០ | ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់ នៅលើផែនដី និងនៅស្ថានបរមសុខ ឱ្យជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត គឺព្រះជាម្ចាស់បានធ្វើឱ្យមានសន្តិភាព ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១យហ ២,៣-៦)
ប្រសិនបើយើងកាន់តាមវិន័យរបស់ព្រះអង្គ នោះទើបយើងដឹងថា យើងបានស្គាល់ព្រះអង្គមែន។ អ្នកណាពោលថា “ខ្ញុំស្គាល់ព្រះអង្គហើយ” តែមិនកាន់តាមវិន័យរបស់ព្រះអង្គ អ្នកនោះនិយាយកុហក ហើយសេចក្តីពិតមិនស្ថិតនៅក្នុងខ្លួនគេទេ។ រីឯអ្នកដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ពិតជាស្ថិតនៅក្នុងអ្នកនោះគ្រប់លក្ខណៈមែន។ យើងអាចដឹងថា យើងពិតជាស្ថិតនៅក្នុងព្រះអង្គដោយសេចក្តីនេះ គឺអ្នកណាអះអាងថា ខ្លួនស្ថិតនៅក្នុងព្រះអង្គ អ្នកនោះត្រូវតែរស់នៅតាមរបៀបដូចព្រះអម្ចាស់ធ្លាប់រស់ដែរ។
បន្ទរ៖ សូមរក្សាទូលបង្គំ *ដូចរក្សាប្រស្រីភ្នែក។ បន្ទរឡើងវិញ៖…
-សូមការពារទូលបង្គំដូចសត្វស្លាបក្រុងកូនរបស់វា។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ បពិត្រព្រះអម្ចាស់យេស៊ូគ្រីស្ត ! ជាព្រះបរមគ្រូដ៏ជាទីស្រឡាញ់របស់នាងខ្ញុំ គឺព្រះអង្គដែលបានប្រទានជ័យជម្នះមកនាងខ្ញុំ នៅកណ្តាលចំណោមនៃទុក្ខវេទនាទាំងនេះ។ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គត្រាស់ហៅនាងខ្ញុំ ឱ្យចូលទៅក្នុងសុភមង្គលដែលមិនចេះស្លាប់ រួមជាមួយព្រះអង្គផង។
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ បពិត្រព្រះអម្ចាស់យេស៊ូគ្រីស្ត ! ជាព្រះបរមគ្រូដ៏ជាទីស្រឡាញ់របស់នាងខ្ញុំ គឺព្រះអង្គដែលបានប្រទានជ័យជម្នះមកនាងខ្ញុំ នៅកណ្តាលចំណោមនៃទុក្ខវេទនាទាំងនេះ។ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គត្រាស់ហៅនាងខ្ញុំ ឱ្យចូលទៅក្នុងសុភមង្គលដែលមិនចេះស្លាប់ រួមជាមួយព្រះអង្គផង។
ពាក្យអង្វរសកល
យើងខ្ញុំសូមលើកតម្កើងព្រះបិតា ដែលមានព្រះហឫទ័យមេត្តាករុណាចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ដោយចិត្តអំណរសប្បាយថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមឱ្យអស់អ្នកដែលសង្ឃឹមលើព្រះអង្គ មានអំណរសប្បាយឡើង។
បពិត្រព្រះអម្ចាស់! សូមព្រះអង្គនឹកចាំថា ព្រះអង្គបានចាត់ព្រះបុត្រាឱ្យយាងមកក្នុងពិភពលោកនេះ ដើម្បីសង្រ្គោះ មិនមែនមកវិនិច្ឆ័យទោសមនុស្សលោកទេ
—សូមឱ្យការសោយទិវង្គតរបស់ព្រះអង្គនាំយើងខ្ញុំមកកាន់ការសង្រ្គោះផង។ (បន្ទរ)
ព្រះអង្គបានតែងតាំងអស់លោកបូជាចារ្យឱ្យបម្រើព្រះគ្រីស្ត និងព្រះអំណោយទានដ៏អស្ចារ្យរបស់ព្រះអង្គ
—សូមប្រទានឱ្យពួកគាត់មានចិត្តស្មោះត្រង់ ប្រាជ្ញាឈ្លាសវៃ និងមានសេចក្តីស្រឡាញ់ផង។ (បន្ទរ)
ព្រះអង្គបានត្រាស់ហៅបុរស និងស្ត្រីឱ្យមានព្រហ្មចរិយធម៌សម្រាប់ព្រះរាជ្យរបស់ព្រះអង្គ
—សូមឱ្យពួកគេមានចិត្តស្មោះត្រង់ដើរតាមព្រះបុត្រារបស់ព្រះអង្គ។ (បន្ទរ)
ពីដើមដំបូង ព្រះអង្គមានព្រះហឫទ័យចង់ឱ្យស្វាមីភរិយា ក្លាយទៅជារូបកាយតែមួយ
—សូមព្រះអង្គប្រទានឱ្យក្រុមគ្រួសារទាំងអស់ រួមរស់ជាមួយគ្នាដោយសេចក្តីស្រឡាញ់យ៉ាងស្មោះស្ម័គ្រនឹងគ្នាផង។ (បន្ទរ)
ព្រះអង្គបានចាត់ព្រះគ្រីស្តយេស៊ូឱ្យមកក្នុងលោកនេះ ដើម្បីលើកលែងទោសមនុស្សឱ្យរួចពីបាប
—សូមព្រះអង្គរំដោះបាបរបស់អស់មរណបុគ្គលផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះអម្ចាស់យើងខ្ញុំ ! ព្រះអង្គប្រោសឱ្យសន្តីអាហ្កាថថ្វាយខ្លួនទាំងស្រុងទៅព្រះអង្គជាព្រហ្មចារិនី និងមានចិត្តក្លាហានហ៊ានបូជាជិវិត។ សូមព្រះអង្គមេត្តាស្តាប់ពាក្យអង្វររបស់សន្តីអាហ្កាថសម្រាប់យើងខ្ញុំផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។