(រំឭកចាំបាច់)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១ ៖ ទូល‌បង្គំស្រែក​អង្វរ​ព្រះ‌អង្គ ទូលបង្គំសង្ឃឹម​លើព្រះ‌បន្ទូលរបស់ព្រះ‌អង្គ។

១៤៥បពិត្រព្រះអម្ចាស់ ! ទូលបង្គំអង្វរព្រះអង្គយ៉ាងអស់ពីចិត្ត
សូមឆ្លើយតបមកទូលបង្គំផង ដើម្បីឱ្យទូលបង្គំប្រតិបត្តិតាមក្រិត្យវិន័យរបស់ព្រះអង្គ !
១៤៦ទូលបង្គំស្រែកអង្វរព្រះអង្គ សូមសង្គ្រោះទូលបង្គំផង
ដើម្បីឱ្យទូលបង្គំប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ!
១៤៧ទូលបង្គំស្រែកហៅព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត
ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។
១៤៨ទូលបង្គំសញ្ជឹងគិតអំពីព្រះបន្ទូលសន្យារបស់ព្រះអង្គមុនពេលភ្លឺ។
១៤៩សូមស្តាប់ពាក្យអង្វររបស់ទូលបង្គំ ដោយព្រះហឫទ័យមេត្តាករុណា
ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យរស់ឡើងវិញ
តាមសេចក្តីដែលព្រះអង្គបានសម្រេចផង។
១៥០អស់អ្នកដែលតាមព្យាបាទទូលបង្គំ នាំគ្នាចូលមកជិតទូលបង្គំ
អ្នកទាំងនោះឃ្លាតចេញឆ្ងាយពីធម្មវិន័យរបស់ព្រះអង្គ។
១៥១បពិត្រព្រះអម្ចាស់! ព្រះអង្គគង់នៅជិតទូលបង្គំ
វិន័យទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់
១៥២តាំងពីយូរយារណាស់មកហើយ ទូលបង្គំដឹងថា
ព្រះអង្គប្រទានដំបូន្មានឱ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ទូល‌បង្គំស្រែក​អង្វរ​ព្រះ‌អង្គ ទូលបង្គំសង្ឃឹម​លើព្រះ‌បន្ទូលរបស់ព្រះ‌អង្គ។

…ព្រះ‌អម្ចាស់​នឹង​ដាក់​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ទាំង​នេះ…។ ព្រះ‌ជាម្ចាស់ត្រាស់​ហៅ​យើង​មក មិន​មែន​ឱ្យ​រស់​នៅ​ក្នុង​អំពើ​ថោក​ទាប​នោះ​ឡើយ គឺ​ឱ្យ​យើង​វិសុទ្ធ​វិញ (១ថស ៤,៦-៧)។

បន្ទរទី២ ៖ ព្រះ‌អម្ចាស់​ជ្រាប​គំនិត​របស់​មនុស្ស​លោកច្បាស់​ណាស់ ! គឺគំនិត​របស់​គេ​ឥត​ខ្លឹមសារ​អ្វីទាំង​អស់ !

(ក)

(បទព្រហ្មគីតិ)

១-បពិត្រព្រះអម្ចាស់ទ្រង់តែងប្រោសរកយុត្តិធម៌
ព្រះនាមល្បីខ្ទារខ្ទ័រដោយចេស្តាឫទ្ធិបារមី
២-ព្រះដែលជាចៅក្រមដ៏ឧត្តមលើផែនដី
តើនឡើងដាក់ទោសពៃរ៍មនុស្សអប្រីយ៍តាមអំពើ
៣-ឱព្រះអម្ចាស់អើយតើទុកឱ្យមនុស្សល្ងីល្ងើ
អាក្រក់មានជ័យលើរូបខ្ញុំនេះដល់ពេលណា?
៤-គេពោលពាក្យក្អេងក្អាងអួតបំប៉ោងឫកសង្ហា
ចូលចិត្តពាក្យមុសាគេនាំគ្នាធ្វើទុច្ចរិត
៥-បពិត្រព្រះជាម្ចាស់ពួកគេជិះជាន់សង្កត់
ប្រជាជនសុចរិតទាំងទឹកដីឱ្យអន្តរាយ
៦-ពួកវាកាប់សម្លាប់ដោយសំអប់ស្រីមេម៉ាយ
អន្តោប្រវេសន៍ក្ស័យហើយប្រល័យក្មេងកំព្រា
៧-គេថាព្រះអម្ចាស់ទតមិនច្បាស់មិនបានការ
ព្រះយ៉ាកុបនេះណាមិនបានការមិនយល់អ្វី
៨-ពួកមនុស្សល្ងីល្ងើអើយអ្នកនេះហើយប្រាជ្ញាខ្លី
ចិត្តខ្មៅជួរអប្រីយ៍មិនដឹងអីមិនចេះគិត
៩-ព្រះអង្គបង្កើតភ្នែកឱ្យក្រឡេកមើលឆ្ងាយជិត
តើទ្រង់មិនចេះគិតមិនចេះទតអ្វីទេឬ?
ឯត្រចៀកមនុស្សទាំងស្រីប្រុសឱ្យស្តាប់ឮ
ព្រះអង្គធ្វើបញ្ឈឺឬមិនចេះស្តាប់សំឡេង
១០-ព្រះអង្គវាយប្រដៅមនុស្សល្ងង់ខ្លៅឱ្យចេះដឹង
ម្តេចក៏ទ្រង់មិនខឹងទ្រង់មិនដាក់ទោសអីទេ
១១-ទ្រង់ជ្រាបគំនិតអស់របស់មនុស្សលើលោកីយ៍
គំនិតពួកគេខ្លីព្រោះពួកគេជាមនុស្សខ្លៅ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ ព្រះ‌អម្ចាស់​ជ្រាប​គំនិត​របស់​មនុស្ស​លោកច្បាស់​ណាស់ ! គឺគំនិត​របស់​គេ​ឥត​ខ្លឹមសារ​អ្វីទាំង​អស់ !

បន្ទរទី៣ ៖ ព្រះ‌អម្ចាស់​ជា​កំពែង​ការ‌ពារ​ខ្ញុំ ខ្ញុំ​ទុក​ចិត្ត​លើព្រះអង្គ។

(ខ)

១២បពិត្រព្រះអម្ចាស់ ! អ្នកណាដែលព្រះអង្គវាយប្រដៅ
ហើយយកវិន័យមកអប់រំ អ្នកនោះមានសុភមង្គលហើយ !
១៣នៅថ្ងៃមានអាសន្ន ព្រះអង្គប្រទានឱ្យគេមានចិត្តស្ងប់
ពេលនោះ មានរណ្តៅបម្រុងទុកសម្រាប់កប់មនុស្សពាល
១៤ដ្បិតព្រះអម្ចាស់មិនបោះបង់ប្រជារាស្ត្ររបស់ព្រះអង្គឡើយ
ព្រះអង្គមិនចោលចំណែកមរតកផ្ទាល់របស់ព្រះអង្គ។
១៥ពេលនោះ ចៅក្រមនឹងកាត់ក្តីដោយយុត្តិធម៌ឡើងវិញ
អស់អ្នកដែលមានចិត្តទៀងត្រង់នឹងដើរតាមគន្លងយុត្តិធម៌។
១៦តើនរណាក្រោកឡើងការពារខ្ញុំជំទាស់នឹងមនុស្សអាក្រក់?
តើនរណាឈរជាមួយខ្ញុំប្រឆាំងនឹងអស់អ្នកប្រព្រឹត្តអំពើទុច្ចរិត?
១៧ប្រសិនបើព្រះអម្ចាស់មិនបានជួយខ្ញុំទេនោះ
ខ្ញុំមុខជាវិនាសសាបសូន្យភ្លាមៗមិនខាន។
១៨បពិត្រព្រះអម្ចាស់! ពេលណាទូលបង្គំពោលថា ខ្ញុំដួលឥឡូវហើយ!
ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាមកជួយទ្រទូលបង្គំ។
១៩ពេលណាមានទុក្ខកង្វល់ញាំញីក្នុងចិត្តទូលបង្គំ
ព្រះអង្គសម្រាលទុក្ខទូលបង្គំ នឹងប្រទានឱ្យទូលបង្គំមានអំណរសប្បាយ។
២០តើព្រះអង្គពាក់ព័ន្ធជាមួយនឹងចៅក្រមដ៏ទុច្ចរិតទាំងនេះ ដែលលើកយកសេចក្តីអយុត្តិធម៌ឬទេ?
២១ពួកគេព្រួតគ្នាព្យាបាទជីវិតមនុស្សសុចរិត
ពួកគេកាត់ទោសប្រហារជីវិតមនុស្សស្លូតត្រង់។
២២ប៉ុន្តែ ព្រះអម្ចាស់ជាកំពែងការពារខ្ញុំ ព្រះរបស់ខ្ញុំជាថ្មដា និងជាជម្រកសម្រាប់ខ្ញុំ។
២៣ព្រះអង្គសងទៅពួកគេវិញ សមតាមអំពើអាក្រក់ដែលគេបានប្រព្រឹត្ត
ព្រះអង្គធ្វើឱ្យគេវិនាសសូន្យ ដោយសារអំពើកំណាចរបស់ខ្លួនផ្ទាល់
ព្រះអម្ចាស់ជាព្រះនៃយើង នឹងធ្វើឱ្យពួកគេវិនាសសូន្យទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះ‌អម្ចាស់​ជា​កំពែង​ការ‌ពារ​ខ្ញុំ ខ្ញុំ​ទុក​ចិត្ត​លើព្រះអង្គ។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ១ករ ១០,២៤.៣១

កុំ​ឱ្យ​មាន​នរណា​ម្នាក់​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​ត្រូវ​ស្វែង​រក​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ​វិញ។ ដូច្នេះ ទោះ​បី​បង‌ប្អូន​ពិសា​ម្ហូប​អាហារ​អ្វី ពិសា​ភេសជ្ជៈ​អ្វី ឬ​ទោះ​បី​បង‌ប្អូន​ធ្វើការ​អ្វីក៏​ដោយ ត្រូវ​ធ្វើទាំង​អស់ ដើម្បី​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះជាម្ចាស់។

បន្ទរ៖ ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ​នៃ​យើង ជា​ការ​ល្អ​ប្រពៃ​ណាស់។
—សរសើរ​តម្កើង​ព្រះ‌អង្គជា​ការ​មួយ​ដ៏​សប្បាយ ហើយ​ប្រសើរ​បំផុត។
ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គជាសេចក្តីពិត ព្រះអង្គបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធតាមព្រះបន្ទូលសន្យា ដើម្បីនាំសេចក្តីស្រឡាញ់ទៅដល់អស់អ្នកបាបដែលបានឃ្លាតឆ្ងាយពីព្រះអង្គ ឱ្យមករួមគ្នាជាធ្លុងតែមួយវិញ។ សូមព្រះអង្គប្រទានកម្លាំងដល់យើងខ្ញុំ ដើម្បីរួមគ្នាកសាងសន្តិភាពក្នុងពិភពលោកផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) កូឡ ៣,១៧

ការអ្វីក៏ដោយដែលបងប្អូនធ្វើ ទោះជាពាក្យសម្តី ឬកាយវិការក្តី ត្រូវធ្វើក្នុងព្រះនាមព្រះអម្ចាស់យេស៊ូទាំងអស់ ទាំងអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតា តាមរយៈព្រះអង្គផង។

បន្ទរ៖ ទូលបង្គំសូម​ថ្វាយ​យញ្ញ‌បូជា ដើម្បី​អរ​ព្រះ‌គុណ​ព្រះ‌អង្គ។
—ខ្ញុំ​នឹង​អង្វរ​រក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។
ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ ដែលមានព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃ​លែង! នៅពេលថ្ងៃត្រង់នេះ ជាពេលវេលាដែលព្រះអង្គប្រទានឱ្យយើងខ្ញុំ បានឈប់​សម្រាក។ សូមព្រះអង្គប្រទានពរដល់កិច្ចការដែលយើងខ្ញុំធ្វើ ឱ្យបង្កើតបានផលផ្លែល្អ ហើយឱ្យយើងខ្ញុំបញ្ចប់កិច្ចការទាំងនេះ ដោយគាប់ព្រះហឫទ័យព្រះអង្គផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) កូឡ ៣,២៣-២៤

គ្រប់​កិច្ច‌ការ​ដែល​បង‌ប្អូន​ធ្វើ ចូរ​ធ្វើឱ្យ​អស់​ពី​ចិត្ត ដូច​ជា​ធ្វើថ្វាយ​ព្រះ‌អម្ចាស់​ដែរ គឺ​មិន​មែន​ធ្វើសម្រាប់​មនុស្ស​លោក​ទេ ដោយ​ដឹង​ថា បង‌ប្អូន​មុខ​ជា​ទទួល​មត៌ក​ពី​ព្រះ‌អម្ចាស់​ទុក​ជា​កម្រៃ​មិន​ខាន។ ម្ចាស់​ដ៏​ពិត​ប្រាកដ គឺ​ព្រះ‌គ្រីស្ត ចូរ​បម្រើ​ព្រះ‌អង្គ​ទៅ។

បន្ទរ៖ ក្រៅ​ពី​ព្រះ‌អម្ចាស់ ទូល‌បង្គំគ្មាន​ចំណែក​មត៌ក​អ្វីទេ ព្រះ‌អង្គប្រទានអ្វីៗ​ទាំង​អស់ដែល​ទូល‌បង្គំត្រូវ​ការ។
—អនាគត​របស់​ទូល‌បង្គំ​ស្ថិត​នៅ​លើ​ព្រះ‌អង្គ។
ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! ដើម្បីសង្រ្គោះមនុស្សទាំងអស់ ព្រះអង្គបានលាតត្រដាងព្រះហស្តនៅលើឈើឆ្កាង។ សូមឱ្យកិច្ចការដែលយើងខ្ញុំប្រព្រឹត្តបានគាប់ព្រះហឫទ័យព្រះអង្គ និងបានប្រកាសពីការសង្រ្គោះរបស់ព្រះអង្គទៅដល់ពិភពលោកផង។ ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!

65 Views

Theme: Overlay by Kaira