ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

«បពិត្រ​ព្រះ‌អង្គ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ និង​មាន​ព្រះ‌ជន្ម​គង់​នៅ​តាំង​ពី​ដើម​រៀង​មក ព្រះ‌អង្គ​ពិត​ជា​វិសុទ្ធ ហើយ​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស ដោយ​យុត្តិធម៌មែន! (វវ ១៦,៥)។

បន្ទរទី១ ៖ ទូលបង្គំសរសើរតម្កើងព្រះអង្គជារៀងរាល់ថ្ងៃ ទូលបង្គំក៏នឹងថ្លែងអំពីការអស្ចារ្យដែលព្រះអង្គបានប្រព្រឹត្តដែរ។

(ក)

បពិត្រព្រះនៃទូលបង្គំ! ឱព្រះមហាក្សត្រនៃទូលបង្គំអើយ!
ទូលបង្គំសូមលើកតម្កើងព្រះអង្គ!
ទូលបង្គំសូមលើកតម្កើងព្រះនាមព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
ទូលបង្គំសរសើរតម្កើងព្រះអង្គជារៀងរាល់ថ្ងៃ
ទូលបង្គំកោតសរសើរព្រះនាមព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
ព្រះអម្ចាស់ប្រសើរឧត្តម ដែលយើងត្រូវតែសរសើរតម្កើងយ៉ាងខ្ពង់ខ្ពស់បំផុត។
ព្រះអង្គឧត្តុង្គឧត្តមរកអ្វីប្រៀបផ្ទឹមពុំបានឡើយ។
សូមឱ្យមនុស្សនៅគ្រប់ជំនាន់លើកតម្កើងស្នាព្រះហស្តរបស់ព្រះអង្គ
សូមឱ្យគេរៀបរាប់អំពីកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ។
ទូលបង្គំរៀបរាប់ពីភាពថ្កុំថ្កើងនៃសិរីរុងរឿងរបស់ព្រះអង្គ។
ទូលបង្គំនឹងសញ្ជឹងគិតពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ។
គេនឹងរៀបរាប់អំពីឫទ្ធានុភាពដ៏គួរឱ្យស្ញែងខ្លាចរបស់ព្រះអង្គ
ទូលបង្គំក៏នឹងថ្លែងអំពីការអស្ចារ្យដែលព្រះអង្គបានប្រព្រឹត្តដែរ។
គេនឹងលើកតម្កើងព្រះហឫទ័យសប្បុរសដ៏លើសលប់របស់ព្រះអង្គ
គេនឹងប្រកាសអំពីសេចក្តីសុចរិតរបស់ព្រះអង្គ។
ព្រះអម្ចាស់ប្រកបដោយព្រះហឫទ័យប្រណីសន្តោស និងអាណិតអាសូរ
ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ហើយពោរពេញទៅដោយព្រះហឫទ័យមេត្តាករុណាយ៉ាងលើសលប់។
ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសចំពោះមនុស្សទាំងអស់
ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរដល់សត្វលោកទាំងអស់ ដែលទ្រង់បានបង្កើតមក។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ទូលបង្គំសរសើរតម្កើងព្រះអង្គជារៀងរាល់ថ្ងៃ ទូលបង្គំក៏នឹងថ្លែងអំពីការអស្ចារ្យដែលព្រះអង្គបានប្រព្រឹត្តដែរ។

បន្ទរទី២ ៖ ព្រះអម្ចាស់​អើយ សត្វ​លោក​ទាំង​អស់ទន្ទឹង​រង់‌ចាំ​ព្រះអង្គ ដោយ​ចិត្ត​សង្ឃឹម ព្រះ‌អង្គគង់នៅ​ជិត​អស់​អ្នក​ដែល​អង្វរ​ព្រះអង្គ។

(ខ)

(បទកាកគតិ)

១០-បពិត្រព្រះម្ចាស់សត្វលោកទាំងអស់មានច្រើនពេកក្រៃ
នាំគ្នាតម្កើងរុងរឿងសិរីរាស្ត្រទាំងប្រុសស្រី
ក៏ថ្កើងទ្រង់ដែរ
១១-គេនឹងរៀបរាប់ព្រះរាជ្យគួរគាប់រុងរឿងស្ថិតស្ថេរ
របស់ព្រះអង្គឥតមានប្រួលប្រែអានុភាពឥតកែ
ព្រះអង្គនៅគង់
១២-ដើម្បីឱ្យមនុស្សទាំងស្រីទាំងប្រុសគ្រប់គ្នាបានដឹង
ពីការអស្ចារ្យរបស់ព្រះអង្គរស្មីរឿងរុង
ចិញ្ចែងចិញ្ចាច
១៣-ព្រះរាជ្យព្រះអង្គស្ថិតនៅយូរលង់ពេញដោយអំណាច
គ្រងរាជ្យអស់កល្បព្រោះទ្រង់ជាស្តេចបារមីអង់អាច
ស្ថិតនៅយូរយារ
ព្រះអម្ចាស់តែងគោរពឥតក្លែងបន្ទូលសន្យា
អ្វីដែលទ្រង់ធ្វើសុទ្ធតែអស្ចារ្យសប្បុរសមេត្តា
ករុណាអាសូរ
១៤-ព្រះអង្គលើកអ្នកហេវខ្សោះអួលអាក់ដួលយំស្រែកថ្ងូរ
ទ្រង់លើកអ្នកអស់សង្ឃឹមឱ្យឈរពង្រឹងជំហរ
ឱ្យល្អវិញបាន
១៥-បពិត្រព្រះម្ចាស់សត្វលោកទាំងអស់ចាំមិនហ៊ានខាន
ដោយចិត្តសង្ឃឹមពួកគេនឹងបានអាហារគ្រប់ប្រាណ
តាមពេលកំណត់
១៦-ទ្រង់មានព្រះទ័យទូលាយពេកក្រៃពេញដោយអំណត់
ព្រះអង្គប្រទានដល់អ្នកក្រខ្សត់បានឆ្អែតគ្រប់មាត់
តាមចិត្តប្រាថ្នា
១៧-ព្រះជាអម្ចាស់ធ្វើសព្វទាំងអស់នូវរាល់កិច្ចការ
ដោយព្រះហឫទ័យសុចរិតថ្លៃថ្លាសន្តោសករុណា
ទ្រង់បានប្រព្រឹត្ត
១៨-ព្រះអម្ចាស់គង់នៅជិតអែបអង្គកៀកកើយនែបនិត្យ
នឹងអ្នកអង្វរដោយក្តីសុទ្ធចិត្តរកព្រះអង្គពិត
មិនយាងទៅណា
១៩-ទ្រង់បានសម្រេចតាមបំណងចិត្តដែលគេប្រាថ្នា
របស់អស់អ្នកកោតខ្លាចចេស្តាព្រះអង្គស្ទុះស្ទា
ហើយសង្គ្រោះគេ
២០-អ្នកដែលស្រឡាញ់ព្រះអម្ចាស់ពេញឥតក្រឡះប្រែ
ទ្រង់នឹងគ្រប់គ្រងការពារថ្នមថែហើយទ្រង់តែងតែ
បំផ្លាញមនុស្សខូច
២១-ខ្ញុំសូមថ្លែងឡើងសរសើរតម្កើងគ្មានចិត្តលាក់លួច
តម្កើងព្រះម្ចាស់សត្វលោកធំតូចទាំងអស់ជួយលើក
ព្រះនាមព្រះអង្គ
សូមកោតសរសើរដល់ព្រះបិតាព្រះរាជ្យបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កានឥតហ្មង
ដែលគង់ជានិច្ច

បន្ទរ ៖ ព្រះអម្ចាស់​អើយ សត្វ​លោក​ទាំង​អស់ទន្ទឹង​រង់‌ចាំ​ព្រះអង្គ ដោយ​ចិត្ត​សង្ឃឹម ព្រះ‌អង្គគង់នៅ​ជិត​អស់​អ្នក​ដែល​អង្វរ​ព្រះអង្គ។

បន្ទរទី៣ ៖ ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ ! មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់។

“ឱព្រះជាម្ចាស់ដែលមានព្រះចេស្តាលើអ្វីៗទាំងអស់អើយ
ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់!
ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ
មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់!
បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ?
តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ?
ដ្បិតមានតែព្រះអង្គប៉ុណ្ណោះ ជាព្រះដ៏វិសុទ្ធ។
មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ
ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌” ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ ! មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់។

ឥឡូវនេះ អស់អ្នកដែលចូលរួមជាមួយព្រះគ្រីស្តយេស៊ូ ឥតមានទោសពៃរ៍ទៀតឡើយ ដ្បិតវិន័យរបស់ព្រះវិញ្ញាណដែលផ្តល់ជីវិតក្នុងអង្គព្រះគ្រីស្តយេស៊ូ បានរំដោះខ្ញុំឱ្យរួចផុតពីបាប និងពីសេចក្តីស្លាប់។

បន្ទរ៖ ព្រះ‌គ្រីស្ត​បាន​សោយ​ទិវង្គត​ ព្រោះ​តែ​បាប​របស់យើង *ដើម្បី​នាំបង‌ប្អូន​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់។ បន្ទរឡើងវិញ៖…
-កាល​ព្រះអង្គ​មាន​ឋានៈ​ជា​មនុស្ស ព្រះ‌អង្គ​ត្រូវ​គេ​ធ្វើគុត តែព្រះជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឱ្យ​មាន​ព្រះ‌ជន្ម​រស់ ដោយសារព្រះ‌វិញ្ញាណ​វិញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ ៖ សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណា ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើង។

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណា ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើង។

ចូរយើងទូលអង្វរព្រះគ្រីស្ត ដែលជាប្រភពនៃសេចក្តីសង្ឃឹមរបស់អស់អ្នកណាដែលទទួលស្គាល់ព្រះនាមព្រះអង្គ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមអាណិតអាសូរ ។

ព្រះគ្រីស្តជាមនុស្សទន់ខ្សោយដូចយើង —សូមព្រះអង្គជួយពង្រឹងយើងខ្ញុំផង។ (បន្ទរ)

ធម្មជាតិរបស់យើងខ្ញុំមានទំនោរទៅរកអំពើបាប
—សូមឱ្យសេចក្តីស្រឡាញ់របស់ព្រះអង្គតែងតែជួយយើងខ្ញុំ ឱ្យទទួលព្រះអំណោយទានឡើងវិញផង។ (បន្ទរ)

បពិត្រព្រះអម្ចាស់ ! អំពើបាបបានធ្វើឱ្យព្រះអង្គអាក់អន់ព្រះទ័យ រីឯការកែប្រែចិត្តគំនិតវិញ ធ្វើឱ្យព្រះអង្គសព្វព្រះហឫទ័យ
—សូមព្រះអង្គកុំដាក់ទោសយើងខ្ញុំទៅតាមកំហឹងរបស់ព្រះអង្គឡើយ ទោះបីនៅពេលយើងខ្ញុំបានប្រព្រឹត្តអំពើបាបក៏ដោយ។ (បន្ទរ)

ព្រះអង្គបានលើកលែងទោសដល់ស្ត្រី ដែលបានសោកស្តាយនូវអំពើបាប ដែលខ្លួនបានប្រព្រឹត្ត ហើយព្រះអង្គបានដាក់ចៀមដែលវង្វេង នៅលើស្មារបស់ព្រះអង្គ
—សូមព្រះអង្គមេត្តាកុំដកហូតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គចេញពីយើងខ្ញុំឡើយ។ (បន្ទរ)

នៅពេលព្រះអង្គសោយទិវង្គតនៅលើឈើឆ្កាង ព្រះអង្គបានបើកទ្វារស្ថានបរមសុខ
—សូមព្រះអង្គទទួលអស់អ្នកដែលសង្ឃឹមលើព្រះអង្គ ឱ្យចូលទៅក្នុងព្រះរាជ្យរបស់ព្រះអង្គផង។ (បន្ទរ)

បពិត្រព្រះជាម្ចាស់ ជាព្រះបិតា! ព្រះអង្គបាននាំការសង្រ្គោះមកឱ្យមនុស្សទាំងអស់ តាមរយៈទុក្ខលំបាករបស់ព្រះគ្រីស្តជាព្រះបុត្រាព្រះអង្គ។ សូមឱ្យប្រជារាស្រ្តរបស់ព្រះអង្គ ខំប្រឹងរស់នៅដោយលះបង់ខ្លួនថ្វាយទៅព្រះអង្គ ហើយសូមព្រះអង្គចាក់បំពេញនូវសេចក្តីស្រឡាញ់របស់ព្រះអង្គយ៉ាងបរិបូណ៍ មកលើពួកគាត់ផង។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

55 Views

Theme: Overlay by Kaira