រដូវធម្មតា
ថ្ងៃព្រហស្បតិ៍ សប្ដាហ៍ទី៣
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,១១៣-១២០
បន្ទរទី១ ៖ សូមព្រះអង្គជួយគាំទ្រទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ដើម្បីឱ្យទូលបង្គំមានជីវិត។
១១៣ | ទូលបង្គំស្អប់មនុស្សដែលមានចិត្តពីរ តែទូលបង្គំស្រឡាញ់ធម្មវិន័យរបស់ព្រះអង្គ។ |
១១៤ | ព្រះអង្គជាជម្រក និងជាខែលការពារទូលបង្គំ ទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។ |
១១៥ | មនុស្សអាក្រក់អើយ! ចូរនាំគ្នាចេញឱ្យឆ្ងាយពីខ្ញុំទៅ! ទុកឱ្យខ្ញុំប្រតិបត្តិតាមធម្មវិន័យនៃព្រះរបស់ខ្ញុំ! |
១១៦ | សូមព្រះអង្គជួយគាំទ្រទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ដើម្បីឱ្យទូលបង្គំមានជីវិត សូមកុំឱ្យសេចក្តីសង្ឃឹមរបស់ទូលបង្គំ ប្រែទៅជាខកចិត្តឡើយ។ |
១១៧ | សូមធ្វើជាបង្អែកសម្រាប់ទូលបង្គំ ដើម្បីឱ្យទូលបង្គំបានរួចជីវិត ហើយផ្ចង់ចិត្តទៅរកក្រិត្យវិន័យរបស់ព្រះអង្គជានិច្ច។ |
១១៨ | ព្រះអង្គបោះបង់ចោលអស់អ្នក ដែលវង្វេងចេញឆ្ងាយពីក្រិត្យវិន័យរបស់ព្រះអង្គ ដ្បិតអ្វីៗដែលពួកគេធ្វើ សុទ្ធតែជាការបោកបញ្ឆោត។ |
១១៩ | ព្រះអង្គផាត់មនុស្សអាក្រក់ទាំងប៉ុន្មាននៅលើផែនដីចោល ដូចកម្ទេចសម្រាម ហេតុនេះហើយបានជាទូលបង្គំស្រឡាញ់ដំបូន្មានរបស់ព្រះអង្គ។ |
១២០ | រូបកាយទូលបង្គំភ័យញាប់ញ័រ ដោយកោតខ្លាចព្រះអង្គ ទូលបង្គំគោរពកោតខ្លាចសេចក្តីដែលព្រះអង្គបានសម្រេច។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ សូមព្រះអង្គជួយគាំទ្រទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ដើម្បីឱ្យទូលបង្គំមានជីវិត។
ទំនុកតម្កើងលេខ ៧៩,១-៥.៨-១១.១៣
សំណោកក្រុងយេរូសាឡឹម
«យេរូសាឡឹមអើយ! គួរឲ្យស្ដាយពេក នៅថ្ងៃនេះ អ្នកពុំបានយល់ហេតុការណ៍ដែលផ្ដល់សេចក្ដីសុខសាន្តមកអ្នកសោះ (លក ១៩,៤២)។
បន្ទរទី២ ៖ ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំអើយ ! សូមយាងមកជួយយើងខ្ញុំ និងលើកលែងទោសយើងខ្ញុំឱ្យរួចពីបាបផង។
(បទពាក្យ ៧)
១- | បពិត្រព្រះជាអម្ចាស់អើយ | ជនជាតិទាំងឡាយចូលឈ្លានពាន | |
វិហារវិសុទ្ធត្រូវរុករាន | សាឡឹមថ្កើងថ្កានខូចខ្ទេចខ្ទីរ | ។ | |
២- | សាកសពអ្នកបម្រើព្រះអង្គ | ត្រូវគេបោះបង់ឱ្យសត្វស៊ី | |
សាកសពអ្នកជឿពេញធរណី | ត្រូវតិរច្ឆានស៊ីជាអាហារ | ។ | |
៣- | គេបានសម្លាប់ប្រជាជន | ជុំវិញទីក្រុងគ្មានមេត្តា | |
ឈាមរាស្ត្រហូរក្រាលពសុធា | ចាស់ក្មេងមរណាគ្មានអ្នកកប់ | ។ | |
៤- | អ្នកស្រុកជិតខាងនាំគ្នាជេរ | ប្រមាថឥតល្ហែគេលែងរាប់ | |
គេសើចចំអកឡកឡឺយសព្វ | រូបខ្ញុំគេស្អប់គេមើលងាយ | ។ | |
៥- | ឱ ព្រះជាម្ចាស់ទូលបង្គំ | ម្តេចទ្រង់សំងំដូចជិនណាយ | |
តើថ្ងៃណាទៅទើបទ្រង់ស្រាយ | ពិរោធឱ្យឆ្ងាយមកស្រោចស្រង់ | ។ | |
៨- | សូមកុំចាប់ទោសយកកំហុស | ព្រោះបុព្វបុរសខ្ញុំតែម្តង | |
មេត្តាលើកទោសកំហុសឆ្គង | អាណិតខ្ញុំផងដ្បិតលិចលង់ | ។ | |
៩- | ឱព្រះជាម្ចាស់ព្រះសង្គ្រោះ | សូមទ្រង់យាងចុះកុំបង្អង់ | |
ដោយយល់សិរីដ៏រឿងរុង | មេត្តាព្រះអង្គជួយផងណា | ។ | |
១០- | ហេតុអ្វីបានជាទ្រង់បណ្តោយ | ជាតិផ្សេងៗឱ្យមកពោលថា | |
តើព្រះគេនោះនៅឯណា | សូមទ្រង់មេត្តាដាក់ទោសចុះ | ។ | |
១១- | សូមស្តាប់សំឡេងឈ្លើយថ្ងូរថ្ងួច | លាន់ឮក្រលួចគួរស្រណោះ | |
សូមប្រើបារមីជួយរំដោះ | អ្នកដែលមានទោសដល់មរណា | ។ | |
១៣- | ឯពួកយើងខ្ញុំដែលជារាស្ត្រ | ដូចចៀមទាំងអស់របស់ទ្រង់ | |
នាំគ្នាតម្កើងលើកព្រះអង្គ | អស់កល្បយូរលង់អង្វែងទៅ | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ |
បន្ទរ ៖ ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំអើយ ! សូមយាងមកជួយយើងខ្ញុំ និងលើកលែងទោសយើងខ្ញុំឱ្យរួចពីបាបផង។
ទំនុកតម្កើងលេខ ៨០
ឱព្រះអម្ចាស់អើយ! សូមយាងមកថែទាំចម្ការទំពាំងបាយជូររបស់ព្រះអង្គ!
ឱព្រះអម្ចាស់យេស៊ូអើយ សូមយាងមក! (វវ ២២,២០)។
បន្ទរទី៣ ៖ ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ ! សូមទតមើលពីស្ថានបរមសុខមក ! សូមយាងមកជួយចម្ការទំពាំងបាយជូរនេះផង !
២ | ឱព្រះជាម្ចាស់ដែលជាគង្វាលនៃជនជាតិអ៊ីស្រាអែលអើយ! សូមមេត្តាព្រះសណ្តាប់យើងខ្ញុំផង ព្រះអង្គតែងដឹកនាំពូជពង្សរបស់លោកយ៉ូសែប ដូចគង្វាលដឹកនាំហ្វូងចៀម ព្រះអង្គគង់នៅលើពួកខេរូប៊ីម! សូមសម្តែងព្រះបារមីដ៏រុងរឿងរបស់ព្រះអង្គ |
៣ | សូមសម្តែងព្រះចេស្តាឱ្យកុលសម្ពន្ធអេប្រាអ៊ីម បេនយ៉ាមីន និងមាណាសេឃើញ សូមយាងមកសង្គ្រោះយើងខ្ញុំផង! |
៤ | ឱព្រះជាម្ចាស់អើយ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស នោះយើងខ្ញុំនឹងបានរួចជីវិត! |
៥ | បពិត្រព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល! តើព្រះអង្គទ្រង់ព្រះពិរោធ មិនព្រមស្តាប់ពាក្យអង្វរប្រជារាស្ត្រព្រះអង្គដល់កាលណាទៀត? |
៦ | ព្រះអង្គធ្វើឱ្យយើងខ្ញុំសោកសង្រេងឥតស្រាកស្រាន្ត ឱ្យយើងខ្ញុំយំខ្សោះទឹកភ្នែក។ |
៧ | ព្រះអង្គធ្វើឱ្យប្រជាជាតិជិតខាង ឈ្លោះគ្នាដណ្តើមយកទឹកដីយើងខ្ញុំ ខ្មាំងសត្រូវចំអកឡកឡឺយដាក់យើងខ្ញុំ។ |
៨ | ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស នោះយើងខ្ញុំនឹងបានរួចជីវិត!។ |
៩ | ព្រះអង្គបានគាស់ដើមទំពាំងបាយជូរពីស្រុកអេស៊ីបមក ព្រះអង្គបានដេញប្រជាជាតិនានាចេញពីទឹកដី ហើយយកទំពាំងបាយជូរនោះមកដាំជំនួស។ |
១០ | ព្រះអង្គឆ្ការដីយ៉ាងស្អាត ដើម្បីឱ្យដើមទំពាំងបាយជូរនោះចាក់ឫស ហើយដុះពាសពេញនៅក្នុងស្រុក |
១១ | ម្លប់នៃទំពាំងបាយជូរនោះគ្របដណ្តប់ទៅលើភ្នំនានា ហើយមែករបស់វាគ្របទៅលើដើមគគីរដ៏ខ្ពស់ៗ។ |
១២ | ដើមទំពាំងបាយជូរបែកមែកសាខារហូតទៅដល់សមុទ្រ ហើយមានពន្លកលាស់ចេញមករហូតទៅដល់ទន្លេអឺប្រាត។ |
១៣ | ហេតុអ្វីបានជាព្រះអង្គរំលំរបងចម្ការទំពាំងបាយជូរនេះ បណ្តាលឱ្យអស់អ្នកធ្វើដំណើរកាត់តាមនោះ នាំគ្នាបេះផ្លែដូច្នេះ? |
១៤ | ជ្រូកព្រៃមកបំផ្លិចបំផ្លាញចម្ការទំពាំងបាយជូរ សត្វនានានៅទីវាល ក៏នាំគ្នាស៊ីដើមទំពាំងបាយជូរនេះដែរ។ |
១៥ | ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ! សូមយាងមកវិញ! សូមទតមើលពីស្ថានបរមសុខមក! សូមយាងមកជួយចម្ការទំពាំងបាយជូរនេះផង! |
១៦ | សូមការពារចម្ការទំពាំងបាយជូរដែលព្រះអង្គបានដាំ ដោយបារមីរបស់ព្រះអង្គផ្ទាល់ គឺបុត្រដែលព្រះអង្គបានពង្រឹងឱ្យមាំមួនឡើង! |
១៧ | សូមឱ្យខ្មាំងសត្រូវដែលបានដុតបំផ្លាញ និងកាប់ឆ្ការចម្ការទំពាំងបាយជូរនេះ ត្រូវវិនាសសូន្យ នៅពេលព្រះអង្គគំរាមកំហែងពួកគេ។ |
១៨ | សូមដាក់ព្រះហស្តលើស្តេច ដែលគង់នៅខាងស្តាំព្រះអង្គ គឺលើបុត្រមនុស្ស ដែលព្រះអង្គបានពង្រឹងឱ្យមាំមួនឡើង។ |
១៩ | យើងខ្ញុំនឹងមិនបែកចិត្តចេញពីព្រះអង្គទៀតឡើយ សូមប្រោសប្រទានឱ្យយើងខ្ញុំរស់រានមានជីវិតឡើងវិញផង នោះយើងខ្ញុំគោរពបម្រើព្រះនាមរបស់ព្រះអង្គ។ |
២០ | ឱព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូលអើយ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស នោះយើងខ្ញុំនឹងបានរួចជីវិត! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ ! សូមទតមើលពីស្ថានបរមសុខមក ! សូមយាងមកជួយចម្ការទំពាំងបាយជូរនេះផង !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ប្រាញ ១៩,២២
បពិត្រព្រះអម្ចាស់! ព្រះអង្គលើកតម្កើងប្រជារាស្រ្តរបស់ព្រះអង្គ ឱ្យមានសិរីរុងរឿងក្នុងគ្រប់ប្រការ! ព្រះអង្គបានជួយទំនុកបម្រុងប្រជារាស្រ្តរបស់ព្រះអង្គ គ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែងផង។
—ព្រះអង្គបានសម្ដែងឫទ្ធានុភាពឱ្យជាតិសាសន៍នានាឃើញ។
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់! ព្រះអង្គបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់ក្រុមគ្រីស្តទូត នៅពេលពួកគេជួបជុំគ្នាអធិដ្ឋាននៅពេលព្រឹក។ សូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំចេះចែករំលែកនូវសេចក្តីស្រឡាញ់ និងជីវិត ដែលព្រះវិញ្ញាណបានផ្តល់មកយើងខ្ញុំផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ទក ៤,៧
តើប្រជាជាតិដ៏ធំណាមួយមានព្រះដែលគង់នៅជិតគេ ដូចព្រះអម្ចាស់ជាព្រះនៃយើងគង់នៅជិតយើង គ្រប់ពេលយើងអង្វររកព្រះអង្គ?
—ព្រះអង្គព្រះសណ្ដាប់ឮសម្រែកទូលអង្វររបស់គេ។
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! នៅក្នុងព្រះអង្គគ្មានសេចក្តីងងឹតទាល់តែសោះ ហើយក៏គ្មានអ្វីអាចលាក់កំបាំងចំពោះព្រះភក្រ្តព្រះអង្គបានដែរ។ សូមព្រះអង្គចាក់បង្ហូរនូវពន្លឺរស្មីរបស់ព្រះអង្គមកលើយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំស្គាល់វិន័យរបស់ព្រះអង្គ ដែលព្រះអង្គបានប្រទានមកយើងខ្ញុំ ហើយរស់នៅដោយមានជំនឿ និងចិត្តសប្បុរសផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) អធ.ក្រ ១០,៦
ប្រជាជាតិរបស់ខ្ញុំ គឺប្រជាជនអ៊ីស្រាអែលដែលស្រែកអង្វរព្រះជាម្ចាស់ ហើយព្រះអង្គក៏សង្គ្រោះពួកគេ។ ព្រះជាម្ចាស់បានសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះជាម្ចាស់បានរំដោះយើងខ្ញុំឱ្យរួចពីគ្រោះកាចទាំងនោះ! ព្រះជាម្ចាស់បានសម្តែងទីសម្គាល់ និងបាដិហារិយ៍យ៉ាងអស្ចារ្យ មិនដែលកើតមានដូច្នេះ ក្នុងចំណោមជាតិសាសន៍ដទៃឡើយ។
—ព្រះអង្គបានសង្គ្រោះទូលបង្គំ។
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់! សូមព្រះអង្គជួយយើងខ្ញុំឱ្យដើរតាមគំរូនៃចិត្តអំណត់ អត់ធ្មត់របស់ព្រះបុត្រាព្រះអង្គ។ សូមឱ្យយើងខ្ញុំអាចប្រឈមមុខនឹងការលំបាកក្នុងជីវិត ដោយមានជំនឿ និងទំនុកចិត្តផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!