សប្តាហ៍ពិសិដ្ឋ
ថ្ងៃអង្គារពិសិដ្ឋ
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៤៩
កុំទុកចិត្តលើទ្រព្យសម្បត្តិ!
“អ្នកមានពិបាកចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខណាស់” (មថ ១៩,២៣)។
បន្ទរទី១ ៖ ការប្រមាថ និងភាពភ័យខ្លាច ជាជោគវាសនារបស់ទូលបង្គំ ប៉ុន្តែ ព្រះអម្ចាស់គង់នៅជាមួយទូលបង្គំ ព្រះអង្គចាំជួយទូលបង្គំ ដូចវីរបុរសដ៏អង់អាច។
(ក)
២ | ប្រជាជនទាំងឡាយអើយ ! ចូរនាំគ្នាត្រងត្រាប់ស្តាប់ ! មនុស្សម្នាដែលរស់នៅលើផែនដីទាំងមូលអើយ ! ចូរនាំគ្នាយកចិត្តទុកដាក់ស្តាប់ ! |
៣ | គឺទាំងអ្នកតូច ទាំងអ្នកធំ ទាំងអ្នកមាន ទាំងអ្នកក្រ ! |
៤ | ខ្ញុំនឹងបរិយាយអំពីគតិបណ្ឌិត ខ្ញុំនឹងសម្តែងចេញនូវគោលគំនិតប្រកបដោយប្រាជ្ញា។ |
៥ | ខ្ញុំនឹងផ្ចង់ចិត្តស្តាប់ពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញ ខ្ញុំនឹងដោះស្រាយប្រស្នាទាំងលេងពិណកំដរផង។ |
៦ | នៅគ្រាមានអាសន្ន ឬពេលមានខ្មាំងសត្រូវមកឡោមព័ទ្ធ ខ្ញុំមិនភ័យខ្លាចអ្វីឡើយ។ |
៧ | មនុស្សអាក្រក់តែងតែទុកចិត្តលើទ្រព្យរបស់ខ្លួន គេអួតអាងព្រោះមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ |
៨ | ពុំមាននរណាម្នាក់អាចលោះអ្នកដទៃបានឡើយ ហើយក៏ពុំអាចបង់ថ្លៃថ្វាយព្រះជាម្ចាស់ ដើម្បីលោះជីវិតរបស់ខ្លួនបានដែរ |
៩ | តម្លៃលោះជីវិតរបស់មនុស្សថ្លៃណាស់ ទោះបីជាគេខំបង់ថ្លៃយ៉ាងណាក៏ដោយ ក៏មិនគ្រប់ដែរ។ |
១០ | តើមនុស្សអាចរស់រហូត គេចផុតពីរណ្តៅនៃមច្ចុរាជបានឬ? |
១១ | យើងឃើញច្បាស់ថា អ្នកប្រាជ្ញក៏ដូចជាមនុស្សឆោតល្ងង់ អាប់ឥតប្រាជ្ញាដែរ គេត្រូវតែស្លាប់ទាំងអស់គ្នា ហើយទុកទ្រព្យសម្បត្តិខ្លួនឱ្យអ្នកដទៃ។ |
១២ | ខ្ញុំនឹកក្នុងចិត្តថា គេហដ្ឋានរបស់គេនឹងស្ថិតស្ថេររហូតតទៅ លំនៅដ្ឋានរបស់គេនៅគង់វង្សពីជំនាន់មួយទៅជំនាន់មួយ ហើយដាក់ឈ្មោះដីធ្លីរបស់គេ តាមឈ្មោះរបស់ខ្លួនថែមទៀត។ |
១៣ | មនុស្សដែលមានកិត្តិយសរុងរឿង ពុំអាចគេចផុតពីស្លាប់បានទេ គេនឹងត្រូវបាត់បង់ជីវិត ដូចសត្វតិរច្ឆាន។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ការប្រមាថ និងភាពភ័យខ្លាច ជាជោគវាសនារបស់ទូលបង្គំ ប៉ុន្តែ ព្រះអម្ចាស់គង់នៅជាមួយទូលបង្គំ ព្រះអង្គចាំជួយទូលបង្គំ ដូចវីរបុរសដ៏អង់អាច។
បន្ទរទី២ ៖ ឱព្រះអម្ចាស់អើយ សូមយាងមកជិតទូលបង្គំ ហើយលោះជីវិតទូលបង្គំ។ សូមរំដោះទូលបង្គំឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវផង!
(ខ)
(បទកាកគតិ)
១៤- | អ្នកដែលទុកចិត្ត | លើខ្លួនឯងពិត | នោះគ្មានមារយាទ |
ពេញចិត្តពាក្យខ្លួន | ជាមនុស្សមានស្នៀត | អនាគតទៀត | |
យ៉ាប់យ៉ឺនពេកក្រៃ | ។ | ||
១៥- | អ្នកនោះប្រៀបបាន | ចៀមសត្វតិរច្ឆាន | ដែលគេប្រល័យ |
មច្ចុរាជឃុំគ្រង | វាយឥតសំចៃ | ឃ្វាលរាល់យប់ថ្ងៃ | |
មិនឱ្យឃ្លាតឆ្ងាយ | ។ | ||
រីមនុស្សសុចរិត | នឹងជាន់ឈ្លីពិត | លើរូបរាងកាយ | |
របស់ពួកគេ | រលាយអន្តរាយ | ទៅដល់ទីឆ្ងាយ | |
ក្នុងស្ថានមនុស្សស្លាប់ | ។ | ||
១៦- | ប៉ុន្តែព្រះម្ចាស់ | មានឫទ្ធិខ្លាំងណាស់ | រំដោះខ្ញុំឆាប់ |
ផុតពីអំណាច | នៃសេចក្តីស្លាប់ | ព្រះអង្គប្រញាប់ | |
មកយកខ្ញុំទៅ | ។ | ||
១៧- | ពេលអ្នកឃើញគេ | សម្បត្តិឡើងទ្វេ | កុំបីហ្មងសៅ |
ឃើញទ្រព្យគេច្រើន | ចម្រើនតទៅ | សំងំពួននៅ | |
កុំភ័យខ្លាចអី | ។ | ||
១៨- | នៅពេលគេស្លាប់ | គេពុំអាចចាប់ | យករបស់អ្វី |
អស់ទាំងសម្បត្តិ | ទ្រព្យធនផ្សេងក្តី | ចូលទៅក្នុងដី | |
អ្នកក្ស័យបានឡើយ | ។ | ||
១៩- | ពេលមានជីវិត | គេតែងនឹកគិត | ថាសុខឥតស្បើយ |
ថាខ្លួនគេនឹង | មិនខ្វល់អ្វីឡើយ | អ្នកផងកោតហើយ | |
ដែលគេមានបាន | ។ | ||
២០- | គេគង់នឹងត្រូវ | ធ្លាក់ខ្លួនចុះទៅ | ជួបនឹងសន្តាន |
ជីតាជីដូន | មានទាំងប៉ុន្មាន | ទៅក្នុងទីស្ថាន | |
ដែលគ្មានពន្លឺ | ។ | ||
២១- | អ្នកមានកិត្តិយស | រុងរឿងខ្ពង់ខ្ពស់ | ល្បីល្បាញរន្ទឺ |
មិនយល់អ្វីសោះ | មិនភ័យព្រួយព្រឺ | អ្នកនោះហើយគឺ | |
ដូចសត្វដែលស្លាប់ | ។ | ||
សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ឱព្រះអម្ចាស់អើយ សូមយាងមកជិតទូលបង្គំ ហើយលោះជីវិតទូលបង្គំ។ សូមរំដោះទូលបង្គំឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវផង!
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១. ៥,៩-១០.១២)
ទំនុកតម្កើងសម្រាប់ការប្រោសលោះ
បន្ទរទី៣ ៖ ព្រះអង្គត្រូវគេសម្លាប់ធ្វើយញ្ញបូជា ហើយព្រះអង្គបានលោះយើងខ្ញុំ យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។
១១ | “បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរដោយសារព្រះហឫទ័យរបស់ព្រះអង្គ” ។ |
៩ | គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា ៖ “ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។ |
១០ | ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង ហើយអ្នកទាំងនោះ នឹងគ្រងរាជ្យលើផែនដី” ។ |
១២ | នាំគ្នាបន្លឺសំឡេងយ៉ាងខ្លាំងៗថា ៖ «កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង” ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអង្គត្រូវគេសម្លាប់ធ្វើយញ្ញបូជា ហើយព្រះអង្គបានលោះយើងខ្ញុំ យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ១,២៧ខ-៣០)
ព្រះអង្គបានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាទន់ខ្សោយ មកផ្ចាញ់ពួកអ្នកខ្លាំងពូកែ។ ព្រះជាម្ចាស់បានជ្រើសរើសអ្វីៗ ដែលមនុស្សលោកចាត់ទុកថាទាបថោក គួរឲ្យមាក់ងាយ ហើយគ្មានតម្លៃមកផ្ចាញ់អ្វីៗដែលមនុស្សលោកចាត់ទុកថាថ្លៃថ្នូរវិញ។ ដូច្នេះ គ្មានមនុស្សណាអាចអួតអាងនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់បានឡើយ គឺព្រះអង្គហើយ ដែលបានប្រោសឲ្យបងប្អូនមានតម្លៃ ដោយចូលរួមជាមួយព្រះគ្រីស្តយេស៊ូ ដែលបានទៅជាប្រាជ្ញាមកពីព្រះជាម្ចាស់សម្រាប់យើង។ ព្រះអង្គប្រទានឲ្យយើងសុចរិត វិសុទ្ធ និងលោះយើងឲ្យមានសេរីភាព។
បន្ទរ ៖ យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះគ្រីស្ត *យើងខ្ញុំសូមកោតសរសើរព្រះអង្គ។ បន្ទរឡើងវិញ៖…
-ដ្បិតព្រះអង្គបានសង្រ្គោះពិភពលោក ដោយសារឈើឆ្កាងរបស់ព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ ខ្ញុំមានអំណាចនឹងស៊ូប្ដូរជីវិតរបស់ខ្ញុំ ហើយខ្ញុំក៏មានអំណាចនឹងយកជីវិតនោះមកវិញ។
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ ខ្ញុំមានអំណាចនឹងស៊ូប្ដូរជីវិតរបស់ខ្ញុំ ហើយខ្ញុំក៏មានអំណាចនឹងយកជីវិតនោះមកវិញ។
ពាក្យអង្វរសកល
ព្រះសង្រ្គោះនៃមនុស្សលោកបានសោយទិវង្គត ដើម្បីបំផ្លាញសេចក្តីស្លាប់ ហើយដោយព្រះអង្គមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានស្តារជីវិតឡើងវិញ។ ចូរយើងទូលសូមព្រះអង្គដោយចិត្តរាបសារថា ៖
បន្ទរ ៖ សូមប្រោសឱ្យប្រជារាស្រ្តដែលព្រះអង្គបានលោះ ដោយព្រះលោហិតរបស់ព្រះអង្គបានវិសុទ្ធផង !
ឱព្រះសង្រ្គោះនៃពិភពលោក ! សូមប្រោសឱ្យយើងខ្ញុំអាចចែករំលែកនូវទុក្ខលំបាករបស់ព្រះអង្គ តាមរយៈការប្រែចិត្តគំនិតនៅទីជម្រៅខាងវិញ្ញាណ
—ដើម្បីឱ្យយើងខ្ញុំអាចទទួលសិរីរុងរឿងនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ។ (បន្ទរ)
សូមព្រះមាតាលួងលោមអ្នកដែលរងទុក្ខ និងការពារយើងខ្ញុំ
—សូមឱ្យយើងខ្ញុំចេះលួងលោមអ្នកដទៃ ដូចព្រះអង្គបានលួងលោមយើងខ្ញុំដែរ។ (បន្ទរ)
នៅក្នុងទុក្ខលំបាករបស់ពួកគេ សូមព្រះអង្គធ្វើឱ្យគ្រីស្តបរិស័ទអាចចែករំលែកនូវទុក្ខលំបាករបស់ព្រះអង្គ
—ហើយសូមព្រះអង្គសម្តែងឫទ្ធានុភាពក្នុងជីវិតរស់នៅរបស់ពួកគេផង។ (បន្ទរ)
ព្រះអង្គបានបន្ទាបខ្លួនដោយការស្តាប់បង្គាប់ រហូតដល់សោយទិវង្គតនៅលើឈើឆ្កាងថែមទៀតផង
—សូមព្រះអង្គប្រទានព្រះអំណោយទាននៃការស្តាប់បង្គាប់ និងចិត្តស៊ូទ្រាំ ឱ្យអ្នកបម្រើព្រះអង្គ។ (បន្ទរ)
សូមព្រះអង្គបំផ្លាស់បំប្រែរូបកាយរបស់មនុស្សស្លាប់ ឱ្យទៅជារូបកាយដែលប្រកបដោយសិរីរុងរឿងដូចព្រះអង្គ
—ហើយសូមព្រះអង្គនាំយើងខ្ញុំឱ្យចូលរួមជាមួយពួកគេនៅថ្ងៃចុងក្រោយផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ហើយមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំឲ្យយល់អត្ថន័យដ៏ជ្រៅបំផុតនៃទុក្ខលំបាករបស់ព្រះយេស៊ូ។ សូមប្រោសឲ្យយើងខ្ញុំសុខចិត្តរួមស្លាប់រួមរស់ជាមួយព្រះគ្រីស្តជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។