ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១៖ ព្រះអម្ចាស់របស់យើងដែលត្រូវគេឆ្កាង និងមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានលោះយើង។

ហាលេលូយ៉ា! ស្មូត​ទំនុកតម្កើង​ថ្វាយ​ព្រះ​នៃ​យើងជា​ការ​ល្អ​ប្រពៃ​ណាស់
សរសើរ​តម្កើង​ព្រះ‌អង្គជា​ការ​មួយ​ដ៏​សប្បាយ ហើយ​ប្រសើរ​បំផុត។
ព្រះ‌អម្ចាស់​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ
ព្រះ‌អង្គ​នាំ​ជន​ជាតិ​អ៊ីស្រាអែលដែល​ខ្ចាត់‌ខ្ចាយ​ឱ្យ​ត្រឡប់​មក​វិញ។
ព្រះ‌អង្គ​ប្រោស​អ្នក​ដែល​មាន​ចិត្ត​គ្រាំ‌គ្រាឱ្យ​បាន​ធូរ​ស្បើយ ព្រះ‌អង្គរុំ​របួស​ឱ្យ​គេ។
ព្រះអង្គ​រាប់​ចំនួន​ផ្កាយ​ទាំង​ប៉ុន្មាន ហើយ​ព្រះ‌អង្គ​ដាក់​ឈ្មោះ​ឱ្យ​ផ្កាយ​ទាំង​នោះ។
ព្រះ​របស់​យើង​ធំ​ឧត្តុង្គឧត្ដម ព្រះ‌អង្គ​មាន​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​បំផុត
ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ឥត​មាន​ព្រំ‌ដែន​ឡើយ។
ព្រះអម្ចាស់​ជួយ​គាំ‌ទ្រ​ជន​ក្រីក្រ តែ​ព្រះ‌អង្គ​បន្ទាប​មនុស្ស​អាក្រក់​ដល់​ដី។
ចូរ​នាំ​គ្នា​ច្រៀង​អរ​ព្រះ‌គុណ​ព្រះអម្ចាស់
ចូរ​ស្មូត​ទំនុកតម្កើង​ថ្វាយ​ព្រះ​នៃ​យើង ទាំង​ដេញ​ពិណ​កំដរ​ផង!
ព្រះអង្គ​ធ្វើ​ឱ្យ​មាន​ពពក​បាំង​បិទ​ផ្ទៃ​មេឃ ព្រះអង្គ​រៀបចំ​ឱ្យ​មានភ្លៀង​
ធ្លាក់​មក​លើ​ផែន‌ដី ព្រះ‌អង្គ​ធ្វើ​ឱ្យ​មាន​ស្មៅ​ដុះ​នៅ​តាម​ភ្នំ
ព្រះអង្គ​ប្រទាន​ចំណី​ដល់​សត្វ​ពាហនៈ ហើយ​ពេល​កូន​ក្អែក​យំ
ព្រះ‌អង្គ​ក៏​ប្រទាន​ចំណី​ដល់​វា​ដែរ។
១០ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ​នឹង​កម្លាំង​របស់​សេះ​ទេ
ហើយ​ព្រះ‌អង្គ​ក៏​មិន​រវី‌រវល់​នឹង​កម្លាំង​កាយរបស់​មនុស្ស​ដែរ
១១តែ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​អស់​អ្នកដែល​គោរព​កោត​ខ្លាច​ព្រះអង្គ
គឺ​អស់​អ្នក​ដែល​ផ្ញើជីវិត​លើ​ព្រះហឫទ័យមេត្តាករុណា​របស់​ព្រះ‌អង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះអម្ចាស់របស់យើងដែលត្រូវគេឆ្កាង និងមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានលោះយើង។

បន្ទរទី២៖ ដើមឈើនៃជីវិតរីកដុះដាលនៅកណ្តាលចំណោមទីក្រុងយេរូសាឡឹមដ៏វិសុទ្ធ ហើយស្លឹករបស់វាមានអំណាចក្នុងការសង្រ្គោះប្រជាជាតិទាំងឡាយ។

(បទព្រហ្មគីតិ)

១២-ក្រុងយេរូសាឡឹមកុំស្ងាត់ស្ងៀមនៅរេរង់
ព្រមទាំងក្រុងស៊ីយ៉ូនចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់
១៣-ដ្បិតព្រះអង្គការពារអ្នករាល់គ្នាបានសុខណាស់
ទ្រង់ឱ្យពរដល់រាស្រ្តដែលរស់ពាសពេញទីក្រុង
១៤-ទ្រង់ប្រទានទឹកដីមានសេរីសុខត្រចង់
សន្តិភាពគ្រប់ជ្រុងស្រូវបម្រុងច្រើនមហិមា
១៥-នៅលើផ្ទៃផែនដីស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា
ផ្សព្វផ្សាយគ្រប់ទិសាពីបញ្ជាព្រះអម្ចាស់
១៦-ព្រះអង្គឱ្យទឹកកកធ្លាក់ចុះមកច្រើនដេរដាស
សន្សើមត្រជាក់ណាស់ក៏ធ្លាក់ចុះតាមបញ្ជា
១៧-ព្រះអង្គធ្វើឱ្យព្រឹលធ្លាក់មិនខ្ជិលច្រើនមហិមា
ឱ្យមានធាតុរងាតើនរណាអាចទ្រាំបាន?
១៨-ពេលទ្រង់មានបន្ទូលធ្វើឱ្យព្រឹលទាំងប៉ុន្មាន
ទឹកកកគ្រប់ទីស្ថានរលាយបានជាទឹកអស់
ធ្វើឱ្យមានទាំងខ្យល់បោកវិលវល់មិនឈប់សោះ
បក់យកទឹកទាំងនោះហូរតាមជ្រោះទៅមិនសល់
១៩-ទ្រង់សម្តែងឱ្យពូជលោកយ៉ាកុបស្តាប់បន្ទូល
ក្រឹត្យវិន័យនិមលឱ្យអ៊ីស្រាអែលបានដឹង
២០-ព្រះអង្គពុំបញ្ជាសព្វកិច្ចការអស់ទាំងហ្នឹង
ឱ្យជាតិសាសន៍ផ្សេងដឹងវិន័យទ្រង់នោះសោះឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ ដើមឈើនៃជីវិតរីកដុះដាលនៅកណ្តាលចំណោមទីក្រុងយេរូសាឡឹមដ៏វិសុទ្ធ ហើយស្លឹករបស់វាមានអំណាចក្នុងការសង្រ្គោះប្រជាជាតិទាំងឡាយ។

បន្ទរទី៣៖ យើងត្រូវតែលើកតម្កើងឈើ​ឆ្កាង​របស់​ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់​នៃ​យើង។

ទោះ‌បី​ព្រះ‌អង្គ​មាន​ឋានៈ​ជា​ព្រះ‌ជាម្ចាស់ក៏​ដោយ
ក៏​ព្រះ‌អង្គ​ពុំ​បាន​ក្ដោប‌ក្តាប់ឋានៈ​ដែល​ស្មើនឹង​ព្រះ‌ជាម្ចាស់​នេះ
ទុក​ជា​កម្ម‌សិទ្ធិដាច់​មុខ​របស់​ព្រះ‌អង្គ​ឡើយ។
ផ្ទុយ​ទៅ​វិញ ព្រះ‌អង្គ​បាន​លះ‌បង់អ្វីៗ​ទាំង​អស់មក​យក​ឋានៈ​ជា​ទាសករ
ព្រះ‌អង្គ​បាន​ទៅ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ ហើយ​ក៏​រស់​នៅ​ក្នុង​ភាព​ជាមនុស្ស​សាមញ្ញ​ដែរ។
ព្រះ‌អង្គ​បាន​ដាក់ខ្លួន ធ្វើតាម​ព្រះ‌បញ្ជារហូត​ដល់​សោយ​ទិវង្គត
គឺ​រហូត​ដល់​សោយ​ទិវង្គត​លើ​ឈើ​ឆ្កាងថែម​ទៀត​ផង។
ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់លើក​តម្កើង​ព្រះអង្គ​ឡើងយ៉ាង​ខ្ពង់ខ្ពស់​បំផុត
ព្រម​ទាំង​ប្រោស​ប្រទាន​ឱ្យ​ព្រះ‌អង្គមាន​ព្រះ‌នាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់
១០ដើម្បី​ឱ្យ​អ្វីៗ​ទាំង​អស់ ទាំង​នៅ​ស្ថាន​បរមសុខ ទាំង​នៅ​លើ​ផែន‌ដី ទាំង​នៅ​ក្រោម​ដី
នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ នៅ​ពេល​ណា​ឮ​ព្រះ‌នាម​ព្រះយេស៊ូ
១១និងឱ្យ​មនុស្ស​គ្រប់​ភាសា​ប្រកាស​ឡើងថា ព្រះ‌យេស៊ូ‌គ្រីស្ត​ជា​ព្រះអម្ចាស់
ដើម្បី​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌ជាម្ចាស់ជា​ព្រះ‌បិតា។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ យើងត្រូវតែលើកតម្កើងឈើ​ឆ្កាង​របស់​ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់​នៃ​យើង។

រីឯ​យើង​វិញ យើង​ប្រកាស​អំពី​ព្រះ‌គ្រីស្តដែល​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង។ សាសន៍​យូដា​យល់​ឃើញ​ថា ពាក្យ​ប្រកាស​នេះ​រារាំង​គេ​មិន​ឱ្យ​ជឿ ហើយ​សាសន៍​ដទៃ​យល់​ឃើញ​ថា​ជា​រឿង​លេលា។ ប៉ុន្តែ ចំពោះ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក គេ​ចាត់​ទុក​ព្រះ‌គ្រីស្ត​ថា​ជា​ឫទ្ធា‌នុភាព និង​ជា​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌ជាម្ចាស់​វិញ។

បន្ទរ៖ ទីសម្គាល់នេះ នឹងលេចចេញពីផ្ទៃមេឃ *នៅពេលព្រះអម្ចាស់យាងមក។ បន្ទរឡើងវិញ៖…
-ចូរ​អ្នក​រាល់​គ្នា​ងើប​មើល​ទៅ​លើ ពី‌ព្រោះ​ព្រះ‌ជាម្ចាស់​ជិត​រំដោះអ្នក​រាល់​គ្នា​ហើយ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ ព្រះ‌គ្រីស្ដត្រូវ​រង​ទុក្ខ​លំបាក ហើយ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី។

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ ព្រះ‌គ្រីស្ដត្រូវ​រង​ទុក្ខ​លំបាក ហើយ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី។

ចូរយើងទូលអង្វរព្រះគ្រីស្តដោយមានជំនឿចិត្ត ដ្បិតព្រះអង្គបានស៊ូទ្រាំនៅលើឈើឆ្កាង ដើម្បីសង្រ្គោះយើង ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! តាមរយៈឈើឆ្កាងរបស់ព្រះអង្គ សូមនាំយើងខ្ញុំទៅកាន់សិរីរុងរឿងនៃព្រះរាជ្យរបស់ព្រះអង្គផង !

បពិត្រព្រះគ្រីស្ត ! ព្រះអង្គបានដាក់ខ្លួនមកយកឋានៈជាអ្នកបម្រើ ដូចយើងខ្ញុំ
—សូមប្រោសឱ្យប្រជារាស្រ្តព្រះអង្គដើរតាមគំរូនៃការដាក់ខ្លួនរបស់ព្រះអង្គផង។ (បន្ទរ)

ព្រះអង្គបានបន្ទាបខ្លួនស្តាប់បង្គាប់ រហូតដល់សោយទិវង្គតនៅលើឈើឆ្កាង
—សូមប្រោសឱ្យអ្នកបម្រើព្រះអង្គចេះយកតម្រាប់តាមការស្តាប់បង្គាប់របស់ព្រះអង្គ និងមានឆន្ទៈទទួលយករាល់ការសាកល្បងនានា។ (បន្ទរ)

បពិត្រព្រះគ្រីស្តជាអម្ចាស់ ! ព្រះបិតាបានប្រោសព្រះអង្គឱ្យតើនឡើង ព្រមទាំងប្រទានឱ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់
—សូមឱ្យប្រជារាស្រ្តព្រះអង្គ មានចិត្តសង្ឃឹមយ៉ាងមាំអំពីការរស់ឡើងវិញ និងតស៊ូរហូតដល់ទីបំផុតផង។ (បន្ទរ)

ឱព្រះគ្រីស្តអើយ ! គ្រប់ជង្គង់នៅស្ថានបរមសុខ នៅលើផែនដី និងនៅក្រោមដី នឹងនាំគ្នាក្រាបថ្វាយបង្គំព្រះនាមព្រះអង្គ
—សូមព្រះអង្គចាក់បង្ហូរសេចក្តីស្រឡាញ់មកលើមនុស្សទាំងអស់ ដើម្បីឱ្យពួកគេអាចចូលរួមជាមួយគ្នា ក្នុងការប្រកាសពីសិរីរុងរឿងរបស់ព្រះអង្គផង។ (បន្ទរ)

បពិត្រព្រះគ្រីស្ត ! មនុស្សគ្រប់ភាសានឹងប្រកាសថា ព្រះអង្គជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា
—សូមព្រះអង្គស្វាគមន៍បងប្អូនយើងខ្ញុំ ដែលបានទទួលមរណភាពទៅហើយ ឱ្យចូលទៅក្នុងអំណរសប្បាយនៃព្រះរាជ្យអស់កល្បជានិច្ចផង។ (បន្ទរ)

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះបុត្រាតែមួយរបស់ព្រះអង្គបូជាព្រះជន្មនៅលើឈើឆ្កាង ដើម្បីសង្គ្រោះមនុស្សគ្រប់ជាតិសាសន៍។ ដូចយើងខ្ញុំបានយល់ពីគម្រោងការដ៏អស្ចារ្យនេះ នៅលើផែនដីយ៉ាងណា សូមព្រះអង្គប្រោសឱ្យយើងខ្ញុំទទួលការសង្គ្រោះ ក្នុងស្ថានបរមសុខយ៉ាងនោះដែរ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

48 Views

Theme: Overlay by Kaira