ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរ៖ នេះ​ហើយ​ជា​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ ដែល​ព្រះ‌ជាម្ចាស់​បាន​លាក់​ទុក តាំង​ពី​យូរ​អង្វែង​ត​រៀង​មក មិន​ឲ្យ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់​ឡើយ តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ប្រជាជន​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​ស្គាល់។

បន្ទរ៖ ព្រះគ្រីស្តយេស៊ូបានយាងមកនាំដំណឹងល្អ អំពីសេចក្តីសុខសាន្តទៅដល់អស់អ្នកដែលនៅឆ្ងាយ និងអស់អ្នកដែលនៅជិត។

បន្ទរ៖ យើងបានតែងតាំង​អ្នក ឲ្យ​ធ្វើ​ជា​ពន្លឺសម្រាប់​បំភ្លឺ​ប្រជាជាតិ​នានា ហើយ​នាំ​ការ​សង្គ្រោះ​របស់​យើង រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី។

ប្រជាជន​ទាំង‌ឡាយ​អើយ ចូរ​ទះ​ដៃ​អបអរ‌សាទរ!
ចូរ​ច្រៀង​តម្កើង​ព្រះ‌ជាម្ចាស់ដោយ​សប្បាយ​រីក‌រាយ!
ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ព្រះ‌អង្គ​ជា​ទី​កោត​ស្ញប់‌ស្ញែង​ក្រៃ‌លែង
ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រ​ដ៏​ឧត្ដមដែល​គ្រង​រាជ្យ​លើ​ផែន‌ដី​ទាំង​មូល។
ព្រះ‌អង្គ​បាន​បង្ក្រាប​ជាតិ​សាសន៍​នានាឲ្យ​ធ្វើ​ជា​ចំណុះ​យើង
ហើយ​ដាក់​ប្រជា‌ជាតិ​នានាឲ្យ​ស្ថិត​នៅ​ក្រោម​អំណាច​យើង។
ព្រះ‌អង្គ​បាន​ជ្រើស‌រើស​ទឹក​ដីឲ្យ​យើង​ទុក​ជា​មត៌ក ធ្វើឲ្យ​យើង​ខ្ពស់​មុខ​ក្រៃ‌លែង
គឺ​យើង​ជា​ពូជ‌ពង្ស​លោក​យ៉ាកុបដែល​ព្រះ‌អង្គ​ស្រឡាញ់។
ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​យាង​ឡើង​ទៅ​ភ្នំ​ស៊ីយ៉ូន ក្រោម​សំឡេង​អបអរ‌សាទរ​យ៉ាង​ខ្ញៀវ‌ខ្ញារ
ព្រះ‌អម្ចាស់​យាង​ទៅ​មុខ អម​ដោយ​សំឡេង​ត្រែ។
ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌ជាម្ចាស់!
ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុក‌តម្កើងថ្វាយ​ព្រះ‌មហា​ក្សត្រ​នៃ​យើង!
ដ្បិត​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌មហា​ក្សត្រនៃ​ផែន‌ដី​ទាំង​មូល
ចូរ​នាំ​គ្នា​ស្មូត្រ​កំណាព្យ​ថ្វាយ​ព្រះ‌អង្គ​ទៅ!។
ព្រះ‌ជាម្ចាស់​គ្រង​រាជ្យ​លើ​ប្រជា‌ជាតិ​នានា
ព្រះ‌អង្គ​គង់​នៅ​លើ​បល្ល័ង្ក​ដ៏‌វិសុទ្ធ។
១០អ្នក​ដឹក​នាំ​របស់​ប្រជា‌ជាតិ​នានា មក​ជួប‌ជុំគ្នាជា​មួយ​ប្រជាជន​នៃ​ព្រះ​របស់​លោក​អប្រា‌ហាំ
ដ្បិត​អ្នក​ដឹក​នាំ​ផែន‌ដី​ទាំង​មូលស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​ជា​ម្ចាស់​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

(បទព្រហ្មគីតិ)

១-ឱព្រះអម្ចាស់អើយកុំកន្តើយផ្ទៀងព្រះកាណ៌
ស្តាប់ស័ព្ទខ្ញុំវាចាហើយមេត្តាតបវិញផង
ដ្បិតខ្ញុំជាមនុស្សកម្សត់ខុសគេទាំងពួង
ទុរគតពេកកន្លងតោកយ៉ាកផងរាល់វេលា
២-សូមរក្សាជីវិតឲ្យខ្ញុំស្ថិតផុតគ្រាំគ្រា
ដ្បិតខ្ញុំត្រង់ល្អជាស្ម័គ្រគ្រប់គ្រាគ្មានគេចកែ
សូមមេត្តាសង្គ្រោះដ្បិតខ្ញុំស្មោះឥតប្រួលប្រែ
ជាបម្រើនៅក្បែរពឹងផ្អែកតែលើម្ចាស់ថ្លៃ
៣-ឱព្រះអម្ចាស់អើយអាណិតហើយសូមប្រណី
ខ្ញុំស្រែកទូលរាល់ថ្ងៃរកព្រះអង្គមិនឈប់ឈរ
៤-ឱព្រះអម្ចាស់អើយសូមប្រោសឲ្យបម្រើល្អ
មានសប្បាយអំណរតម្រង់រកព្រះអម្ចាស់
៥-បពិត្រព្រះម្ចាស់ខ្ញុំព្រះឧត្តមសប្បុរសណាស់
អត់ឱនមិនថ្កោលទោសតែងសន្តោសខ្ញុំបរិបូណ៌
ព្រះអង្គតែងអាណិតអ្នកផ្តេកផ្តិតទ្រង់អាសូរ
អ្នកដែលដង្ហោយថ្ងូរហៅព្រះអង្គមកសង្គ្រោះ
៦-ឱព្រះអម្ចាស់អើយទ្រង់ផ្ទៀងហើយសូមសន្តោស
ពាក្យខ្ញុំស្រែករកនោះសូមទ្រង់ប្រោសរូបខ្ញុំផង
៧-នៅថ្ងៃមានអាសន្នខ្ញុំបែរបន់មិនរំលង
អង្វររកព្រះអង្គទ្រង់ឆ្លើយត្រង់តបមកខ្ញុំ
៨-ឱព្រះជាអម្ចាស់ទ្រង់ជាព្រះដ៏ឧត្តម
ព្រះអង្គសែនសក្តិសមគ្មានព្រះធំដូចទ្រង់ឡើយ
៩-បពិត្រព្រះអម្ចាស់គ្រប់ជាតិសាសន៍ដែលកើតហើយ
គេនឹងមិនកន្តើយតម្កើងកើយនាមព្រះអង្គ
១០-ព្រោះដ្បិតទ្រង់ជាព្រះដ៏ខ្ពង់ខ្ពស់អស្ចារ្យផ្ចង់
នោះគឺមានតែទ្រង់ដែលជាអង្គលើលោកា
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច
ចូរ​ច្រៀង​បទ​ថ្មីថ្វាយ​ព្រះ‌អម្ចាស់! ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើការ​អស្ចារ្យ
ព្រះ‌អង្គ​យក​ជ័យ‌ជម្នះ​ដោយ​ឫទ្ធិ‌បារមី និង​ព្រះ‌ចេស្ដា​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។
ព្រះ‌អម្ចាស់​បាន​បង្ហាញ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​ប្រជា‌ជាតិ​នានា ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។
ព្រះ‌អង្គ​តែង‌តែ​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រចំពោះ​កូន​ចៅ​អ៊ីស្រា‌អែល​ជា‌និច្ច។
មនុស្ស‌ម្នា​ដែល​រស់​នៅ​គ្រប់​ទីដាច់​ស្រយាល​នៃ​ផែន‌ដី បាន​ឃើញ​ការ​សង្គ្រោះ​នៃ​ព្រះ​របស់​យើង។
មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​អើយ
ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់​ដោយ​អំណរ !
ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ព្រម​ទាំង​ស្មូត្រ​ទំនុក‌តម្កើង!
ចូរ​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​ដេញ​ពិណ
គឺ​ដេញ​ពិណ​លើក​ទំនុក​យ៉ាង​ពីរោះ
ចូរ​លើក​តម្កើង​ព្រះ‌អង្គ​ដោយ​ផ្លុំ​ត្រែ និង​ផ្លុំ​ស្នែង
ចូរ​បន្លឺសំឡេង​តម្កើង​ព្រះ‌អម្ចាស់ជា​ព្រះ‌មហា​ក្សត្រ!
សមុទ្រ និង​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ ហើយ​ផែន‌ដី និង​អ្វីៗ​ដែល​រស់​នៅ​លើ​ផែន‌ដី
ចូរ​នាំ​គ្នា​បន្លឺសំឡេង​យ៉ាង​អឺង‌កង!
ទន្លេ​ទាំង‌ឡាយ ចូរ​អបអរ‌សាទរភ្នំ​ទាំង‌ឡាយ ចូរ​ស្រែក​ហ៊ោ​ព្រមៗ​គ្នា​ឡើង
នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​យាង​មក​គ្រប់‌គ្រង​ផែន‌ដី
ព្រះ‌អង្គ​គ្រប់‌គ្រង​ផែន‌ដី​ដោយ​យុត្តិធម៌ ព្រះ‌អង្គ​គ្រប់‌គ្រង​ប្រជាជន​ទាំង‌ឡាយដោយ​ទៀង​ត្រង់។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ នេះ​ហើយ​ជា​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ ដែល​ព្រះ‌ជាម្ចាស់​បាន​លាក់​ទុក តាំង​ពី​យូរ​អង្វែង​ត​រៀង​មក មិន​ឲ្យ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់​ឡើយ តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ប្រជាជន​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​ស្គាល់។

បន្ទរ៖ ព្រះគ្រីស្តយេស៊ូបានយាងមកនាំដំណឹងល្អ អំពីសេចក្តីសុខសាន្តទៅដល់អស់អ្នកដែលនៅឆ្ងាយ និងអស់អ្នកដែលនៅជិត។

បន្ទរ៖ យើងបានតែងតាំង​អ្នក ឲ្យ​ធ្វើ​ជា​ពន្លឺសម្រាប់​បំភ្លឺ​ប្រជាជាតិ​នានា ហើយ​នាំ​ការ​សង្គ្រោះ​របស់​យើង រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) វវ ១៥,៤

«បពិត្រ​ព្រះ‌អម្ចាស់! តើ​មាន​នរណា​មិន​គោរព​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ! តើ​នរណា​មិន​លើក​តម្កើង​សិរី‌រុង​រឿង​នៃ​ព្រះ‌នាម​ព្រះ‌អង្គ! ដ្បិត​មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ជា​ព្រះ​ដ៏‌វិសុទ្ធ។ មនុស្ស​គ្រប់​ជាតិ​សាសន៍នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ដ្បិត​គេ​បាន​ឃើញ​ច្បាស់​ថា ព្រះ‌អង្គវិនិច្ឆ័យ​ដោយ​យុត្តិធម៌»។

បន្ទរ៖ ព្រះអង្គបានទតមកផែនដី។
—ព្រះអង្គជាបុរសម្នាក់ក្នុងចំណោមបុរសទាំងឡាយ។
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) អស ៤៩,៦

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: អ្នក​មិន​គ្រាន់​តែ​ជា​អ្នក​បម្រើ ដែល​ណែ‌នាំ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅរបស់​លោក​យ៉ាកុប​ឲ្យ​ងើប​ឡើង និង​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់ឲ្យ​វិល​មក​វិញ​ប៉ុណ្ណោះ​ទេ គឺ​យើង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺសម្រាប់​បំភ្លឺ​ប្រជា‌ជាតិ​ទាំង‌ឡាយ ហើយ​នាំ​ការ​សង្គ្រោះ​របស់​យើងរហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី។

បន្ទរ៖ ប្រជាជាតិទាំងអស់នឹងឃើញសិរីរុងរឿងនៃព្រះដ៏វិសុទ្ធរបស់អ្នករាល់គ្នា។
—ហើយស្តេចទាំងឡាយនៅលើផែនដី នឹងទទួលស្គាល់ព្រះចេស្តារបស់ព្រះអង្គ។
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) សក ២,១៥

«នៅ​ថ្ងៃ​នោះ ប្រជា‌ជាតិ​ជា​ច្រើននឹង​ជំពាក់​ចិត្ត​លើ​យើង ជា​ព្រះ‌អម្ចាស់ ហើយ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង តែ​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក»។ ពេល​នោះ អ្នក​នឹង​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលបាន​ចាត់​ខ្ញុំ​ឲ្យ​មក​រក​អ្នក។

បន្ទរ៖ ប្រជាជនទាំងឡាយអើយ! ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង។
—ចូរច្រៀងសរសើរតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ។
ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គចាត់ព្រះបុត្រាឲ្យយាងមកបំភ្លឺមនុស្សគ្រប់ជាតិគ្រប់សាសន៍ ដើម្បីស្គាល់ព្រះអង្គ និងឲ្យស្គាល់ពីតម្លៃដ៏ខ្ពង់ខ្ពស់នៃជីវិតរបស់ខ្លួន។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំ ឲ្យខិតខំស្វែងរកសេចក្តីពិត និងពង្រឹងជំនឿរបស់យើងខ្ញុំជានិច្ច។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!

60 Views

Theme: Overlay by Kaira