បុណ្យគ្រួសារដ៏វិសុទ្ធរបស់ព្រះយេស៊ូ
(បុណ្យគោរព)
(ពេលល្ងាចទី១)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៣
បន្ទរទី១៖ លោកយ៉ាកុបជាឪពុករបស់លោកយ៉ូសែប ដែលជាស្វាមីរបស់នាងម៉ារី។ នាងម៉ារីសម្រាលបានព្រះយេស៊ូដែលថ្វាយព្រះនាមថា៖ “ព្រះគ្រីស្ត” ។
១ | ចូរសរសើរតម្កើងព្រះអម្ចាស់! អ្នកបម្រើរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! ចូរនាំគ្នាសរសើរតម្កើងព្រះនាមព្រះអម្ចាស់! |
២ | ចូរលើកតម្កើងព្រះនាមព្រះអម្ចាស់តាំងពីពេលនេះរហូតតទៅ! |
៣ | តាំងពីពេលថ្ងៃរះ រហូតទល់ថ្ងៃលិច ចូរសរសើរតម្កើងព្រះនាមរបស់ព្រះអម្ចាស់! |
៤ | ព្រះអម្ចាស់គង់នៅពីលើប្រជាជាតិទាំងឡាយ សិរីរុងរឿងរបស់ព្រះអង្គខ្ពស់ជាងផ្ទៃមេឃទៅទៀត។ |
៥ | តើមាននរណាអាចផ្ទឹមស្មើនឹងព្រះអម្ចាស់ជាព្រះរបស់យើងបាន? ព្រះអង្គគង់នៅលើស្ថានដ៏ខ្ពស់បំផុត |
៦ | ព្រះអង្គទតមើលមកផ្ទៃមេឃ និងផែនដី ដែលនៅខាងក្រោមព្រះអង្គ។ |
៧ | ព្រះអង្គលើកមនុស្សទន់ខ្សោយឡើងពីធូលីដី ព្រះអង្គលើកមនុស្សទុរគតឡើងពីភក់ជ្រាំ |
៨ | ដើម្បីឲ្យគេកាន់កាប់អំណាចរួមជាមួយពួកអ្នកធំ គឺរួមជាមួយពួកអ្នកធំនៅក្នុងចំណោមប្រជារាស្ដ្ររបស់ព្រះអង្គ។ |
៩ | ព្រះអង្គប្រទានឲ្យស្ត្រីអារមានកូន ឲ្យនាងរស់នៅក្នុងផ្ទះយ៉ាងសប្បាយ ជាមួយកូនៗរបស់នាង។ អាលេលូយ៉ា! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ លោកយ៉ាកុបជាឪពុករបស់លោកយ៉ូសែប ដែលជាស្វាមីរបស់នាងម៉ារី។ នាងម៉ារីសម្រាលបានព្រះយេស៊ូដែលថ្វាយព្រះនាមថា៖ “ព្រះគ្រីស្ត” ។
ទំនុកតម្កើងលេខ ១៤៧,១២-២០
បន្ទរទី២៖ ឱលោកយ៉ូសែប ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមកុំខ្លាចនឹងយកនាងម៉ារីធ្វើជាភរិយាឡើយ។ បុត្រដែលនៅក្នុងផ្ទៃនាងកើតមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។
(បទព្រហ្មគីតិ)
១២- | ក្រុងយេរូសាឡឹម | កុំស្ងាត់ស្ងៀមនៅរេរង់ | |
ព្រមទាំងក្រុងស៊ីយ៉ូន | ចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់ | ។ | |
១៣- | ដ្បិតព្រះអង្គការពារ | អ្នករាល់គ្នាបានសុខណាស់ | |
ទ្រង់ឲ្យពរដល់រាស្រ្ត | ដែលរស់ពាសពេញទីក្រុង | ។ | |
១៤- | ទ្រង់ប្រទានទឹកដី | មានសេរីសុខត្រចង់ | |
សន្តិភាពគ្រប់ជ្រុង | ស្រូវបម្រុងច្រើនមហិមា | ។ | |
១៥- | នៅលើផ្ទៃផែនដី | ស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា | |
ផ្សព្វផ្សាយគ្រប់ទិសា | ពីបញ្ជាព្រះអម្ចាស់ | ។ | |
១៦- | ព្រះអង្គឲ្យទឹកកក | ធ្លាក់ចុះមកច្រើនដេរដាស | |
សន្សើមត្រជាក់ណាស់ | ក៏ធ្លាក់ចុះតាមបញ្ជា | ។ | |
១៧- | ព្រះអង្គធ្វើឲ្យព្រឹល | ធ្លាក់មិនខ្ជិលច្រើនមហិមា | |
ឲ្យមានធាតុរងា | តើនរណាអាចទ្រាំបាន? | ។ | |
១៨- | ពេលទ្រង់មានបន្ទូល | ធ្វើឲ្យព្រឹលទាំងប៉ុន្មាន | |
ទឹកកកគ្រប់ទីស្ថាន | រលាយបានជាទឹកអស់ | ។ | |
ធ្វើឲ្យមានទាំងខ្យល់ | បោកវិលវល់មិនឈប់សោះ | ||
បក់យកទឹកទាំងនោះ | ហូរតាមជ្រោះទៅមិនសល់ | ។ | |
១៩- | ទ្រង់សម្តែងឲ្យពូជ | លោកយ៉ាកុបស្តាប់បន្ទូល | |
ក្រឹត្យវិន័យនិមល | ឲ្យអ៊ីស្រាអែលបានដឹង | ។ | |
២០- | ព្រះអង្គពុំបញ្ជា | សព្វកិច្ចការអស់ទាំងហ្នឹង | |
ឲ្យជាតិសាសន៍ផ្សេងដឹង | វិន័យទ្រង់នោះសោះឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ ឱលោកយ៉ូសែប ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមកុំខ្លាចនឹងយកនាងម៉ារីធ្វើជាភរិយាឡើយ។ បុត្រដែលនៅក្នុងផ្ទៃនាងកើតមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។
បទលើកតម្កើងតាមលិខិតអេភេសូ ១,៣-១០
បន្ទរទី៣៖ ពួកគង្វាលចេញទៅយ៉ាងប្រញាប់ប្រញាល់ ឃើញនាងម៉ារី និងលោកយ៉ូសែប ព្រមទាំងព្រះឱរសផ្ទំក្នុងស្នូកសត្វ។
៣ | សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។ |
៤ | ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។ |
៥ | ព្រះអង្គបានតម្រូវយើងទុកជាមុន ឲ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ |
៦ | ដើម្បីឲ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្ដោស ដែលព្រះអង្គបានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ |
៧ | ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឲ្យយើងបានរួចពីបាប តាមព្រះហឫទ័យប្រណីសន្ដោសដ៏លើសលប់របស់ព្រះអង្គ។ |
៨ | ព្រះជាម្ចាស់ប្រណីសន្ដោសយើងយ៉ាងខ្លាំងបំផុត គឺព្រះអង្គប្រទានឲ្យយើងមានតម្រិះ និងប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។ |
៩ | ព្រះអង្គបានប្រោសឲ្យយើងស្គាល់គម្រោងការដ៏លាក់កំបាំងនៃព្រះហឫទ័យរបស់ព្រះអង្គ តាមបំណងដ៏សប្បុរស ដែលព្រះអង្គបានសម្រេចទុកជាមុនដោយព្រះអង្គផ្ទាល់។ |
១០ | ព្រះអង្គចាត់ចែងគម្រោងការនេះឲ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី ឲ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្ត ជាម្ចាស់តែមួយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ពួកគង្វាលចេញទៅយ៉ាងប្រញាប់ប្រញាល់ ឃើញនាងម៉ារី និងលោកយ៉ូសែប ព្រមទាំងព្រះឱរសផ្ទំក្នុងស្នូកសត្វ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ករ ៨,៩)
ដ្បិតបងប្អូនស្គាល់ព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអម្ចាស់យេស៊ូគ្រីស្តស្រាប់ហើយ គឺព្រះអង្គមានសម្បត្តិដ៏ច្រើន ព្រះអង្គបានដាក់ខ្លួនមកជាអ្នកក្រ ព្រោះតែបងប្អូន ដើម្បីឲ្យបងប្អូនបានទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គ។
បន្ទរ៖ ព្រះបន្ទូលបានប្រសូតមកជាមនុស្ស *ហើយគង់នៅក្នុងចំណោម យើងរាល់គ្នា។ បន្ទរឡើងវិញ៖…
—យើងទាំងអស់គ្នាបានទទួលព្រះហឫទ័យប្រណីសន្ដោសមិនចេះអស់ មិនចេះហើយ ពីគ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ព្រះកុមារយេស៊ូគង់នៅក្រុងយេរូសាឡឹមនៅឡើយ តែមាតាបិតាពុំបានដឹងទេ។ គាត់នឹកស្មានថា ព្រះកុមារគង់នៅក្នុងចំណោមអស់អ្នកដែលរួមដំណើរជាមួយគ្នា ទើបគាត់នាំគ្នាដើររកព្រះកុមារក្នុងចំណោមញាតិមិត្តទាំងអស់ ។
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ ព្រះកុមារយេស៊ូគង់នៅក្រុងយេរូសាឡឹមនៅឡើយ តែមាតាបិតាពុំបានដឹងទេ។ គាត់នឹកស្មានថា ព្រះកុមារគង់នៅក្នុងចំណោមអស់អ្នកដែលរួមដំណើរជាមួយគ្នា ទើបគាត់នាំគ្នាដើររកព្រះកុមារក្នុងចំណោមញាតិមិត្តទាំងអស់ ។
ពាក្យអង្វរសកល
ចូរយើងកោតសរសើរព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ។ ព្រះអង្គបានបន្ទាបអង្គទ្រង់ មកយកកំណើតជាកូនប្រុសក្នុងគ្រួសារមួយ។ ចូរយើងប្រកាសថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់! ព្រះអង្គជាគំរូ និងជាព្រះសង្រ្គោះនៃអ្វីៗទាំងអស់។
បពិត្រព្រះគ្រីស្ត ! ដោយព្រះអង្គសព្វព្រះហឫទ័យស្ថិតនៅក្រោម អំណាចរបស់នាងម៉ារី និងលោកយ៉ូសែប
—សូមព្រះអង្គប្រៀនប្រដៅមនុស្សទាំងអស់ ឱ្យចេះស្តាប់បង្គាប់ និងគោរពតាមច្បាប់របស់អាជ្ញាធរផង។ (បន្ទរ)
ព្រះអង្គបានស្រឡាញ់មាតាបិតារបស់ព្រះអង្គ ហើយព្រះអង្គក៏បានទទួលសេចក្តីស្រឡាញ់ពីពួកគាត់វិញដែរ
—សូមព្រះអង្គពង្រឹងក្រុមគ្រួសាររបស់យើងខ្ញុំឱ្យចេះស្រឡាញ់គ្នា និងរួមរស់ជាមួយគ្នាដោយសេចក្តីសុខសាន្តផង។ (បន្ទរ)
ព្រះអង្គមានចិត្តខ្នះខ្នែងធ្វើតាមព្រះហឫទ័យនៃព្រះបិតា
—សូមឱ្យព្រះកិត្តិនាមរបស់ព្រះអង្គ ត្រូវគេលើកតម្កើងនៅគ្រប់ក្រុមគ្រួសារ។ (បន្ទរ)
បពិត្រព្រះគ្រីស្ត! បីថ្ងៃក្រោយមក មាតាបិតារបស់ព្រះអង្គបានឃើញព្រះអង្គនៅក្នុងព្រះដំណាក់នៃព្រះបិតា
—សូមព្រះអង្គប្រៀនប្រដៅមនុស្សទាំងអស់ ឱ្យចេះស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់ជាមុនសិន។ (បន្ទរ)
បពិត្រព្រះគ្រីស្ត! ព្រះអង្គបានធ្វើឱ្យនាងម៉ារី និងលោកយ៉ូសែប ក្លាយទៅជាអ្នករួមចំណែកទទួលសិរីរុងរឿងនៅស្ថានបរមសុខ
—សូមព្រះអង្គទទួលយកមរណបុគ្គលទាំងឡាយ ឱ្យចូលទៅក្នុងក្រុមគ្រួសារដ៏វិសុទ្ធផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះបិតាជាអម្ចាស់អើយ ! ព្រះអង្គសព្វព្រះហឫទ័យប្រទានគំរូដ៏អស្ចារ្យនៃគ្រួសារដ៏វិសុទ្ធដល់យើងខ្ញុំ។ សូមព្រះអង្គប្រោសឲ្យយើងខ្ញុំយក តម្រាប់តាមរបៀបរស់នៅរបស់គ្រួសារព្រះយេស៊ូ ដោយមានចិត្តស្រឡាញ់ ហើយថ្ងៃណាមួយ សូមឲ្យយើងខ្ញុំមានអំណរសប្បាយអស់កល្បជានិច្ច ក្នុងគ្រួសារតែមួយរបស់ព្រះអង្គ។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។