(បុណ្យរំឭកចាំបាច់)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១ ៖ ទោះ​បី​មាស​ប្រាក់ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​តម្លៃស្មើនឹង​វិន័យ​របស់​ព្រះ‌អង្គ​ដែរ។

៦៥ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង។
៦៦សូម​បង្រៀន​ទូល‌បង្គំឲ្យ​ដឹង​ខុស​ត្រូវ មាន​ប្រាជ្ញា ដ្បិត​ទូល‌បង្គំ​ទុក​ចិត្ត​លើ​វិន័យ​របស់​ព្រះ‌អង្គ។
៦៧ពី​មុន​ទូល‌បង្គំ​បាន​វង្វេង ហើយ​រង​ទុក្ខ​វេទនា
ឥឡូវ​នេះ ទូល‌បង្គំ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូលរបស់​ព្រះ‌អង្គ​ហើយ។
៦៨ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ល្អ​សប្បុរស សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ​ស្គាល់​វិន័យរបស់​ព្រះ‌អង្គ!
៦៩មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​បង្ខូច​កេរ្តិ៍​ឈ្មោះ​ទូល‌បង្គំ
តែ​ទូល‌បង្គំ​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ធ្វើតាមច្បាប់​របស់​ព្រះ‌អង្គ​ជា‌និច្ច។
៧០អ្នក​ទាំង​នោះ​ជា​មនុស្ស​អត់​ចិត្ត រីឯ​ទូល‌បង្គំ​វិញ
ទូល‌បង្គំពេញ​ចិត្ត​នឹង​វិន័យរបស់​ព្រះ‌អង្គ​ណាស់។
៧១ទូល‌បង្គំ​រង​ទុក្ខ​វេទនា​ដូច្នេះ ក៏​ប្រពៃ​ម្យ៉ាង​ដែរ
ព្រោះ​ទូល‌បង្គំអាច​រៀន​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។
៧២ចំពោះ​ទូល‌បង្គំ ទោះ​បី​មាស​ប្រាក់ច្រើន​យ៉ាង​ណា​ក៏​ដោយ
ក៏​គ្មាន​តម្លៃ​ស្មើ​នឹង​វិន័យ​របស់​ព្រះ‌អង្គ​ដែរ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ទោះ​បី​មាស​ប្រាក់ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​តម្លៃស្មើនឹង​វិន័យ​របស់​ព្រះ‌អង្គ​ដែរ។

ទំនុកតម្កើងនេះ បង្ហាញពីទុក្ខលំបាករបស់ព្រះគ្រីស្ត (សន្តយេរ៉ូម)។

បន្ទរទី២ ៖ ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់ ហើយ​ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វីឡើយ។

(បទព្រហ្មគីតិ)

២-ឱព្រះម្ចាស់ថ្លាថ្លៃសូមប្រណីហើយមេត្តា
មនុស្សច្រើនណាស់ណាវាយប្រហារទូលបង្គំ
៣-ជារៀងរាល់ខែឆ្នាំសត្រូវចាំចងគំនុំ
ដេញវាយប្រហារខ្ញុំធ្វើឫកធំមកប្រយុទ្ធ
៤-ឱព្រះជាម្ចាស់អើយថ្ងៃនេះហើយខ្ញុំតក់ស្លុត
ភ័យខ្លាចញ័ររន្ធត់ផ្ញើជីវិតលើព្រះអង្គ
៥-ខ្ញុំកោតសរសើរព្រះបន្ទូលច្បាស់មិនដែលឆ្គង
ទុកចិត្តលើព្រះអង្គខ្ញុំគ្មានហ្មងមិនខ្លាចអ្វី
៦-ជារៀងរាល់ថ្ងៃខែគេតែងតែតិះដៀលស្តី
ឱរាខ្ញុំរីងរៃមនុស្សចង្រៃតាមផ្តន្ទា
៧-គេឃ្លាំចាំតាមដានមិនដែលខានរាល់វេលា
រកឱកាសផ្តន្ទាចង់ប្រហារខ្ញុំឱ្យក្ស័យ
៩-ព្រះអង្គជ្រាបយ៉ាងច្បាស់ខ្ញុំរងទុក្ខទោសឥតស្បើយ
ទ្រង់ជ្រាបមិនកន្តើយទឹកភ្នែកខ្ញុំរាល់វេលា
១០-ថ្ងៃខ្ញុំស្រែករកព្រះជាអម្ចាស់លើលោកា
សត្រូវថយគ្រប់គ្នាខ្ញុំដឹងថាព្រះជួយខ្ញុំ
១១-ខ្ញុំកោតខ្លាចខ្លាំងណាស់សន្យាច្បាស់ឥតបន្លំ
ព្រះបន្ទូលរងំធ្វើឱ្យខ្ញុំស្ញប់ស្ញែងក្រៃ
១២-ខ្ញុំទុកចិត្តលើព្រះជាអម្ចាស់រៀងរាល់ថ្ងៃ
មនុស្សដែលតែងតែក្ស័យអាចធ្វើអ្វីរូបខ្ញុំបាន?
១៣-ឱព្រះជាម្ចាស់អើយពេលនេះហើយមិនហ៊ានខាន
ថ្វាយតង្វាយប៉ុន្មានដែលខ្ញុំបានពោលបែរបន់
១៤-ដ្បិតទ្រង់បានរំដោះខ្ញុំឱ្យរស់រានមានជន្ម
ការពារគ្រាអាសន្នមិនឱ្យមានអ្វីរំខាន
ឱ្យខ្ញុំបានដើរឆ្ពោះរកភក្ត្រព្រះដោយសុខសាន្ត
ក្រោមពន្លឺថ្កើងថ្កានបំភ្លឺស្ថានមនុស្សលោក
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់ ហើយ​ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វីឡើយ។

ក្នុងទំនុកតម្កើងនេះ ប្រាប់យើងអំពីទុក្ខលំបាករបស់ព្រះអម្ចាស់ (សន្តអូគូស្ទីន)។

បន្ទរទី៣ ៖ បពិត្រព្រះអម្ចាស់ ! ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ។

ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំ
សូមអាណិតមេត្តាទូលបង្គំផង! ដ្បិតទូលបង្គំមកពឹងផ្អែកលើព្រះអង្គហើយ
ទូលបង្គំសូមជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ រហូតទាល់តែទុក្ខលំបាកនេះកន្លងផុតទៅ។
ខ្ញុំស្រែកហៅរកព្រះដ៏ខ្ពង់ខ្ពស់បំផុត
គឺព្រះជាម្ចាស់ដែលប្រោសប្រទានមកខ្ញុំ នូវអ្វីៗដែលខ្ញុំត្រូវការ។
សូមព្រះអង្គប្រទានការសង្គ្រោះពីស្ថានបរមសុខមកខ្ញុំ
សូមព្រះអង្គវាយប្រហារអស់អ្នកដែលបៀតបៀនខ្ញុំ
សូមព្រះជាម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្រ
ខ្មាំងសត្រូវនាំគ្នាឡោមព័ទ្ធខ្ញុំ ប្រៀបដូចជាសិង្ហដែលប្រុងស៊ីសាច់មនុស្ស
ធ្មេញរបស់គេប្រៀបដូចជាលំពែង និងព្រួញ អណ្តាតរបស់គេដូចដាវដ៏មុត។
ឱព្រះជាម្ចាស់អើយ!
សូមសម្តែងភាពថ្កុំថ្កើងឧត្តុង្គឧត្តមរបស់ព្រះអង្គនៅលើផ្ទៃមេឃ
សូមឱ្យសិរីរុងរឿងរបស់ព្រះអង្គភ្លឺចែងចាំងនៅលើផែនដីទាំងមូល។
សត្រូវរបស់ទូលបង្គំ នាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ ធ្វើឱ្យទូលបង្គំអស់សង្ឃឹម។
ពួកគេជីករណ្តៅនៅពីមុខទូលបង្គំ តែខ្លួនគេផ្ទាល់បានធ្លាក់ទៅក្នុងរណ្តៅនោះ។
បពិត្រព្រះជាម្ចាស់! ទូលបង្គំទុកចិត្តលើព្រះអង្គ
ទូលបង្គំទុកចិត្តលើព្រះអង្គទាំងស្រុង
ទូលបង្គំនឹងច្រៀង ទូលបង្គំនឹងស្មូតទំនុកតម្កើង
ឱព្រលឹងខ្ញុំអើយ! ចូរភ្ញាក់ឡើង!
ចូរពិណ និងឃឹមរបស់ខ្ញុំអើយ! ចូរបន្លឺសំឡេងឡើង
ខ្ញុំនឹងដាស់ព្រះអាទិត្យឱ្យរះឡើង
១០បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ
ទូលបង្គំនឹងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ ក្នុងចំណោមប្រជាជាតិនានា
១១ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គខ្ពស់រហូតដល់ផ្ទៃមេឃ
ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គខ្ពស់ដល់អាកាសវេហាស៍។
១២ឱព្រះជាម្ចាស់អើយ!
សូមបង្ហាញភាពថ្កុំថ្កើងឧត្តុង្គឧត្តមរបស់ព្រះអង្គនៅលើផ្ទៃមេឃ
សូមឱ្យសិរីរុងរឿងរបស់ព្រះអង្គភ្លឺចែងចាំងនៅលើផែនដីទាំងមូល។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) កក ៥,១៧-២០

ពេល​នោះ លោក​មហា‌បូជា‌ចារ្យ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ទាំង​ប៉ុន្មាន គឺ​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី មាន​ចិត្ត​ក្ដៅ​ក្រហាយ​ជា​ខ្លាំង។ គេ​លើក​គ្នា​មក​ចាប់​ក្រុម​គ្រីស្ដទូត យក​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​សាធារណៈ។ លុះ​ដល់​យប់ មាន​ទេវទូតរបស់​ព្រះ‌អម្ចាស់មក​បើក​ទ្វារ​ពន្ធ‌នាគារ​ឱ្យ​ក្រុម​គ្រីស្ដ‌ទូត​ចេញ ទាំង​ពោល​ថា៖ «សូម​អញ្ជើញ​ទៅ​ឈរ​ក្នុង​ព្រះ‌វិហារ ហើយ​ប្រកាស​ព្រះ‌បន្ទូល​ទាំង​អស់​ដែល​ផ្ដល់​ជីវិត​នេះ​ឱ្យ​ប្រជាជន​ស្ដាប់​ទៅ»។

បន្ទរ៖ ទូលបង្គំច្រៀងថ្វាយ​ព្រះអង្គនៅ​ចំពោះ​មុខ​ពពួក​ទេវទូត។
—ទូលបង្គំក្រាប​នៅ​ក្នុង​ព្រះវិហារ​ដ៏វិសុទ្ធរបស់​ព្រះអង្គ ហើយ​ទូលបង្គំលើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ។
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) កក ១២,៧

ពេល​នោះ ទេវទូតរបស់​ព្រះ‌អម្ចាស់​មក​ដល់ ហើយ​មាន​ពន្លឺភ្លឺក្នុង​ទីឃុំ‌ឃាំង។ ទេវទូត​ដាស់​លោក​សិលា​ដោយ​កេះ​លោក​ពី​ចំហៀង ទាំង​ពោល​ថា៖ «សូម​ក្រោក​ឡើង​ជា​ប្រញាប់!»។ ច្រវាក់​ក៏​របូត​ធ្លាក់​ពី​ដៃ​លោក។

បន្ទរ៖ ព្រះ‌អម្ចាស់​បាន​ចាត់​ទេវទូត​របស់​ព្រះ‌អង្គ​មក​ដោះ​លែង​ខ្ញុំ
—ឱ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ហេរ៉ូដ។
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) កក ១០,៣-៥

ថ្ងៃ​មួយ ប្រមាណ​ជា​ម៉ោង​បី​រសៀល គាត់​បាន​និមិត្ត​ឃើញ​ទេវទូត​មួយ​រូប​របស់​ព្រះ‌ជាម្ចាស់​យ៉ាង​ច្បាស់ ទេវទូត​នោះ​ចូល​មក​ផ្ទះ​គាត់ ហៅ​គាត់​ថា៖ «លោក​គ័រនេល្យូស​អើយ!»។ លោក​គ័រនេល្យូស​សម្លឹង​មើល​ទៅ​ទេវទូត ហើយ​មាន​ប្រសាសន៍​ទៅ​វិញ ទាំង​ភ័យ​ខ្លាច​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​មាន​ការ​អ្វី?»។ ទេវទូត​ពោល​មក​គាត់​ថា៖ «ព្រះ‌ជាម្ចាស់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​លោក​ហើយ ព្រះ‌អង្គ​ក៏​ជ្រាប​អំពី​ទាន​របស់​លោក​ដែរ ព្រះ‌អង្គ​មិន​ភ្លេច​ទេ។ សុំ​លោក​ចាត់​គេ​ឱ្យ​ទៅ​ក្រុង​យ៉ុប‌ប៉េ ឥឡូវ​នេះ អញ្ជើញ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ហៅ​សិលា​មក។

បន្ទរ៖ ពាក្យ​អធិស្ឋាន​របស់​ប្រជាជន​ដ៏‌វិសុទ្ធ កើនឡើងដូចជាផ្សែងគ្រឿងក្រអូប
—ដែលហុយ​ចេញ​ពី​ដៃ​ទេវទូត នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះជាម្ចាស់។
ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គដែលមានឧបការគុណហួសពីការស្មានសព្វព្រះហឫទ័យចាត់ទេវទូតដ៏វិសុទ្ធមកការពារយើងខ្ញុំ។ ពេលព្រះអង្គសណ្តាប់ឮសម្រែកទូលអង្វររបស់យើងខ្ញុំ សូមទ្រង់មេត្តាការពារយើងខ្ញុំគ្រប់ ពេលវេលា តាមរយៈទេវទូតរបស់ព្រះអង្គ និងប្រោសឱ្យយើងខ្ញុំមានអំណរសប្បាយអស់កល្បជានិច្ច រួមជាមួយទេវទូតដ៏វិសុទ្ធទាំងឡាយ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់ !
សូមអរព្រះគុណព្រះជាម្ចាស់ !

30 Views

Theme: Overlay by Kaira