ថ្ងៃអង្គារ ក្រោយបុណ្យព្រះយេស៊ូសម្តែងព្រះអង្គ
ថ្ងៃអង្គារ (ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៤៩
កុំទុកចិត្តលើទ្រព្យសម្បត្តិ!
“អ្នកមានពិបាកចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខណាស់” (មថ ១៩,២៣)។
បន្ទរទី១ ៖ អ្នករាល់គ្នាពុំអាចគោរពបម្រើព្រះជាម្ចាស់ផង ហើយគោរពបម្រើទ្រព្យសម្បត្តិទុកជាព្រះផងបានឡើយ។
(ក)
២ | ប្រជាជនទាំងឡាយអើយ ! ចូរនាំគ្នាត្រងត្រាប់ស្តាប់ ! មនុស្សម្នាដែលរស់នៅលើផែនដីទាំងមូលអើយ ! ចូរនាំគ្នាយកចិត្តទុកដាក់ស្តាប់ ! |
៣ | គឺទាំងអ្នកតូច ទាំងអ្នកធំ ទាំងអ្នកមាន ទាំងអ្នកក្រ ! |
៤ | ខ្ញុំនឹងបរិយាយអំពីគតិបណ្ឌិត ខ្ញុំនឹងសម្តែងចេញនូវគោលគំនិតប្រកបដោយប្រាជ្ញា។ |
៥ | ខ្ញុំនឹងផ្ចង់ចិត្តស្តាប់ពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញ ខ្ញុំនឹងដោះស្រាយប្រស្នាទាំងលេងពិណកំដរផង។ |
៦ | នៅគ្រាមានអាសន្ន ឬពេលមានខ្មាំងសត្រូវមកឡោមព័ទ្ធ ខ្ញុំមិនភ័យខ្លាចអ្វីឡើយ។ |
៧ | មនុស្សអាក្រក់តែងតែទុកចិត្តលើទ្រព្យរបស់ខ្លួន គេអួតអាងព្រោះមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ |
៨ | ពុំមាននរណាម្នាក់អាចលោះអ្នកដទៃបានឡើយ ហើយក៏ពុំអាចបង់ថ្លៃថ្វាយព្រះជាម្ចាស់ ដើម្បីលោះជីវិតរបស់ខ្លួនបានដែរ |
៩ | តម្លៃលោះជីវិតរបស់មនុស្សថ្លៃណាស់ ទោះបីជាគេខំបង់ថ្លៃយ៉ាងណាក៏ដោយ ក៏មិនគ្រប់ដែរ។ |
១០ | តើមនុស្សអាចរស់រហូត គេចផុតពីរណ្តៅនៃមច្ចុរាជបានឬ? |
១១ | យើងឃើញច្បាស់ថា អ្នកប្រាជ្ញក៏ដូចជាមនុស្សឆោតល្ងង់ អាប់ឥតប្រាជ្ញាដែរ គេត្រូវតែស្លាប់ទាំងអស់គ្នា ហើយទុកទ្រព្យសម្បត្តិខ្លួនឱ្យអ្នកដទៃ។ |
១២ | ខ្ញុំនឹកក្នុងចិត្តថា គេហដ្ឋានរបស់គេនឹងស្ថិតស្ថេររហូតតទៅ លំនៅដ្ឋានរបស់គេនៅគង់វង្សពីជំនាន់មួយទៅជំនាន់មួយ ហើយដាក់ឈ្មោះដីធ្លីរបស់គេ តាមឈ្មោះរបស់ខ្លួនថែមទៀត។ |
១៣ | មនុស្សដែលមានកិត្តិយសរុងរឿង ពុំអាចគេចផុតពីស្លាប់បានទេ គេនឹងត្រូវបាត់បង់ជីវិត ដូចសត្វតិរច្ឆាន។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ អ្នករាល់គ្នាពុំអាចគោរពបម្រើព្រះជាម្ចាស់ផង ហើយគោរពបម្រើទ្រព្យសម្បត្តិទុកជាព្រះផងបានឡើយ។
បន្ទរទី២ ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា “ចូរប្រមូលទ្រព្យសម្បត្តិទុកនៅស្ថានបរមសុខវិញ” ។
(ខ)
១៤- | អ្នកដែលទុកចិត្ត | លើខ្លួនឯងពិត | នោះគ្មានមារយាទ |
ពេញចិត្តពាក្យខ្លួន | ជាមនុស្សមានស្នៀត | អនាគតទៀត | |
យ៉ាប់យ៉ឺនពេកក្រៃ | ។ | ||
១៥- | អ្នកនោះប្រៀបបាន | ចៀមសត្វតិរច្ឆាន | ដែលគេប្រល័យ |
មច្ចុរាជឃុំគ្រង | វាយឥតសំចៃ | ឃ្វាលរាល់យប់ថ្ងៃ | |
មិនឱ្យឃ្លាតឆ្ងាយ | ។ | ||
រីមនុស្សសុចរិត | នឹងជាន់ឈ្លីពិត | លើរូបរាងកាយ | |
របស់ពួកគេ | រលាយអន្តរាយ | ទៅដល់ទីឆ្ងាយ | |
ក្នុងស្ថានមនុស្សស្លាប់ | ។ | ||
១៦- | ប៉ុន្តែព្រះម្ចាស់ | មានឫទ្ធិខ្លាំងណាស់ | រំដោះខ្ញុំឆាប់ |
ផុតពីអំណាច | នៃសេចក្តីស្លាប់ | ព្រះអង្គប្រញាប់ | |
មកយកខ្ញុំទៅ | ។ | ||
១៧- | ពេលអ្នកឃើញគេ | សម្បត្តិឡើងទ្វេ | កុំបីហ្មងសៅ |
ឃើញទ្រព្យគេច្រើន | ចម្រើនតទៅ | សំងំពួននៅ | |
កុំភ័យខ្លាចអី | ។ | ||
១៨- | នៅពេលគេស្លាប់ | គេពុំអាចចាប់ | យករបស់អ្វី |
អស់ទាំងសម្បត្តិ | ទ្រព្យធនផ្សេងក្តី | ចូលទៅក្នុងដី | |
អ្នកក្ស័យបានឡើយ | ។ | ||
១៩- | ពេលមានជីវិត | គេតែងនឹកគិត | ថាសុខឥតស្បើយ |
ថាខ្លួនគេនឹង | មិនខ្វល់អ្វីឡើយ | អ្នកផងកោតហើយ | |
ដែលគេមានបាន | ។ | ||
២០- | គេគង់នឹងត្រូវ | ធ្លាក់ខ្លួនចុះទៅ | ជួបនឹងសន្តាន |
ជីតាជីដូន | មានទាំងប៉ុន្មាន | ទៅក្នុងទីស្ថាន | |
ដែលគ្មានពន្លឺ | ។ | ||
២១- | អ្នកមានកិត្តិយស | រុងរឿងខ្ពង់ខ្ពស់ | ល្បីល្បាញរន្ទឺ |
មិនយល់អ្វីសោះ | មិនភ័យព្រួយព្រឺ | អ្នកនោះហើយគឺ | |
ដូចសត្វដែលស្លាប់ | ។ | ||
សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា “ចូរប្រមូលទ្រព្យសម្បត្តិទុកនៅស្ថានបរមសុខវិញ” ។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១. ៥,៩-១០.១២)
ទំនុកតម្កើងសម្រាប់ការប្រោសលោះ
បន្ទរទី៣ ៖ កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ទ្រង់សមនឹងទទួលសិរីរុងរឿង និងព្រះកិត្តិនាម។
១១ | “បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ ដោយសារព្រះហឫទ័យរបស់ព្រះអង្គ”។ |
៩ | គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា ៖ “ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។ |
១០ | ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង ហើយអ្នកទាំងនោះ នឹងគ្រងរាជ្យលើផែនដី”។ |
១២ | នាំគ្នាបន្លឺសំឡេងយ៉ាងខ្លាំងៗថា ៖ «កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង”។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ទ្រង់សមនឹងទទួលសិរីរុងរឿង និងព្រះកិត្តិនាម។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ២,៣ខ-៥)
ពីកំណើតមក យើងជាមនុស្ស ដែលត្រូវតែទទួលទោសពីព្រះជាម្ចាស់ ដូចមនុស្សឯទៀតៗដែរ ក៏ប៉ុន្តែ ព្រះជាម្ចាស់ដែលតែងតែមានព្រះហឫទ័យអាណិតមេត្តាដ៏ច្រើនពន់ប្រមាណនោះ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងបំផុត គឺទោះបីយើងស្លាប់ដោយសារអំពើបាបរបស់យើងហើយក៏ដោយ ក៏ព្រះអង្គបានប្រោសប្រទានឲ្យយើងមានជីវិតរស់ រួមជាមួយព្រះគ្រីស្តវិញដែរ។ ព្រះជាម្ចាស់បានសង្គ្រោះបងប្អូន មកពីព្រះអង្គមានព្រះហឫទ័យប្រណីសន្ដោស។
បន្ទរ៖ ប្រជាជនទាំងឡាយ ទាំងបុរស ទាំងស្រ្តី និងគ្រប់សញ្ជាតិ នឹងបានទទួលពរដោយសារព្រះអង្គ។ បន្ទរឡើងវិញ៖…
—ប្រជាជាតិនានា នឹងនាំគ្នាថ្លែងពីសិរីរុងរឿងរបស់ព្រះអម្ចាស់។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ព្រះគ្រីស្តជាព្រះពន្លឺចេញពីព្រះពន្លឺ នៅពេលព្រះអង្គបង្ហាញខ្លួននៅលើផែនដី ពួកហោរាចារ្យបាននាំយកដង្វាយមកថ្វាយព្រះអង្គ។ អាលេលូយ៉ា!
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ ព្រះគ្រីស្តជាព្រះពន្លឺចេញពីព្រះពន្លឺ នៅពេលព្រះអង្គបង្ហាញខ្លួននៅលើផែនដី ពួកហោរាចារ្យបាននាំយកដង្វាយមកថ្វាយព្រះអង្គ។ អាលេលូយ៉ា!
ពាក្យអង្វរសកល
ដោយរួមជាមួយគ្រីស្តបរិស័ទទាំងអស់ នៅក្នុងការអធិដ្ឋាន និងកោតសរសើរព្រះអង្គ យើងខ្ញុំទទួចអង្វរព្រះអម្ចាស់ថា ៖
បន្ទរ៖ បពិត្រព្រះបិតា! សូមព្រះអង្គសណ្តាប់ពាក្យអង្វររបស់បុត្រធីតាព្រះអង្គផង !
សូមព្រះអង្គជួយដល់អស់អ្នកដែលមិនទាន់ស្គាល់ព្រះជាម្ចាស់ ឱ្យពួកគេស្វែងរកវត្តមានរបស់ព្រះអង្គនៅក្នុងស្រមោល និងការព្យាករនៃចិត្តរបស់មនុស្ស
—សូមប្រោសឱ្យពួកគេទៅជាមនុស្សថ្មី នៅក្នុងពន្លឺរបស់ព្រះគ្រីស្ត។ (បន្ទរ)
សូមព្រះអង្គទតមកអស់អ្នកដែលគោរពតម្កើងព្រះអង្គ ជាព្រះជាម្ចាស់ ដ៏ពិតប្រាកដតែមួយ និងទន្ទឹងរង់ចាំព្រះអង្គយាងមកវិញ វិនិច្ឆ័យទោស នៅថ្ងៃចុងក្រោយបំផុត ដោយក្តីមេត្តា
—សូមឱ្យពួកគេអាចទទួលស្គាល់សេចក្តីស្រឡាញ់ដ៏នៅឋិតឋេររបស់ព្រះអង្គ ចំពោះយើងខ្ញុំផង។ (បន្ទរ)
សូមព្រះអង្គនឹកចាំដល់អស់អ្នកដែលព្រះអង្គបានផ្តល់ជីវិត ពន្លឺ និងអ្វីៗដ៏ល្អគ្រប់យ៉ាងឱ្យពួកគេ
—សូមកុំបណ្តោយឱ្យពួកគេឃ្លាតឆ្ងាយពីព្រះអង្គឡើយ។ (បន្ទរ)
សូមព្រះអង្គទតមកអ្នកដំណើរទាំងអស់ ដោយការមើលថែពីពួកទេវទូត
—សូមការពារយើងខ្ញុំ ឱ្យរួចផុតពីគ្រោះថ្នាក់ជាយថាហេតុ និងពីសេចក្តីស្លាប់ដែលមើលមិនឃើញផង។ (បន្ទរ)
ព្រះអង្គបានបង្ហាញសេចក្តីពិតដល់អ្នកស្លាប់ ពេលពួកគេនៅលើផែនដី
—សូមណែនាំពួកគេឱ្យសញ្ជឹងគិតពីព្រះភក្រ្តដ៏ស្រស់ស្អាតនៃព្រះអង្គផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះបិតាដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ចអើយ! ព្រះបុត្រាចាប់កំណើតជាមនុស្ស ដោយប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី។ សូមព្រះអង្គប្រោសឲ្យយើងខ្ញុំកែប្រែចិត្តគំនិត និងប្រព្រឹត្តរាល់កិច្ចការ ដើម្បីគាប់ព្រះហឫទ័យព្រះអង្គជានិច្ច។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។