អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៣ រដូវធម្មតា
ព័ណ៌បៃតង

អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ១ ធម ១,១៥-១៧

លោកប្អូនជាទីស្រឡាញ់! ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថា​ព្រះគ្រីស្ដយេស៊ូយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប មានរូបខ្ញុំនេះជាអាទិ ។ ព្រះជាម្ចាស់មានព្រះហប្ញទ័យមេត្តាករុណាចំពោះខ្ញុំដូច្នេះ ដើម្បីឲ្យព្រះគ្រីស្ដយេស៊ូសម្ដែងព្រះហប្ញទ័យអត់ធ្មត់ គ្រប់ចំពូកដល់ខ្ញុំមុនគេ ទុកជាឧទាហរណ៍សម្រាប់អស់អ្នកដែលជឿលើព្រះអង្គ ដើម្បីទទួលជីវិតអស់កល្បជានិច្ច ។ សូមឲ្យព្រះមហាក្សត្រដែលគ្រងរាជ្យអស់កល្បជានិច្ច ជាព្រះជាម្ចាស់តែមួយ ព្រះអង្គមានព្រះជ្មនមិនចេះសាបសូន្យ ដែលមនុស្សមើលពុំឃើញ បានប្រកបដោយព្រះកិត្តិនាម និងសិរីរុងរឿងអស់កល្បជាអង្វែងតរៀងទៅ! អាមែន! ។

ទំនុកតម្កើងលេខ​ ១១៣ (១១២) ,១-៧       បទព្រហ្មគិតិ

១.អស់អ្នកបម្រើព្រះ  ជាអម្ចាស់ចូរនាំគ្នា
សរសើរកុំរួញរាថ្កើងនាមានៃព្រះម្ចាស់ ។
២.ចូរតម្កើងព្រះនាម ព្រះម្ចាស់ភ្លាមកុំក្រឡះ
កុំភ្លេចព្រះអម្ចាស់ពីពេលនេះរហូតទៅ ។
៣. តាំងពីអារុណរះ ភ្លឺស្រឡះមានកម្ដៅ
ទល់ពេលថ្ងៃលិចទៅ សរសើរនៅស្ម័គ្រស្មោះ ។
៤.ព្រះអង្គម្ចាស់គង់ស្ថិតលើប្រជាជាតិទាំងអស់
សិរីរិងរឿងខ្ពស់ព្រះម្ចាស់ហួសផុតអាកាស ។
៥.តើមាននរណាមួយអាចធើ្វឲ្យដូចព្រះម្ចាស់
ព្រះអង្គគង់ខ្ពស់ណាស់លើអាកាសវិសុទ្ធក្រៃ ។
៦.ព្រះអង្គត្រួតពិនិត្យ យ៉ាងល្អន់ល្អិតមកផែនដី
លើមេឃមិនសល់អ្វីសព្វដែនដីមិនកំបាំង ។
៧.ទ្រង់លើកអ្នកទន់ខ្សោយមិនបណ្ដោយឲ្យឈឺស្លាំង
លើកផុតពីភក់ជ្រាំ ផុតអស់ទាំងធូលីដី ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ ទន ១,២-៣

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកចូលចិត្តធម្មវិន័យរបស់ព្រះអម្ចាស់ ពិតជាមានសុភង្គលហើយ!
អ្នកនោះបង្កើតមគ្គផលតាមរដូវកាល ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក​ , ៣៩-៤២

ព្រះយេស៊ូមានព្រះបន្ទូលទៅក្រុមសាវ័កថា៖« ដើមឈើល្អ  មិនដែលឲ្យផ្លែអាក្រក់ទេ ។ រីឯដើមឈើអាក្រក់វិញ ក៏មិនដែលឲ្យផ្លែល្អដែរ ដ្បិតគេស្គាល់ដើមឈើបានដោយសារផ្លែវា ។ ពុំដែលមាននរណាបេះផ្លែស្វាយ ឬផ្លែទំពាំងបាយជូរពីគុម្ពបន្លាឡើយ ។ មនុស្សល្អតែងតែប្រព្រឹត្តអំពើល្អ ព្រោះចិត្តរបស់គេល្អ រីឯមនុស្សអាក្រក់ តែងតែប្រព្រឹត្តអំពើអាក្រក់ ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមកសេចក្ដីណា ដែលមានពេញហូរហៀរនៅក្នុងដួងចិត្តរបស់ខ្លួន ។
ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា“ព្រះអម្ចាស់! ព្រះអម្ចាស់! ” តែមិនប្រព្រឹត្តតាមពាក្យខ្ញុំដូច្នេះ? អ្នកដែលចូលមករកខ្ញុំ ស្ដាប់ពាក្យខ្ញុំហើយព្រឹត្តតាម ខ្ញុំសុំបង្ហាញប្រាប់ឲ្យអ្នករាល់គ្នាដឹងថា គេប្រៀបបានទៅនឹងមនុស្សប្រភេទណា គឺអ្នកនោះប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះ ។ គាត់ជីកដីយ៉ាងជ្រៅ ហើយចាក់គ្រឹះលើផ្ទាំងថ្ម លុះទឹកជំនន់មកដល់ទោះបីទឹកហួរមកប៉ះយ៉ាងណាក៏ដោយ ក៏មិនអាចធើ្វឲ្យផ្ទះនោះរង្គើបានដែរ ព្រោះគាត់បានសង់យ៉ាងមាំ ។ ចំណែកអ្នកដែលបានប្រាប់ពាក្យខ្ញុំតែមិនបានប្រព្រឹត្តតាម ប្រៀបបាននិងមនុស្សម្នាក់ដែលសង់ផ្ទះ ដោយពុំបានចាក់គ្រឹះ ។ លុះទឹកហូរមកបោកដល់ផ្ទះនោះក៏រលំខូចខាតភ្លាម គ្មានអ្វីសល់ឡើយ» ។

ខែ​តុលា 2024
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
28293031  
113 Views

Theme: Overlay by Kaira