អាទិត្យ១៩ រដូវធម្មតា ឆ្នាំ «ខ»

ថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១ (ឆ្នាំសេស)-ព័ណបៃតង

អត្ថបទទី១៖
សូមថ្លែងព្រះគម្ពីរលោកយ៉ូស៊ូអា យស ២៤,១-១៣

លោកយ៉ូស៊ូអាបានប្រមូលកុលសម្ព័ន្ធទាំងអស់របស់ជនជាតិអ៊ីស្រាអែលឱ្យមកជួបជុំគ្នានៅស៊ីគែម ហើយលោកក៏បានកោះហៅក្រុមព្រឹទ្ធាចារ្យ ក្រុមអ្នកដឹកនាំ ក្រុមចៅក្រម និងនាយក្រុមរបស់ជនជាតិអ៊ីស្រាអែលឱ្យអញ្ជើញមកផងដែរ។ ពួកគេជួបជុំនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “ពីដើម បុព្វបុរសរបស់អ្នករាល់គ្នា គឺតេរ៉ា ជាឪពុករបស់អប្រាហាំ និងណាហ៊រ រស់នៅខាងនាយទន្លេអឺប្រាត ហើយគោរពបម្រើព្រះដទៃ។ យើងបាននាំអប្រាហាំ ជាបុព្វបុរសរបស់អ្នករាល់គ្នា ពីត្រើយខាងនាយទន្លេអឺប្រាតមក ឱ្យដើរកាត់ស្រុកកាណានទាំងមូល យើងធ្វើឱ្យកូនចៅរបស់គាត់កើនចំនួនច្រើនឡើង ហើយយើងក៏បានឱ្យគាត់បង្កើតអ៊ីសាកដែរ។ យើងបានឱ្យអ៊ីសាកបង្កើតយ៉ាកុប ព្រមទាំងអេសាវ ហើយប្រគល់ឱ្យអេសាវកាន់កាប់តំបន់ភ្នំសៀរ។ រីឯយ៉ាកុប និងកូនៗរបស់គាត់បាននាំគ្នាចុះទៅនៅស្រុកអេស៊ីប។ បន្ទាប់មក យើងចាត់ម៉ូសេ និងអរ៉ុនឱ្យមក ហើយយើងបានប្រហារអ្នកស្រុកអេស៊ីប ដោយសារគ្រោះកាច ដែលយើងធ្វើនៅក្នុងចំណោមពួកគេ រួចយើងនាំប្រជាជនរបស់អ្នករាល់គ្នាចេញពីស្រុកនោះ។ យើងបាននាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប មកដល់សមុទ្រ។ ជនជាតិអេស៊ីបដេញតាមរហូតដល់សមុទ្រកក់ មានទាំងរទេះចម្បាំង និងទ័ពសេះមកជាមួយផង។ បុព្វបុរសរបស់អ្នករាល់គ្នាបានស្រែកអង្វរយើង យើងក៏ដាក់ពពកដ៏ក្រាស់នៅចន្លោះបុព្វបុរសរបស់អ្នករាល់គ្នា និងជនជាតិអេស៊ីប ហើយយើងធ្វើឱ្យទឹកសមុទ្រគ្របពីលើជនជាតិអេស៊ីប លិចលង់អស់ទៅ។ អ្នករាល់គ្នាដឹងច្បាស់ហើយថា យើងបានប្រព្រឹត្តបែបណាចំពោះជនជាតិអេស៊ីប។ ប្រជាជនរបស់អ្នករាល់គ្នារស់នៅវាលរហោស្ថានអស់រយៈពេលដ៏យូរលង់។ បន្ទាប់មក យើងនាំអ្នករាល់គ្នាមកដល់ទឹកដីរបស់ជនជាតិអាម៉ូរី ដែលនៅខាងកើតទន្លេយ័រដាន់។ ជនជាតិអាម៉ូរីធ្វើសង្គ្រាមជាមួយអ្នករាល់គ្នា តែយើងបានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏កាន់កាប់ទឹកដីរបស់គេ។ យើងបានប្រល័យពួកគេឱ្យបាត់អស់ពីមុខអ្នករាល់គ្នា។ ស្តេចបាឡាក់ជាបុត្ររបស់ស្តេចស៊ីព័រ ដែលគ្រងរាជ្យនៅស្រុកម៉ូអាប់ បានលើកទ័ពមកច្បាំងនឹងជនជាតិអ៊ីស្រាអែល។ ស្តេចបានចាត់គេឱ្យទៅហៅបាឡាម ជាកូនរបស់បេអ៊រ មកដាក់បណ្ដាសាអ្នករាល់គ្នា។ ប៉ុន្តែ យើងមិនព្រមស្ដាប់ពាក្យបាឡាមទេ គឺគាត់បែរជាឱ្យពរអ្នករាល់គ្នាវិញ ហើយយើងក៏បានរំដោះអ្នករាល់គ្នាឱ្យរួចផុតពីកណ្ដាប់ដៃរបស់ស្តេចបាឡាក់។ អ្នករាល់គ្នាបានឆ្លងទន្លេយ័រដាន់ មកដល់ក្រុងយេរីខូ។ មេដឹកនាំក្រុងយេរីខូ ដោយមានជនជាតិអាម៉ូរី ជនជាតិពេរីស៊ី ជនជាតិកាណាន ជនជាតិហេត ជនជាតិគៀរកាស៊ី ជនជាតិហេវី និងជនជាតិយេប៊ូស រួមជាមួយផង បានប្រយុទ្ធតទល់នឹងអ្នករាល់គ្នា ប៉ុន្តែ យើងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា។ យើងបានប្រើសត្វឪម៉ាល់ឱ្យទៅមុនអ្នករាល់គ្នា ដើម្បីដេញកម្ចាត់ស្តេចទាំងពីរនៃជនជាតិអាម៉ូរី ឱ្យរត់ចេញពីអ្នករាល់គ្នា។ អ្នករាល់គ្នាមានជ័យជម្នះមិនមែនដោយសារដាវ ឬធ្នូរបស់អ្នករាល់គ្នាឡើយ។ យើងបានប្រគល់ស្រុកមួយឱ្យអ្នករាល់គ្នា ដោយអ្នករាល់គ្នាមិនបាននឿយហត់ភ្ជួររាស់ អ្នករាល់គ្នាមានទីក្រុងស្នាក់នៅដោយអ្នករាល់គ្នាមិនបានសង់ ហើយអ្នករាល់គ្នាបរិភោគផ្លែទំពាំងបាយជូរ និងផ្លែអូលីវ ពីចម្ការដែលអ្នករាល់គ្នាមិនបានដាំដែរ”»។

ទំនុកតម្កើងលេខ ១៣៦ (១៣៥), ១-៣.១៦-២៤  បទកាកគតិ

១.សូមតម្កើងព្រះ ដែលជាអម្ចាស់ គ្រប់ទីតំបន់ទ្រង់មានព្រះទ័យ
សប្បុរសពេកពន់ប្រសើរលើសលន់  រហូតតទៅ ។
២.ចូរលើកតម្កើងព្រះដ៏ខ្ពស់ខ្ពង់មិនដែលអាស្រូវ ដោយធម៌មេត្តា
ករុណាជាផ្លូវដែលស្ថិតស្ថេរនៅ អស់កល្បរហូត។
៣.សរសើរតម្កើងព្រះម្ចាស់ខ្ពស់ឡើងលើសគេបំផុត ដោយធម៌មេត្តា
ករុណាមោះមុត នៅជាប់រហូតកប្បកល្បអនេក។
១៦.ព្រះអង្គណែនាំ ប្រជាឱ្យទ្រាំតាមរហោស្ថាន ដោយធម៌មេត្តា
ករុណាថ្កើងថ្កាន ស្ថិតគ្មានអវសាន អស់កល្បមានជោគ។
១៧.ទ្រង់ប្រហារស្ដេចពេញដោយអំណាចច្រើនអង្គដួលស្ដូកដោយធម៌មេត្តា
ករុណាមានមកស្ថិតនៅក្នុងលោកអស់កល្បកន្លង។
១៨.ព្រះអង្គប្រហារស្ដេចខ្លាំងមហិមាឱ្យក្ស័យគ្រប់អង្គដោយធម៌មេត្តា
ករុណាត្រចង់  ស្ថិតនៅគង់វង្ស  អស់កល្បគ្រប់ទី។
១៩.គឺមានព្រះបាទ ស៊ីហុនសោយរាជ្យលើអាម៉ូរី ដ្បិតទ្រង់មេត្តា
ករុណាគ្រប់ទី   ស្ថិតស្ថេរមូលមីរ រហូតប្រពៃ។
២០.និងព្រះបាទអុកគ្រប់គ្រងលើស្រុកបាសាននោះនៃព្រោះតែព្រះអង្គ
ទ្រង់មានព្រះទ័យស្មោះស្ម័គ្រមេត្រីអស់កល្បស្ថិតស្ថេរ។
២១.ព្រះអង្គប្រទានអ៊ីស្រាអែលមានដីទុកជាកេរដ្បិតព្រះហឫទ័យ
ទ្រង់ឥតងាករេព្រះអង្គស្ថិតស្ថេរអស់កល្បតទៅ។
២២.ព្រះអង្គប្រទានកូនចៅឱ្យមានស្រុករស់និត្យនៅដោយធម៌មេត្តា
ករុណាពេកកូវ​ព្រះអង្គស្ថិតនៅជាអចិន្ដ្រៃយ៍។
២៣.ពេលយើងមានទុក្ខវេទនាគ្រប់មុខទ្រង់តែងប្រណីដោយធម៌មេត្តា
ករុណាឥតបីប្រសើរពេកក្រៃគ្រប់សម័យកាល។
២៤.ព្រះអង្គរំដោះយើងផុតពីគ្រោះលែងភ័យជ្រួលច្រាលដោយព្រះហឬទ័យ
ករុណាត្រកាលស្ថិតនៅរៀងរាល់ រហូតឥតឈប់។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ៖ តាម ១ថស ២,១៣

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរបងប្អូនទទួលយកព្រះបន្ទូលព្រះជាម្ចាស់ កុំចាត់ទុកថាជាពាក្យសម្តីរបស់មនុស្ស
គឺព្រះអង្គមានព្រះបន្ទូលមកបងប្អូនមែន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតែងដោយសន្ដម៉ាថាយ មថ ១៩,៣-១២

មានពួកខាងគណៈផារីស៊ីចូលមកជិត ហើយទូលសួរក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖ «តើស្វាមីមានសិទ្ធិនឹងលែងភរិយា ដោយសំអាងលើមូលហេតុអ្វីក៏ដោយបានឬទេ?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «អ្នករាល់គ្នាធ្លាប់អានគម្ពីររួចមកហើយថា កាលដើមដំបូង ព្រះអាទិករបានបង្កើតមនុស្សមកជាបុរស ជាស្ត្រី រួចព្រះអង្គមានព្រះបន្ទូលថាៈ “ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ”។ គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ ដូច្នេះ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករ ដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ»។ ពួកគេទូលសួរព្រះអង្គថា៖ «ចុះហេតុដូចម្ដេចបានជាលោកម៉ូសេបញ្ជាឱ្យស្វាមីធ្វើលិខិតលែងលះភរិយា?»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «លោកម៉ូសេអនុញ្ញាតឱ្យអ្នករាល់គ្នាលែងភរិយាបាន ព្រោះអ្នករាល់គ្នាមានចិត្តរឹងរូស តែកាលដើមឡើយមិនមែនដូច្នោះទេ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយា(លើកលែងតែរួមរស់ជាមួយគ្នា ដោយឥតបានរៀបការ) ហើយទៅរៀបការនឹងស្ត្រីម្នាក់ទៀត បុរសនោះឯងជាអ្នកប្រព្រឹត្តអំពើផិតក្បត់»។ សាវ័កនាំគ្នាទូលព្រះអង្គថា៖ «បើមានល័ក្ខខ័ណ្ឌរវាងប្ដីប្រពន្ធបែបនេះ គួរកុំរៀបការប្រសើរជាង»។ ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «មនុស្សគ្រប់រូបពុំអាចយល់សេចក្ដីនេះឡើយ គឺមានតែអ្នកដែលព្រះជាម្ចាស់ប្រោសប្រទានឱ្យយល់ប៉ុណ្ណោះ ទើបអាចយល់បាន។ អ្នកខ្លះមិនអាចរៀបការបានតាំងពីកំណើតមក។ អ្នកខ្លះទៀតមិនអាចរៀបការបានមកពីត្រូវគេក្រៀវ។ រីឯអ្នកខ្លះទៀតមិនរៀបការមកពីយល់ដល់ព្រះរាជ្យនៃស្ថានបរមសុខ។ អ្នកណាមានប្រាជ្ញា ចូរយកពាក្យនេះទៅរិះគិតឱ្យយល់ចុះ!»។

ខែ​តុលា 2024
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
28293031  
104 Views

Theme: Overlay by Kaira