ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ​ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំង​ប៉ុន្មាន​ មកដាក់​ក្រោម​ព្រះបាទា​របស់ព្រះអង្គ (១ករ ១៥,២៥)។

បន្ទរទី១ ៖ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា និង​នាង​ម៉ារី​ម្នាក់​ទៀត​នាំ​គ្នា​ទៅ​មើល​ផ្នូរ អាលេលូយ៉ា! ។

ព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាព្រះអម្ចាស់របស់ខ្ញុំថា ៖
“សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ! ”។
សូមព្រះជាអម្ចាស់ប្រោសប្រទាន ឱ្យព្រះរាជ្យរបស់ព្រះករុណា
លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ!
សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ!
នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត
ពួកយុវជននាំគ្នាចូលគាល់ព្រះករុណានៅលើភ្នំដ៏វិសុទ្ធ
ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។
ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖
“ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក”។
ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។
នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ
រួចហើយ ព្រះអង្គងើបព្រះភក្រ្តប្រកបដោយជោគជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា និង​នាង​ម៉ារី​ម្នាក់​ទៀត​នាំ​គ្នា​ទៅ​មើល​ផ្នូរ អាលេលូយ៉ា! ។

អ្នកដែលបានលះបង់ពិភពលោកនេះ ក៏ត្រូវបានដឹកនាំចេញពីប្រទេសអេស៊ីប​ផង​ដែរ​ (សន្តអូគូស្ទីន)។

បន្ទរទី២៖ សុំ​មក​មើល​កន្លែង​ដែល​គេ​ដាក់​ព្រះ‌សព​ព្រះ‌អង្គ​ឯ‌ណេះ​សិន។ អាលេលូយ៉ា !

(បទពាក្យ ៧)

១-ពេលអ៊ីស្រាអែលបានចាកចេញពីអេស៊ីបវិញហើយពេលនោះ
ពូជពង្សយ៉ាកុបចេញទាំងអស់ពីដីបរទេសមិនសល់នៅ
២-ឯប្រជាជនជាតិយូដាបានក្លាយទៅជាឥតហ្មងសៅ
ជាប្រជាជាតិមិនអាស្រូវវិសុទ្ធពេកកូវផ្ទាល់ព្រះអង្គ
៣-ពេលទឹកសមុទ្រឃើញពួកគេតក់ស្លុតម៉្លេះទេមិនបង្អង់
គេចខ្លួនថយទៅមិនរេរង់ទាំងយ័រដាន់ផងក៏ថយដែរ
៤-ភ្នំតូចភ្នំធំភ្នំទាំងអស់នៅមិនស្ងៀមសោះដូចពពែ
លោតទៅលោតមកមិនឈប់ទេភ្នំតូចលោតដែរដូចកូនចៀម
៥-ឱសមុទ្រអើយម្តេចក៏អ្នករត់គេចជាជាក់ទៅនៅស្ងៀម
អ្នកធ្លាប់រលកលោតរវាមម្តេចសំងំស្ងៀមធ្មឹងដូច្នេះ
ឱទឹកទន្លេយ័រដាន់អើយពេលនេះម្តេចឡើយរត់លឿនម៉្លេះ
ម្តេចអ្នកដកខ្លួនឆាប់ដូច្នេះតើរឿងទាំងនេះមកពីអ្វី
៦-ភ្នំអើយម្តេចអ្នកមិនឈប់លោតផ្លាស់ប្តូររហូតដូចសត្វព្រៃ
ភ្នំតូចអើយអ្នកលោតព្រោះអ្វីមិនស្គាល់យប់ថ្ងៃមិនសម្រាក
៧-ឱផែនដីអើយចូររីករាយអំណរសប្បាយចំពោះភក្រ្ត
ព្រះជាអម្ចាស់របស់អ្នកនិងចំពោះភក្រ្តព្រះយ៉ាកុប
៨-គឺទ្រង់បានធ្វើឱ្យសិលាប្រែក្លាយទៅជាបឹងសាយសព្វ
ឱ្យថ្មប្រែក្លាយជាប្រភពទឹកហូរឥតឈប់ឥតស្រាកស្រាន្ត
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ៖ សុំ​មក​មើល​កន្លែង​ដែល​គេ​ដាក់​ព្រះ‌សព​ព្រះ‌អង្គ​ឯ‌ណេះ​សិន។ អាលេលូយ៉ា !

បន្ទរទី៣៖ ព្រះ‌យេស៊ូមាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ភ័យ‌ខ្លាច​អ្វីឡើយ! សុំ​ទៅ​ប្រាប់​បង‌ប្អូន​ខ្ញុំ​ឲ្យ​ទៅ​ស្រុក​កាលី‌ឡេ​ទៅ គេ​នឹង​ឃើញ​ខ្ញុំ​នៅ​ទី​នោះ» ។ អាលេលូយ៉ា !

អាលេលូយ៉ា!
សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង
ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព
ដ្បិតទ្រង់វិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌
អាលេលូយ៉ា!
អាលេលូយ៉ា!
អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់
អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គ ទាំងតូចទាំងធំអើយ!
ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង!។
អាលេលូយ៉ា!
អាលេលូយ៉ា!
ដ្បិតព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់
ព្រះអង្គបានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ
យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង
ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ
អាលេលូយ៉ា!
អាលេលូយ៉ា!
ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ
ភរិយាថ្មោងថ្មីរបស់កូនចៀម ក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។
អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះ‌យេស៊ូមាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ភ័យ‌ខ្លាច​អ្វីឡើយ! សុំ​ទៅ​ប្រាប់​បង‌ប្អូន​ខ្ញុំ​ឲ្យ​ទៅ​ស្រុក​កាលី‌ឡេ​ទៅ គេ​នឹង​ឃើញ​ខ្ញុំ​នៅ​ទី​នោះ» ។ អាលេលូយ៉ា!

រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះ‌អង្គ​មាន​មុខ‌ងារ​ជា​បូជាចារ្យ ដែល​ពុំ​អាច​ផ្ទេរ​ទៅ​ឲ្យ​នរណា​បាន​ទេ ព្រោះ​ព្រះ‌អង្គ​គង់​នៅ​អស់​កល្ប‌ជានិច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ក៏​អាច​សង្គ្រោះ​អស់​អ្នក​ដែល​ចូល​មក​ជិត​ព្រះ‌ជាម្ចាស់ តាម‌រយៈ​ព្រះ‌អង្គ បាន​ជា​ស្ថាពរ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​រហូត ដើម្បី​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​ពួក​គេ។ មាន​តែ​មហា​បូជាចារ្យ​ដ៏​ប្រសើរ​ដូច ព្រះយេស៊ូ​នេះ​ហើយ ដែល​យើង​ត្រូវ​ការ គឺ​មហា​បូជា‌ចារ្យ​ដ៏‌វិសុទ្ធ ស្លូត​ត្រង់ ឥត​សៅ‌ហ្មង ខុស​ប្លែក​ពី​មនុស្ស​បាប ព្រម​ទាំង​ខ្ពង់‌ខ្ពស់​លើស​ស្ថាន​បរម‌សុខ​ទៅ​ទៀត។ ព្រះ‌អង្គ​មិន​ត្រូវ​ការ​ថ្វាយ​យញ្ញ‌បូជា​រៀង​រាល់​ថ្ងៃ ដូច​មហា​បូជា‌ចារ្យ​ឯ​ទៀតៗ​ថ្វាយ ព្រោះ​បាប​ខ្លួន​ឯង​ផ្ទាល់​ផង និង​បាប​ប្រជាជន​ផង​នោះ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​ថ្វាយ​ព្រះ‌កាយ​ព្រះ‌អង្គ​ផ្ទាល់​ជា​យញ្ញ‌បូជា ម្ដង​ជា​សូរេច។

បន្ទរ៖ នេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា! ។

បន្ទរ៖ ព្រះ‌យេស៊ូក៏​ចូល​ទៅ​ស្នាក់​នៅ​ជា​មួយ​គេ។ ព្រះ‌អង្គ​គង់​រួម​តុ​ជា​មួយ​គេ ហើយ​យក​នំបុ័ង​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​កាច់​ប្រទាន​ឲ្យ​គេ អាលេលូយ៉ា !

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ ព្រះ‌យេស៊ូក៏​ចូល​ទៅ​ស្នាក់​នៅ​ជា​មួយ​គេ។ ព្រះ‌អង្គ​គង់​រួម​តុ​ជា​មួយ​គេ ហើយ​យក​នំបុ័ង​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​កាច់​ប្រទាន​ឲ្យ​គេ អាលេលូយ៉ា !

ព្រះគ្រីស្តតើនឡើងពីចំណោមមនុស្សស្លាប់ ហើយទៅគង់នៅខាងស្តាំព្រះបិតា។ ចូរយើងទូលអង្វរព្រះអង្គថា ៖

បន្ទរ៖ បពិត្រព្រះយេស៊ូជាអម្ចាស់ ! ព្រះអង្គមានព្រះជន្មគង់នៅអស់កល្បជានិច្ច សូមព្រះសណ្តាប់ពាក្យអង្វរយើងខ្ញុំផង !

បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គនឹកដល់អ្នកបម្រើពិធីបុណ្យទាំងអស់ដែលបានបម្រើព្រះអង្គ
—សូមឱ្យការរស់នៅដ៏វិសុទ្ធរបស់ពួកគេ ធ្វើជាគំរូសម្រាប់ប្រជាជនព្រះអង្គ។ (បន្ទរ)

សូមព្រះអង្គប្រទានស្មារតីនៃយុត្តិធម៌ និងសេចក្តីសុខសាន្ត ដល់ថ្នាក់ដឹកនាំយើងខ្ញុំ
—ដើម្បីឱ្យក្រុមគ្រួសារទាំងអស់អាចរស់នៅដោយសុខដុមរមនា។ (បន្ទរ)

សូមព្រះអង្គដឹកនាំថ្ងៃនីមួយៗរបស់យើងខ្ញុំ ឱ្យទៅក្នុងមាគ៌ានៃការសង្រ្គោះ
—ហើយសូមព្រះអង្គចាក់បំពេញមកផែនដីយ៉ាងបរិបូណ៌ ដើម្បីជាប្រយោជន៍ដល់ជនទុគ៌ត។ (បន្ទរ)

បពិត្រព្រះគ្រីស្តជាព្រះសង្រ្គោះ និងជាពន្លឺបំភ្លឺពិភពលោក ! ព្រះអង្គបានត្រាស់ហៅស្នាព្រះហស្តរបស់ព្រះអង្គចេញពីសេចក្តីស្លាប់ មកកាន់ជីវិតវិញ
—សូមឱ្យពន្លឺរបស់ព្រះអង្គបំភ្លឺបងប្អូនយើងខ្ញុំ ដែលបានលាចាកលោកនេះ ជារៀងរហូតផង។ (បន្ទរ)

ឱព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ!
សូមសម្តែងព្រះបារមី ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី
ដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យ
អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ
តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។

បពិត្រព្រះបិតាដ៏មានធម៌មេត្តាករុណាយ៉ាងក្រៃលែង ! ព្រះអង្គប្រទានសុភមង្គលមកយើងខ្ញុំ តាមរយៈបុណ្យចម្លងជារៀងរាល់ឆ្នាំ។ សូមព្រះអង្គប្រោសប្រណីយើងខ្ញុំឲ្យរស់នៅដោយសុចរិត និងមានអំណរសប្បាយ អស់កល្បជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

10 Views

Theme: Overlay by Kaira