ក្នុងរដូវធម្មតា
ថ្ងៃពុធ សប្ដាហ៍ទី២
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
- ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់! ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ។
ទំនុកតម្កើងតាមការជ្រើសរើស
ចូរយើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
១ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
ចូរស្រែកច្រៀងដោយអំណរថ្វាយព្រះជាម្ចាស់ដែលជាថ្មដាសង្គ្រោះយើង។
២ ចូរយើងនាំគ្នាចូលមកចំពោះព្រះភក្ត្រព្រះអង្គទាំងអរព្រះគុណ
និងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ
៣ ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម
ព្រះអង្គជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់លើសព្រះនានា។
៤ ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ គឺចាប់តាំងពីបាតដីរហូតដល់ចុងកំពូលភ្នំ
៥ សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ
ព្រោះព្រះអង្គបានបង្កើតសមុទ្រមក រីឯផែនដីក៏ព្រះអង្គបានបង្កើតមកដែរ។
៦ ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអង្គ
ចូរយើងក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដែលបានបង្កើតយើងមក
៧ ដ្បិតព្រះអង្គជាព្រះនៃយើង
យើងជាប្រជារាស្ដ្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ។
ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ
៨ មិនត្រូវមានចិត្តរឹងរូស ដូចកាលបះបោរនៅមេរីបា
ដូចថ្ងៃល្បងលនៅម៉ាសា ក្នុងវាលរហោស្ថាននោះឡើយ
៩ គឺបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង
គេសាកមើលយើង ទោះបីគេបានឃើញកិច្ចការដែលយើងធ្វើក៏ដោយ។
១០ ក្នុងអំឡុងពេលសែសិបឆ្នាំ
មនុស្សនៅជំនាន់នោះបានធ្វើឱ្យយើងឆ្អែតចិត្តជាខ្លាំង ហើយយើងបានពោលថា:
ពួកនេះជាប្រជាជនដែលមានចិត្តវង្វេង គេពុំស្គាល់មាគ៌ារបស់យើងឡើយ។
១១ ហេតុនេះ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា
មិនឱ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
១ មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់!
២ ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
ចូរនាំគ្នាចូលមកជិតព្រះអង្គដោយច្រៀងយ៉ាងសប្បាយ!
៣ ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះអង្គបានបង្កើតយើងមក
យើងជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយជាប្រជាជនដែលព្រះអង្គថែរក្សា។
៤ ចូរនាំគ្នាចូលតាមទ្វារព្រះដំណាក់របស់ព្រះអង្គ ដោយអរព្រះគុណ
ចូរនាំគ្នាចូលមកក្នុងព្រះវិហារ ដោយពាក្យសរសើរតម្កើង!
ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ!
៥ ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរជានិច្ច
ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះជាម្ចាស់
២ ឱព្រះជាម្ចាស់អើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង!
៣ ដូច្នេះ មនុស្សនៅលើផែនដីនឹងស្គាល់មាគ៌ារបស់ព្រះអង្គ
ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ
គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ!
៤ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៥ មហាជននាំគ្នាសប្បាយរីករាយ នាំគ្នាស្រែកជយឃោស
ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ដ្រនានាដោយយុត្តិធម៌
ហើយព្រះអង្គដឹកនាំមហាជនទាំងឡាយនៅលើផែនដី។
៦ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៧ ផែនដីបានបង្កើតភោគផល
ព្រោះព្រះជាម្ចាស់ជាព្រះនៃយើង បានប្រទានពរឱ្យយើង។
៨ សូមព្រះជាម្ចាស់ប្រទានពរឱ្យយើង សូមឱ្យប្រជាជនទាំងប៉ុន្មាន
ដែលរស់នៅទីដាច់ស្រយាលនៃផែនដី គោរពកោតខ្លាចព្រះអង្គ!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ព្រះមហាក្សត្រដ៏ឧត្ដម
១ ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់
ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុងពិភពលោក
ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ!
២ គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដីពីលើសមុទ្រ
ហើយធ្វើឱ្យវាស្ថិតនៅយ៉ាងរឹងប៉ឹងពីលើទន្លេនានា។
៣ តើនរណាអាចឡើងទៅលើភ្នំរបស់ព្រះអម្ចាស់បាន?
តើនរណាអាចឈរនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គបាន?
៤ មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ
និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន
គឺអ្នកដែលមិនបណ្តោយខ្លួនទៅថ្វាយបង្គំព្រះក្លែងក្លាយ
និងនិយាយស្បថស្បែបំពាន។
៥ ព្រះអម្ចាស់នឹងប្រទានពរដល់គេ
ហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះ នឹងប្រោសគេឱ្យសុចរិតដែរ។
៦ គឺអ្នកទាំងនេះហើយដែលស្វែងរកព្រះអង្គ
ជាអ្នកស្វែងរកព្រះរបស់លោកយ៉ាកុប។
៧ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
៨ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់ប្រកបដោយព្រះចេស្ដាដ៏ខ្លាំងពូកែ
ព្រះអម្ចាស់ជាអ្នកចម្បាំងដ៏ជំនាញ។
៩ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
១០ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់នៃពិភពទាំងមូល គឺព្រះអង្គហើយ
ដែលជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង!។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៧៧
ការរំឭកឡើងវិញនូវស្នាព្រះហស្តរបស់ព្រះជាម្ចាស់
គេសង្កត់សង្កិនយើងគ្រប់យ៉ាងមែន តែយើងមិនភ័យបារម្ភអ្វីឡើយ យើងទ័លច្រកមែន តែយើងនៅតែទៅមុខរួច (២ករ ៤,៨)។
បន្ទរទី១ ៖ ព្រះជាម្ចាស់អើយ មាគ៌ារបស់ព្រះអង្គជាមាគ៌ាដ៏វិសុទ្ធ គ្មានព្រះឯណាទៀត ធំឧត្តុង្គឧត្ដមដូចព្រះអង្គឡើយ។
២ | ខ្ញុំបន្លឺសំឡេងហៅព្រះជាម្ចាស់ ខ្ញុំស្រែកអង្វរព្រះអង្គ ខ្ញុំបន្លឺសំឡេងហៅព្រះជាម្ចាស់ ព្រះអង្គផ្ទៀងព្រះការណ៌ស្តាប់ពាក្យខ្ញុំ |
៣ | នៅថ្ងៃមានអាសន្ន ខ្ញុំស្វែងរកព្រះអម្ចាស់ នៅពេលយប់ ខ្ញុំលើកដៃអង្វរព្រះអង្គឥតឈប់ឈរ ខ្ញុំមិនចង់ឱ្យនរណាសម្រាលទុក្ខខ្ញុំឡើយ |
៤ | ពេលនឹកដល់ព្រះជាម្ចាស់ ខ្ញុំយំថ្ងូរ ពេលរំពឹងគិត ខ្ញុំក៏បាក់ទឹកចិត្តដែរ។ |
៥ | បពិត្រព្រះអម្ចាស់! ព្រះអង្គធ្វើឱ្យទូលបង្គំទទួលទានដំណេកមិនលក់ ទូលបង្គំខ្វល់ខ្វាយក្នុងចិត្ត រកនិយាយអ្វីមិនកើត។ |
៦ | ទូលបង្គំរំពឹងគិតអំពីអតីតកាល គឺពីជំនាន់ដើមដ៏យូរលង់ណាស់មកហើយ |
៧ | ទូលបង្គំរិះគិតដដែលៗពេញមួយយប់ ទូលបង្គំចេះតែត្រិះរិះពិចារណានៅក្នុងចិត្ត ដើម្បីស្វែងយល់ថា |
៨ | តើព្រះអម្ចាស់បោះបង់ចោលយើងរហូតឬ? តើព្រះអង្គមិនគាប់ព្រះហឫទ័យនឹងយើងទៀតទេឬ? |
៩ | តើព្រះអង្គលែងមានព្រះហឫទ័យមេត្តាករុណាចំពោះយើងហើយឬ? តើព្រះអង្គនៅស្ងៀម លែងមានព្រះបន្ទូលមកយើង អស់កល្បជាអង្វែងតរៀងទៅឬ? |
១០ | តើព្រះជាម្ចាស់ភ្លេចសម្តែង ព្រះហឫទ័យប្រណីសន្តោសចំពោះយើងហើយឬ? តើព្រះអង្គឈប់អាណិតអាសូរយើង ដោយទ្រង់ព្រះពិរោធឬ? |
១១ | ទូលបង្គំនឹកគិតថា ទូលបង្គំរងទុក្ខវេទនាដូច្នេះ មកពីព្រះអង្គខ្ពង់ខ្ពស់បំផុត លែងសម្តែងព្រះបារមីជួយយើងទៀតហើយ! |
១២ | បពិត្រព្រះអម្ចាស់! ទូលបង្គំរំលឹកនូវស្នាព្រះហស្តព្រះអង្គឡើងវិញ ទូលបង្គំនៅចាំពីកិច្ចការដ៏អស្ចារ្យ ដែលព្រះអង្គបានធ្វើកាលពីជំនាន់ដើម។ |
១៣ | ទូលបង្គំរិះគិតអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ ទូលបង្គំពិចារណាអំពីស្នាព្រះហស្តដ៏ថ្កុំថ្កើងរបស់ព្រះអង្គ។ |
១៤ | បពិត្រព្រះជាម្ចាស់! មាគ៌ារបស់ព្រះអង្គពិតជាវិសុទ្ធ គ្មានព្រះឯណាទៀតធំឧត្តុង្គឧត្តុមដូចព្រះអង្គឡើយ។ |
១៥ | មានតែព្រះអង្គទេដែលប្រព្រឹត្តការអស្ចារ្យ ព្រះអង្គសម្តែងឫទ្ធានុភាពឱ្យជាតិសាសន៍នានាឃើញ។ |
១៦ | ព្រះអង្គបានប្រើឫទ្ធិបារមីមកលោះប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គបានរំដោះពូជពង្សរបស់លោកយ៉ាកុប និងពូជពង្សរបស់លោកយ៉ូសែប។ |
១៧ | បពិត្រព្រះជាម្ចាស់! ទឹកសមុទ្របានឃើញព្រះអង្គ! ពេលទឹកសមុទ្របានឃើញព្រះអង្គ វាពុះកញ្ជ្រោល សូម្បីតែបាតសមុទ្រក៏រញ្ជួយញាប់ញ័រដែរ។ |
១៨ | មានភ្លៀងបង្អុរចុះពីលើមេឃ ហើយក៏មានផ្គរលាន់ឮពីលើមេឃមកយ៉ាងខ្លាំងដែរ រន្ទះរបស់ព្រះអង្គភ្លឺផ្លេកពាសពេញផ្ទៃមេឃ។ |
១៩ | នៅពេលផ្គរលាន់បន្លឺសំឡេងយ៉ាងគគ្រឹកគគ្រេង ផ្លេកបន្ទោររបស់ព្រះអង្គភ្លឺចាំងមកលើពិភពលោក ធ្វើឱ្យផែនដីរញ្ជួយញាប់ញ័រ។ |
២០ | ព្រះអង្គយាងកាត់សមុទ្រ ព្រះអង្គយាងកាត់តាមបាតមហាសាគរ គ្មាននរណាអាចរកដានព្រះបាទារបស់ព្រះអង្គឃើញទេ។ |
២១ | ព្រះអង្គដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គ ដោយសារលោកម៉ូសេ និងលោកអរ៉ុន ដូចគង្វាលដឹកនាំហ្វូងចៀមដែរ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះជាម្ចាស់អើយ មាគ៌ារបស់ព្រះអង្គជាមាគ៌ាដ៏វិសុទ្ធ គ្មានព្រះឯណាទៀត ធំឧត្តុង្គឧត្ដមដូចព្រះអង្គឡើយ។
បទលើកតម្កើងតាមគម្ពីរព្យាការីសាមូអែលទី១ (១សម ២,១-១០)
ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់
ព្រះអង្គបានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយព្រះអង្គលើកតម្កើងមនុស្សទន់ទាបឡើង។
ព្រះអង្គបានប្រទានសម្បត្តិយ៉ាងបរិបូណ៌ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្ដេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ (លក ១,៥២-៥៣)។
បន្ទរទី២ ៖ ព្រះអម្ចាស់ប្រោសប្រទានឱ្យខ្ញុំមានចិត្តត្រេកអរសប្បាយយ៉ាងខ្លាំង ព្រះអម្ចាស់លើកខ្ញុំឡើងឱ្យបានខ្ពស់មុខ។
(បទកាកគតិ)
១ | ព្រះម្ចាស់ប្រទាន | ចិត្តខ្ញុំឱ្យមាន | អំណរសប្បាយ | |
ព្រោះព្រះអង្គលើក | ខ្ញុំខ្ពស់ពេកក្រៃ | ខ្ញុំអាចនិយាយ | ||
តទល់ពួកខ្មាំង | ។ | |||
២ | គ្មានព្រះអង្គណា | វិសុទ្ធអស្ចារ្យ | ដូចជាព្រះអង្គ | |
ឥតមានព្រះណា | ប្រសើរដូចទ្រង់ | ជាថ្មជួយបាំង | ||
ដូចព្រះយើងទេ | ។ | |||
៣ | កុំអួតបំប៉ោង | ពោលពាក្យកាចកោង | ព្រហើនដៀលជេរ | |
ដ្បិតព្រះជាម្ចាស់ | ថ្លឹងថ្លែងរិះរេ | វិនិច្ឆ័យឥតប្រែ | ||
តាមអំពើមនុស្ស | ។ | |||
៤ | អ្នកខ្លាំងពូកែ | ព្រះអង្គបំបែរ | បំបាក់ទាំងអស់ | |
បំផ្លាញទាំងធ្នូ | តែទ្រង់សន្តោស | ប្រទានដល់មនុស្ស | ||
កម្លាំងទន់ខ្សោយ | ។ | |||
៥ | ពួកអ្នកដែលមាន | អាហារគ្រប់គ្រាន់ | ឥឡូវគេធ្លោយ | |
ធ្លាក់ខ្លួនវេទនា | ខ្វះខាតមុខក្រោយ | គ្មានអ្វីនឹងឱ្យ | ||
ចម្អែតក្រពះ | ។ | |||
ឯអ្នកធ្លាប់ឃ្លាន | បែរទៅជាមាន | អាហារមិនខ្វះ | ||
គេបរិភោគឆ្អែត | បរិបូណ៌ពេញពាស | មានច្រើនដេរដាស | ||
លែងមុខស្រពោន | ។ | |||
មិនតែប៉ុណ្ណោះ | ព្រះអង្គសន្តោស | ស្រីអារគ្មានកូន | ||
មិនឱ្យដាច់ពូជ | វិនាសសាបសូន្យ | អាចសម្រាលកូន | ||
បានប្រាំពីរដង | ។ | |||
៦ | ជីវិតនៃមនុស្ស | ត្រូវស្លាប់ឬរស់ | ស្រេចលើព្រះអង្គ | |
គេត្រូវធ្លាក់ទៅ | ស្ថានមនុស្សស្លាប់ផង | ឬក៏បានឡើង | ||
ស្រេចទ្រង់ចាត់ចែង | ។ | |||
៧ | មនុស្សមានក្រ | អាក្រក់ឬល្អ | មិនមែនខ្លួនឯង | |
ព្រះម្ចាស់បន្ទាប | ឬក៏លើកឡើង | ព្រះអង្គចាត់ចែង | ||
តាមព្រះហឫទ័យ | ។ | |||
៨ | ទ្រង់លើកមនុស្ស | ទុគ៌តស្រីប្រុស | ពីធូលីដី | |
ដកអ្នកកំសត់ | វេទនាក្រក្រី | នោះគឺដើម្បី | ||
ឱ្យស្មើអ្នកធំ | ។ | |||
ឱ្យបានគ្រងរាជ្យ | ពេញដោយអំណាច | រុងរឿងឧត្តម | ||
ដ្បិតព្រះអម្ចាស់ | តាំងគ្រឹះរឹងមាំ | ផែនដីដ៏ធំ | ||
មិនរលំឡើយ | ។ | |||
៩ | ព្រះអង្គមើលថែ | ជីវិតពួកគេ | ផុតទុក្ខល្ហែល្ហើយ | |
គឺអ្នកស្មោះត្រង់ | ព្រះអង្គនោះហើយ | ទ្រង់មិនកន្តើយ | ||
ថ្នាក់ថ្នមបមបី | ។ | |||
ឯមនុស្សអាក្រក់ | ចិត្តខ្មៅកខ្វក់ | ទុយ៌សអប្រីយ៍ | ||
គេនឹងវិនាស | ក្នុងពេលដ៏ខ្លី | ដ្បិតមនុស្សគ្មានជ័យ | ||
ដោយកម្លាំងទេ | ។ | |||
១០ | ព្រះអង្គបញ្ចោញ | រន្ទះដេញបាញ់ | ទៅលើពួកគេ | |
ព្រះម្ចាស់វិនិច្ឆ័យ | ទោសផែនដីដែរ | ទ្រង់គ្រប់គ្រងថែ | ||
មិនប្រែទាល់សោះ | ។ | |||
ព្រះអង្គប្រទាន | អានុភាពឱ្យមាន | ដល់ក្សត្រអង្គនោះ | ||
ប្រទានអំណាច | ចេស្តាទាំងអស់ | ដែលទ្រង់ថ្កើងយស | ||
ចាក់ប្រេងអភិសេក | ។ | |||
សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | ||
និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | ||
ដែលគង់ជានិច្ច | ។ |
បន្ទរ៖ ព្រះអម្ចាស់ប្រោសប្រទានឱ្យខ្ញុំមានចិត្តត្រេកអរសប្បាយយ៉ាងខ្លាំង ព្រះអម្ចាស់លើកខ្ញុំឡើងឱ្យបានខ្ពស់មុខ។
ទំនុកតម្កើងលេខ ៩៧
សីរីរុងរឿងរបស់ព្រះអម្ចាស់ ជះពន្លឺមកលើពិភពលោក
នៅក្នុងទំនុកតម្កើងនេះ មានរៀបរាប់អំពីការសង្គ្រោះពិភពលោក ដែលមនុស្សគ្រប់ជាតិសាសន៍នឹងទទួលជឿលើព្រះគ្រីស្ត (សន្តអាថាណាស)។
បន្ទរទី៣ ៖ ព្រះអម្ចាស់គ្រងរាជ្យ! ចូរឱ្យផែនដីបានរីករាយឡើង!
១ | ព្រះអម្ចាស់គ្រងរាជ្យ! ចូរឱ្យផែនដីរីករាយឡើង! ចូរឱ្យកោះទាំងឡាយមានអំណរសប្បាយ! |
២ | មានពពកដ៏ខ្មៅងងឹតនៅព័ទ្ធជុំវិញព្រះអង្គ ព្រះអង្គគ្រងរាជ្យដោយសុចរិតយុត្តិធម៌។ |
៣ | មានភ្លើងឆេះនៅខាងមុខព្រះអង្គ បំផ្លាញខ្មាំងសត្រូវដែលនៅជុំវិញព្រះអង្គ។ |
៤ | ផ្លេកបន្ទោររបស់ព្រះអង្គជះពន្លឺមកលើពិភពលោក ផែនដីឃើញពន្លឺនេះ ហើយញាប់ញ័រ។ |
៥ | ភ្នំនានារលាយនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ដូចក្រមួនត្រូវថ្ងៃ គឺនៅចំពោះព្រះភក្រ្តព្រះអម្ចាស់នៃផែនដីទាំងមូល។ |
៦ | ផ្ទៃមេឃប្រកាសអំពីសេចក្តីសុចរិតរបស់ព្រះអង្គ ហើយប្រជារាស្ត្រទាំងអស់បានឃើញសីរីរុងរឿងរបស់ព្រះអង្គ។ |
៧ | អស់អ្នកដែលថ្វាយបង្គំព្រះក្លែងក្លាយ គឺអួតអាងក្នុងការគោរពបម្រើព្រះឥតបានការ នឹងត្រូវអាម៉ាស! ព្រះទាំងឡាយអើយ! ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ។ |
៨ | បពិត្រព្រះអម្ចាស់! ពេលអ្នកក្រុងស៊ីយ៉ូនឮដំណឹងថា ព្រះអង្គវិនិច្ឆ័យដូច្នេះ គេមានអំណររីករាយ អ្នកក្រុងនានានៅស្រុកយូដា ក៏ត្រេកអរសប្បាយយ៉ាងខ្លាំងដែរ |
៩ | បពិត្រព្រះអម្ចាស់! ព្រះអង្គជាព្រះដ៏ខ្ពង់ខ្ពស់នៅលើផែនដីទាំងមូល ព្រះអង្គប្រសើរបំផុតលើព្រះទាំងប៉ុន្មាន។ |
១០ | អស់អ្នកដែលស្រឡាញ់ព្រះអម្ចាស់អើយ! ចូរស្អប់អំពើអាក្រក់! ព្រះអង្គនឹងថែរក្សាអាយុជីវិតអស់អ្នកដែលស្មោះត្រង់នឹងព្រះអង្គ ព្រះអង្គរំដោះគេឱ្យបានរួចពីកណ្តាប់ដៃរបស់មនុស្សអាក្រក់។ |
១១ | មានពន្លឺបំភ្លឺមនុស្សសុចរិត មនុស្សដែលមានចិត្តទៀងត្រង់នឹងមានអំណរសប្បាយ។ |
១២ | មនុស្សសុចរិតអើយ! ចូរនាំគ្នាសប្បាយចំពោះកិច្ចការដែលព្រះអម្ចាស់បានប្រព្រឹត្ត ! ចូរលើកតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះអម្ចាស់គ្រងរាជ្យ ! ចូរឱ្យផែនដីបានរីករាយឡើង !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៨,៣៥-៣៧)
តើនរណាអាចបំបែកយើងចេញពីព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្ដបាន?
ទុក្ខវេទនា ឬការតប់ប្រមល់ អន្ទះអន្ទែង ការបៀតបៀន ការស្រេកឃ្លាន ខ្វះសម្លៀកបំពាក់ គ្រោះថ្នាក់ ឬមួយត្រូវគេសម្លាប់?
ដូចមានចែងទុកមកថាៈ ព្រោះតែព្រះអង្គ យើងត្រូវគេរកសម្លាប់ពីព្រឹកដល់ល្ងាច គេចាត់ទុកយើងដូចជាចៀមដែលត្រូវគេយកទៅសម្លាប់។
ប៉ុន្តែ ក្នុងការទាំងនោះ យើងមានជ័យជម្នះលើសពីអ្នកមានជ័យជម្នះទៅទៀត ដោយព្រះអម្ចាស់ដែលបានស្រឡាញ់យើង។
បន្ទរ៖ ខ្ញុំនឹងអរព្រះគុណព្រះអម្ចាស់ *គ្រប់ពេលវេលា។ បន្ទរឡើងវិញ៖..
-ខ្ញុំនឹងសរសើរតម្កើងព្រះអង្គឥតឈប់សោះឡើយ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ ចូរយើងគោរពបម្រើព្រះអម្ចាស់ក្នុងភាពដ៏វិសុទ្ធ និងសុចរិត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។
៦៨ | ”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។ |
៦៩ | ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។ |
៧០ | ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម |
៧១ | គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង |
៧២ | ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ |
៧៣ | គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ ជាបុព្វបុរសរបស់យើងថា |
៧៤ | ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច |
៧៥ | ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។ |
៧៦ | ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ |
៧៧ | កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ ដោយលើកលែងគេឱ្យរួចពីបាប។ |
៧៨ | ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់ ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង |
៧៩ | និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងរបស់លោកសាការី (តាមបែបស្មូត) បទពាក្យ ៧
៦៨- | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់ព្រះរបស់ | |
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះ | យាងមករំដោះរាស្ត្រព្រះអង្គ | ។ | |
៦៩- | ទ្រង់បានប្រទានព្រះសង្គ្រោះ | ដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់ | |
ពីក្នុងចំណោមព្រះញាតិវង្ស | នៃអង្គដាវីឌបម្រើជាក់ | ។ | |
៧០- | ព្រះម្ចាស់ប្រទានព្រះសង្គ្រោះ | យើងមិនដែលលោះមិនដែលអាក់ | |
ដូចបានសន្យាតាមរយៈ | ព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន | ។ | |
៧១- | ព្រះអង្គសង្គ្រោះយើងឱ្យរួច | ចេញពីអំណាចខ្មាំងលើសលន់ | |
និងផុតពីដៃពួកទុរជន | ដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង | ។ | |
៧២- | ព្រះអង្គសម្ដែងព្រះហឫទ័យ | ករុណាប្រណីមិនឆ្មៃឆ្មើង | |
ដល់បុព្វបុរសដែលតម្កើង | សម្ពន្ធព្រះអង្គមិនភ្លេចសោះ | ។ | |
៧៣- | គឺព្រះអង្គហើយបានសន្យា | ពាក្យពិតសត្យាមិនចន្លោះ | |
នឹងអប្រាហាំបុព្វបុរស | ដូនតាយើងនោះដូច្នេះថា | ។ | |
៧៤- | ទ្រង់នឹងរំដោះយើងឱ្យរួច | ផុតពីអំណាចខ្មាំងឫស្យា | |
ដើម្បីយើងអាចក្រាបវន្ទា | ព្រះអង្គគ្រប់គ្រាគ្មានភ័យភិត | ។ | |
៧៥- | ព្រមទាំងឱ្យយើងបានរស់នៅ | ឥតមានអាស្រូវដោយសុចរិត | |
ជារៀងរាល់ថ្ងៃមួយជីវិត | គាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ | ។ | |
៧៦- | ចំណែកឯរូបរបស់កូន | នឹងក្លាយខ្លួនជាព្យាការី | |
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃ | រៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ | ។ | |
៧៧- | កូននឹងធ្វើឱ្យអស់ប្រជា | រាស្ត្រទាំងអស់គ្នាគេបានដឹង | |
ថាព្រះសង្គ្រោះគឺព្រះអង្គ | ទាំងលើកទោសផងរួចពីបាប | ។ | |
៧៨- | ព្រះរបស់យើងមានព្រះទ័យ | ករុណាប្រណីជាដរាប | |
ទ្រង់ប្រទានថ្ងៃរះរៀងរាប | រំដោះរួចបាបយើងពិតៗ | ។ | |
៧៩- | សម្រាប់បំភ្លឺដល់អស់អ្នក | ដែលបាននៅស្នាក់ទីងងឹត | |
ព្រមទាំងតម្រង់ផ្លូវជីវិត | យើងឆ្ពោះទៅរកក្តីសុខសាន្ត | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ ចូរយើងគោរពបម្រើព្រះអម្ចាស់ក្នុងភាពដ៏វិសុទ្ធ និងសុចរិត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។
ពាក្យអង្វរសកល
សូមលើកតម្កើងព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើង ព្រះអង្គមានព្រះបន្ទូលសន្យាគង់នៅជាមួយព្រះសហគមន៍របស់ព្រះអង្គជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក។
យើងខ្ញុំសូមអរព្រះគុណព្រះអង្គ និងសូមទូលអង្វរព្រះអង្គថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គគង់នៅជាមួយយើងខ្ញុំ។
ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គគង់នៅជាមួយយើងខ្ញុំពេញមួយថ្ងៃនេះ
—សូមឱ្យព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ គង់នៅដូចព្រះសុរិយាមិនដែលអស្តង្គតផង។ (បន្ទរ)
យើងខ្ញុំសូមឧទ្ទិសថ្ងៃនេះ ទុកជាតង្វាយថ្វាយទៅព្រះអង្គ
—សូមព្រះអង្គកុំបណ្តោយឱ្យយើងខ្ញុំថ្វាយតង្វាយជាអំពើអកុសលឡើយ។ (បន្ទរ)
សូមព្រះអង្គជួយឱ្យគ្រីស្តបរិស័ទ ចេះឆ្លើយតបនឹងការត្រាស់ហៅរបស់ព្រះអង្គ
—ដើម្បីឱ្យពួកគេក្លាយជាអំបិលនៃភពផែនដី និងជាពន្លឺបំភ្លឺពិភពលោក។ (បន្ទរ)
សូមឱ្យសេចក្តីស្រឡាញ់នៃព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គ តម្រង់ដួងចិត្ត និងបបូរមាត់របស់យើងខ្ញុំ
—ហើយឱ្យយើងខ្ញុំប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គជានិច្ចផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ឱព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ!
សូមសម្តែងព្រះបារមី ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី
ដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យ
អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ
តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់! នៅព្រឹកថ្ងៃថ្មីនេះ សូមព្រះអង្គចាត់ពន្លឺរស្មីរបស់ព្រះអង្គ មកបំភ្លឺក្នុងដួងចិត្តយើងខ្ញុំ
ឱ្យរស់នៅតាមការប្រៀនប្រដៅរបស់ព្រះអង្គយ៉ាងពិតប្រាកដ
ហើយសូមការពារយើងខ្ញុំឱ្យរួចផុតពីអំពើបាប និងកំហុសឆ្គងទាំងឡាយផង។
យើងខ្ញុំសូមអង្វរព្រះអង្គដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។