បុណ្យគោរពព្រះនាងព្រហ្មចារីនីម៉ារីមិនជំពាក់បាប
(បុណ្យឱឡារិក)
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
(៣ រសៀល)
បន្ទរ៖ ព្រះជាម្ចាស់បានបង្កើតខ្ញុំក្នុងភាពដ៏វិសុទ្ធ ព្រះអង្គដឹកដៃខ្ញុំ និងការពារខ្ញុំ។
ទំនុកតម្កើងលេខ ១២៦
សេចក្តីសង្ឃឹមលើព្រះជាម្ចាស់
បងប្អូនរងទុក្ខលំបាករួមជាមួយយើងយ៉ាងណា បងប្អូនក៏នឹងបានធូរស្រាល រួមជាមួយយើងយ៉ាងនោះដែរ (២ករ ១,៧)។
| ១ | ពេលព្រះអម្ចាស់នាំអស់អ្នកដែលជាប់ជាឈ្លើយត្រឡប់មកក្រុងស៊ីយ៉ូនវិញ យើងទាំងអស់គ្នាដូចជាយល់សប្ដិ។ |
| ២ | យើងសើចសប្បាយជានិច្ច យើងស្រែកជយឃោស ពេលនោះ ក្នុងចំណោមប្រជាជាតិនានា គេបានពោលថា: «ព្រះអម្ចាស់បានធ្វើការដ៏អស្ចារ្យចំពោះពួកគេ!»។ |
| ៣ | ព្រះអម្ចាស់ពិតជាបានធ្វើការដ៏អស្ចារ្យចំពោះយើងមែន ហេតុនេះហើយបានជាយើងមានអំណរសប្បាយ។ |
| ៤ | ឱព្រះអម្ចាស់អើយ សូមប្រោសប្រទានឲ្យយើងខ្ញុំបានចម្រុងចម្រើនឡើងវិញ ដូចវាលរហោស្ថានដ៏ហួតហែងមានទឹកហូរឡើងវិញយ៉ាងនោះដែរ។ |
| ៥ | អ្នកណាសាបព្រោះទាំងទឹកភ្នែក អ្នកនោះនឹងច្រូតយកផលយ៉ាងសប្បាយ។ |
| ៦ | អ្នកណាយកគ្រាប់ពូជចេញទៅព្រោះ ទាំងយំសោក អ្នកនោះនឹងកាន់កណ្ដាប់ស្រូវត្រឡប់មកវិញ ទាំងស្រែកហ៊ោដោយអំណរ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ១៣១ (១៣០)
ទូលបង្គំមានចិត្តស្ងប់
(បទកាកគតិ)
| ១- | បពិត្រព្រះម្ចាស់ | ខ្ញុំជាមនុស្ស | ដែលមិនអំនួត |
| មិនវាយឫកខ្ពស់ | មិនអាងមិនអួត | មិនចង់ប្រកួត | |
| អ្នកតូចអ្នកទាប | ។ | ||
| ខ្ញុំមិនលោភលន់ | ចង់បានទ្រព្យធន | គេជារៀងរាប | |
| មិនចង់បានអ្វី | ដែលធំហួសប្រៀប | លើសសមត្ថភាព | |
| របស់ខ្ញុំឡើយ | ។ | ||
| ២- | តែផ្ទុយទៅវិញ | ចិត្តខ្ញុំពោរពេញ | ស្ងៀមស្ងាត់ព្រងើយ |
| ដូចជាកូនក្មេង | ជាប់ទ្រូងម្តាយហើយ | វាធ្វើកន្តើយ | |
| នឹងអ្វីទាំងអស់ | ។ | ||
| ៣- | អ៊ីស្រាអែលអើយ | កុំបង្អង់ឡើយ | ទុកចិត្តលើព្រះ |
| តាំងពីឥឡូវ | តទៅឥតខ្ចោះ | រហូតដល់អស់ | |
| កប្បកល្បជានិច្ច | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
ទំនុកតម្កើងលេខ ១២៨
សុភមង្គលរបស់អ្នកគោរពកោតខ្លាចព្រះអម្ចាស់
“សូមព្រះជាម្ចាស់ប្រទានពរដល់អ្នកពីស៊ីយ៉ូនមក” មានន័យថា ពីព្រះសហគមន៍ (Arnobius)
| ១ | អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ ហើយដើរតាមមាគ៌ារបស់ព្រះអង្គ អ្នកនោះមានសុភមង្គលហើយ! |
| ២ | អ្នកនឹងទទួលផលពីកិច្ចការដែលអ្នកបានធ្វើ អ្នកនឹងមានសុភមង្គល ហើយចម្រុងចម្រើន |
| ៣ | នៅក្នុងផ្ទះ ភរិយារបស់អ្នកប្រៀបដូចជាដើមទំពាំងបាយជូរដែលមានផ្លែជាច្រើន ហើយនៅជុំវិញតុ កូនប្រុសៗរបស់អ្នកក៏ប្រៀបបាននឹងដើមអូលីវតូចៗដែរ។ |
| ៤ | អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់នឹងទទួលព្រះពរបែបនេះ។ |
| ៥ | សូមព្រះអម្ចាស់ប្រទានពរឲ្យអ្នកពីភ្នំស៊ីយ៉ូន ហើយរៀងរាល់ថ្ងៃក្នុងជីវិតអ្នក អ្នកនឹងឃើញសុភមង្គលរបស់ក្រុងយេរូសាឡឹម |
| ៦ | អ្នកក៏នឹងឃើញចៅរបស់អ្នកដែរ។ សូមឲ្យអ៊ីស្រាអែលបានប្រកបដោយសេចក្ដីសុខសាន្ត! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះជាម្ចាស់បានបង្កើតខ្ញុំក្នុងភាពដ៏វិសុទ្ធ ព្រះអង្គដឹកដៃខ្ញុំ និងការពារខ្ញុំ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ៥,២៥.២៦ក.២៧)
ព្រះគ្រីស្តបានស្រឡាញ់ព្រះសហគមន៍ ព្រះអង្គបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់សម្រាប់ព្រះសហគមន៍ ដើម្បីប្រោសឲ្យព្រះសហគមន៍បានទៅជាវិសុទ្ធ។ ព្រះអង្គសព្វព្រះហឫទ័យនាំព្រះសហគមន៍នេះមកថ្វាយព្រះអង្គផ្ទាល់ ជាព្រះសហគមន៍ដ៏រុងរឿង ឥតស្លាកស្នាម ឥតជ្រីវជ្រួញ និងឥតខ្ចោះត្រង់ណាឡើយ គឺឲ្យទៅជាវិសុទ្ធ ឥតសៅហ្មង។
បន្ទរ៖ ឱព្រះមាតានៃព្រះជាម្ចាស់ ដែលមិនជំពាក់បាប
—សូមប្រទានអំណរសប្បាយដល់ពិភពលោកទាំងមូល។
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងគង់នៅអស់កល្បជានិច្ច! ព្រះអង្គសព្វព្រះហឫទ័យបំភ្លឺចិត្តគំនិតនាងម៉ារីជាព្រះមាតានៃព្រះបុត្រា ព្រះអង្គឲ្យទៅសួរសុខទុក្ខនាងអេលីសាបិត។ សូមព្រះអង្គប្រោសឲ្យយើងខ្ញុំសុខចិត្តធ្វើតាមការបំភ្លឺរបស់ព្រះវិញ្ញាណ ដោយលើកតម្កើងព្រះអង្គគ្រប់ពេល វេលារួមជាមួយព្រះនាងព្រហ្មចារិនីម៉ារី។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!
