បុណ្យគោរពព្រះនាងព្រហ្មចារីនីម៉ារីមិនជំពាក់បាប
(បុណ្យឱឡារិក)
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
(១២ ថ្ងៃត្រង់)
បន្ទរ៖ ព្រះអម្ចាស់មានអំណរសប្បាយជាខ្លាំង ព្រោះតែអ្នក។ ព្រះរបស់អ្នកនឹងទតមើលមកអ្នក ដោយអំណររហូតតទៅ។
ទំនុកតម្កើងលេខ ១២៣
ព្រះជាម្ចាស់ជាសេចក្តីសង្ឃឹមរបស់ប្រជារាស្រ្តព្រះអង្គ
មានមនុស្សខ្វាក់ពីរនាក់ស្រែកឡើងថា៖ «ឱព្រះអម្ចាស់ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាយើងខ្ញុំផង!» (មថ ២០,៣០)។
១ | ឱព្រះអម្ចាស់ដែលគង់នៅស្ថានបរមសុខអើយ ទូលបង្គំងើបមុខឡើងសម្លឹងទៅរកព្រះអង្គ។ |
២ | យើងខ្ញុំក៏សម្លឹងមើលព្រះជាអម្ចាស់នៃយើង ហើយទន្ទឹងរង់ចាំព្រះអង្គប្រណីសន្ដោស ដូចអ្នកបម្រើសម្លឹងមើលទៅដៃម្ចាស់របស់ខ្លួន និងដូចស្ត្រីបម្រើសម្លឹងមើលទៅដៃម្ចាស់ស្រីរបស់ខ្លួនយ៉ាងនោះដែរ។ |
៣ | ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រណីសន្ដោសយើងខ្ញុំផង ដ្បិតយើងខ្ញុំត្រូវគេប្រមាថខ្លាំងណាស់។ |
៤ | យើងខ្ញុំពុំអាចទ្រាំទ្រនឹងការមើលងាយពីសំណាក់មនុស្សព្រហើន ព្រមទាំងការប្រមាថពីសំណាក់មនុស្សវាយឫកខ្ពស់បានទៀតឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ១២៤ (១២៣)
ជំនួយរបស់យើងស្ថិតក្នុងព្រះនាមរបស់ព្រះអម្ចាស់
ព្រះអម្ចាស់មានព្រះបន្ទូលមកលោកប៉ូលថា៖ «កុំខ្លាចអី…. ដ្បិតយើងស្ថិតនៅជាមួយអ្នកហើយ (កក ១៨,៩-១០)។
(បទពាក្យ ៧)
១- | ប្រសិនបើគ្មានព្រះអម្ចាស់ | មិនជួយសន្តោសគាំទ្រទេ | |
សូមអ៊ីស្រាអែលពោលហូរហែ | ពោលកុំទំនេរទាំងអស់គ្នា | ||
២- | ប្រសិនបើគ្មានព្រះអម្ចាស់ | នៅខាងយើងនោះគ្រប់វេលា | |
ពេលណាសត្រូវលើកគ្នីគ្នា | សម្រុកពុះពារវាយលើយើង | ||
៣- | ពេលណាគេមានកំហឹងខ្លាំង | គេមកប្រឆាំងយើងនឹងប៉ើង | |
គេនឹងត្របាក់លេបដូចភ្លើង | មិនឲ្យពួកយើងសុខសាន្តឡើយ | ||
៤- | យើងនឹងលិចលង់ក្នុងសមុទ្រ | ភិតភ័យតក់ស្លុតឥតមានស្បើយ | |
ទឹកហូរនាំយើងគ្មានកោះត្រើយ | ទៅកាន់ទីឆ្ងាយគ្មានគោលដៅ | ||
៥- | ពេលយើងកំពុងអស់កម្លាំង | មានទឹកកួចខ្លាំងពន្លិចទៅ | |
ដល់បាតជលសាដ៏សែនជ្រៅ | ជីវិតយើងត្រូវលង់ក្សិណក្ស័យ | ||
៦- | សូមលើកតម្កើងព្រះអម្ចាស់ | ដ្បិតទ្រង់ជាព្រះមានបារមី | |
ទ្រង់ពុំប្រគល់យើងក្នុងដៃ | ធ្វើរំពានៃពួកនោះឡើយ | ||
៧- | យើងរួចជីវិតដូចបក្សី | គេចផុតពីដៃព្រានព្រៃហើយ | |
គឺលប់ធ្លុះធ្លាយគ្មានសល់ឡើយ | យើងបានធូរស្បើយរស់ជីវា៉ | ||
៨- | ព្រះអម្ចាស់បានសង្គ្រោះយើង | ដោយព្រះនាមថ្កើងមានចេស្តា | |
គឺព្រះអង្គដែលមានមេត្តា | បង្កើតវេហានិងផែនដី | ||
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ |
ទំនុកតម្កើងលេខ ១២៥
ព្រះអម្ចាស់ថែរក្សាប្រជារាស្រ្តរបស់ព្រះអង្គ
សូមព្រះជាម្ចាស់ប្រទានសេចក្ដីសុខសាន្តដល់ប្រជារាស្ដ្រអ៊ីស្រាអែលរបស់ព្រះអង្គ (កាឡ ៦,១៦)។
១ | អ្នកណាផ្ញើជីវិតលើព្រះអម្ចាស់ អ្នកនោះប្រៀបបាននឹងភ្នំស៊ីយ៉ូន ដែលនៅស្ថិតស្ថេររហូត ឥតរង្គើសោះឡើយ។ |
២ | ភ្នំនានានៅព័ទ្ធជុំវិញក្រុងយេរូសាឡឹមយ៉ាងណា ព្រះអម្ចាស់ក៏គង់នៅជុំវិញប្រជារាស្ដ្ររបស់ព្រះអង្គ តាំងពីពេលនេះ រហូតដល់អស់កល្បជានិច្ចយ៉ាងនោះដែរ |
៣ | ដ្បិតមនុស្សអាក្រក់ពុំអាចគ្រប់គ្រងលើទឹកដីរបស់មនុស្សសុចរិតទេ ដូច្នេះ មនុស្សសុចរិតគ្មានចិត្តលំអៀងទៅប្រព្រឹត្តអំពើទុច្ចរិតឡើយ។ |
៤ | ព្រះអម្ចាស់អើយ សូមសម្ដែងព្រះហឫទ័យសប្បុរស ចំពោះអស់អ្នកដែលមានចិត្តសប្បុរស និងទៀងត្រង់។ |
៥ | រីឯអស់អ្នកដែលប្រព្រឹត្តតាមមាគ៌ាដ៏វៀចវេរវិញ សូមព្រះអម្ចាស់នាំគេយកទៅធ្វើទោស ជាមួយអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។ សូមឲ្យអ៊ីស្រាអែលបានប្រកបដោយសេចក្ដីសុខសាន្ត!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះអម្ចាស់មានអំណរសប្បាយជាខ្លាំង ព្រោះតែអ្នក។ ព្រះរបស់អ្នកនឹងទតមើលមកអ្នក ដោយអំណររហូតតទៅ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ១,១១-១២)
ព្រះជាម្ចាស់បានជ្រើសរើសយើងទុកដោយឡែក ក្នុងអង្គព្រះគ្រីស្ត ព្រះអង្គបានតម្រូវយើងទុកជាមុនដូច្នេះ ស្របតាមផែនការរបស់ព្រះអង្គ ដែលសម្រេចគ្រប់កិច្ចការទាំងអស់ តាមព្រះហឫទ័យរបស់ព្រះអង្គ ដើម្បីឲ្យយើងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ គឺយើងដែលបានសង្ឃឹមលើព្រះគ្រីស្តមុនគេបង្អស់។
បន្ទរ៖ ទូលបង្គំបន្លឺសំឡេងតម្កើងព្រះដ៏មានព្រះជន្មគង់នៅ
—អស់ពីកម្លាំងកាយ និងកម្លាំងចិត្ត។
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងគង់នៅអស់កល្បជានិច្ច! ព្រះអង្គសព្វព្រះហឫទ័យបំភ្លឺចិត្តគំនិតនាងម៉ារីជាព្រះមាតានៃព្រះបុត្រា ព្រះអង្គឲ្យទៅសួរសុខទុក្ខនាងអេលីសាបិត។ សូមព្រះអង្គប្រោសឲ្យយើងខ្ញុំសុខចិត្តធ្វើតាមការបំភ្លឺរបស់ព្រះវិញ្ញាណ ដោយលើកតម្កើងព្រះអង្គគ្រប់ពេល វេលារួមជាមួយព្រះនាងព្រហ្មចារិនីម៉ារី។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!