បុណ្យគោរពព្រះនាងព្រហ្មចារីនីម៉ារីមិនជំពាក់បាប
(បុណ្យឱឡារិក)
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
(៩ ព្រឹក)
បន្ទរ៖ សូមលើកតម្កើងព្រះអម្ចាស់នៃជីវិត! ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះរូបខ្ញុំ។
ទំនុកតម្កើងលេខ ១២០
ការចង់បានសន្តិភាព
ចូរកាន់ចិត្តអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិដ្ឋាន (រ៉ូម ១២,១២)។
១ | នៅពេលមានអាសន្ន ខ្ញុំស្រែកអង្វរព្រះអម្ចាស់ ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ។ |
២ | ឱព្រះអម្ចាស់អើយ សូមរំដោះទូលបង្គំឲ្យរួចផុតពីមនុស្សដែលពោលពាក្យកុហក និងបោកបញ្ឆោត! |
៣ | អ្នកនិយាយបោកបញ្ឆោតដូច្នេះ តើបានទទួលអ្វីខ្លះ? |
៤ | គឺមានតែទទួលព្រួញរបស់អ្នកចម្បាំង និងភ្លើងឆេះសន្ធោសន្ធៅតែប៉ុណ្ណោះ! |
៥ | ខ្ញុំស្នាក់នៅក្នុងស្រុករបស់មនុស្សកាចសាហាវ ហើយរស់នៅក្នុងចំណោមមនុស្សព្រៃផ្សៃដូច្នេះ វេទនាណាស់! |
៦ | ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលមិនចូលចិត្តសន្តិភាព ជាយូរឆ្នាំកន្លងមកហើយ។ |
៧ | ពេលខ្ញុំនិយាយពីសន្តិភាព ពួកគេបែរជាប្រកាសសង្គ្រាមទៅវិញ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ១២១ (១២០)
ព្រះជាម្ចាស់ថែរក្សាប្រជារាស្រ្តរបស់ព្រះអង្គ
ពួកគេនឹងលែងឃ្លាន លែងស្រេកទៀតហើយ ព្រះអាទិត្យ និងកម្ដៅគ្រប់យ៉ាង ក៏នឹងលែងធ្វើទុក្ខគេទៀតដែរ (វវ ៧,១៦)។
(បទពាក្យ ៧)
១- | ខ្ញុំងើបមុខឡើងភ្នែកសម្លឹង | ឯនាយល្វើយល្វឹងទៅដល់ភ្នំ | |
ថាតើនរណានឹងជួយខ្ញុំ | ឲ្យផុតទុក្ខធំគ្រប់ៗគ្រា | ||
២- | គឺមានតែអង្គព្រះអម្ចាស់ | ដែលប្រណីប្រោសរាល់វេលា | |
ទ្រង់បង្កើតដីផ្ទៃមេឃា | ព្រះអង្គគឺជាព្រះសង្គ្រោះ | ||
៣- | សូមទ្រង់មេត្តាកុំបណ្តោយ | ឲ្យជើងអ្នកធ្លោយរងរបួស | |
ករុណាអាសូរជួយសង្គ្រោះ | កុំឲ្យមានគ្រោះឬត្រូវដួល | ||
៤- | ព្រះអង្គដែលថែទាំការពារ | ស្រាអែលគ្រប់គ្នាបានសុខស្រួល | |
ព្រះអង្គសង្គ្រោះមិនឲ្យដួល | ទ្រង់មិនប្រែប្រួលផ្ទុំលក់ឡើយ | ||
៥- | ព្រះអម្ចាស់តែងរក្សាថែ | ការពារឥតល្ហែមិនកន្តើយ | |
ទ្រង់គង់នៅខាងស្តាំអ្នកហើយ | កុំខ្វល់ខ្វាយឡើយទ្រង់ជាម្លប់ | ||
៦- | ព្រះអាទិត្យរះក្នុងពេលថ្ងៃ | មិនធ្វើទុក្ខអ្វីភ្លឺគ្រងគ្រប់ | |
ឯព្រះច័ន្ទចរនៅពេលយប់ | ទុក្ខសោកក៏ឈប់ដល់អ្នកដែរ | ||
៧- | ព្រះអម្ចាស់នឹងថែរក្សា | រារាំងបាំងការពារថ្នមថែ | |
ហេតុការណ៍អាក្រក់ទ្រង់បង្វែរ | មិនឲ្យកើតក្បែររូបអ្នកឡើយ | ||
៨- | ព្រះម្ចាស់ថែអ្នកគ្មានឈរឈប់ | អ្វីៗសព្វគ្រប់មិនកន្តើយ | |
កិច្ចការអ្នកធ្វើនឹងធូរស្បើយ | ពីពេលនេះហើយតរៀងទៅ | ||
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ |
ទំនុកតម្កើងលេខ ១២៩
ពួកគេនាំគ្នាភ្ជួររាស់នៅលើខ្នងខ្ញុំ
១ | គេតែងតែនាំគ្នាធ្វើបាបខ្ញុំតាំងពីខ្ញុំនៅក្មេង- សូមឲ្យជនជាតិអ៊ីស្រាអែលពោលតាមថា- |
២ | គេតែងតែនាំគ្នាធ្វើបាបខ្ញុំតាំងពីខ្ញុំនៅក្មេង ប៉ុន្តែ គេពុំអាចយកជ័យជម្នះលើខ្ញុំបានឡើយ។ |
៣ | គេនាំគ្នាភ្ជួររាស់នៅលើខ្នងខ្ញុំគេបានធ្វើគន្លងយ៉ាងវែង។ |
៤ | ប៉ុន្តែ ព្រះអម្ចាស់មានព្រះហឫទ័យសុចរិត ព្រះអង្គបានស្រាយចំណងរបស់មនុស្សអាក្រក់ចេញពីខ្ញុំ។ |
៥ | សូមឲ្យអស់អ្នកដែលស្អប់ក្រុងស៊ីយ៉ូនត្រូវអាម៉ាស់ និងដកខ្លួនថយ! |
៦ | សូមឲ្យពួកគេបានដូចស្មៅដែលដុះ ហើយក្រៀមស្ងួតទៅ មុនពេលលូតលាស់ធំឡើង! |
៧ | សូម្បីគេច្រូតស្មៅនោះ ក៏ក្តាប់មិនពេញដៃ ហើយក៏ពុំមានល្មមសម្រាប់ឲ្យចងជាកណ្ដាប់បានដែរ។ |
៨ | សូមកុំឲ្យអស់អ្នកដែលដើរកាត់តាមនោះ ពោលទៅពួកគេថា: «សូមព្រះអម្ចាស់ប្រទានពរអ្នករាល់គ្នា» សោះឡើយ។ យើងសូមជូនពរអ្នករាល់គ្នាក្នុងព្រះនាមព្រះអម្ចាស់! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ សូមលើកតម្កើងព្រះអម្ចាស់នៃជីវិត! ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះរូបខ្ញុំ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ១,៤)
ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។
បន្ទរ៖ នៅថ្ងៃនេះ យើងខ្ញុំប្រារព្ធបុណ្យព្រះនាងព្រហ្មចារិនីម៉ារីមិនជំពាក់បាប។
—ព្រះនាងបានជាន់ក្បាលសត្វពស់ ដោយជើងរបស់ព្រះនាង។
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងគង់នៅអស់កល្បជានិច្ច! ព្រះអង្គសព្វព្រះហឫទ័យបំភ្លឺចិត្តគំនិតនាងម៉ារីជាព្រះមាតានៃព្រះបុត្រា ព្រះអង្គឲ្យទៅសួរសុខទុក្ខនាងអេលីសាបិត។ សូមព្រះអង្គប្រោសឲ្យយើងខ្ញុំសុខចិត្តធ្វើតាមការបំភ្លឺរបស់ព្រះវិញ្ញាណ ដោយលើកតម្កើងព្រះអង្គគ្រប់ពេល វេលារួមជាមួយព្រះនាងព្រហ្មចារិនីម៉ារី។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!