បុណ្យថ្វាយព្រះឱរសយេស៊ូនៅក្នុងព្រះវិហារ
(បុណ្យគោរព)
(ពេលល្ងាចទី១)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១៣
បន្ទរទី១ ៖ មាតាបិតាព្រះយេស៊ូបាននាំព្រះអង្គទៅថ្វាយព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម។
១ | ចូរសរសើរតម្កើងព្រះអម្ចាស់ ! អ្នកបម្រើរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ ! ចូរនាំគ្នាសរសើរតម្កើងព្រះនាមព្រះអម្ចាស់ ! |
២ | ចូរលើកតម្កើងព្រះនាមព្រះអម្ចាស់តាំងពីពេលនេះរហូតតទៅ! |
៣ | តាំងពីពេលថ្ងៃរះ រហូតទល់ថ្ងៃលិច ចូរសរសើរតម្កើងព្រះនាមរបស់ព្រះអម្ចាស់! |
៤ | ព្រះអម្ចាស់គង់នៅពីលើប្រជាជាតិទាំងឡាយ សិរីរុងរឿងរបស់ព្រះអង្គខ្ពស់ជាងផ្ទៃមេឃទៅទៀត។ |
៥ | តើមាននរណាអាចផ្ទឹមស្មើនឹងព្រះអម្ចាស់ជាព្រះរបស់យើងបាន? ព្រះអង្គគង់នៅលើស្ថានដ៏ខ្ពស់បំផុត |
៦ | ព្រះអង្គទតមើលមកផ្ទៃមេឃនិងផែនដី ដែលនៅខាងក្រោមព្រះអង្គ។ |
៧ | ព្រះអង្គលើកមនុស្សទន់ខ្សោយឡើងពីធូលីដី ព្រះអង្គលើកមនុស្សទុរគតឡើងពីភក់ជ្រាំ |
៨ | ដើម្បីឲ្យគេកាន់កាប់អំណាចរួមជាមួយពួកអ្នកធំ គឺរួមជាមួយពួកអ្នកធំនៅក្នុងចំណោមប្រជារាស្ដ្ររបស់ព្រះអង្គ។ |
៩ | ព្រះអង្គប្រទានឲ្យស្ត្រីអារមានកូន ឲ្យនាងរស់នៅក្នុងផ្ទះយ៉ាងសប្បាយជាមួយកូនៗរបស់នាង។ អាលេលូយ៉ា! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ មាតាបិតាព្រះយេស៊ូបាននាំព្រះអង្គទៅថ្វាយព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម។
ទំនុកតម្កើងលេខ ១៤៧,១២-២០
បន្ទរទី២ ៖ ក្រុងស៊ីយ៉ូនអើយ ! ចូររៀបចំបន្ទប់អាពាហ៍ពិពាហ៍របស់អ្នក ដើម្បីទទួលព្រះគ្រីស្តជាព្រះមហាក្សត្រ។
(បទព្រហ្មគីតិ)
១២- | ក្រុងយេរូសាឡឹម | កុំស្ងាត់ស្ងៀមនៅរេរង់ | |
ព្រមទាំងក្រុងស៊ីយ៉ូន | ចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់ | ។ | |
១៣- | ដ្បិតព្រះអង្គការពារ | អ្នករាល់គ្នាបានសុខណាស់ | |
ទ្រង់ឲ្យពរដល់រាស្រ្ត | ដែលរស់ពាសពេញទីក្រុង | ។ | |
១៤- | ទ្រង់ប្រទានទឹកដី | មានសេរីសុខត្រចង់ | |
សន្តិភាពគ្រប់ជ្រុង | ស្រូវបម្រុងច្រើនមហិមា | ។ | |
១៥- | នៅលើផ្ទៃផែនដី | ស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា | |
ផ្សព្វផ្សាយគ្រប់ទិសា | ពីបញ្ជាព្រះអម្ចាស់ | ។ | |
១៦- | ព្រះអង្គឲ្យទឹកកក | ធ្លាក់ចុះមកច្រើនដេរដាស | |
សន្សើមត្រជាក់ណាស់ | ក៏ធ្លាក់ចុះតាមបញ្ជា | ។ | |
១៧- | ព្រះអង្គធ្វើឲ្យព្រឹល | ធ្លាក់មិនខ្ជិលច្រើនមហិមា | |
ឲ្យមានធាតុរងា | តើនរណាអាចទ្រាំបាន? | ។ | |
១៨- | ពេលទ្រង់មានបន្ទូល | ធ្វើឲ្យព្រឹលទាំងប៉ុន្មាន | |
ទឹកកកគ្រប់ទីស្ថាន | រលាយបានជាទឹកអស់ | ។ | |
ធ្វើឲ្យមានទាំងខ្យល់ | បោកវិលវល់មិនឈប់សោះ | ||
បក់យកទឹកទាំងនោះ | ហូរតាមជ្រោះទៅមិនសល់ | ។ | |
១៩- | ទ្រង់សម្តែងឲ្យពូជ | លោកយ៉ាកុបស្តាប់បន្ទូល | |
ក្រឹត្យវិន័យនិមល | ឲ្យអ៊ីស្រាអែលបានដឹង | ។ | |
២០- | ព្រះអង្គពុំបញ្ជា | សព្វកិច្ចការអស់ទាំងហ្នឹង | |
ឲ្យជាតិសាសន៍ផ្សេងដឹង | វិន័យទ្រង់នោះសោះឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ ក្រុងស៊ីយ៉ូនអើយ ! ចូររៀបចំបន្ទប់អាពាហ៍ពិពាហ៍របស់អ្នក ដើម្បីទទួលព្រះគ្រីស្តជាព្រះមហាក្សត្រ។
បទលើកតម្កើងតាមលិខិតភីលីព ២,៦-១១
បន្ទរទី៣ ៖ លោកតាស៊ីម៉ូនមានសុភមង្គលហើយ ! ដ្បិតលោកបានបីព្រះគ្រីស្តជាអម្ចាស់ ជាព្រះសង្រ្គោះនៃប្រជារាស្រ្តរបស់ព្រះអង្គ។
៦ | ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គពុំបានក្ដោបក្តាប់ឋានៈដែលស្មើនឹងព្រះជាម្ចាស់នេះ ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។ |
៧ | ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់មកយកឋានៈជាទាសករ ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។ |
៨ | ព្រះអង្គបានដាក់ខ្លួន ធ្វើតាមព្រះបញ្ជារហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។ |
៩ | ហេតុនេះហើយបានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឲ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់ |
១០ | ដើម្បីឲ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ |
១១ | និងឲ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ លោកតាស៊ីម៉ូនមានសុភមង្គលហើយ ! ដ្បិតលោកបានបីព្រះគ្រីស្តជាអម្ចាស់ ជាព្រះសង្រ្គោះនៃប្រជារាស្រ្តរបស់ព្រះអង្គ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហប ១០,៥-៧)
ហេតុនេះ នៅពេលដែលព្រះគ្រីស្តយាងចូលមកក្នុងពិភពលោក ព្រះអង្គមានព្រះបន្ទូលទៅកាន់ព្រះជាម្ចាស់ថា៖ «ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ តែព្រះអង្គបានធ្វើរូបកាយមួយឱ្យទូលបង្គំ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងតង្វាយដុត ឬយញ្ញបូជាសុំឱ្យរួចពីបាបឡើយ ដូច្នេះ ទូលបង្គំពោលថាៈ បពិត្រព្រះជាម្ចាស់ឥឡូវនេះ ទូលបង្គំសូមមកធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ស្របតាមសេចក្ដីដែលមានចែងទុកពីទូលបង្គំនៅក្នុងគម្ពីរ»។
បន្ទរ៖ ព្រះអម្ចាស់បានបង្ហាញ *ការសង្គ្រោះរបស់ព្រះអង្គ។ បន្ទរឡើងវិញ៖…
—ដែលព្រះអង្គបានប្រទានមកឱ្យប្រជាជាតិទាំងអស់។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ បុរសចំណាស់បីព្រះឱរស ប៉ុន្តែ ព្រះឱរសជាព្រះអម្ចាស់របស់បុរសចំណាស់។ នាងព្រហ្មចារិនីបានផ្តល់កំណើតឱ្យព្រះឱរស ប៉ុន្តែ នាងនៅតែជាព្រហ្មចារិនីរហូតតរៀងទៅ។ នាងលុតជង្គង់ក្រាបថ្វាយបង្គំនៅមុខព្រះឱរសរបស់នាង។
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ បុរសចំណាស់បីព្រះឱរស ប៉ុន្តែ ព្រះឱរសជាព្រះអម្ចាស់របស់បុរសចំណាស់។ នាងព្រហ្មចារិនីបានផ្តល់កំណើតឱ្យព្រះឱរស ប៉ុន្តែ នាងនៅតែជាព្រហ្មចារិនីរហូតតរៀងទៅ។ នាងលុតជង្គង់ក្រាបថ្វាយបង្គំនៅមុខព្រះឱរសរបស់នាង។
ពាក្យអង្វរសកល
នៅថ្ងៃនេះ ព្រះសង្រ្គោះរបស់យើងបានបង្ហាញខ្លួនក្នុងព្រះវិហារ។ ចូរយើងនាំគ្នាលើកតម្កើងព្រះអង្គ ដោយទូលថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមឱ្យភ្នែករបស់យើងខ្ញុំមើលឃើញការសង្រ្គោះរបស់ព្រះអង្គ !
បពិត្រព្រះគ្រីស្តយេស៊ូ ! ព្រះអង្គជាពន្លឺដែលបំភ្លឺមនុស្សគ្រប់ជាតិសាសន៍
—សូមព្រះអង្គចាំងពន្លឺលើអស់អ្នកដែលមិនស្គាល់ព្រះអង្គ ដើម្បីឱ្យគេមកជឿលើព្រះអង្គ ជាព្រះជាម្ចាស់ដ៏ពិតប្រាកដតែមួយ។ (បន្ទរ)
ព្រះអង្គជាព្រះប្រោសលោះ និងជាសិរីរុងរឿងរបស់ប្រជាជនអ៊ីស្រាអែល
—សូមឱ្យព្រះសហគមន៍ប្រកាសពីការសង្រ្គោះរបស់ព្រះអង្គ រហូតដល់ចុងបំផុតនៃផែនដី។ (បន្ទរ)
បពិត្រព្រះយេស៊ូ! ព្រះអង្គជាក្តីប្រាថ្នារបស់ប្រជាជាតិទាំងឡាយ។ លោកតាស៊ីម៉ូន ជាមនុស្សសុចរិត មានអំណរសប្បាយយ៉ាងខ្លាំង ដោយបានឃើញព្រះអង្គយាងមក
—សូមព្រះអង្គណែនាំមនុស្សទាំងអស់ឱ្យចេះទទួលស្គាល់ថា ព្រះអង្គនៅតែយាងមករកពួកគេ។ (បន្ទរ)
បពិត្រព្រះអម្ចាស់ ! នៅពេលព្រះអង្គបង្ហាញខ្លួនក្នុងព្រះវិហារ លោកតាស៊ីម៉ូនបានទស្សន៍ទាយថា មានដាវនៃទុក្ខលំបាកមួយនឹងចាក់ទម្លុះដួងចិត្តរបស់មាតាព្រះអង្គ
—សូមព្រះអង្គពង្រឹងយើងខ្ញុំ ឱ្យចេះទទួលយកទុក្ខលំបាក ឱ្យយើងខ្ញុំចេះស៊ូទ្រាំ ដើម្បីជាប្រយោជន៍ដល់ព្រះនាមព្រះអង្គ។ (បន្ទរ)
បពិត្រព្រះគ្រីស្តយេស៊ូ ! ព្រះអង្គជាអំណរសប្បាយនៃសន្តបុគ្គលទាំងឡាយ។ លោកតាស៊ីម៉ូនចង់ឃើញព្រះអង្គមុនពេលគាត់ស្លាប់ ហើយព្រះអង្គបានឆ្លើយតបនឹងពាក្យអធិដ្ឋានរបស់គាត់
—សូមព្រះអង្គសណ្តាប់ពាក្យអង្វរដែលយើងខ្ញុំទូលសម្រាប់មរណបុគ្គលទាំងឡាយ ដែលនៅតែប្រាថ្នាចង់ឃើញព្រះភក្រ្តព្រះអង្គផ្ទាល់នឹងភ្នែកផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ហើយមានព្រះជន្មគង់នៅជានិច្ច! ព្រះអង្គស្រឡាញ់មនុស្សលោកខ្លាំងណាស់ រហូតដល់ចាត់ព្រះបុត្រាតែមួយរបស់ព្រះអង្គមកប្រសូត្រជាមនុស្ស។ នៅថ្ងៃនេះ យើងខ្ញុំនាំគ្នានឹករឭកដល់ព្រះបុត្រាដែលនាងម៉ារី និងលោកយ៉ូសែប យកទៅថ្វាយព្រះអម្ចាស់ក្នុងព្រះវិហារក្រុងយេរូសាឡឹម។ ដោយព្រះហឫទ័យប្រណីសន្តោស សូមព្រះអង្គប្រោសយើងខ្ញុំឱ្យថ្វាយខ្លួនទៅព្រះអង្គ ដោយចិត្តបរិសុទ្ធផង។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។