សន្តយ៉ូហាន ជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរ
(បុណ្យគោរព)
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,១៦១-១៦៨
អ្នកស្រឡាញ់ធម្មវិន័យបានសេចក្តីសុខសាន្ត
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ មាតាបិតារបស់ព្រះយេស៊ូងឿងឆ្ងល់នឹងសេចក្ដីដែលលោកតាស៊ីម៉ូនមានប្រសាសន៍អំពីព្រះឱរសណាស់។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ នាងម៉ារីចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ត ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ ដែលព្រះអង្គបានប្រទានមកឲ្យប្រជាជាតិទាំងអស់។
| ១៦១ | ពួកមេដឹកនាំបៀតបៀនទូលបង្គំ ដោយគ្មានមូលហេតុ មានតែព្រះបន្ទូលរបស់ព្រះអង្គប៉ុណ្ណោះ ដែលធ្វើឱ្យទូលបង្គំភ័យខ្លាច។ |
| ១៦២ | ទូលបង្គំរីករាយនឹងព្រះបន្ទូលរបស់ព្រះអង្គ ដូចអ្នកទទួលជយភណ្ឌដ៏មានតម្លៃលើសលប់ដូច្នោះដែរ។ |
| ១៦៣ | ទូលបង្គំស្អប់ខ្ពើមការកុហក ទូលបង្គំស្រឡាញ់តែធម្មវិន័យរបស់ព្រះអង្គប៉ុណ្ណោះ។ |
| ១៦៤ | ទូលបង្គំសរសើរតម្កើងព្រះអង្គមួយថ្ងៃប្រាំពីរដង ព្រោះតែការសម្រេចដ៏សុចរិតរបស់ព្រះអង្គ។ |
| ១៦៥ | អស់អ្នកដែលស្រឡាញ់ធម្មវិន័យរបស់ព្រះអង្គបានសុខសាន្តលើសលប់ គ្មានអ្វីអាចធ្វើឱ្យគេជំពប់ដួលបានឡើយ។ |
| ១៦៦ | បពិត្រព្រះអម្ចាស់! ទូលបង្គំរង់ចាំព្រះអង្គសង្គ្រោះទូលបង្គំ ទូលបង្គំប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ។ |
| ១៦៧ | ទូលបង្គំប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ ទូលបង្គំស្រឡាញ់ដំបូន្មាននេះពិតមែន។ |
| ១៦៨ | ទូលបង្គំប្រព្រឹត្តតាមច្បាប់ និងតាមដំបូន្មានរបស់ព្រះអង្គ អ្វីៗដែលទូលបង្គំបានធ្វើ ព្រះអង្គជ្រាបសព្វគ្រប់ទាំងអស់។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ១៣៣
អំណរសប្បាយ ពេលបងប្អូននៅរស់ជុំគ្នា
យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ព្រោះសេចក្ដីស្រឡាញ់កើតមកពីព្រះជាម្ចាស់… (១យហ ៤,៧)។
(បទពាក្យ ៧)
| ១- | បងប្អូនទាំងអស់ចេះរួមរស់ | ចេះស្រួលចេះស្រុះរស់នឹងគ្នា | |
| គឺល្អប្រពៃឥតគណនា | សប្បាយអស្ចារ្យត្រេកត្រអាល | ||
| ២- | គឺប្រៀបបីដូចជាទឹកអប់ | ក្រអូបឈ្ងុយឈ្ងប់ហូរសព្វក្បាល | |
| មកពុកចង្កាហើយរាលដាល | ចុះមកដោយអាវលោកអរ៉ុន | ||
| ៣- | ប្រៀបបីដូចជាធ្លាក់សន្សើម | ពីហ៊ែម៉ូនភ្នំនិងស៊ីយ៉ូន | |
| ជាកន្លែងព្រះម្ចាស់ប្រទាន | ជីវិតឱ្យមានអស់កល្បកប្ប | ||
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ |
ទំនុកតម្កើងលេខ ១៤០,២-៩.១៣-១៤
ព្រះអង្គជាជម្រករបស់ទូលបង្គំ
“ឥឡូវនេះ ជិតដល់ពេលកំណត់ ដែលបុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃរបស់មនុស្សបាបហើយ” (មថ ២៦,៤៥)។
| ២ | ឱព្រះអម្ចាស់អើយ! សូមរំដោះទូលបង្គំឱ្យរួចពីមនុស្សអាក្រក់ សូមការពារទូលបង្គំឱ្យរួចផុតពីមនុស្សឃោរឃៅ។ |
| ៣ | អ្នកទាំងនោះ គិតតែពីប្រព្រឹត្តអំពើអាក្រក់ ហើយស្វែងរកជំលោះជារៀងរាល់ថ្ងៃ! |
| ៤ | អណ្តាតរបស់គេប្រៀបបាននឹងដាវដ៏មុត មាត់របស់គេពោរពេញទៅដោយពិសពុល ដូចពស់វែក។ |
| ៥ | ឱព្រះអម្ចាស់អើយ ! សូមការពារទូលបង្គំ កុំឱ្យធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់មនុស្សអាក្រក់ ! សូមការពារទូលបង្គំឱ្យរួចផុតពីមនុស្សឃោរឃៅ ដែលឃុបឃិតគ្នាចង់ផ្តួលរំលំទូលបង្គំ ! |
| ៦ | មនុស្សអួតបំប៉ោងនាំគ្នាបង្កប់ចំរូង និងដាក់ខ្សែចាំទាក់ទូលបង្គំ ពួកគេរាយអន្ទាក់នៅតាមផ្លូវ ហើយជីករណ្តៅចាំចាប់ទូលបង្គំ។ |
| ៧ | ខ្ញុំទូលព្រះអម្ចាស់ថា ៖ “ព្រះអង្គជាព្រះនៃទូលបង្គំ !” ឱព្រះអម្ចាស់អើយ ! សូមផ្ទៀងព្រះការណ៍ស្តាប់ទូលបង្គំទទូចអង្វរ ! |
| ៨ | បពិត្រព្រះអម្ចាស់ ! ព្រះអង្គសង្គ្រោះដោយព្រះចេស្តារបស់ព្រះអង្គ នៅពេលធ្វើសឹកសង្គ្រាម ព្រះអង្គការពារទូលបង្គំ។ |
| ៩ | ឱព្រះអម្ចាស់អើយ! សូមកុំឱ្យសេចក្តីប៉ងប្រាថ្នារបស់មនុស្សអាក្រក់បានសម្រេចឡើយ ហើយក៏កុំបណ្តោយឱ្យផែនការរបស់គេបានជោគជ័យដែរ។ |
| ១៣ | ខ្ញុំដឹងថា ព្រះអម្ចាស់រកយុត្តិធម៌ឱ្យមនុស្សកំសត់ទុគ៌ត ព្រះអង្គការពារមនុស្សក្រីក្រ។ |
| ១៤ | ពិតមែនហើយ! មនុស្សសុចរិតនឹងនាំគ្នាលើកតម្កើងព្រះនាមរបស់ព្រះអង្គ មនុស្សសុចរិតនឹងរស់នៅមុខព្រះភក្ត្រព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ មាតាបិតារបស់ព្រះយេស៊ូងឿងឆ្ងល់នឹងសេចក្ដីដែលលោកតាស៊ីម៉ូនមានប្រសាសន៍អំពីព្រះឱរសណាស់។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ នាងម៉ារីចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ត ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ ដែលព្រះអង្គបានប្រទានមកឲ្យប្រជាជាតិទាំងអស់។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ២ករ ៥,១៩ខ-២០
ព្រះអង្គក៏ដាក់ព្រះបន្ទូលនៃការសម្រុះសម្រួលនេះមកក្នុងយើងដែរ។ ដូច្នេះ យើងជាទូតរបស់ព្រះគ្រីស្ត គឺដូចជាព្រះជាម្ចាស់មានព្រះបន្ទូលដាស់តឿនបងប្អូនតាមរយៈយើងដែរ។ យើងសូមអង្វរបងប្អូនក្នុងព្រះនាមព្រះគ្រីស្តថា ទុកឲ្យព្រះជាម្ចាស់សម្រុះសម្រួលបងប្អូនឲ្យជានានឹងព្រះអង្គវិញទៅ។
—ហើយពាក្យសម្ដីរបស់គេបានឮខ្ចរខ្ចាយ រហូតដល់ស្រុកដាច់ស្រយាលនៃពិភពលោក»។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) កក ៥,១២ក.១៤
គ្រីស្ដទូតបាននាំគ្នាសម្ដែងទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ជាច្រើន នៅក្នុងចំណោមប្រជាជន។ បណ្ដាជនទាំងប្រុសទាំងស្រីដែលជឿលើព្រះអម្ចាស់ បានមកចូលរួមកាន់តែច្រើនឡើងៗ។
—ខ្ញុំថែរក្សាសិក្ខាបទដែលព្រះអង្គបានប្រគល់ឱ្យខ្ញុំ។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) កក ៥,៤១-៤២
ក្រុមគ្រីស្ដទូតចាកចេញពីក្រុមប្រឹក្សាជាន់ខ្ពស់ ទាំងអរសប្បាយ ដ្បិតព្រះជាម្ចាស់បានប្រទានឲ្យគេមានកិត្តិយសរងទុក្ខទោស ព្រោះតែព្រះនាមព្រះយេស៊ូ។ ជារៀងរាល់ថ្ងៃ គេតែងតែបង្រៀនប្រជាជន និងផ្សព្វផ្សាយដំណឹងល្អអំពីព្រះយេស៊ូគ្រីស្ដនៅក្នុងព្រះវិហារ និងនៅតាមផ្ទះ ឥតឈប់ឈរឡើយ។
—ដោយអ្នករាល់គ្នាមានឈ្មោះកត់ទុកនៅស្ថានបរមសុខវិញ។
ពាក្យអធិដ្ឋាន
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! ព្រះអង្គសព្វព្រះហឫទ័យបង្ហាញការអាថ៌កំបាំងនៃព្រះបន្ទូលព្រះអង្គឲ្យមនុស្សលោក តាមរយៈគ្រីស្តទូតយ៉ូហាន។ សូមព្រះអង្គមេត្តាបំភ្លឺយើងខ្ញុំឲ្យយល់កាន់តែច្បាស់ នូវព្រះបន្ទូលដែលលោកយ៉ូហានបានប្រកាស តាមរបៀបដ៏អស្ចារ្យឲ្យយើងខ្ញុំឮ។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!
