ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១៖ អ្នកបានទទួលព្រះអំណោយទានដ៏មានតម្លៃតាំងពីកំណើត។ មុនពេលមានពន្លឺថ្ងៃរះនៅលើផែនដី យើងបានបង្កើតអ្នកមក ក្នុងសិរីរុងរឿងអស់កល្បជានិច្ច។

ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូលមក​កាន់​ព្រះ‌រាជា ជា​ព្រះ‌អម្ចាស់​របស់​ខ្ញុំ ដូច​ត​ទៅ​នេះ៖
«សូម​គង់​នៅ​ខាង​ស្តាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ!»។
សូម​ព្រះ‌ជា‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​រាជ្យរបស់​ព្រះ‌ករុណា​
លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីយ៉ូន​ទៅ!
សូម​ព្រះ‌ករុណា​បង្ក្រាប​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ!
នៅ​ថ្ងៃ​ព្រះ‌ករុណា​កេណ្ឌ​ទ័ព​ទៅ​ច្បាំង ប្រជា‌រាស្ដ្រ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត
ពួក​យុវជន​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌ករុណានៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ
ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​ពេល​ព្រឹក​ព្រលឹម។
ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យាដោយ​ឥត​ប្រែ‌ប្រួល​ថា:
«ព្រះ‌អង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ស្តេច​មែលគី‌សេដែក»។
ព្រះ‌អម្ចាស់​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ករុណា នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​ព្រះ‌ពិរោធ ព្រះ‌អង្គ​កម្ទេច​ស្តេច​នានា។
នៅ​តាម​ផ្លូវ ព្រះ‌រាជា​សោយ​ទឹក​ជ្រោះ រួច​ហើយព្រះ‌អង្គ​ងើប​ព្រះ‌ភក្ត្រប្រកប​ដោយ​ជោគ‌ជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ អ្នកបានទទួលព្រះអំណោយទានដ៏មានតម្លៃតាំងពីកំណើត។ មុនពេលមានពន្លឺថ្ងៃរះនៅលើផែនដី យើងបានបង្កើតអ្នកមក ក្នុងសិរីរុងរឿងអស់កល្បជានិច្ច។

បន្ទរទី២៖ ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរជានិច្ច ហើយព្រះចេស្តារបស់ព្រះអង្គប្រសើរលើសលប់។

(បទពាក្យ ៧)

១-បពិត្រព្រះជាអម្ចាស់អើយខ្ញុំស្រែកដង្ហើយរកព្រះអង្គ
ពីក្នុងរណ្តៅជ្រៅកន្លងមេត្តាជួយផងផុតពីស្លាប់
២-សំឡេងខ្ញុំឮដូចចម្រៀងសូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់
ពាក្យខ្ញុំអង្វរទទូចប្រាប់រៀបរាប់រ៉ាយរ៉ាប់សូមសន្តោស
៣-បពិត្រព្រះម្ចាស់ដ៏ឧត្តមបើព្រះអង្គចាំពីកំហុស
អំពើបាបកម្មជនស្រីប្រុសគ្មានម្នាក់ណាសោះរួចខ្លួនឡើយ
៤-ប៉ុន្តែព្រះអង្គតែងអត់ទោសប្រណីសន្តោសខ្ញុំធូរស្បើយ
រួចផុតទុក្ខទោសបានល្ហែល្ហើយគឺព្រះអង្គហើយខ្ញុំគោរព
៥-ខ្ញុំទុកចិត្តលើព្រះអម្ចាស់ជីវិតខ្ញុំនេះផ្ញើសព្វគ្រប់
សង្ឃឹមលើព្រះបន្ទូលគាប់មិនឈរមិនឈប់ទេព្រះអង្គ
៦-ខ្ញុំទន្ទឹងចាំព្រះអម្ចាស់ជាងអ្នកយាមផ្ទះទៅទៀតផង
ពេលឃើញថ្ងៃរះស្រស់បំព្រងរួចផុតទុក្ខផងមួយរាត្រី
៧-ឱអ៊ីស្រាអែលសូមទុកចិត្តព្រះល្អវិសុទ្ធដោយព្រះទ័យ
មេត្តាករុណាត្រាប្រណីទ្រង់សព្វព្រះទ័យជួយជានិច្ច
៨-ព្រះអង្គរំដោះអ៊ីស្រាអែលពីកំហុសដែលមានច្រើនតិច
គេបានប្រព្រឹត្តជាប់ជានិច្ចព្រះអង្គសម្រេចបានសុខសាន្ត
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ៖ ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរជានិច្ច ហើយព្រះចេស្តារបស់ព្រះអង្គប្រសើរលើសលប់។

បន្ទរទី៣៖ កាល​ពី​ដើម​ដំបូង​បង្អស់ ព្រះ‌បន្ទូល​គង់​នៅ​ជា​មួយព្រះ‌ជាម្ចាស់ ហើយព្រះ‌បន្ទូល​ជា​ព្រះ‌ជាម្ចាស់។ នៅថ្ងៃនេះ ព្រះសង្គ្រោះពិភពលោកបានប្រសូតហើយ។

១២ចូរ​អរ​ព្រះ‌គុណ​ព្រះ‌បិតា ដោយ​ចិត្ត​រីក‌រាយ
ព្រោះ​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​បង‌ប្អូនមាន​សមត្ថ‌ភាព​
អាច​ទទួល​ចំណែក​មត៌ករួម​ជា​មួយ​ប្រជាជន​ដ៏‌វិសុទ្ធនៅ​ក្នុង​ពន្លឺ។
១៣ព្រះ‌អង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​អំណាច​នៃ​សេចក្ដី​ងងឹត
ហើយ​ចម្លង​យើង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យនៃ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ។
១៤ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌បុត្រា ព្រះ‌អង្គ​បាន​លោះ​យើង
និង​លើក‌លែង​ទោស​យើង​ឲ្យ​រួច​ពី​បាប។
១៥ព្រះ‌គ្រីស្ត​ជា​តំណាង​របស់​ព្រះ‌ជាម្ចាស់ដែល​យើង​មើល​ពុំ​ឃើញ
ព្រះ‌អង្គ​ជា​រៀម‌ច្បង​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក
១៦ដ្បិត​ព្រះ‌ជាម្ចាស់​បាន​បង្កើត​អ្វីៗ​សព្វ​សារពើក្នុង​អង្គ​ព្រះ‌គ្រីស្ត
ទាំង​នៅ​ស្ថាន​បរម‌សុខ ទាំង​នៅ​លើ​ផែន‌ដី ទាំង​អ្វីៗ​ដែល​មើល​ឃើញ ទាំង​អ្វីៗ​ដែល​មើល​មិន​ឃើញ
ទាំង​ទេវ‌រាជ​ ទាំង​អ្វីៗ​ដែល​មាន​បារមី​គ្រប់‌គ្រង ទាំង​វត្ថុស័ក្តិ‌សិទ្ធិ និង​អំណាច​នានា
ព្រះ‌ជាម្ចាស់​បាន​បង្កើត​ទាំង​អស់​មក ដោយ‌សារ​ព្រះ‌គ្រីស្ត និង​សម្រាប់​ព្រះ‌គ្រីស្ត។
១៧ព្រះ‌គ្រីស្ត​មាន​ព្រះ‌ជន្ម​មុន​អ្វីៗ​ទាំង​អស់ ហើយ​អ្វីៗ​ទាំង​អស់​ក៏​នៅ​ស្ថិត‌ស្ថេរ​រួម​គ្នា ដោយ‌សារ​ព្រះ‌អង្គ​ដែរ។
១៨ព្រះ‌អង្គ​ជា​សិរសា​នៃ​ព្រះ‌កាយ​របស់​ព្រះ‌អង្គ គឺ​ព្រះ‌សហគមន៍ ព្រះ‌អង្គ​ជា​ដើម​កំណើត​នៃ​អ្វីៗ​ទាំង​អស់។
ក្នុង​ចំណោម​មនុស្ស​ស្លាប់​ទាំង​អស់ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ
ដើម្បី​ធ្វើ​ជា​ប្រមុខ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់
១៩ដ្បិត​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យឲ្យគ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌អង្គ ស្ថិត​នៅ​ក្នុង​ព្រះ‌គ្រីស្ត។
២០ព្រះ‌ជាម្ចាស់​បាន​សម្រុះ‌សម្រួល​អ្វីៗ​ទាំង​អស់នៅ​លើ​ផែន‌ដី
និង​នៅ​ស្ថាន​បរម‌សុខ ឲ្យ​ជា​នា​នឹង​ព្រះ‌អង្គ​វិញ ដោយ‌សារ​ព្រះ‌គ្រីស្ត
និង​សម្រាប់​ព្រះ‌គ្រីស្ត គឺ​ព្រះ‌ជាម្ចាស់​បាន​ធ្វើឲ្យ​មាន​សន្តិ‌ភាព
ដោយ​ព្រះ‌បុត្រា​បង្ហូរ​ព្រះ‌លោហិតនៅ​លើ​ឈើ​ឆ្កាង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ កាល​ពី​ដើម​ដំបូង​បង្អស់ ព្រះ‌បន្ទូល​គង់​នៅ​ជា​មួយព្រះ‌ជាម្ចាស់ ហើយព្រះ‌បន្ទូល​ជា​ព្រះ‌ជាម្ចាស់។ នៅថ្ងៃនេះ ព្រះសង្គ្រោះពិភពលោកបានប្រសូតហើយ។

ព្រះជាម្ចាស់​ជា​ពន្លឺ គ្មាន​សេចក្ដីងងឹត​នៅ​ក្នុង​ព្រះ‌អង្គ​ទាល់​តែ​សោះ។ ប្រសិន​បើ​យើង​រស់ក្នុង​ពន្លឺ ដូច​ព្រះ‌អង្គ​ផ្ទាល់​ដែល​គង់​នៅ​ក្នុង​ពន្លឺ នោះ​យើង​នឹង​បាន​រួម​រស់​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌លោហិត​របស់​ព្រះ‌យេស៊ូ ជា​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ជម្រះ​យើង​ឲ្យ​បាន​បរិសុទ្ធ រួច​ពី​គ្រប់​អំពើ​បាប​ទាំង​អស់។

បន្ទរ៖ ព្រះបន្ទូលបានកើតមកជាមនុស្ស *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
—ហើយគង់នៅក្នុងចំណោមយើងរាល់គ្នា។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ នៅពេលយប់ស្ងប់ស្ងាត់ នាពេលពាក់កណ្តាលរាត្រីឈានចូលមកដល់ ព្រះបន្ទូលដ៏មានឫទ្ធានុភាពរបស់ព្រះអម្ចាស់ បានយាងចុះពីបល្ល័ង្ករបស់ព្រះអង្គ អាលេលូយ៉ា !

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ នៅពេលយប់ស្ងប់ស្ងាត់ នាពេលពាក់កណ្តាលរាត្រីឈានចូលមកដល់ ព្រះបន្ទូលដ៏មានឫទ្ធានុភាពរបស់ព្រះអម្ចាស់ បានយាងចុះពីបល្ល័ង្ករបស់ព្រះអង្គ អាលេលូយ៉ា !

ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់យាងមកគង់នៅជាមួយយើង ព្រះអង្គបានបើកផ្លូវទៅកាន់ការសង្រ្គោះអស់កល្បជានិច្ច។ ចូរយើងទូលអង្វរព្រះអង្គ ដោយចិត្តរាបសាថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូមរំដោះយើងខ្ញុំឱ្យរួចពីមារកំណាច។

តាមរយៈការចាប់កំណើតជាមនុស្សរបស់ព្រះបុត្រា ចាប់តាំងពីថ្ងៃកើត និងកុមារភាពរបស់ព្រះអង្គ
—ព្រះអង្គបានប្រគល់ជីវិតទាំងស្រុងថ្វាយទៅព្រះបិតា។ (បន្ទរ)

តាមរយៈការធ្វើជាកម្មករ សម្តែងធម្មទេសនា និងការធ្វើដំណើររបស់ព្រះអង្គ
—ព្រមទាំងការប្រាស្រ័យទាក់ទងជាមួយអ្នកបាប ៖ (បន្ទរ)

តាមរយៈទុក្ខលំបាក ការតប់ប្រមល់ ឈើឆ្កាង ភាពឯកកោ
—និងតាមរយៈការឈឺចាប់ សេចក្តីស្លាប់ និងការបញ្ចុះទៅក្នុងផ្នូរ ៖ (បន្ទរ)

តាមរយៈការរស់ឡើងវិញ និងការយាងឡើងស្ថានបរមសុខ តាមរយៈព្រះអំណោយទាននៃព្រះវិញ្ញាណដ៏វិសុទ្ធ តាមរយៈអំណរសប្បាយ និងសិរីរុងរឿងអស់កល្បជានិច្ច
—សូមព្រះអម្ចាស់រំដោះបងប្អូនប្រុសស្រីរបស់យើងខ្ញុំ ដែលបានលាចាកលោកនេះទៅហើយផង។ (បន្ទរ)

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ! ដោយព្រះបុត្រាបានចាប់កំណើតជាមនុស្ស សូមព្រះអង្គរំដោះយើងខ្ញុំឱ្យរួចពីភាពជាទាសករនៃអំពើបាប ហើយសូមនាំយើងខ្ញុំទៅកាន់ជីវិតថ្មីផង។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។

61 Views

Theme: Overlay by Kaira