សប្តាហ៍ព្រះយេស៊ូប្រសូត
ព្រះនាងម៉ារី ជាមាតាព្រះជាម្ចាស់
(បុណ្យឱឡារិក)
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
បទចម្រៀងចូល
ទំនុកតម្កើងលេខ ១១៩,៩-១៦
វិន័យរបស់ព្រះអម្ចាស់
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ មាតាបិតារបស់ព្រះយេស៊ូងឿងឆ្ងល់នឹងសេចក្ដីដែលលោកតាស៊ីម៉ូនមានប្រសាសន៍អំពីព្រះឱរសណាស់។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ នាងម៉ារីចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ត ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ ដែលព្រះអង្គបានប្រទានមកឲ្យប្រជាជាតិទាំងអស់។
៩ | តើមនុស្សកំលោះត្រូវធ្វើយ៉ាងណា ដើម្បីឱ្យកិរិយាមាយាទរបស់ខ្លួនបានល្អត្រឹមត្រូវ ? គឺដោយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ |
១០ | ទូលបង្គំស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត សូមកុំបណ្តោយឱ្យទូលបង្គំវង្វេងចេញឆ្ងាយពីវិន័យរបស់ព្រះអង្គឡើយ! |
១១ | ទូលបង្គំរក្សាព្រះបន្ទូលសន្យារបស់ព្រះអង្គទុកក្នុងចិត្ត ដើម្បីកុំឱ្យប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ។ |
១២ | បពិត្រព្រះអម្ចាស់! ទូលបង្គំសូមលើកតម្កើងព្រះអង្គ! សូមបង្រៀនឱ្យទូលបង្គំស្គាល់ក្រិត្យវិន័យរបស់ព្រះអង្គ! |
១៣ | ទូលបង្គំរៀបរាប់អំពីសេចក្តីទាំងប៉ុន្មានដែលព្រះអង្គបានសម្រេចមក។ |
១៤ | ទូលបង្គំមានអំណរដោយបានអនុវត្តតាមដំបូន្មានរបស់ព្រះអង្គ ប្រៀបដូចជាទូលបង្គំបានទទួលទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភដែរ។ |
១៥ | ទូលបង្គំនឹងពិចារណាអំពីច្បាប់របស់ព្រះអង្គ ទូលបង្គំសញ្ជឹងគិតអំពីមាគ៌ារបស់ព្រះអង្គជានិច្ច។ |
១៦ | ទូលបង្គំពេញចិត្តនឹងក្រិត្យវិន័យរបស់ព្រះអង្គ ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ១៧
ឱព្រះអម្ចាស់អើយ សូមរំដោះទូលបង្គំឱ្យរួចពីមនុស្សអាក្រក់
កាលព្រះគ្រីស្តរស់នៅក្នុងលោកនេះនៅឡើយ…ព្រះអង្គទូលសូមព្រះជាម្ចាស់ដែលអាចសង្គ្រោះព្រះអង្គឱ្យរួចពីស្លាប់ (ហប ៥,៧)។
(ក)
(បទពាក្យ ៧)
១- | ឱព្រះអម្ចាស់សូមសណ្តាប់ | ទូលបង្គំប្រាប់សំណូមពរ | |
ដ៏ត្រឹមល្អត្រូវស្រស់បវរ | សូមរកយុត្តិធម៌ឱ្យរូបខ្ញុំ | ។ | |
សូមយកព្រះហឫទ័យវែកញែក | និងសូរសម្រែកទូលបង្គំ | ||
សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យខ្ញុំ | ដែលអង្វរសុំដោយត្រង់ស្មោះ | ។ | |
២- | សូមរកយុត្តិធម៌ឱ្យខ្ញុំផង | កុំបីសៅហ្មងឬបង់បោះ | |
សូមព្រះអង្គទតឱ្យច្បាស់ចុះ | អ្វីទៅដែលខុសអ្វីត្រឹមត្រូវ | ។ | |
៣- | ព្រះអង្គឈ្វេងយល់ចិត្តខ្ញុំច្បាស់ | ហើយព្រះអង្គត្រាស់ពិនិត្យនូវ | |
ល្បងលចិត្តខ្ញុំទាំងយប់ជ្រៅ | មិនឃើញអាស្រូវឬឆ្គាំឆ្គង | ។ | |
៤- | ទូលបង្គំខំយកចិត្តទុកដាក់ | តាមបន្ទូលជាក់ព្រះអង្គផង | |
ហើយប្រព្រឹត្តខ្លួនមិនឱ្យហ្មង | ដូចមនុស្សយង់ឃ្នងឯទៀតឡើយ | ។ | |
៥- | ទូលបង្គំខំដើរតាមមាគ៌ា | នៃអង្គក្សត្រាខ្ជាប់ខ្ជួនហើយ | |
ក៏បោះជំហានដើរតាមក្រោយ | ដោយមិនថ្លោះធ្លោយលំអៀងបែរ | ។ | |
៦- | ឱព្រះអម្ចាស់នៃខ្ញុំអើយ | ខ្ញុំស្រែកដង្ហោយមិនប្រួលប្រែ | |
ហៅរកព្រះម្ចាស់មិនបែកបែរ | សូមកុំងាករេផ្ទៀងព្រះកាណ៌ | ។ | |
៧- | ព្រះអង្គតែងតែសង្គ្រោះអ្នក | ដែលមកជ្រកស្នាក់ដោយមេត្តា | |
ក្រោមម្លប់បារមីដ៏អស្ចារ្យ | ឱ្យរួចពីការគាបសង្កត់ | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
(ខ)
៨ | សូមរក្សាទូលបង្គំដូចរក្សាប្រស្រីភ្នែក សូមការពារទូលបង្គំដូចសត្វស្លាបក្រុងកូនរបស់វា |
៩ | សូមកុំឱ្យមនុស្សពាលធ្វើទុក្ខបៀតបៀនទូលបង្គំ កុំឱ្យខ្មាំងសត្រូវមកឡោមព័ទ្ធ ប្រល័យជីវិតទូលបង្គំបានឡើយ។ |
១០ | អ្នកទាំងនោះគ្មានចិត្តត្រាប្រណីទេ មាត់គេពោលចេញមកសុទ្ធតែពាក្យអួតព្រហើន |
១១ | ពួកគេដេញតាមទូលបង្គំទាន់ គេឡោមព័ទ្ធទូលបង្គំទៀតផង គេសម្លក់សម្លឹងមកទូលបង្គំបម្រុងនឹងប្រហារជីវិតទូលបង្គំ |
១២ | ពួកគេប្រៀបបីដូចជាសិង្ហដែលរង់ចាំតែហែកស៊ី គេដូចជាសត្វសាហាវដែលពួនចាំចាប់រំពា។ |
១៣ | ឱព្រះអម្ចាស់អើយ ! សូមតើនឡើង ! សូមយាងទៅប្រឈមមុខនឹងពួកគេ ឱ្យពួកគេបរាជ័យ ! សូមយកព្រះខ័នរបស់ព្រះអង្គមករំដោះទូលបង្គំ ឱ្យរួចពីកណ្តាប់ដៃរបស់ជនពាល។ |
១៤ | ឱព្រះអម្ចាស់អើយ! សូមព្រះអង្គយកឫទ្ធិបារមីរបស់ព្រះអង្គ ដេញពួកគេចេញពីចំណោមមនុស្សលោក។ សូមដាក់ទោសពួកគេឱ្យវិនាសអន្តរាយ សូមឱ្យពួកគេរងទុក្ខវេទនាយ៉ាងខ្លាំង អស់មួយជីវិត តាំងពីកូនរហូតដល់ចៅ។ |
១៥ | ចំពោះទូលបង្គំវិញ ទូលបង្គំប្រព្រឹត្តតាមសេចក្តីសុចរិត ទូលបង្គំនឹងឃើញព្រះភក្ត្រព្រះអង្គ ពេលទូលបង្គំភ្ញាក់ពីដំណេក ទូលបង្គំនឹងស្កប់ចិត្ត ដោយព្រះអង្គគង់ជាមួយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ មាតាបិតារបស់ព្រះយេស៊ូងឿងឆ្ងល់នឹងសេចក្ដីដែលលោកតាស៊ីម៉ូនមានប្រសាសន៍អំពីព្រះឱរសណាស់។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ នាងម៉ារីចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ត ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ ដែលព្រះអង្គបានប្រទានមកឲ្យប្រជាជាតិទាំងអស់។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) សផ ៣,១៤.១៥ខ
ក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងដោយអំណរ! ជនជាតិអ៊ីស្រាអែលអើយ ចូរនាំគ្នាស្រែកជយឃោស! ក្រុងយេរូសាឡឹមអើយ ចូរមានអំណរសប្បាយ! ចូររីករាយយ៉ាងខ្លាំង! ព្រះអម្ចាស់ ជាព្រះមហាក្សត្រនៃជនជាតិអ៊ីស្រាអែល គង់នៅជាមួយអ្នក អ្នកនឹងមិនខ្លាចទុក្ខវេទនាទៀតឡើយ។
—ព្រះអង្គបានថែរក្សាជំនឿប្រជាជនអ៊ីស្រាអែល អាលេលូយ៉ា!។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) សក ៩,៩ក
ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរមានអំណររីករាយដ៏ខ្លាំងឡើង ប្រជាជន ក្រុងយេរូសាឡឹមអើយ ចូរស្រែកហ៊ោយ៉ាងសប្បាយ មើលហ្ន៎ ព្រះមហាក្សត្រ របស់អ្នកយាងមករកអ្នកហើយ ព្រះអង្គសុចរិត ព្រះអង្គនាំការសង្គ្រោះមក។
—បានឃើញពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់ អាលេលូយ៉ា!។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) បារ ៥,៣-៤
ដ្បិតព្រះជាម្ចាស់នឹងបង្ហាញភាពថ្កុំថ្កើងរបស់អ្នក ឲ្យមនុស្សទាំងអស់នៅលើផែនដីទាំងមូលឃើញ។ ព្រះជាម្ចាស់នឹងប្រទានឲ្យអ្នកមានឈ្មោះជាប់រហូតថា «សន្តិភាពមកពីសេចក្តីសុចរិត» និង«សិរីរុងរឿងមកពីការគោរពប្រណិប័តន៍ព្រះជាម្ចាស់»។
—យុត្តិធម៌ និងសេចក្តីសុខសាន្តជួបគ្នានៅលើផែនដី អាលេលូយ៉ា!។
ពាក្យអធិដ្ឋាន
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាជាអម្ចាស់ ! ព្រះអង្គប្រោសឲ្យព្រះនាងព្រហ្មចារិនីម៉ារី បង្កើតព្រះបុត្រាព្រះអង្គ ដើម្បីសង្គ្រោះមនុស្សលោក។ តាមរយៈពាក្យទូលអង្វររបស់ព្រះនាង សូមព្រះអង្គមេត្តាប្រោសឲ្យយើងខ្ញុំសមនឹងទទួលព្រះអម្ចាស់យេស៊ូគ្រីស្ត ជាព្រះបុត្រាដែលជាប្រភពនៃជីវិតថ្មី។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!