រដូវសែសិបថ្ងៃ
សន្តយ៉ូសែប ជាស្វាមីព្រះនាងព្រហ្មចារិនីម៉ារី
(បុណ្យឱឡារិក)
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១២៣
ព្រះជាម្ចាស់ជាសេចក្តីសង្ឃឹមរបស់ប្រជារាស្រ្តព្រះអង្គ
មានមនុស្សខ្វាក់ពីរនាក់ស្រែកឡើងថា៖ «ឱព្រះអម្ចាស់ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាយើងខ្ញុំផង!» (មថ ២០,៣០)។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ពេលអ្នកទាំងពីរកំពុងនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ ព្រះកុមារយេស៊ូគង់នៅក្រុងយេរូសាឡឹមនៅឡើយ តែមាតាបិតាពុំបានដឹងទេ។
១ | ឱព្រះអម្ចាស់ដែលគង់នៅស្ថានបរមសុខអើយ ទូលបង្គំងើបមុខឡើងសម្លឹងទៅរកព្រះអង្គ។ |
២ | យើងខ្ញុំក៏សម្លឹងមើលព្រះជាអម្ចាស់នៃយើង ហើយទន្ទឹងរង់ចាំព្រះអង្គប្រណីសន្ដោស ដូចអ្នកបម្រើសម្លឹងមើលទៅដៃម្ចាស់របស់ខ្លួន និងដូចស្ត្រីបម្រើសម្លឹងមើលទៅដៃម្ចាស់ស្រីរបស់ខ្លួនយ៉ាងនោះដែរ។ |
៣ | ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រណីសន្ដោសយើងខ្ញុំផង ដ្បិតយើងខ្ញុំត្រូវគេប្រមាថខ្លាំងណាស់។ |
៤ | យើងខ្ញុំពុំអាចទ្រាំទ្រនឹងការមើលងាយពីសំណាក់មនុស្សព្រហើន ព្រមទាំងការប្រមាថពីសំណាក់មនុស្សវាយឫកខ្ពស់បានទៀតឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ១២៤ (១២៣)
ជំនួយរបស់យើងស្ថិតក្នុងព្រះនាមរបស់ព្រះអម្ចាស់
ព្រះអម្ចាស់មានព្រះបន្ទូលមកលោកប៉ូលថា៖ «កុំខ្លាចអី…. ដ្បិតយើងស្ថិតនៅជាមួយអ្នកហើយ (កក ១៨,៩-១០)។
(បទពាក្យ ៧)
១- | ប្រសិនបើគ្មានព្រះអម្ចាស់ | មិនជួយសន្តោសគាំទ្រទេ | |
សូមអ៊ីស្រាអែលពោលហូរហែ | ពោលកុំទំនេរទាំងអស់គ្នា | ។ | |
២- | ប្រសិនបើគ្មានព្រះអម្ចាស់ | នៅខាងយើងនោះគ្រប់វេលា | |
ពេលណាសត្រូវលើកគ្នីគ្នា | សម្រុកពុះពារវាយលើយើង | ។ | |
៣- | ពេលណាគេមានកំហឹងខ្លាំង | គេមកប្រឆាំងយើងនឹងប៉ើង | |
គេនឹងត្របាក់លេបដូចភ្លើង | មិនឲ្យពួកយើងសុខសាន្តឡើយ | ។ | |
៤- | យើងនឹងលិចលង់ក្នុងសមុទ្រ | ភិតភ័យតក់ស្លុតឥតមានស្បើយ | |
ទឹកហូរនាំយើងគ្មានកោះត្រើយ | ទៅកាន់ទីឆ្ងាយគ្មានគោលដៅ | ។ | |
៥- | ពេលយើងកំពុងអស់កម្លាំង | មានទឹកកួចខ្លាំងពន្លិចទៅ | |
ដល់បាតជលសាដ៏សែនជ្រៅ | ជីវិតយើងត្រូវលង់ក្សិណក្ស័យ | ។ | |
៦- | សូមលើកតម្កើងព្រះអម្ចាស់ | ដ្បិតទ្រង់ជាព្រះមានបារមី | |
ទ្រង់ពុំប្រគល់យើងក្នុងដៃ | ធ្វើរំពានៃពួកនោះឡើយ | ។ | |
៧- | យើងរួចជីវិតដូចបក្សី | គេចផុតពីដៃព្រានព្រៃហើយ | |
គឺលប់ធ្លុះធ្លាយគ្មានសល់ឡើយ | យើងបានធូរស្បើយរស់ជីវ៉ា | ។ | |
៨- | ព្រះអម្ចាស់បានសង្គ្រោះយើង | ដោយព្រះនាមថ្កើងមានចេស្តា | |
គឺព្រះអង្គដែលមានមេត្តា | បង្កើតវេហានិងផែនដី | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
ទំនុកតម្កើងលេខ ១២៥
ព្រះអម្ចាស់ថែរក្សាប្រជារាស្រ្តរបស់ព្រះអង្គ
សូមព្រះជាម្ចាស់ប្រទានសេចក្ដីសុខសាន្ត ដល់ប្រជារាស្ដ្រអ៊ីស្រាអែលរបស់ព្រះអង្គ (កាឡ ៦,១៦)។
១ | អ្នកណាផ្ញើជីវិតលើព្រះអម្ចាស់ អ្នកនោះប្រៀបបាននឹងភ្នំស៊ីយ៉ូន ដែលនៅស្ថិតស្ថេររហូត ឥតរង្គើសោះឡើយ។ |
២ | ភ្នំនានានៅព័ទ្ធជុំវិញក្រុងយេរូសាឡឹមយ៉ាងណា ព្រះអម្ចាស់ក៏គង់នៅជុំវិញប្រជារាស្ដ្ររបស់ព្រះអង្គ តាំងពីពេលនេះ រហូតដល់អស់កល្បជានិច្ចយ៉ាងនោះដែរ |
៣ | ដ្បិតមនុស្សអាក្រក់ពុំអាចគ្រប់គ្រងលើទឹកដីរបស់មនុស្សសុចរិតទេ ដូច្នេះ មនុស្សសុចរិតគ្មានចិត្តលំអៀងទៅប្រព្រឹត្តអំពើទុច្ចរិតឡើយ។ |
៤ | ព្រះអម្ចាស់អើយ សូមសម្ដែងព្រះហឫទ័យសប្បុរស ចំពោះអស់អ្នកដែលមានចិត្តសប្បុរស និងទៀងត្រង់។ |
៥ | រីឯអស់អ្នកដែលប្រព្រឹត្តតាមមាគ៌ាដ៏វៀចវេរវិញ សូមព្រះអម្ចាស់នាំគេយកទៅធ្វើទោស ជាមួយអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។ សូមឲ្យអ៊ីស្រាអែលបានប្រកបដោយសេចក្ដីសុខសាន្ត!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ពេលអ្នកទាំងពីរកំពុងនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ ព្រះកុមារយេស៊ូគង់នៅក្រុងយេរូសាឡឹមនៅឡើយ តែមាតាបិតាពុំបានដឹងទេ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ប្រាញ ១០,១០)
មានមនុស្សសុចរិតម្នាក់រត់គេចពីបងរបស់គាត់ដែលកំពុងខឹង ព្រះប្រាជ្ញាញាណណែនាំគាត់ឲ្យដើរតាមផ្លូវទៀងត្រង់ ហើយបង្ហាញឲ្យស្គាល់ព្រះរាជ្យរបស់ព្រះជាម្ចាស់ និងអ្វីៗដ៏វិសុទ្ធ។ ព្រះប្រាជ្ញាញាណក៏ប្រោសប្រទានឲ្យការនឿយហត់របស់គាត់ ទទួលផលបរិបូណ៌ និងឲ្យគាត់ចម្រើនទ្បើង។
បន្ទរ៖ នៅក្នុងផ្ទះរបស់អ្នកនោះនឹងមានទ្រព្យសម្បត្តិស្តុកស្តម្ភ
—សេចក្ដីសុចរិតរបស់គាត់នៅស្ថិតស្ថេររហូតតទៅ។
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គបានប្រោសឲ្យសន្តយ៉ូសែបទទួលបន្ទុកថែទាំព្រះយេស៊ូជាព្រះសង្គ្រោះ។ តាមរយៈពាក្យទូលអង្វររបស់សន្តយ៉ូសែប សូមមេត្តាប្រោសឲ្យព្រះសហគមន៍បានទទួលការសង្រ្គោះពីព្រះអង្គ ហើយបង្ហាញដល់មនុស្សលោកសព្វថ្ងៃនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់ !
សូមអរព្រះគុណព្រះជាម្ចាស់ !