ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១៖ មាតាបិតាឃើញព្រះយេស៊ូក្នុងព្រះវិហារ ព្រះអង្គគង់នៅកណ្តាលចំណោមគ្រូអាចារ្យ កំពុងតែស្តាប់គេនិយាយ ព្រមទាំងសួរសំណួរផ្សេងៗដល់គេផង។

ឱ​ព្រះអម្ចាស់​អើយ តើ​នរណា​អាច​ស្នាក់​នៅ​ក្នុង​ព្រះពន្លារបស់​ព្រះ‌អង្គ​បាន?
តើ​នរណា​អាច​ស្ថិត​នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​បាន?
គឺ​មាន​តែ​មនុស្ស​ឥត​សៅ‌ហ្មង ដែល​ប្រព្រឹត្ត​អំពើ​សុចរិត
ហើយ​និយាយ​តែ​សេចក្ដីពិត ដែល​មាន​នៅក្នុង​ដួងចិត្ត​របស់​ខ្លួន​ប៉ុណ្ណោះ ទើប​អាច​នៅ​បាន។
គេ​មិន​និយាយ​មួល​បង្កាច់ មិន​ធ្វើបាប​អ្នក​ដទៃ
ហើយ​ក៏​មិន​បង្អាប់‌បង្អោន​កិត្តិយសបង‌ប្អូន​រួម​ជាតិ​របស់​ខ្លួន​ដែរ។
គេ​មិន​រាប់​រក​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់មិន​គាប់​ព្រះ‌ហឫទ័យ​នោះ​ឡើយ
តែ​គេ​លើក​កិត្តិយស​អស់​អ្នក​ដែល​គោរពកោត​ខ្លាច​ព្រះ‌អម្ចាស់។
បើ​គេ​សន្យា​អ្វីមួយ ទោះ​បី​ត្រូវ​ខាត​បង់​យ៉ាង​ណា​ក៏​ដោយ
ក៏​គេ​នៅ​តែ​គោរព​តាម​ពាក្យ​សម្ដី​របស់​ខ្លួន​ជា‌និច្ច។
គេ​ឲ្យ​ប្រាក់​អ្នក​ដទៃ​ខ្ចី ដោយ​មិន​យក​ការ
ហើយ​គេ​ក៏​មិន​ព្រម​ទទួល​សំណូក ដើម្បី​ដាក់​ទោស​ជន​ស្លូត​ត្រង់​ដែរ។
អ្នក​ណា​ប្រព្រឹត្ត​ដូច្នេះ អ្នក​នោះ​នឹង​បាន​សុខ​ជានិច្ច។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ មាតាបិតាឃើញព្រះយេស៊ូក្នុងព្រះវិហារ ព្រះអង្គគង់នៅកណ្តាលចំណោមគ្រូអាចារ្យ កំពុងតែស្តាប់គេនិយាយ ព្រមទាំងសួរសំណួរផ្សេងៗដល់គេផង។

បន្ទរទី២៖ មាតាសួរថា៖ “កូនអើយ ! ហេតុអ្វីបានជាកូនធ្វើដូច្នេះ ? ឪពុកម្តាយព្រួយចិត្តណាស់ ខំដើររកកូន” ។

(បទពាក្យ៧)

១-អ្នកអោនកោតខ្លាចព្រះអម្ចាស់ប្រតិបត្តិច្បាស់តាមព្រះទ័យ
ស្មោះស្ម័គ្រគោរពតាមវិន័យបានសុខពេកក្រៃមានមង្គល
២-ពូជរបស់គេមានអំណាចចិត្តក្លាអង់អាចគ្មានកង្វល់
ដ្បិតព្រះជាម្ចាស់ប្រទានផលព្រះពរពិតដល់អ្នកសុចរិត
៣-ក្នុងផ្ទះមនុស្សដែលចិត្តធម៌មានទ្រព្យបវរល្អប្រណីត
សេចក្តីសុចរិតនៅស្ថេរស្ថិតព្រះអង្គអាណិតឱ្យពរជាប់
៤-ក្នុងទីងងឹតមានពន្លឺលេចឡើងបំភ្លឺមិនស្រអាប់
ចិត្តគាត់ប្រណីល្អគួរគាប់សន្តោសលើសព្វជនប្រុសស្រី
៥-មនុស្សដែលមានចិត្តទូលាយយកអ្វីទៅឱ្យអ្នកផងខ្ចី
ព្រមទាំងរកស៊ីមិនកេងគៃអ្នកនោះប្រពៃល្អបំផុត
៦-កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយទីជិតទីឆ្ងាយមិនរលត់
មនុស្សគ្រប់សម័យតែងចាំស្ទាត់នឹកទៅដល់គាត់ជាប់ជានិច្ច
៧-អ្នកនោះមិនស្លុតមិនព្រឺខ្លាចមានចិត្តអង់អាចមិនមានល្បិច
មិនខ្លាចគេដៀលត្មះពន្លិចហើយផ្ញើជីវិតលើព្រះម្ចាស់
៨-គាត់មានចិត្តនឹងហើយអង់អាចមិនចេះភ័យខ្លាចអ្វីទាំងអស់
ទាល់តែគាត់ឃើញខ្មាំងទាំងនោះបាក់ទ័ពប្រាសអស់ទើបស្កប់ចិត្ត
៩-គាត់តែងចែកទានដល់អ្នកក្រដោយចិត្តស្មោះសរស្ម័គ្រពិតៗ
ចិត្តគាត់ទូលាយត្រង់សុចរិតកម្លាំងគាត់ស្ថិតមិនបាត់បង់
១០-ពេលជនអាក្រក់ឃើញដូច្នោះចិត្តគេទោមនស្សខាំធ្មេញផង
បាក់ធ្លាក់ទឹកចិត្តខូចបំណងពុំសម្រេចម្តងណាសោះឡើយ
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ៖ មាតាសួរថា៖ “កូនអើយ ! ហេតុអ្វីបានជាកូនធ្វើដូច្នេះ ? ឪពុកម្តាយព្រួយចិត្តណាស់ ខំដើររកកូន” ។

បន្ទរទី៣៖ ព្រះកុមារយេស៊ូយាងត្រឡប់ទៅភូមិណាសារ៉ែត ជាមួយមាតា បិតាវិញ ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់ (អាលេលូយ៉ា!)។

«ឱ​ព្រះជាអម្ចាស់​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​អើយ
ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ប្រសើរ​ឧត្ដម គួរ​ឲ្យ​កោត​ស្ញប់ស្ញែង​ពន់​ពេក​ណាស់!
ឱ​ព្រះ‌មហា​ក្សត្រ​នៃ​ប្រជាជាតិ​ទាំង‌ឡាយ​អើយ
មាគ៌ា​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​សុចរិត និង​ត្រឹម​ត្រូវ​ទាំង​អស់!
បពិត្រ​ព្រះអម្ចាស់! តើ​មាន​នរណា​មិន​គោរព​កោត​ខ្លាច​ព្រះនាម​ព្រះអង្គ!
តើ​នរណា​មិន​លើក​តម្កើង​សិរី‌រុង​រឿង​នៃ​ព្រះ‌នាម​ព្រះ‌អង្គ!
ដ្បិត​មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ជា​ព្រះ​ដ៏‌វិសុទ្ធ។
មនុស្ស​គ្រប់​ជាតិ​សាសន៍នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយបង្គំព្រះអង្គ
ដ្បិត​គេ​បាន​ឃើញ​ច្បាស់​ថា ព្រះ‌អង្គ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌»។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះកុមារយេស៊ូយាងត្រឡប់ទៅភូមិណាសារ៉ែត ជាមួយមាតា បិតាវិញ ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់ (អាលេលូយ៉ា!)។

គ្រប់​កិច្ច‌ការ​ដែល​បង‌ប្អូន​ធ្វើ ចូរ​ធ្វើឲ្យ​អស់​ពី​ចិត្ត ដូច​ជា​ធ្វើថ្វាយ​ព្រះ‌អម្ចាស់​ដែរ គឺ​មិន​មែន​ធ្វើ​សម្រាប់​មនុស្ស​លោក​ទេ ដោយ​ដឹង​ថា បង‌ប្អូន​មុខ​ជា​ទទួល​មត៌ក​ពី​ព្រះ‌អម្ចាស់​ទុក​ជា​កម្រៃ​មិន​ខាន។ ម្ចាស់​ដ៏​ពិត​ប្រាកដ គឺ​ព្រះ‌គ្រីស្ត ចូរ​បម្រើ​ព្រះ‌អង្គ​ទៅ។

បន្ទរ៖ មនុស្ស​សុចរិត*នឹង​រីក​ស្គុស‌ស្គាយ​ដូច​ផ្កា​ចន្ធូ។ បន្ទរឡើងវិញ៖…
—ហើយ​លូត​លាស់​នៅ​ក្នុង​ព្រះ‌វិហាររបស់​ព្រះ‌ជាម្ចាស់។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ កាល​ព្រះ‌យេស៊ូចាប់‌ផ្ដើម​ព្រះ‌បរមកិច្ច ព្រះ‌អង្គ​មាន​ព្រះ‌ជន្មាយុ​ប្រមាណ​សាម‌សិប​ព្រះ‌វស្សា។ តាម​គេ​ស្មាន ព្រះ‌អង្គ​ជា​បុត្រ​របស់​លោក​យ៉ូសែប។

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ កាល​ព្រះ‌យេស៊ូចាប់‌ផ្ដើម​ព្រះ‌បរមកិច្ច ព្រះ‌អង្គ​មាន​ព្រះ‌ជន្មាយុ​ប្រមាណ​សាម‌សិប​ព្រះ‌វស្សា។ តាម​គេ​ស្មាន ព្រះ‌អង្គ​ជា​បុត្រ​របស់​លោក​យ៉ូសែប។

បិតុភាពទាំងនៅស្ថានបរមសុខ និងនៅលើផែនដី មានប្រភពចេញមកពីព្រះជាម្ចាស់។ ចូរយើងវិលត្រឡប់ទៅរកព្រះអង្គវិញ ហើយទូលថា ៖

បន្ទរ៖ ឱព្រះបិតាយើងខ្ញុំដែលគង់នៅស្ថានបរមសុខអើយ ! សូមព្រះអង្គសណ្តាប់ពាក្យអធិដ្ឋានរបស់យើងខ្ញុំផង !

បពិត្រព្រះបិតាដ៏វិសុទ្ធគ្រប់យ៉ាង ! ព្រះអង្គបានសម្តែងឱ្យសន្តយ៉ូសែបដឹងពីគម្រោងការនៃការសង្រ្គោះអស់កល្បជានិច្ច ក្នុងអង្គព្រះគ្រីស្ត
—សូមព្រះអង្គប្រោសឱ្យយើងខ្ញុំយល់កាន់តែស៊ីជម្រៅអំពីព្រះបុត្រាព្រះអង្គ ដែលជាព្រះជាម្ចាស់ដ៏ពិតប្រាកដ និងជាមនុស្សដ៏ពិតប្រាកដ។ (បន្ទរ)

បពិត្រព្រះបិតាដែលគង់នៅស្ថានបរមសុខ ! ព្រះអង្គបានចិញ្ចឹមបក្សាបក្សីនៅលើអាកាស ហើយឱ្យទីវាលបង្កើតភោគផលផ្លែផ្កានៅលើផែនដី
—សូមព្រះអង្គប្រទានអាហារប្រចាំថ្ងៃឱ្យបុត្រធីតាព្រះអង្គ ទាំងខាងព្រលឹង និងរូបកាយ។ (បន្ទរ)

ឱព្រះដែលបង្កើតសកលលោកអើយ ! ព្រះអង្គបានប្រគល់ស្នាព្រះហស្តរបស់ព្រះអង្គឱ្យយើងខ្ញុំមើលថែរក្សា
—សូមឱ្យអស់អ្នកដែលធ្វើការ ទទួលបានរង្វាន់ដែលមកពីកម្លាំងញើសឈាមខ្លួនឯងផង។ (បន្ទរ)

ឱព្រះជាម្ចាស់នៃសេចក្តីសុចរិតគ្រប់យ៉ាង ! ព្រះអង្គសព្វព្រះហឫទ័យឱ្យយើងខ្ញុំទាំងអស់គ្នាធ្វើដូចព្រះអង្គ
—សូមសន្តយ៉ូសែបជួយជំរុញយើងខ្ញុំ ឱ្យដើរតាមមាគ៌ានៃភាពដ៏វិសុទ្ធរបស់ព្រះអង្គជានិច្ច។ (បន្ទរ)

សូមព្រះអង្គទតមើលមកអស់អ្នកដែលជិតផុតដង្ហើម និងមរណបុគ្គលដោយព្រះហឫទ័យសប្បុរស និងប្រទានឱ្យពួកគេនូវធម៌មេត្តាករុណារបស់ព្រះអង្គ
—តាមរយៈពាក្យទូលអង្វររបស់ព្រះយេស៊ូ ព្រះនាងម៉ារី និងសន្តយ៉ូសែបផង។ (បន្ទរ)

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គបានប្រោសឲ្យសន្តយ៉ូសែបទទួលបន្ទុកថែទាំព្រះយេស៊ូជាព្រះសង្គ្រោះ។ តាមរយៈពាក្យទូលអង្វររបស់សន្តយ៉ូសែប សូមមេត្តាប្រោសឲ្យព្រះសហគមន៍បានទទួលការសង្រ្គោះពីព្រះអង្គ ហើយបង្ហាញដល់មនុស្សលោកសព្វថ្ងៃនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

27 Views

Theme: Overlay by Kaira