អត្ថបទព្រះគម្ពីរ
ថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៤ រដូវធម្មតា
ព័ណ៌ស
បុណ្យរំឭក
សន្តយ៉ូហាន គ្រីស្តស្តូម
ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
លោកយ៉ូហាន (ប្រ. ៣៤៩-៤០៧) មានបំណងចង់បួសជាសង្ឃ តែលោកទទួលមុខងារជាបូជាចារ្យនៅព្រះសហគមន៍ក្រុងអន់ទីយ៉ូក។ លោកមានសំនួនវោហារពន្យល់គម្ពីរសែនពិរោះ បានជាគ្រីស្តបរិស័ទដាក់ឈ្មោះលោកថា “គ្រីសូស្តូម” គឺ “មាត់មាស”។ លោកនិពន្ធសៀវភៅជាច្រើន ដើម្បីបកស្រាយគម្ពីរ និងវិភាគទេវវិទ្យា។ ដោយលោកហ៊ានស្តីបន្ទោសព្រះមហាក្សត្រ និងមន្ត្រីពុករលួយពេក ព្រះនាងអើដូស៊ីនិរទេសលោកដល់ទៅពីរដង។ លោកទទួលមរណភាពដោយអស់កម្លាំងពេកនៅពេលធ្វើដំណើរនិរទេសខ្លួន។ សន្តយ៉ូហានគ្រីសូស្តូម ជាឧបការីរបស់អ្នកថ្លែងសុន្ទរកថា។

អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ១ ធម ២,១-៨
ជាបឋម ខ្ញុំសូមផ្ដែផ្ដាំឲ្យទូលសូមព្រះជាម្ចាស់ អធិដ្ឋាន និងអង្វរព្រះអង្គទាំងអរព្រះគុណសម្រាប់មនុស្សទាំងអស់ផង សម្រាប់ស្ដេច និងសម្រាប់អ្នកកាន់អំណាចគ្រប់ៗរួប ដើម្បីឲ្យយើងរស់នៅសុខក្សេមក្សាន្ដ គ្មានចលាចល ទាំងការប្រណិប័តន៍ព្រះជាម្ចាស់អស់ពីចិត្ត និងមានជីវិតថ្លៃថ្លូរ។ នេះហើយជាការល្អ និងគាប់ព្រះហប្ញទ័យព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់យើង ដែលទ្រង់សព្វព្រះហឬទ័យឲ្យមនុស្សទាំងអស់បានទទួលការសង្គ្រោះ និងបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់ ដ្បិតមានព្រះជាម្ចាស់តែមួយ មានស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់និងមនុស្សលោក គឺព្រះគ្រីស្ដយេស៊ូជាមនុស្សម្នាក់ ដែលបានបូជាព្រះជន្មដើម្បីលោះមនុស្សទាំងអស់។ នេះជាសក្ខីភាពមួយដែលព្រះជាម្ចាស់បានបង្ហាញនៅពេលកំណត់ ព្រះអង្គក៏បានតែងតាំងខ្ញុំឲ្យប្រកាសសក្ខីភាពនេះ និងឲ្យខ្ញុំធើ្វជាសាសនទូត ព្រមទាំងធើ្វជាគ្រូអប់រំសាសន៍ដទៃអំពីសេចក្ដីពិត។ ខ្ញុំនិយាយពិតឥតកុហកទេ។
ហេតុនេះហើយ បានជានៅគ្រប់ទីកន្លែង ខ្ញុំចង់ឲ្យបុរសៗអធិដ្ឋាន ទាំងលើកដៃឡើងលើ ដោយចិត្តបរិសុទ្ធ ឥតមានកំហឹង ឬប្រកែកគ្នាឡើយ។
ទំនុកតម្កើងលេខ ១២៨ (២៧) ,១ក-២.៧-៩ បទព្រហ្មគិតិ
១. | ឱព្រះអង្គម្ចាស់អើយ | ខ្ញុំស្រែកហើយរកព្រះអង្គ |
ទ្រង់ជាថ្មដាបាំង | ការពារឃាំងទូលបង្គំ ។ | |
សូមទ្រង់ស្ដាប់សម្រែក | ដែលខ្ញុំស្រែកស្ទើរទួញយំ | |
បើទ្រង់នៅសំងំ | នោះរូបខ្ញុំធ្លាក់មរណា ។ | |
២. | ពេលខ្ញុំដង្ហោយហៅ | លើកដៃទៅទីសក្ការ |
គ្រប់ពេលតែងវាចា | សូមមេត្តាសណ្ដាប់ផង ។ | |
៧. | ព្រះជាម្ចស់ជាបន្ទាយ | កំពែងរាយខែលព័ទ្ធជុំ |
ការពារសង្គ្រោះខ្ញុំ | ទូលបង្គំគួរទុកចិត្ត ។ | |
ខ្ញុំរីករាយសប្បាយ | លែងខ្វល់ខ្វាយឈប់ភ័យភិត | |
សរសើរព្រះម្ចាស់ពិត | ដោយមានបទច្រៀងតម្កើង ។ | |
៨. | ព្រះម្ចាស់ជាកម្លាំង | ការពារពាំងរាស្រ្ដព្រះអង្គ |
ទ្រង់ជាកំពែងផង | សម្រាប់សង្រ្គោះព្រះគ្រីស្ដ ។ | |
៩. | ឱព្រះជាអម្ចាស់ | សូមសង្គ្រោះប្រជារាស្រ្ដ |
ទ្រង់ជាគង្វាលឈ្លាស | វៃរវាសថែទាំគេ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ យហ ៣,១៦
អាលេលូយ៉ា! អាលេលូយ៉ា! ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច ។ អាលេលូយ៉ា! |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៧, ១-១០
ព្រះយេស៊ូយាងចូលទៅក្រុងកាផានុម។ នៅក្រុងនោះ មានអ្នកបម្រើសំណព្វចិត្តរបស់នាយទានរ៉ូម៉ាំងម្នាក់ មានជំងឺជាទម្ងន់ ជិតស្លាប់ទៅហើយ។ ពេលនាយទាហាននោះឮគេនិយាយអំពីព្រះយេស៊ូ លោកក៏បានចាត់ចាស់ទុំនៃជនជាតិយូដាខ្លះឲ្យទៅយាងព្រះអង្គមកប្រោសអ្នកបម្រើរបស់លោក។ ចាស់ទុំទាំងនោះហៅគាល់ព្រះយេស៊ូទទូចអង្វរព្រះអង្គថា៖ «នាទាហាននោះជាមនុស្សម្នាក់ ដែលគួរលោកប្រោសប្រណីដល់គាត់ ព្រោះគាត់ស្រឡាញ់ជាតិសាសន៍របស់យើង ថែមទាំងបានសាងធម្មសាលាឲ្យយើងផង»។
ព្រះយេស៊ូយាងទៅជាមួយចាស់ទុំទាំងនោះ។ លុះព្រះអង្គយាងជិតដល់ហើយ នាទាយហាន ចាត់មិត្តភក្ដិរបស់លោកឲ្យមកទូលថា៖ «លោកម្ចាស់! មិនចាច់អញ្ជើញចូលផ្ទះខ្ញុំប្របាទទេ ដ្បិតខ្ញុំប្របាទមានឋានៈទន់ទាបណាស់ មិនសមនិងទទួលលោកក្នុងផ្ទះខ្ញុំប្របាទឡើយ ហេតុនេះហើយបានជា ខ្ញុំប្របាទមិនហ៊ានមកជួបលោកផ្ទាល់។ សូមលោកមានប្រសាសន៍តែមួយម៉ាត់ នោះអ្នកបម្រើរបស់ខ្ញុំប្របាទ នឹងជាសះស្បើយមិនខាន។ ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយក៏មានកូនទាហាន នៅក្រោមបញ្ជាខ្ញុំប្របាទដែរ។ បើខ្ញុំប្របាទបញ្ជានរណាម្នាក់ឲ្យទៅ គេប្រាកដជាទៅ បើប្រាប់ឲ្យម្នាក់ទៀតមក គេនឹងមក។ ពេលខ្ញុំព្រះបាទប្រាប់ឲ្យអ្នកបម្រើធើ្វការអ្វីមួយ គេនឹងធើ្វតាម»។ កាលព្រះយេស៊ូព្រះសណ្ដាប់ពាក្យទាំងនេះហើយ ព្រះអង្គស្ងើចសរសើរនាយទាហាននោះណាស់។ ព្រះអង្គងាកទៅរកបណ្ដាលជនដែលដើរតាមព្រះអង្គ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំមិនដែលឃើញមនុស្សណា មានជនឿបែបនេះឡើយ ទោះបីនៅស្រុកអ៊ីស្រាអែលក៏គ្មានផង»។ មិត្តភក្ដិដែលនាយទាហានចាត់ឲ្យមក ក៏វិលត្រឡប់ទៅវិញ ឃើញអ្នកបម្រើបានជាសះស្បើយ។