ឬ ព្រះនាមដ៏វិសុទ្ធរបស់ព្រះយេស៊ូ
ថ្ងៃសុក្រ សប្តាហ៍ទី១
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
បទចម្រៀងចូល
ទំនុកតម្កើងលេខ ៤១
ពាក្យអធិដ្ឋានរបស់អ្នកមានជំងឺ
”ក្នុងចំណោមអ្នករាល់គ្នាដែលបរិភោគជាមួយខ្ញុំ មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ” (មក ១៤,១៨)។
បន្ទរទី១ ៖ សូមព្រះអម្ចាស់ប្រោសទូលបង្គំឱ្យជាឡើងវិញ ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គហើយ។
| ២ | អ្នកដែលយកចិត្តទុកដាក់ នឹងមនុស្សកំសត់ទុគ៌ត មានសុភមង្គលហើយ នៅថ្ងៃមានអាសន្ន ព្រះអម្ចាស់នឹងរំដោះអ្នកនោះជាមិនខាន។ |
| ៣ | ព្រះអម្ចាស់នឹងថែរក្សាអាយុជីវិតរបស់គេ ហើយអ្នកនោះមានសុភមង្គលនៅលើផែនដី ព្រះអង្គមិនបណ្តោយឱ្យគេធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវឡើយ។ |
| ៤ | ព្រះអម្ចាស់បីបាច់ថែរក្សាគេ នៅពេលគេដេកឈឺចុកចាប់ ទោះបីឈឺយ៉ាងណាក្តី ក៏ព្រះអង្គប្រោសគេឱ្យជាសះស្បើយឡើងវិញ។ |
| ៥ | ខ្ញុំនឹកគិតថា ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាប្រោសទូលបង្គំឱ្យបានជាផង ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គហើយ។ |
| ៦ | សត្រូវរបស់ទូលបង្គំ នាំគ្នានិយាយអាក្រក់ពីទូលបង្គំ គេបន់ឱ្យតែទូលបង្គំស្លាប់ គេបន់ឱ្យតែឈ្មោះទូលបង្គំសាបសូន្យទៅ។ |
| ៧ | អ្នកដែលមកសួរសុខទុក្ខទូលបង្គំ ក៏មានគំនិតមិនល្អ គេមកប្រមូលដំណឹងអាក្រក់ លុះចេញទៅវិញ គេនិយាយបរិហារពីទូលបង្គំ។ |
| ៨ | អស់អ្នកដែលស្អប់ទូលបង្គំ និយាយខ្សឹបខ្សៀវដាក់គ្នាអំពីទូលបង្គំថា ទូលបង្គំគេចមិនផុតពីស្លាប់។ |
| ៩ | គេពោលថា “ជំងឺគាត់មើលមិនជាទេ! គាត់ពុំអាចក្រោកឡើងវិញបានឡើយ” ។ |
| ១០ | សូម្បីតែមិត្តសម្លាញ់ដ៏ជិតស្និទ្ធរបស់ទូលបង្គំ គឺអ្នកដែលទូលបង្គំទុកចិត្ត ជាអ្នកដែលបរិភោគអាហាររួមជាមួយទូលបង្គំ ក៏ប្រឆាំងនឹងទូលបង្គំដែរ។ |
| ១១ | ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំ សូមប្រោសទូលបង្គំឱ្យបានជាឡើងវិញផង នោះទូលបង្គំនឹងតបស្នងទៅខ្មាំងសត្រូវ ឱ្យសមនឹងអំពើរបស់គេ។ |
| ១២ | បើខ្មាំងសត្រូវរបស់ទូលបង្គំ លែងមានជ័យជម្នះលើទូលបង្គំ នោះទូលបង្គំដឹងច្បាស់ថា ព្រះអង្គពិតជាស្រឡាញ់ទូលបង្គំមែន។ |
| ១៣ | ព្រះអង្គបានជួយទូលបង្គំ ហើយប្រោសទូលបង្គំឱ្យជាទាំងស្រុង ព្រះអង្គប្រទានឱ្យទូលបង្គំ នៅជាមួយព្រះអង្គរហូតតរៀងទៅ។ |
| ១៤ | សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល តាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! អាម៉ែន!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ សូមព្រះអម្ចាស់ប្រោសទូលបង្គំឱ្យជាឡើងវិញ ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គហើយ។
ទំនុកតម្កើងលេខ ៤៦
ព្រះជាម្ចាស់ជាជម្រក និងជាបង្អែកដ៏រឹងមាំរបស់យើង
”នាងនឹងសម្រាលបានបុត្រមួយ ដែលគេនឹងថ្វាយព្រះនាមថា អេម៉ានូអែល” ប្រែថា «ព្រះជាម្ចាស់គង់ជាមួយយើង» (មថ ១,២៣)។
បន្ទរទី២ ៖ ព្រះអម្ចាស់នៃពិភពទាំងឡាយ ទ្រង់គង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុបជាជំរកដ៏រឹងមាំសម្រាប់យើង។
(បទពាក្យ ៧)
| ២- | ព្រះអម្ចាស់ជាទីជម្រក | ឱ្យយើងចូលជ្រករាល់ខែឆ្នាំ | |
| ព្រះអង្គតែងតែប្រុងប្រៀបចាំ | មិនមើលបំណាំពេលអាសន្ន | ។ | |
| ៣- | ទោះបីផែនដីប្រេះរញ្ជួយ | ភ្នំប្រែរលួយដោយទាន់ហន់ | |
| ទោះធ្លាក់សមុទ្រជ្រៅរាប់ពាន់ | ជាច្រើនរយជាន់ខ្ញុំមិនភ័យ | ។ | |
| ៤- | ទោះបីសមុទ្របោកបាចសាច | ជួនជោរជួននាចយ៉ាងណាក្តី | |
| ទោះភ្នំកក្រើកខ្ទ័រផែនដី | ក៏យើងមិនភ័យមិនខ្ចីខ្លាច | ។ | |
| ៥- | មានទន្លេមួយនាំអំណរ | សិរីបវរស្រោចបាចសាច | |
| បុរីព្រះម្ចាស់មានអំណាច | វិសុទ្ធក្រៃពេកព្រះដំណាក់ | ។ | |
| ៦- | ព្រះម្ចាស់គង់ក្នុងបុរីណា | បានក្តីសុខាមិនអន់អាក់ | |
| ព្រោះទ្រង់សង្គ្រោះមិនថ្នាំងថ្នាក់ | តាំងពីថ្ងៃរះព្រឹកព្រលឹម | ។ | |
| ៧- | ជនជាតិនានាតែងគំរាម | នគរកើតសង្គ្រាមភ័យជ្រួលជ្រើម | |
| ព្រះម្ចាស់បន្លឺសូរសៀងឡើង | ផែនដីត្រូវប៉ើងបែកខ្ចាត់ខ្ចាយ | ។ | |
| ៨- | ព្រះជាអម្ចាស់នៃពិភព | ទ្រង់គង់ប្រសព្វមិនឃ្លាតឆ្ងាយ | |
| ព្រះលោកយ៉ាកុបមិនទន់ជ្រាយ | កំពែងមាំក្រៃនៃយើងខ្ញុំ | ។ | |
| ៩- | ចូរនាំគ្នាមើលស្នាព្រះហស្ត | របស់ព្រះម្ចាស់ដ៏ឧត្តម | |
| កិច្ចការអស្ចារ្យទាំងតូចធំ | ដែលទ្រង់ខិតខំលើផែនដី | ។ | |
| ១០- | ទ្រង់បានប្រមូលធ្នូលំពែង | ខែលខ្លីដាវវែងគ្មានសល់អី | |
| រទេះគ្រឿងក្រោះបោះទៅដី | ដុតខ្ទេចគ្មានស្តាយមិនស្រណោះ | ។ | |
| ១១- | ចូរឈប់ច្បាំងទៅត្រូវដឹងថា | គឺយើងនេះណាជាព្រះម្ចាស់ | |
| យើងគ្រប់គ្រងលើជាតិទាំងអស់ | មិនសល់ចន្លោះលើលោកា | ។ | |
| ១២- | ព្រះអម្ចាស់នៃភពផែនដី | ស្ម័គ្រស្មោះមេត្រីគ្រប់ៗគ្នា | |
| គង់នៅជាមួយរាល់វេលា | កំពែងការពារដ៏មាំមួន | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ព្រះអម្ចាស់នៃពិភពទាំងឡាយ ទ្រង់គង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុបជាជំរកដ៏រឹងមាំសម្រាប់យើង។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៥,៣-៤)
ទំនុកតម្កើងនៃការគោរពប្រណិប័តន៍
បន្ទរទី៣ ៖ មនុស្សគ្រប់ជាតិសាសន៍ នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ។
| ៣ | “ឱព្រះជាម្ចាស់ ដែលមានព្រះចេស្តាលើអ្វីៗទាំងអស់អើយ ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់! ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់! |
| ៤ | បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ! តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ! ដ្បិតមានតែព្រះអង្គប៉ុណ្ណោះជាព្រះដ៏វិសុទ្ធ។ មនុស្សគ្រប់ជាតិសាសន៍ នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌” ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ មនុស្សគ្រប់ជាតិសាសន៍ នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ១០,៣៧-៣៩)
បងប្អូនជ្រាបហេតុការណ៍ដែលកើតឡើងនៅស្រុកយូដាទាំងមូលស្រាប់ហើយ ជាហេតុការណ៍ដែលបានចាប់ផ្ដើមនៅស្រុកកាលីឡេ គឺបន្ទាប់ពីពេលដែលលោកយ៉ូហានបានប្រកាសឲ្យបណ្ដាជនទទួលពិធីជ្រមុជទឹក។ បងប្អូនបានជ្រាបថា ព្រះជាម្ចាស់បានចាក់ព្រះវិញ្ញាណដ៏វិសុទ្ធ និងឫទ្ធានុភាព អភិសេកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែត។ បងប្អូនក៏ជ្រាបដែរថា ព្រះយេស៊ូបានយាងពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រព្រឹត្តអំពើល្អ និងប្រោសអស់អ្នកដែលត្រូវមារ សង្កត់សង្កិនឲ្យបានជា ដ្បិតព្រះជាម្ចាស់គង់ជាមួយព្រះអង្គ។ យើងជាបន្ទាល់អំពីកិច្ចការទាំងអស់ដែលព្រះអង្គបានធ្វើ នៅក្នុងដែនដីរបស់ជនជាតិយូដា និងនៅក្រុងយេរូសាឡឹម។ ពួកគេបាននាំគ្នាធ្វើគុតព្រះអង្គ ដោយព្យួរនៅលើឈើ។
បន្ទរ៖ ព្រះបន្ទូលបានកើតមកជាមនុស្ស *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
—ហើយគង់នៅក្នុងចំណោមយើងរាល់គ្នា។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ មានឮព្រះសូរសៀងពីលើមេឃមកថា ៖ «ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់»។
| ៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
| ៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
| ៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
| ៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
| ៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
| ៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
| ៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
| ៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
| ៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
| ៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
| ៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
| ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
| ៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
| តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
| ៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
| សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
| ៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
| ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
| ៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
| កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
| ៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
| ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
| ៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
| អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
| ៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
| អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
| ៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
| លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
| ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
| ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ មានឮព្រះសូរសៀងពីលើមេឃមកថា ៖ «ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់»។
ពាក្យអង្វរសកល
នៅពេលព្រះយេស៊ូប្រសូត ពួកទេវទូតបានប្រកាសអំពីសេចក្តីសុខសាន្ត មកលើផែនដី។ យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះអង្គដោយអំណរសប្បាយ ហើយសូមទូលអង្វរព្រះអង្វរដោយជំនឿថា ៖
បន្ទរ៖ សូមឱ្យការប្រសូតរបស់ព្រះបុត្រា នាំយកសេចក្តីសុខសាន្តមកដល់មនុស្សទាំងឡាយផង !
បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គចាក់បំពេញនូវអ្វីៗដ៏ល្អដល់សេចក្តីត្រូវការរបស់ប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គ
—សូមឱ្យការប្រសូតមកជាមនុស្សរបស់ព្រះអង្គ ក្លាយទៅជាប្រភពនៃសេចក្តីសុខសាន្តរបស់យើងខ្ញុំ។ (បន្ទរ)
ព្រះអង្គបានយាងមកប្រៀបដូចជាអ្នកគង្វាល និងអ្នកថែរក្សាជីវិតរស់នៅរបស់យើងខ្ញុំ
—សូមឱ្យសម្តេចប៉ាប និងលោកអភិបាលមានចិត្តស្មោះត្រង់ ចំពោះព្រះអំណោយទាននៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គផង។ (បន្ទរ)
ឱព្រះមហាក្សត្រដែលគង់នៅអស់កល្បជានិច្ច! ព្រះអង្គសព្វព្រះហឫទ័យប្រសូតមកជាមនុស្ស ក្នុងព្រំដែនពេលវេលា
និងដើម្បីមានបទពិសោធន៍ក្នុងជីវិតរស់នៅ ពីមួយថ្ងៃទៅមួយថ្ងៃរបស់មនុស្សលោក ដែលជាបុរស និងស្រ្តី
—សូមព្រះអង្គចែកទាននៃជីវិតអស់កល្បជានិច្ច ឱ្យយើងខ្ញុំជាមនុស្សទន់ខ្សោយ ដែលសមនឹងស្លាប់នេះផង។ (បន្ទរ)
ពិភពលោកបានទន្ទឹងរង់ចាំពេលដែលព្រះអង្គយាងមក
—សូមបង្ហាញវត្តមានរបស់ព្រះអង្គ ដល់អស់អ្នកដែលកំពុងរង់ចាំព្រះអង្គនៅពេលនេះ។ (បន្ទរ)
ព្រះអង្គបានចាប់កំណើតជាមនុស្ស ហើយផ្តល់ជីវិតថ្មីឱ្យយើងខ្ញុំ
—សូមព្រះអង្គប្រទានជីវិតដ៏ពេញបរិបូណ៌ ដល់អស់អ្នកដែលបានទទួលមរណភាពផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គបំពេញដួងចិត្តយើងខ្ញុំនូវពន្លឺរបស់ព្រះអង្គ។ សូមឱ្យយើងខ្ញុំចេះទទួលស្គាល់ព្រះគ្រីស្តជាព្រះសង្រ្គោះ និងឱ្យយើងខ្ញុំកាន់តែមានចិត្តស្មោះត្រង់ចំពោះព្រះបន្ទូលដំណឹងល្អរបស់ព្រះអង្គផង។ ព្រះអង្គដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅ ដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។
