ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១ ៖ សូមសម្តែងព្រះបារមី ហើយសង្គ្រោះទូលបង្គំ ដ្បិតទូលបង្គំបានសម្រេចចិត្តធ្វើតាមច្បាប់របស់ព្រះអង្គហើយ។

១៦៩ឱព្រះអម្ចាស់អើយ ! សូមឱ្យសូរសម្រែករបស់ទូលបង្គំលាន់ឮទៅដល់ព្រះអង្គ
សូមប្រទានឱ្យទូលបង្គំចេះរិះគិតពិចារណា តាមព្រះបន្ទូលរបស់ព្រះអង្គ។
១៧០សូមឱ្យពាក្យទទូចអង្វររបស់ទូលបង្គំបានលាន់ឮទៅដល់ព្រះអង្គ
សូមរំដោះទូលបង្គំតាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង!។
១៧១សូមឱ្យទូលបង្គំពោលពាក្យសរសើរតម្កើងព្រះអង្គឥតឈប់
ដ្បិតព្រះអង្គបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់។
១៧២ទូលបង្គំនឹងបន្លឺសំឡេងច្រៀងតម្កើងព្រះបន្ទូលសន្យារបស់ព្រះអង្គ
ដ្បិតវិន័យទាំងប៉ុន្មានរបស់ព្រះអង្គសុទ្ធតែសុចរិត។
១៧៣សូមសម្តែងព្រះបារមី ហើយសង្គ្រោះទូលបង្គំ
ដ្បិតទូលបង្គំបានសម្រេចចិត្តធ្វើតាមច្បាប់របស់ព្រះអង្គហើយ។
១៧៤បពិត្រព្រះអម្ចាស់ ! ទូលបង្គំប្រាថ្នាសូមឱ្យព្រះអង្គសង្គ្រោះទូលបង្គំ
ទូលបង្គំពេញចិត្តនឹងធម្មវិន័យរបស់ព្រះអង្គខ្លាំងណាស់។
១៧៥សូមឱ្យទូលបង្គំមានជីវិត ដើម្បីសរសើរតម្កើងព្រះអង្គ!
សូមឱ្យសេចក្តីដែលព្រះអង្គបានសម្រេច ជួយលើកទឹកចិត្តទូលបង្គំ។
១៧៦ទូលបង្គំនៅវិលវល់ដូចចៀមវង្វេង
សូមយាងមករកទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គផង!
ដ្បិតទូលបង្គំមិនភ្លេចវិន័យរបស់ព្រះអង្គឡើយ!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ សូមសម្តែងព្រះបារមី ហើយសង្គ្រោះទូលបង្គំ ដ្បិតទូលបង្គំបានសម្រេចចិត្តធ្វើតាមច្បាប់របស់ព្រះអង្គហើយ។

“ស្វាមី​មក​ដល់​ហើយ! ចូរ​នាំ​គ្នា​រត់​ទៅ​ទទួល​លោក!” (មថ ២៥,៦)។

បន្ទរទី២ ៖ បពិត្រ​ព្រះជាម្ចាស់ បល្ល័ង្ក​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរអស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

(ក)

(បទព្រហ្មគីតិ)

២-ពាក្យខ្ញុំពោលពីរោះដ៏ស្ម័គ្រស្មោះពីដួងចិត្ត
តែងបទថ្វាយមហាក្សត្រសូមឱ្យបទដូចកវី
៣-ព្រះអង្គល្អជាងគេរកគ្មានទេវោហារស្តី
ព្រះប្រទានពរជ័យមានសិរីទាំងអំណាច
៤-វីរបុរសឫទ្ធិគន់គាប់ចិត្តសែនអង់អាច
សូមពាក់ព្រះខ័ន្តរាជ្យភ្លឺចិញ្ចាចចិញ្ចែងទៅ
៥-សូមគង់លើរាជរថយាងតយុទ្ធនឹងសត្រូវ
ការពារពាំងទុកនូវរឿងត្រឹមត្រូវនឹងសុចរិត
សូមទ្រង់បានជោគជ័យដ៏ថ្លាថ្លៃអស់ពីចិត្ត
ដោយបារមីមានឫទ្ធិដ៏ប្រណីតនៃព្រះអង្គ
៦-សូមឱ្យព្រួញដ៏មុតស្រួចបំផុតជួយតម្រង់
ឱ្យព្រួញនៃព្រះអង្គបាញ់តម្រង់ទ្រូងបច្ចា
សូមគ្រប់ប្រជាជាតិកុំបីឃ្លាតឃ្លាទៅណា
ឱ្យធ្លាក់ក្រោមបាទាព្រះរាជាដ៏មានឫទ្ធិ
៧-រាជាដ៏ខ្ពស់ខ្ពង់បល្ល័ង្កទ្រង់នៅស្ថេរស្ថិត
គ្រងរាជ្យមិនរខិតគង់នៅពិតដោយយុត្តិធម៌
៨-ព្រះអង្គសព្វព្រះទ័យនឹងសេចក្តីសុចរិតល្អ
អំពើអយុត្តិធម៌ទ្រង់មិនគាប់ព្រះហឫទ័យ
ហេតុនេះព្រះជាម្ចាស់ដែលជាព្រះដ៏ប្រពៃ
ជ្រើសរើសអង្គក្សត្រថ្លៃពីចំណោមមិត្រព្រះអង្គ
ចាក់ប្រេងអភិសេកមិនអល់អែកល្អផូរផង់
ប្រទានឱ្យព្រះអង្គមានសព្វទាំងក្តីសប្បាយ
៩-រាជាគ្រងភូសាល្អអស្ចារ្យក្រអូបសាយ
តន្ត្រីប្រគុំថ្វាយក្នុងប្រាសាទភ្លុកដំរី
១០-ស្រីស្នំទាំងប៉ុន្មានស្រស់ភុំផានជាបុត្រី
របស់ស្តេចផែនដីអង្គក្សត្រីយ៍គង់ខាងស្តាំ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ បពិត្រ​ព្រះជាម្ចាស់ បល្ល័ង្ក​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរអស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

បន្ទរទី៣ ៖ ខ្ញុំ​ឃើញ​ក្រុង​ដ៏‌វិសុទ្ធ ជា​ក្រុង​យេរូ‌សាឡឹម​ថ្មី តែង​ខ្លួន​ដូច​ភរិយា​ថ្មោង​ថ្មី តុប‌តែង​ខ្លួន​ទទួល​ស្វាមី។

(ខ)

១១ព្រះអង្គម្ចាស់ក្សត្រីយ៍អើយ ! សុំត្រង់ត្រាប់ស្តាប់ពាក្យខ្ញុំ
ចូរកុំនឹកនាប្រជារាស្ត្រ និងព្រះរាជវង្សរបស់ព្រះនាងទៀតអី !
១២សូមឱ្យព្រះមហាក្សត្រគាប់ព្រះហឫទ័យនឹងសម្ជស្សរបស់ព្រះនាង
ចូរក្រាបថ្វាយបង្គំព្រះរាជាទៅ! ព្រះករុណាជាម្ចាស់របស់ព្រះនាងហើយ។
១៣ប្រជារាស្ត្រនៅក្រុងទីរ៉ុស និងប្រជារាស្ត្រដែលមានច្រើនជាងគេក្នុងពិភពលោក
នឹងនាំតង្វាយមកថ្វាយព្រះនាង គេនាំគ្នាមកផ្គាប់ផ្គុនព្រះនាង។
១៤ព្រះអង្គម្ចាស់ក្សត្រីគង់នៅក្នុងព្រះបរមរាជវាំង
ព្រះនាងមានរូបឆោមលោមពណ៌ស្អាតល្អណាស់
ព្រះភូសារបស់ព្រះនាងលម្អទៅដោយមាស។
១៥គេដង្ហែព្រះនាងចូលទៅគាល់ព្រះមហាក្សត្រ ទាំងគ្រងព្រះភូសាចម្រុះពណ៌
មានពួកភីលៀងហែហមពីក្រោយ ចូលទៅគាល់ព្រះរាជាផង។
១៦ពួកនាងចូលទៅកាន់ព្រះដំណាក់របស់ព្រះរាជា
ដោយមានបណ្តាជនបន្លឺសំឡេងអបអរសាទរយ៉ាងសប្បាយ។
១៧បពិត្រព្រះរាជា ! សូមឱ្យព្រះរាជ្យបុត្រឡើងគ្រងរាជ្យតពីព្រះអយ្យកោរបស់ព្រះអង្គ។
ព្រះករុណានឹងតែងតាំងព្រះរាជ្យបុត្រាឱ្យគ្រប់គ្រងទូទាំងនគរ។
១៨ទូលបង្គំនឹងថ្លាថ្លែង រំលឹកពីព្រះនាមរបស់ព្រះករុណារហូតតទៅ
ហើយប្រជារាស្ត្រនានា ក៏នឹងនាំគ្នាលើកតម្កើងព្រះករុណាអស់កល្បជាអង្វែងតរៀងទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ខ្ញុំ​ឃើញ​ក្រុង​ដ៏‌វិសុទ្ធ ជា​ក្រុង​យេរូ‌សាឡឹម​ថ្មី តែង​ខ្លួន​ដូច​ភរិយា​ថ្មោង​ថ្មី តុប‌តែង​ខ្លួន​ទទួល​ស្វាមី។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) រ៉ូម ១,១៦-១៧

ដ្បិត​ខ្ញុំ​មិន​ខ្មាស​នឹង​ប្រកាស​ដំណឹង‌ល្អ​ទេ ព្រោះ​ដំណឹងល្អ​នេះ​ជា​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ សម្រាប់​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ គឺ​មុន​ដំបូង​សាសន៍​យូដា បន្ទាប់​មក សាសន៍​ក្រិក។ ដំណឹងល្អ​នេះ​សម្ដែង​ឱ្យ​ដឹង​ថា ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឱ្យ​មនុស្ស​សុចរិត ដោយ‌សារ​ជំនឿ និង​ឱ្យ​គេ​កាន់​តាម​ជំនឿ ដូច​មាន​ចែង​ទុក​មក​ថាៈ «មនុស្ស​សុចរិត​មាន​ជីវិត​រស់ ដោយ‌សារ​ជំនឿ»។

បន្ទរ៖ «សំឡេងរបស់គេបានឮខ្ចរខ្ចាយពាសពេញលើផែនដីទាំងមូល អាលេលូយ៉ា!
—ហើយពាក្យសម្ដីរបស់គេបានឮខ្ចរខ្ចាយ រហូតដល់ស្រុកដាច់ស្រយាលនៃពិភពលោក» អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ១ថស ២,២ខ-៤

ព្រះជាម្ចាស់​បាន​ប្រទាន​ឱ្យ​យើង​មាន​ចិត្ត​អង់អាច​ប្រកាស​ដំណឹងល្អរបស់​ព្រះ‌អង្គ​ដល់​បង‌ប្អូន ទោះ​បី​ត្រូវ​តយុទ្ធ​ពុះពារ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។ សេចក្ដី​ដែល​យើង​ទូន្មានមិន​មែន​មក​ពី​ការ​ភាន់‌ច្រឡំ មក​ពី​គោល​បំណង​មិន​ល្អ ឬ​កលល្បិច​ណា​ឡើយ។ មុន​នឹង​ប្រគល់​មុខ‌ងារ​ផ្សាយ​ដំណឹងល្អ​មក​យើង ព្រះ‌ជាម្ចាស់​បាន​ល្បង​មើល​ចិត្ត​យើងយ៉ាង​ណា យើង​ក៏​និយាយ​យ៉ាង​នោះ​ដែរ យើង​មិន​និយាយ ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស​ទេ គឺ​ដើម្បី​ឱ្យ​គាប់​ព្រះហឫទ័យ​ព្រះ‌ជាម្ចាស់​ដែល​ល្បង​មើល​ចិត្ត​យើង​នោះ​វិញ។

បន្ទរ៖ ក្រុមគ្រីស្តទូតបានប្រកាន់ខ្ជាប់នូវសាររបស់ព្រះគ្រីស្ត អាលេលូយ៉ា!
—ពួកគេថែរក្សាសិក្ខាបទដែលព្រះអង្គបានប្រគល់ឱ្យពួកគេ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ២ធម ១,៨ខ-៩

អ្នក​ត្រូវ​តែ​រងទុក្ខ​វេទនា​រួម​ជា​មួយ​ខ្ញុំសម្រាប់​ដំណឹងល្អ ដោយ​ពឹង​ផ្អែក​លើ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។ ព្រះ‌អង្គ​ហ្នឹង​ហើយដែល​បាន​សង្គ្រោះ​យើង និង​បាន​ត្រាស់​ហៅ​យើង​ឱ្យ​មក​ធ្វើជា​ប្រជារាស្ដ្រ​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​។ ព្រះ‌អង្គ​ត្រាស់​ហៅ​យើង​ដូច្នេះ មិន​មែន​មក​ពី​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត​នោះ​ទេ គឺ​ស្រប​តាម​គម្រោង‌ការ និង​ស្រប​តាម​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​យើង ក្នុង​អង្គ​ព្រះ‌គ្រីស្ត‌យេស៊ូ តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់​មក​ម៉្លេះ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ "ត្រូវត្រេកអរសប្បាយ"
—ដោយអ្នករាល់គ្នាមានឈ្មោះកត់ទុកនៅស្ថានបរមសុខវិញ។
ពាក្យអធិដ្ឋាន

បពិត្រព្រះជាអម្ចាស់ ! ព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសសន្តលូកាឱ្យប្រៀនប្រដៅ និងនិពន្ធពីអាថ៌កំបាំងនៃសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះអ្នកក្រីក្រ។ សូមព្រះអង្គប្រោសឱ្យអស់អ្នកជឿ មានកិត្តិយសក្នុងព្រះនាមព្រះអង្គ ចេះស៊ូទ្រាំដោយមានចិត្តតែមួយ និងវិញ្ញាណតែមួយ។ សូមព្រះអង្គប្រណីសន្តោសឱ្យប្រជាជាតិទាំងឡាយ បានទទួលការសង្រ្គោះពីព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់ !
សូមអរព្រះគុណព្រះជាម្ចាស់ !

57 Views

Theme: Overlay by Kaira