ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១ ៖ ជីវិតរបស់ខ្ញុំ គឺការបម្រើព្រះបន្ទូលដំណឹងល្អ។ ព្រះជាម្ចាស់បានប្រទានព្រះអំណោយទាននៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គមកខ្ញុំ អាលេលូយ៉ា!

១០ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ដដែល ទោះ​បី​ខ្ញុំ​ពោល​ថា ខ្ញុំ​ជា​មនុស្ស​វេទនា។
១១ពេល​ខ្ញុំ​មាន​ភ័យ​អាសន្ន ខ្ញុំ​ពោល​ឡើង​ថា
យើង​មិន​អាច​ទុក​ចិត្ត​លើ​មនុស្សណា​ម្នាក់​បាន​ឡើយ។
១២តើ​ខ្ញុំ​អាច​យក​អ្វីមក​តប​ស្នងនឹង​ព្រះ‌គុណ​ទាំង​ប៉ុន្មាន
ដែល​ព្រះ‌អម្ចាស់​បាន​សម្ដែង​មក​លើ​រូប​ខ្ញុំ?
១៣ខ្ញុំ​នឹង​លើក​ពែង​ឡើង​ថ្វាយ​ព្រះអម្ចាស់ដែល​បាន​រំដោះ​ខ្ញុំ
ខ្ញុំ​នឹង​អង្វរ​រក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។
១៤ខ្ញុំ​នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា
នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល​របស់​ព្រះ‌អង្គ។
១៥ព្រះ‌អម្ចាស់​ព្រួយ​ព្រះ‌ហឫទ័យ​ណាស់ នៅ​ពេល​ប្រជាជន​ដ៏‌វិសុទ្ធ​ណា​ម្នាក់​ស្លាប់។
១៦ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំជា​អ្នក​បម្រើរបស់​ព្រះ‌អង្គ ដូច​ម្ដាយ​របស់​ទូល‌បង្គំដែរ
ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំឲ្យ​រួច​ពី​ស្លាប់។
១៧ទូលបង្គំសូម​ថ្វាយ​យញ្ញបូជា ដើម្បី​អរ​ព្រះ‌គុណ​ព្រះ‌អង្គ
ខ្ញុំ​នឹង​អង្វរ​រក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។
១៨ខ្ញុំ​នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា
នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល​របស់​ព្រះ‌អង្គ
១៩គឺ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់
ដែល​ស្ថិត​នៅ​កណ្ដាល​ក្រុង​យេរូ‌សាឡឹម។ អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ជីវិតរបស់ខ្ញុំ គឺការបម្រើព្រះបន្ទូលដំណឹងល្អ។ ព្រះជាម្ចាស់បានប្រទានព្រះអំណោយទាននៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គមកខ្ញុំ អាលេលូយ៉ា!

បន្ទរទី២ ៖ ព្រោះ​តែ​ដំណឹងល្អ ខ្ញុំ​សុខ​ចិត្ត​ធ្វើអ្វីៗ​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ចូល​រួម​ទទួល​ផល​ពី​ដំណឹងល្អ​នោះ អាលេលូយ៉ា!

(បទព្រហ្មគីតិ)

១-ពេលព្រះដឹកនាំអ្នកដែលជំពាក់ខ្លួនជាឈ្លើយ
មកក្រុងស៊ីយ៉ូនហើយយើងធូរស្បើយដូចយល់សប្តិ
២-យើងសើចហ៊ោរសប្បាយអរក្អាកក្អាយឥតមានឈប់
ស្រែកជ័យឃោសន៍សាយសព្វលាន់សូរស័ព្ទគ្រប់ទិសា
ពេលនោះក្នុងចំណោមជាតិទាំងព្រមគេពោលថា
ព្រះម្ចាស់មានចេស្តាធ្វើអស្ចារ្យចំពោះគេ
៣-ព្រះអង្គបានធ្វើការដ៏អស្ចារ្យអ្វីម៉េ្លះទេ
យើងលែងគិតគ្នាន់គ្នេរបានល្ហើយល្ហែអរសប្បាយ
៤-ឱព្រះម្ចាស់ឧត្តមសូមប្រោសខ្ញុំឲ្យរីកសាយ
ដូចរហោស្ថានឆ្ងាយសូមប្រែក្លាយមានទឹកហូរ
៥-អ្នកណាសាបព្រោះស្រូវដោយសោកសៅគួរអាសូរ
ទាំងទឹកភ្នែកជន់ជោរនឹងច្រូតយកទាំងសប្បាយ
៦-គេយកពូជទៅព្រោះទាំងស្រណោះយំសោកស្តាយ
ក្រោយមកគេប្រែក្លាយហ៊ោសប្បាយដោយអំណរ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ ព្រោះ​តែ​ដំណឹងល្អ ខ្ញុំ​សុខ​ចិត្ត​ធ្វើអ្វីៗ​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ចូល​រួម​ទទួល​ផល​ពី​ដំណឹងល្អ​នោះ អាលេលូយ៉ា!

បន្ទរទី៣ ៖ ព្រះជាម្ចាស់​បាន​ប្រណី‌សន្ដោស ឲ្យ​ខ្ញុំ​នាំ​ដំណឹងល្អ​ទៅ​ប្រាប់​សាសន៍​ដទៃ អំពី​ព្រះជន្មដ៏​បរិបូណ៌​បំផុត​របស់​ព្រះ‌គ្រីស្ត អាលេលូយ៉ា!

សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង
ដែល​បាន​ប្រោស​ប្រទាន​ព្រះ‌ពរ​គ្រប់​យ៉ាងផ្នែក​ខាង​វិញ្ញាណ​ពី​ស្ថាន​បរម‌សុខមក​យើង ក្នុង​អង្គ​ព្រះ‌គ្រីស្ត។
ព្រះ‌អង្គ​បាន​ជ្រើស‌រើស​យើង​ក្នុង​អង្គ​ព្រះ‌គ្រីស្ត
តាំង​ពី​មុន​កំណើត​ពិភពលោក​មក​ម៉្លេះ ដើម្បី​ឲ្យ​យើង​វិសុទ្ធ
និង​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង។
ព្រះ‌អង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន ឲ្យ​ធ្វើជា​បុត្រ​ធីតា​របស់​ព្រះ‌អង្គ
ដោយ‌សារ​ព្រះ‌យេស៊ូ‌គ្រីស្ត ស្រប​នឹង​បំណង​ដ៏​សប្បុរស​របស់​ព្រះ‌អង្គ
ដើម្បី​ឲ្យ​យើង​លើក​តម្កើង​សិរី‌រុង​រឿង​នៃ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស
ដែល​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​មក​យើង ក្នុង​អង្គ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ។
ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត​នេះ ព្រះ‌ជាម្ចាស់​បាន​លោះ​យើង
ដោយ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ និង​លើក‌លែង​ទោស​ឲ្យ​យើង​បាន​រួច​ពី​បាប
តាម​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ដ៏​លើស‌លប់​របស់​ព្រះ‌អង្គ។
ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​យើង​យ៉ាង​ខ្លាំង​បំផុត
គឺ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​យើង​មាន​តម្រិះ និង​ប្រាជ្ញា​ដ៏​វាងវៃ​គ្រប់​យ៉ាង។
ព្រះអង្គ​បាន​ប្រោស​ឲ្យ​យើង​ស្គាល់​គម្រោងការ​ដ៏​លាក់កំបាំងនៃព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ
តាម​បំណង​ដ៏​សប្បុរស ដែល​ព្រះ‌អង្គ​បាន​សម្រេច​ទុក​ជា​មុន​ដោយ​ព្រះ‌អង្គ​ផ្ទាល់។
១០ព្រះអង្គ​ចាត់​ចែង​គម្រោងការ​នេះ​ឲ្យ​បាន​សម្រេច
នៅ​គ្រា​ចុង​ក្រោយបំផុត គឺ​ប្រមូល​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​បរម‌សុខ
និង​នៅ​លើ​ផែន‌ដី ឲ្យ​រួម​គ្នា​នៅ​ក្នុង​អង្គ​ព្រះ‌គ្រីស្ត ជា​ម្ចាស់​តែ​មួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះជាម្ចាស់​បាន​ប្រណី‌សន្ដោស ឲ្យ​ខ្ញុំ​នាំ​ដំណឹងល្អ​ទៅ​ប្រាប់​សាសន៍​ដទៃ អំពី​ព្រះជន្មដ៏​បរិបូណ៌​បំផុត​របស់​ព្រះ‌គ្រីស្ត អាលេលូយ៉ា!

យើង​សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់​ជា​ព្រះបិតា​របស់​ព្រះយេស៊ូគ្រីស្ត ជា‌អម្ចាស់​នៃ​យើង​ជា‌និច្ច គ្រប់​ពេល​ដែល​យើង​អធិដ្ឋានឲ្យ​បងប្អូន ដ្បិត​យើង​បាន​ឮ​គេ​និយាយ​អំពី​ជំនឿ​របស់​បង‌ប្អូន​លើ​ព្រះ‌គ្រីស្ត‌យេស៊ូ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បង‌ប្អូន ចំពោះ​ប្រជាជន​ដ៏‌វិសុទ្ធទាំង​អស់ ព្រោះ​តែ​សេចក្ដី​សង្ឃឹម​ដែល​ព្រះអង្គ​បម្រុង​ទុក​សម្រាប់​បងប្អូន​នៅ​ស្ថាន​បរមសុខ។ បង‌ប្អូន​បាន​ស្គាល់​សេចក្ដីសង្ឃឹម​នេះ ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​សេចក្ដីពិត គឺ​ដំណឹងល្អ ដែល​បាន​មក​ដល់​បង‌ប្អូន។ ចាប់​តាំង​ពី​ថ្ងៃ​ដែល​បងប្អូន​បាន​ទទួល និង​បាន​ស្គាល់​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះជាម្ចាស់ ស្រប​តាម​សេចក្ដី​ពិត​នោះ​មក ដំណឹងល្អ​នេះ​បាន​បង្កើត​ផល និង​ចម្រើន​ឡើង​ក្នុង​ចំណោម​បង‌ប្អូន ដូច​នៅ​ក្នុង​ពិភពលោក​ទាំង​មូល​ដែរ។

បន្ទរ៖ ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាអំពីសិរីរុងរឿងរបស់ព្រះអង្គ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
—ហើយប្រកាសនៅក្នុងចំណោមប្រជាជនទាំងឡាយ អំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ!។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ ព្រះ‌បន្ទូល​របស់​ព្រះ​អម្ចាស់នៅ​ស្ថិតស្ថេរ​អស់​កល្បជានិច្ច នេះគឺជាសារដែលត្រូវប្រកាស អាលេលូយ៉ា!

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ ព្រះ‌បន្ទូល​របស់​ព្រះ​អម្ចាស់នៅ​ស្ថិតស្ថេរ​អស់​កល្បជានិច្ច នេះគឺជាសារដែលត្រូវប្រកាស អាលេលូយ៉ា!

ព្រះជាម្ចាស់នៃយើង គឺជាព្រះបិតានៃពន្លឺ។ ដោយសារដំណឹងល្អនៃព្រះបុត្រា ព្រះអង្គបានត្រាស់ហៅយើងខ្ញុំឱ្យជឿលើសេចក្តីពិត។ ចូរយើងទូលអង្វរព្រះអង្គនៅពេលនេះ សម្រាប់ប្រជាជនដ៏វិសុទ្ធថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គនឹកដល់ព្រះសហគមន៍របស់ព្រះអង្គ !

បពិត្រព្រះបិតា ! ព្រះអង្គបានលើកព្រះបុត្រាដែលជាគង្វាលដ៏ល្អរបស់យើងខ្ញុំ ពីចំណោមមនុស្សស្លាប់
—សូមប្រោសឱ្យយើងខ្ញុំធ្វើជាសាក្សីរបស់ព្រះអង្គ រហូតដល់ទីបញ្ចប់នៃផែនដីផង។ (បន្ទរ)

ព្រះអង្គបានចាត់ព្រះបុត្រារបស់ព្រះអង្គ ឱ្យយាងមកក្នុងលោកនេះ ដើម្បីនាំដំណឹងល្អដល់ជនក្រីក្រ
—សូមប្រទានឱ្យយើងខ្ញុំមានចិត្តក្លាហាន ក្នុងការនាំដំណឹងល្អដល់ប្រជាជនទាំងឡាយផង។ (បន្ទរ)

ព្រះអង្គបានចាត់ព្រះបុត្រារបស់ព្រះអង្គ ឱ្យសាបព្រោះព្រះបន្ទូលនៃជីវិត
—សូមជួយយើងខ្ញុំឱ្យសាបព្រោះព្រះបន្ទូលព្រះអង្គ និងច្រូតកាត់ដោយអំណរសប្បាយផង។ (បន្ទរ)

ព្រះអង្គបានចាត់ព្រះបុត្រាឱ្យបង្កើតពិភពលោកមួយ តាមរយៈព្រះលោហិតរបស់ព្រះអង្គ
—សូមឱ្យយើងខ្ញុំទាំងអស់គ្នា ចេះធ្វើការរួមគ្នា ដើម្បីការឯកភាពគ្នានេះផង។ (បន្ទរ)

ព្រះអង្គបានកំណត់ទុកឱ្យព្រះបុត្រាអង្គុយនៅខាងស្តាំព្រះអង្គ នៅស្ថានបរមសុខ
—សូមព្រះអង្គបើកទ្វារនៃព្រះរាជ្យ ឱ្យអ្នកដែលបានស្លាប់ទៅហើយផង។ (បន្ទរ)

បពិត្រព្រះអម្ចាស់ជាព្រះបិតា ! ព្រះអង្គសព្វព្រះហឫទ័យឲ្យសន្តម៉ាកុសនិពន្ធគម្ពីរមួយក័ណ្ឌ និងប្រកាសដំណឹងល្អ។ សូមព្រះអង្គមេត្តាប្រោសយើងខ្ញុំឲ្យយកចិត្តទុកដាក់ដើរតាមព្រះគ្រីស្ត ដែលជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់យើងខ្ញុំ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

13 Views

Theme: Overlay by Kaira