សប្តាហ៍បុណ្យចម្លង
សន្តម៉ាកុស អ្នកនិពន្ធព្រះគម្ពីរដំណឹងល្អ
(បុណ្យគោរព)
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ព្រះគ្រីស្ដដែលរស់ឡើងវិញនោះ ព្រះអង្គលែងសោយទិវង្គតហើយ អាលេលូយ៉ា !
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ព្រះយេស៊ូត្រូវគេបញ្ជូនទៅសម្លាប់ ព្រោះតែកំហុសរបស់យើង ហើយព្រះជាម្ចាស់ប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ដើម្បីឲ្យយើងសុចរិត អាលេលូយ៉ា !
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ប្រសិនបើបងប្អូនបានរស់ឡើងវិញរួមជាមួយព្រះគ្រីស្តមែន ចូរស្វែងរកអ្វីៗនៅស្ថានលើ អាលេលូយ៉ា !
ទំនុកតម្កើងលេខ ១១៩,២៥-៣២
ខ្ញុំជំពាក់ចិត្តនឹងដំបូន្មានព្រះអង្គ
| ២៥ | ទូលបង្គំធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំង សូមប្រោសឱ្យទូលបង្គំបានរស់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!។ |
| ២៦ | ទូលបង្គំរៀបរាប់អំពីដំណើរជីវិតរបស់ទូលបង្គំ ព្រះអង្គក៏ឆ្លើយតបមកទូលបង្គំ សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់ផង!។ |
| ២៧ | សូមជួយទូលបង្គំឱ្យយល់អំពីអត្ថន័យនៃច្បាប់របស់ព្រះអង្គ ទូលបង្គំទើបនឹងសញ្ជឹងគិតអំពីការអស្ចារ្យដែលព្រះអង្គបានសម្តែង!។ |
| ២៨ | ទូលបង្គំមានទុក្ខយំសោកសង្រេង សូមលើកទឹកចិត្តទូលបង្គំឡើងវិញ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង។ |
| ២៩ | សូមនាំទូលបង្គំឱ្យចេញឆ្ងាយពីមាគ៌ាភូតភរនៃព្រះក្លែងក្លាយ សូមប្រណីសន្តោសបង្រៀនធម្មវិន័យឱ្យទូលបង្គំស្គាល់ផង! |
| ៣០ | ទូលបង្គំប្តេជ្ញាចិត្តស្មោះត្រង់នឹងព្រះអង្គ ទូលបង្គំសុខចិត្តធ្វើតាមសេចក្តីដែលព្រះអង្គសម្រេចមក។ |
| ៣១ | ទូលបង្គំជំពាក់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ ឱព្រះអម្ចាស់អើយ! សូមកុំឱ្យទូលបង្គំខកចិត្តឡើយ! |
| ៣២ | ទូលបង្គំយកចិត្តទុកដាក់នឹងដើរតាមមាគ៌ារបស់ព្រះអង្គ ដ្បិតព្រះអង្គប្រោសចិត្តគំនិតទូលបង្គំឱ្យបានភ្លឺស្វាង។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៧៦
ពាក្យអរព្រះគុណសម្រាប់ជ័យជម្នះ
គេនឹងឃើញបុត្រមនុស្សយាងមកលើពពក ក្នុងផ្ទៃមេឃ (ម៉ាថាយ ២៤,៣០)។
(ក)
(បទពាក្យ ៧)
| ២- | ព្រះម្ចាស់សម្តែងឱ្យគេស្គាល់ | រូបព្រះអង្គផ្ទាល់នៅយូដា | |
| ឯអ៊ីស្រាអែលល្បីអស្ចារ្យ | ព្រះនាមនេះណាឮឆ្ងាយក្រៃ | ។ | |
| ៣- | ព្រះពន្លាជ័យល្អប៉ប្រឹម | យេរូសាឡឹមក្រុងល្បាញល្បី | |
| ដំណាក់ព្រះអង្គដ៏ប្រិមប្រិយ៍ | ស្ថិតនៅលើដីក្រុងស៊ីយ៉ូន | ។ | |
| ៤- | គឺទីនោះហើយទ្រង់សម្រេច | ព្រះអង្គកម្ទេចឱ្យហ្មត់សូន្យ | |
| គ្រឿងសស្ត្រាវុធច្រើនរាប់ផ្លូន | ធ្នូដាវមាំមួនកប់ក្នុងដី | ។ | |
| ៥- | បពិត្រព្រះម្ចាស់ដ៏ឧត្តម | ព្រះអង្គជិតជុំដោយសិរី | |
| រុងរឿងចិញ្ចែងចិញ្ចាចក្រៃ | ពេលត្រឡប់វៃមកពីភ្នំ | ។ | |
| ៦- | ទ្រង់ដកអាវុធពីអ្នកច្បាំង | គេហេវហត់ខ្លាំងស្ទើររលំ | |
| ទាហានពូកែដេកសំងំ | មិនមកជួបជុំលែងប្រយុទ្ធ | ។ | |
| ៧- | ឱព្រះនៃលោកយ៉ាកុបអើយ | ទ្រង់គំរាមហើយគេតក់ស្លុត | |
| រទេះចំបាំងគាំងរហូត | សេះដើរមិនរួចលែងអង់អាច | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
(ខ)
| ៨ | បពិត្រព្រះអង្គ ! ព្រះគួរជាទីស្ញែងខ្លាចណាស់ ! ពេលព្រះអង្គព្រះពិរោធ តើនរណាអាចទ្រាំឈរនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គបាន? |
| ៩ | ព្រះអង្គមានព្រះបន្ទូលជំនំជំរះពីលើមេឃមក មនុស្សម្នាលើផែនដី នៅស្ងៀមស្ងាត់ដោយកោតខ្លាច |
| ១០ | នៅពេលព្រះអង្គក្រោកឡើងវិនិច្ឆ័យ ដើម្បីសង្គ្រោះមនុស្សទន់ទាបទាំងប៉ុន្មាន នៅលើផែនដី។ |
| ១១ | ព្រះអង្គធ្វើឱ្យកំហឹងរបស់មនុស្សលោក ប្រែទៅជាការលើកសរសើរតម្កើងព្រះអង្គវិញ អស់អ្នកដែលនៅសេសសល់ពីសង្គ្រាម នឹងនាំគ្នាមកថ្វាយបង្គំព្រះអង្គ។ |
| ១២ | អស់អ្នកដែលនៅជុំវិញព្រះអង្គអើយ ! ចូរបន់ស្រន់ចំពោះព្រះជាម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយលាបំណន់ផង ! ចូរយកតង្វាយមកថ្វាយព្រះដ៏គួរឱ្យស្ញែងខ្លាច ! |
| ១៣ | ព្រះអង្គបំបាក់អំនួតរបស់ស្តេចនានា ព្រះអង្គធ្វើឱ្យព្រះមហាក្សត្រទាំងឡាយនៅលើផែនដីតក់ស្លុត ស្ញែងខ្លាចព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ព្រះគ្រីស្ដដែលរស់ឡើងវិញនោះ ព្រះអង្គលែងសោយទិវង្គតហើយ អាលេលូយ៉ា !
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ព្រះយេស៊ូត្រូវគេបញ្ជូនទៅសម្លាប់ ព្រោះតែកំហុសរបស់យើង ហើយព្រះជាម្ចាស់ប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ដើម្បីឲ្យយើងសុចរិត អាលេលូយ៉ា !
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ប្រសិនបើបងប្អូនបានរស់ឡើងវិញរួមជាមួយព្រះគ្រីស្តមែន ចូរស្វែងរកអ្វីៗនៅស្ថានលើ អាលេលូយ៉ា !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) រ៉ូម ១,១៦-១៧
ដ្បិតខ្ញុំមិនខ្មាសនឹងប្រកាសដំណឹងល្អទេ ព្រោះដំណឹងល្អនេះជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ សម្រាប់សង្គ្រោះអស់អ្នកដែលជឿ គឺមុនដំបូងសាសន៍យូដា បន្ទាប់មក សាសន៍ក្រិក។ ដំណឹងល្អនេះសម្ដែងឲ្យដឹងថា ព្រះជាម្ចាស់ប្រោសប្រទានឲ្យមនុស្សសុចរិត ដោយសារជំនឿ និងឲ្យគេកាន់តាមជំនឿ ដូចមានចែងទុកមកថាៈ «មនុស្សសុចរិតមានជីវិតរស់ ដោយសារជំនឿ»។
—ហើយពាក្យសម្ដីរបស់គេបានឮខ្ចរខ្ចាយ រហូតដល់ស្រុកដាច់ស្រយាលនៃពិភពលោក អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ១ថស ២,២ខ-៤
ព្រះជាម្ចាស់បានប្រទានឲ្យយើងមានចិត្តអង់អាចប្រកាសដំណឹងល្អរបស់ព្រះអង្គដល់បងប្អូន ទោះបីត្រូវតយុទ្ធពុះពារខ្លាំងយ៉ាងណាក៏ដោយ។ សេចក្ដីដែលយើងទូន្មានមិនមែនមកពីការភាន់ច្រឡំ មកពីគោលបំណងមិនល្អ ឬកលល្បិចណាឡើយ។ មុននឹងប្រគល់មុខងារផ្សាយដំណឹងល្អមកយើង ព្រះជាម្ចាស់បានល្បងមើលចិត្តយើងយ៉ាងណា យើងក៏និយាយយ៉ាងនោះដែរ យើងមិននិយាយ ដើម្បីផ្គាប់ចិត្តមនុស្សទេ គឺដើម្បីឲ្យគាប់ព្រះហឫទ័យព្រះជាម្ចាស់ដែលល្បងមើលចិត្តយើងនោះវិញ។
—ពួកគេថែរក្សាសិក្ខាបទដែលព្រះអង្គបានប្រគល់ឱ្យពួកគេ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ២ធម ១,៨ខ-៩
អ្នកត្រូវតែរងទុក្ខវេទនារួមជាមួយខ្ញុំ សម្រាប់ដំណឹងល្អ ដោយពឹងផ្អែកលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ ព្រះអង្គហ្នឹងហើយ ដែលបានសង្គ្រោះយើង និងបានត្រាស់ហៅយើងឲ្យមកធ្វើជាប្រជារាស្ដ្រដ៏វិសុទ្ធរបស់ព្រះអង្គក។ ព្រះអង្គត្រាស់ហៅយើងដូច្នេះ មិនមែនមកពីអំពើដែលយើងបានប្រព្រឹត្តនោះទេ គឺស្របតាមគម្រោងការ និងស្របតាមព្រះហឫទ័យប្រណីសន្ដោស ដែលព្រះអង្គបានប្រទានមកយើង ក្នុងអង្គព្រះគ្រីស្តយេស៊ូ តាំងពីមុនកាលសម័យទាំងអស់មកម៉្លេះ។
—ដោយអ្នករាល់គ្នាមានឈ្មោះកត់ទុកនៅស្ថានបរមសុខវិញ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ជាព្រះបិតា ! ព្រះអង្គសព្វព្រះហឫទ័យឲ្យសន្តម៉ាកុសនិពន្ធគម្ពីរមួយក័ណ្ឌ និងប្រកាសដំណឹងល្អ។ សូមព្រះអង្គមេត្តាប្រោសយើងខ្ញុំឲ្យយកចិត្តទុកដាក់ដើរតាមព្រះគ្រីស្ត ដែលជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់យើងខ្ញុំ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!
