រដូវបុណ្យចម្លង
សន្តភីលីព និងសន្តយ៉ាកុប ជាគ្រីស្តទូត
(បុណ្យគោរព)
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៦,១០-១៩
បន្ទរទី១៖ ភីលីពអើយ ! អ្នកណាបានឃើញខ្ញុំ ក៏បានឃើញព្រះបិតាដែរ អាលេលូយ៉ា!
១០ | ខ្ញុំនៅតែមានជំនឿដដែល ទោះបីខ្ញុំពោលថា ខ្ញុំជាមនុស្សវេទនា។ |
១១ | ពេលខ្ញុំមានភ័យអាសន្ន ខ្ញុំពោលឡើងថា យើងមិនអាចទុកចិត្តលើមនុស្សណាម្នាក់បានឡើយ។ |
១២ | តើខ្ញុំអាចយកអ្វីមកតបស្នងនឹងព្រះគុណទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានសម្ដែងមកលើរូបខ្ញុំ? |
១៣ | ខ្ញុំនឹងលើកពែងឡើងថ្វាយព្រះអម្ចាស់ដែលបានរំដោះខ្ញុំ ខ្ញុំនឹងអង្វររកព្រះនាមរបស់ព្រះអម្ចាស់។ |
១៤ | ខ្ញុំនឹងយកតង្វាយមកថ្វាយព្រះអម្ចាស់តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ព្រះអង្គ។ |
១៥ | ព្រះអម្ចាស់ព្រួយព្រះហឫទ័យណាស់ នៅពេលប្រជាជនដ៏វិសុទ្ធណាម្នាក់ស្លាប់។ |
១៦ | ឱព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ដូចម្ដាយរបស់ទូលបង្គំដែរ ព្រះអង្គបានរំដោះទូលបង្គំឱ្យរួចពីស្លាប់។ |
១៧ | ទូលបង្គំសូមថ្វាយយញ្ញបូជា ដើម្បីអរព្រះគុណព្រះអង្គ ខ្ញុំនឹងអង្វររកព្រះនាមរបស់ព្រះអម្ចាស់។ |
១៨ | ខ្ញុំនឹងយកតង្វាយមកថ្វាយព្រះអម្ចាស់តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ព្រះអង្គ |
១៩ | គឺនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ដែលស្ថិតនៅកណ្ដាលក្រុងយេរូសាឡឹម។ អាលេលូយ៉ា! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ភីលីពអើយ ! អ្នកណាបានឃើញខ្ញុំ ក៏បានឃើញព្រះបិតាដែរ អាលេលូយ៉ា!
ទំនុកតម្កើងលេខ ១២៦
បន្ទរទី២៖ បើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាក៏ស្គាល់ព្រះបិតារបស់ខ្ញុំដែរ។ ឥឡូវនេះ អ្នករាល់គ្នាស្គាល់ព្រះអង្គហើយ ព្រមទាំងបានឃើញព្រះអង្គថែមទៀតផង» អាលេលូយ៉ា!
(បទព្រហ្មគីតិ)
១- | ពេលព្រះដឹកនាំអ្នក | ដែលជំពាក់ខ្លួនជាឈ្លើយ | |
មកក្រុងស៊ីយ៉ូនហើយ | យើងធូរស្បើយដូចយល់សប្តិ | ។ | |
២- | យើងសើចហ៊ោរសប្បាយ | អរក្អាកក្អាយឥតមានឈប់ | |
ស្រែកជ័យឃោសន៍សាយសព្វ | លាន់សូរស័ព្ទគ្រប់ទិសា | ។ | |
ពេលនោះក្នុងចំណោម | ជាតិទាំងព្រមគេពោលថា | ||
ព្រះម្ចាស់មានចេស្តា | ធ្វើអស្ចារ្យចំពោះគេ | ។ | |
៣- | ព្រះអង្គបានធ្វើការ | ដ៏អស្ចារ្យអ្វីម៉េ្លះទេ | |
យើងលែងគិតគ្នាន់គ្នេរ | បានល្ហើយល្ហែអរសប្បាយ | ។ | |
៤- | ឱព្រះម្ចាស់ឧត្តម | សូមប្រោសខ្ញុំឱ្យរីកសាយ | |
ដូចរហោស្ថានឆ្ងាយ | សូមប្រែក្លាយមានទឹកហូរ | ។ | |
៥- | អ្នកណាសាបព្រោះស្រូវ | ដោយសោកសៅគួរអាសូរ | |
ទាំងទឹកភ្នែកជន់ជោរ | នឹងច្រូតយកទាំងសប្បាយ | ។ | |
៦- | គេយកពូជទៅព្រោះ | ទាំងស្រណោះយំសោកស្តាយ | |
ក្រោយមកគេប្រែក្លាយ | ហ៊ោសប្បាយដោយអំណរ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ បើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាក៏ស្គាល់ព្រះបិតារបស់ខ្ញុំដែរ។ ឥឡូវនេះ អ្នករាល់គ្នាស្គាល់ព្រះអង្គហើយ ព្រមទាំងបានឃើញព្រះអង្គថែមទៀតផង» អាលេលូយ៉ា!
បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)
បន្ទរទី៣ ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាពិតជាកាន់តាមវិន័យរបស់ខ្ញុំ» អាលេលូយ៉ា!
៣ | សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។ |
៤ | ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឱ្យយើងវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។ |
៥ | ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ |
៦ | ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្ដោស ដែលព្រះអង្គបានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ |
៧ | ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឱ្យយើងបានរួចពីបាប តាមព្រះហឫទ័យប្រណីសន្ដោសដ៏លើសលប់របស់ព្រះអង្គ។ |
៨ | ព្រះជាម្ចាស់ប្រណីសន្ដោសយើងយ៉ាងខ្លាំងបំផុត គឺព្រះអង្គប្រទានឱ្យយើងមានតម្រិះ និងប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។ |
៩ | ព្រះអង្គបានប្រោសឱ្យយើងស្គាល់គម្រោងការដ៏លាក់កំបាំង នៃព្រះហឫទ័យរបស់ព្រះអង្គ តាមបំណងដ៏សប្បុរស ដែលព្រះអង្គបានសម្រេចទុកជាមុនដោយព្រះអង្គផ្ទាល់។ |
១០ | ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្ត ជាម្ចាស់តែមួយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាពិតជាកាន់តាមវិន័យរបស់ខ្ញុំ» អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ៤,១១-១៣)
គឺព្រះអង្គហើយដែលបានប្រទានឱ្យអ្នកខ្លះមានមុខងារជាគ្រីស្តទូត ឱ្យអ្នកខ្លះថ្លែងព្រះបន្ទូល អ្នកខ្លះផ្សាយដំណឹងល្អ អ្នកខ្លះជាគង្វាល និងអ្នកខ្លះទៀតជាអ្នកបង្រៀន ដើម្បីរៀបចំប្រជាជនដ៏វិសុទ្ធឱ្យបំពេញមុខងារបម្រើ និងកសាងព្រះកាយរបស់ព្រះគ្រីស្តឡើង រហូតដល់យើងទាំងអស់រួមគ្នា មានជំនឿតែមួយ មានគំនិតតែមួយ ក្នុងការស្គាល់ព្រះបុត្រារបស់ព្រះជាម្ចាស់ និងទៅជាមនុស្សពេញវ័យ ឡើងដល់កម្ពស់របស់ព្រះគ្រីស្តដែលបំពេញអ្វីៗទាំងអស់។
បន្ទរ ៖ ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានា *អំពីសិរីរុងរឿងរបស់ព្រះអង្គ។ បន្ទរឡើងវិញ៖…
—ហើយប្រកាសនៅក្នុងចំណោមប្រជាជនទាំងឡាយ អំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ!។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ បើអ្នករាល់គ្នាស្ថិតនៅជាប់នឹងខ្ញុំ ហើយបើពាក្យខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នា ចូរទូលសុំអ្វីៗតាមតែអ្នករាល់គ្នាប្រាថ្នាចង់បានចុះ នោះអ្នករាល់គ្នាមុខតែបានទទួលជាមិនខាន អាលេលូយ៉ា!
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ បើអ្នករាល់គ្នាស្ថិតនៅជាប់នឹងខ្ញុំ ហើយបើពាក្យខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នា ចូរទូលសុំអ្វីៗតាមតែអ្នករាល់គ្នាប្រាថ្នាចង់បានចុះ នោះអ្នករាល់គ្នាមុខតែបានទទួលជាមិនខាន អាលេលូយ៉ា!
ពាក្យអង្វរសកល
បងប្អូនជាទីស្រឡាញ់ ! យើងបានសង់ឡើងនៅលើគ្រឹះនៃក្រុមគ្រីស្តទូត។ ចូរយើងទូលទៅព្រះបិតាដ៏មានឫទ្ធានុភាព សម្រាប់ប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គយកព្រះហឫទ័យទុកដាក់ចំពោះព្រះសហគមន៍របស់ព្រះអង្គ !
បពិត្រព្រះបិតា ! ព្រះអង្គសព្វព្រះហឫទ័យឱ្យក្រុមគ្រីស្តទូតបានឃើញព្រះបុត្រាព្រះអង្គមុនគេ ក្រោយពីទ្រង់មានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់
—យើងខ្ញុំសូមទូលអង្វរព្រះអង្គ សូមប្រោសឱ្យយើងខ្ញុំធ្វើជាសាក្សីអំពីព្រះអង្គ រហូតដល់ចុងបំផុតនៃពិភពលោក។ (បន្ទរ)
ព្រះអង្គបានចាត់ព្រះបុត្រាឱ្យយាងមកប្រកាសដំណឹងល្អដល់ជនក្រីក្រ
—សូមជួយយើងខ្ញុំឱ្យចេះប្រកាសដំណឹងល្អនេះ ដល់គ្រប់ស្នាព្រះហស្តរបស់ព្រះអង្គផង។ (បន្ទរ)
ព្រះអង្គបានចាត់ព្រះបុត្រាឱ្យយាងមក សាបព្រោះគ្រាប់ពូជនៃជីវិតអមតៈ
—សូមប្រោសឱ្យយើងខ្ញុំដែលធ្វើការសាបព្រោះគ្រាប់ពូជនេះ អាចចូលរួមចំណែកក្នុងអំណរសប្បាយនៃការប្រមូលផលនោះដែរ។ (បន្ទរ)
ព្រះអង្គបានចាត់ព្រះបុត្រាឱ្យយាងមកសម្រុះសម្រួលយើងខ្ញុំ ឱ្យជានានឹងព្រះអង្គវិញ ដោយសារព្រះលោហិតរបស់ព្រះបុត្រា
—សូមជួយយើងខ្ញុំទាំងអស់គ្នា ឱ្យសម្រេចបាននូវកិច្ចការដែលឆ្ពោះទៅរកការផ្សះផ្សានេះផង។ (បន្ទរ)
ព្រះបុត្រាគង់នៅខាងស្តាំព្រះបិតា នៅស្ថានបរមសុខ
—សូមឱ្យមរណបុគ្គលចូលក្នុងព្រះរាជ្យនៃអំណរសប្បាយនោះដែរ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានធម៌មេត្តាករុណា ! នៅថ្ងៃបុណ្យគោរពសន្តភីលីព និងសន្តយ៉ាកុប ជាគ្រីស្តទូត សូមព្រះអង្គប្រោសយើងខ្ញុំឱ្យមានជំនឿកាន់តែមាំមួន។ តាមរយៈពាក្យទូលអង្វររបស់សន្តទាំងពីរ សូមឱ្យយើងខ្ញុំសុខចិត្តរួមស្លាប់រួមរស់ជាមួយព្រះបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឃើញព្រះភក្រ្តព្រះអង្គនៅថ្ងៃណាមួយផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។