(បុណ្យរំឭកចាំបាច់)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរ៖ មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​ងឿងឆ្ងល់​នឹង​សេចក្ដី​ដែល​លោក​តា​ស៊ីម៉ូន​មាន​ប្រសាសន៍​អំពី​ព្រះ‌ឱរស​ណាស់។

បន្ទរ៖ នាង​ម៉ារី​ចង​ចាំ​ហេតុ‌ការណ៍​ទាំង​នេះ​ទុក​ក្នុង​ចិត្ត ព្រម​ទាំង​ត្រិះរិះ​ពិចារណា​ថែម​ទៀត​ផង។

បន្ទរ៖ ដ្បិត​ភ្នែក​ទូល‌បង្គំបាន​ឃើញ​ការ​សង្គ្រោះ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឲ្យប្រជាជាតិ​ទាំង​អស់។

១៧សូមប្រណីសន្តោសទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គ
នោះទូលបង្គំនឹងមានជីវិត ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
១៨សូមបើកភ្នែកទូលបង្គំ នោះទូលបង្គំនឹងមើលឃើញភាពថ្លៃថ្នូរដ៏អស្ចារ្យនៃធម្មវិន័យរបស់ព្រះអង្គ។
១៩ទូលបង្គំស្នាក់នៅជាបណ្តោះអាសន្នលើផែនដីនេះ
សូមកុំលាក់វិន័យរបស់ព្រះអង្គនឹងទូលបង្គំឡើយ។
២០ចិត្តទូលបង្គំតែងតែផ្តោតទៅរកសេចក្តីដែលព្រះអង្គបានសម្រេចជានិច្ច។
២១ព្រះអង្គគំរាមកំហែងមនុស្សអួតបំប៉ោង ដែលជាជនត្រូវបណ្តាសា វង្វេងឆ្ងាយពីវិន័យរបស់ព្រះអង្គ។
២២សូមដកយកការអាម៉ាស់ចេញពីទូលបង្គំ កុំឱ្យមានគេត្មះតិះដៀល និងមើលងាយទូលបង្គំឡើយ
ព្រោះទូលបង្គំកាន់តាមដំបូន្មានរបស់ព្រះអង្គហើយ។
២៣ទោះបីជាមេដឹកនាំឃុបឃិតគ្នាប្រឆាំងនឹងទូលបង្គំយ៉ាងណាក៏ដោយ
ក៏ទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គនេះ
នៅតែសញ្ជឹងគិតពីក្រិត្យវិន័យរបស់ព្រះអង្គជានិច្ច។
២៤ទូលបង្គំពេញចិត្តនឹងដំបូន្មានរបស់ព្រះអង្គណាស់
ដំបូន្មានព្រះអង្គជួយជាគំនិតដល់ទូលបង្គំ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

សេចក្តីសង្ឃឹមមិនធ្វើឱ្យយើងខកចិត្តឡើយ (រ៉ូម ៥,៥)។

(ក)

(បទពាក្យ ៧)

១-ឱព្រះអម្ចាស់ខ្ញុំផ្ចង់ចិត្តផ្ចង់ទាំងគំនិតឥតរវាត
ទៅលើព្រះអង្គមិនឃ្លាងឃ្លាតនឹកហើយគិតទៀតមិនបែកចិត្ត
២-បពិត្រព្រះម្ចាស់ទូលបង្គំពេលនេះរូបខ្ញុំផ្ញើជីវិត
កុំឱ្យទូលបង្គំត្រូវខកចិត្តព្រោះខ្មាំងជុំជិតមានជោគជ័យ
៣-អស់អ្នកសង្ឃឹមលើព្រះអង្គនឹងមិនត្រូវបង់ខកចិត្តអ្វី
គឺមានតែអ្នកក្បត់ម្ចាស់ថ្លៃទើបខកចិត្តក្រៃអ្វីក៏គ្មាន
៤-ឱព្រះអម្ចាស់ទូលបង្គំសូមជួយណែនាំនិងបង្រៀន
ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កានវិសុទ្ធហួសស្មាននៃព្រះអង្គ
៥-សូមជួយអប់រំខ្ញុំឱ្យរស់តាមក្តីពិតស្មោះព្រះអង្គផង
ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មងសង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃ
៦-ឱព្រះអម្ចាស់សូមកុំភ្លេចចាំជាប់ជានិច្ចពេញព្រះទ័យ
ដែលធ្លាប់អាណិតពន់ពេកក្រៃករុណាប្រណីខ្ញុំជានិច្ច
៧-សូមបំភ្លេចបាបនិងកំហុសដែលខ្ញុំមានទោះច្រើនឬតិច
នៅពីក្មេងខ្ចីសូមបំភ្លេចទ្រង់គ្មានកលកិច្ចសូមមេត្តា
៨-ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសពេកក្រៃករុណា
សូមជួយបង្ហាញពីមាគ៌ាមនុស្សបាបរាល់គ្នាបានស្គាល់ផង
៩-ព្រះអង្គនាំមនុស្សដែលមានចិត្តសុភាពសុចរិតតាមគន្លង
មាគ៌ាត្រឹមត្រូវល្អផូរផង់មិនឱ្យមានហ្មងស្គាល់ផ្លូវល្អ
១០-មាគ៌ារបស់ព្រះអម្ចាស់សម្តែងយ៉ាងច្បាស់ករុណាធម៌
ដល់អ្នកគោរពទោះក្រីក្រខ្ពង់ខ្ពស់បវរតាមសម្ពន្ធ
១១-ឱព្រះអម្ចាស់ប្រណីប្រោសកុំប្រកាន់ទោសខ្ញុំធ្ងរធ្ងន់
អំពើទុច្ចរិតមានពីមុនសូមក្រាបកាយលន់តួព្រះម្ចាស់
១២-អស់អ្នកគោរពហើយកោតខ្លាចឫទ្ធីអំណាចបានស្គាល់ច្បាស់
ទ្រង់បង្ហាញផ្លូវឥតក្រឡះដែលគេត្រូវជ្រើសតាមចិន្តា
១៣-នោះគាត់បានសុខមានមង្គលឥតមានខ្វាយខ្វល់គ្រប់វេលា
ពូជពង្សកូនចៅទាំងអស់គ្នាគ្រងស្រុកទុកជាកេរមរត៌ក
១៤-ព្រះតែងសម្តែងភក្តីភាពអ្នកតូចអ្នកទាបយ៉ាងស្ម័គ្រស្មោះ
អ្នកដែលកោតខ្លាចទ្រង់សប្បុរសឱ្យគេទាំងអស់ស្គាល់មេត្រី
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

(ខ)

១៥ទូលបង្គំសម្លឹងឆ្ពោះទៅរកព្រះអង្គជានិច្ច ព្រោះព្រះអង្គរំដោះទូលបង្គំឱ្យរួចពីអន្ទាក់។
១៦សូមព្រះអង្គបែរព្រះភក្ត្រមកទូលបង្គំ ហើយប្រណីសន្តោសទូលបង្គំផង!
ដ្បិតទូលបង្គំនៅឯកោ និងវេទនាជាខ្លាំង។
១៧ទូលបង្គំលំបាកចិត្តពន់ពេកណាស់ សូមដកការតប់ប្រមល់នេះចេញពីចិត្តទូលបង្គំផង។
១៨សូមទតមកទុក្ខវេទនា និងទុក្ខព្រួយរបស់ទូលបង្គំ
សូមអត់ទោសឱ្យទូលបង្គំបានរួចពីអំពើបាបទាំងប៉ុន្មានផង។
១៩សូមទតមើលចុះ ខ្មាំងសត្រូវរបស់ទូលបង្គំមានគ្នាច្រើន គេស្អប់ទូលបង្គំខ្លាំងណាស់។
២០សូមការពារជីវិត និងរំដោះទូលបង្គំផង!
ទូលបង្គំមកពឹងផ្អែកលើព្រះអង្គហើយ សូមកុំឱ្យទូលបង្គំខកចិត្តឡើយ!
២១ទូលបង្គំសង្ឃឹមទុកចិត្តលើព្រះអង្គជានិច្ច សូមរក្សាជីវិតទូលបង្គំ
ព្រោះទូលបង្គំមានចិត្តសប្បុរស និងទៀងត្រង់!។
២២ឱព្រះអម្ចាស់អើយ!
សូមរំដោះអ៊ីស្រាអែលឱ្យរួចពីទុក្ខវេទនាទាំងប៉ុន្មានផង!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​ងឿងឆ្ងល់​នឹង​សេចក្ដី​ដែល​លោក​តា​ស៊ីម៉ូន​មាន​ប្រសាសន៍​អំពី​ព្រះ‌ឱរស​ណាស់។

បន្ទរ៖ នាង​ម៉ារី​ចង​ចាំ​ហេតុ‌ការណ៍​ទាំង​នេះ​ទុក​ក្នុង​ចិត្ត ព្រម​ទាំង​ត្រិះរិះ​ពិចារណា​ថែម​ទៀត​ផង។

បន្ទរ៖ ដ្បិត​ភ្នែក​ទូល‌បង្គំបាន​ឃើញ​ការ​សង្គ្រោះ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឲ្យប្រជាជាតិ​ទាំង​អស់។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) អគ ២០,៤១

កាល​យើង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ កាល​យើង​ប្រមូល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក ដែល​យើង​បំបែក​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​នៅ​នោះ​មក​វិញ យើង​ពេញ​ចិត្ត​នឹង​ទទួល​អ្នក​រាល់​គ្នា ព្រម​ទាំង​ទទួល​យញ្ញ‌បូជា​ដ៏​មាន​ក្លិន​ឈ្ងុយ‌ឈ្ងប់។ ពេល​នោះ យើង​នឹង​សម្ដែង​ឲ្យ​ប្រជា‌ជាតិ​នានា​ឃើញ​ថា យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ ដោយ​យើង​ប្រណី​សន្ដោស​អ្នក​រាល់​គ្នា។

បន្ទរ៖ ព្រះអម្ចាស់បាននឹកចាំពីព្រះបន្ទូលសន្យារបស់ព្រះអង្គ អាលេលូយ៉ា!។
—ព្រះ‌អង្គបានថែរក្សាជំនឿប្រជាជនអ៊ីស្រាអែល អាលេលូយ៉ា!។
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) អគ ៣៤,១១-១២

ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចាប់​ពី​ពេល​នេះ​ត​ទៅ យើង​នឹង​តាម​រក​ហ្វូង​ចៀម​របស់​យើង ហើយ​មើល​ថែ​ទាំ​វា​ដោយ​ផ្ទាល់។ យើង​នឹង​តាម​រក​ហ្វូង​ចៀម​របស់​យើង ដូច​គង្វាល​តាម​រក​ហ្វូង​ចៀម​របស់​ខ្លួន​ដែល​បែក‌ខ្ញែក​ដែរ។ យើង​នឹង​ប្រមូល​ចៀម​របស់​យើង​ពី​គ្រប់​កន្លែង​ដែល​វា​ខ្ចាត់‌ខ្ចាយ​ទៅ នៅ​ថ្ងៃ​មេឃ​ងងឹត និង​ចុះ​អាប់។

បន្ទរ៖ នៅចុងបំផុតនៃផែនដីទាំងមូល អាលេលូយ៉ា!។
—បានឃើញពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់ អាលេលូយ៉ា!។
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) មីក ២,១២

«កូន​ចៅ​យ៉ាកុប​អើយ យើង​នឹង​ប្រមូល​ផ្តុំ​អ្នក​ទាំង​អស់​គ្នា។ ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់​អើយ យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មក​នៅ​ជុំគ្នា​វិញ ដូច​ចៀម​ស្ថិត​នៅ​ក្នុង​ក្រោល​តែ​មួយ និង​ដូច​ហ្វូង​សត្វ​នៅ​ក្នុង​វាល​ស្មៅ​តែ​មួយ។ ពេល​នោះ នឹង​មាន​សំឡេង​អ៊ូអរ​ឡើង​វិញនៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា»។

បន្ទរ៖ ធម៌មេត្តាករុណា និងសេចក្តីពិត បានមកជាមួយគ្នា អាលេលូយ៉ា!។
—យុត្តិធម៌ និងសេចក្តីសុខសាន្តជួបគ្នានៅលើផែនដី អាលេលូយ៉ា!។
ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់! ព្រះអង្គសព្វព្រះហឫទ័យបំភ្លឺព្រះសហគមន៍ ដោយសារការប្រៀនប្រដៅ និងការរស់នៅរបស់សន្តបាស៊ីល និងសន្តក្រេគ័រ។ សូមព្រះអង្គមេត្តាប្រោសយើងខ្ញុំឲ្យយកចិត្តទុកដាក់ស្វែងរកសេចក្តីពិត និងសេចក្តីស្រឡាញ់ ដើម្បីឲ្យយើងខ្ញុំប្រព្រឹត្តនូវអ្វីៗទាំងអស់ ដោយចិត្តសុភាពរាបសារ។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!

79 Views

Theme: Overlay by Kaira