រដូវសែសិបថ្ងៃ
ថ្ងៃសុក្រ អាទិត្យទី១
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
- ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះគ្រីស្ត ជាព្រះអម្ចាស់ ដ្បិតព្រះអង្គត្រូវល្បងល និងរងទុក្ខលំបាក ព្រោះតែយើងរាល់គ្នា។
ទំនុកតម្កើងតាមការជ្រើសរើស
ចូរយើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
១ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
ចូរស្រែកច្រៀងដោយអំណរថ្វាយព្រះជាម្ចាស់ដែលជាថ្មដាសង្គ្រោះយើង។
២ ចូរយើងនាំគ្នាចូលមកចំពោះព្រះភក្ត្រព្រះអង្គទាំងអរព្រះគុណ
និងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ
៣ ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម
ព្រះអង្គជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់លើសព្រះនានា។
៤ ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ គឺចាប់តាំងពីបាតដីរហូតដល់ចុងកំពូលភ្នំ
៥ សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ
ព្រោះព្រះអង្គបានបង្កើតសមុទ្រមក រីឯផែនដីក៏ព្រះអង្គបានបង្កើតមកដែរ។
៦ ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអង្គ
ចូរយើងក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដែលបានបង្កើតយើងមក
៧ ដ្បិតព្រះអង្គជាព្រះនៃយើង
យើងជាប្រជារាស្ដ្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ។
ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ
៨ មិនត្រូវមានចិត្តរឹងរូស ដូចកាលបះបោរនៅមេរីបា
ដូចថ្ងៃល្បងលនៅម៉ាសា ក្នុងវាលរហោស្ថាននោះឡើយ
៩ គឺបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង
គេសាកមើលយើង ទោះបីគេបានឃើញកិច្ចការដែលយើងធ្វើក៏ដោយ។
១០ ក្នុងអំឡុងពេលសែសិបឆ្នាំ
មនុស្សនៅជំនាន់នោះបានធ្វើឱ្យយើងឆ្អែតចិត្តជាខ្លាំង ហើយយើងបានពោលថា:
ពួកនេះជាប្រជាជនដែលមានចិត្តវង្វេង គេពុំស្គាល់មាគ៌ារបស់យើងឡើយ។
១១ ហេតុនេះ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា
មិនឱ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
១ មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់!
២ ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
ចូរនាំគ្នាចូលមកជិតព្រះអង្គដោយច្រៀងយ៉ាងសប្បាយ!
៣ ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះអង្គបានបង្កើតយើងមក
យើងជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយជាប្រជាជនដែលព្រះអង្គថែរក្សា។
៤ ចូរនាំគ្នាចូលតាមទ្វារព្រះដំណាក់របស់ព្រះអង្គ ដោយអរព្រះគុណ
ចូរនាំគ្នាចូលមកក្នុងព្រះវិហារ ដោយពាក្យសរសើរតម្កើង!
ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ!
៥ ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរជានិច្ច
ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះជាម្ចាស់
២ ឱព្រះជាម្ចាស់អើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង!
៣ ដូច្នេះ មនុស្សនៅលើផែនដីនឹងស្គាល់មាគ៌ារបស់ព្រះអង្គ
ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ
គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ!
៤ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៥ មហាជននាំគ្នាសប្បាយរីករាយ នាំគ្នាស្រែកជយឃោស
ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ដ្រនានាដោយយុត្តិធម៌
ហើយព្រះអង្គដឹកនាំមហាជនទាំងឡាយនៅលើផែនដី។
៦ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៧ ផែនដីបានបង្កើតភោគផល
ព្រោះព្រះជាម្ចាស់ជាព្រះនៃយើង បានប្រទានពរឱ្យយើង។
៨ សូមព្រះជាម្ចាស់ប្រទានពរឱ្យយើង សូមឱ្យប្រជាជនទាំងប៉ុន្មាន
ដែលរស់នៅទីដាច់ស្រយាលនៃផែនដី គោរពកោតខ្លាចព្រះអង្គ!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ព្រះមហាក្សត្រដ៏ឧត្ដម
១ ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់
ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុងពិភពលោក
ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ!
២ គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដីពីលើសមុទ្រ
ហើយធ្វើឱ្យវាស្ថិតនៅយ៉ាងរឹងប៉ឹងពីលើទន្លេនានា។
៣ តើនរណាអាចឡើងទៅលើភ្នំរបស់ព្រះអម្ចាស់បាន?
តើនរណាអាចឈរនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គបាន?
៤ មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ
និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន
គឺអ្នកដែលមិនបណ្តោយខ្លួនទៅថ្វាយបង្គំព្រះក្លែងក្លាយ
និងនិយាយស្បថស្បែបំពាន។
៥ ព្រះអម្ចាស់នឹងប្រទានពរដល់គេ
ហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះ នឹងប្រោសគេឱ្យសុចរិតដែរ។
៦ គឺអ្នកទាំងនេះហើយដែលស្វែងរកព្រះអង្គ
ជាអ្នកស្វែងរកព្រះរបស់លោកយ៉ាកុប។
៧ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
៨ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់ប្រកបដោយព្រះចេស្ដាដ៏ខ្លាំងពូកែ
ព្រះអម្ចាស់ជាអ្នកចម្បាំងដ៏ជំនាញ។
៩ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
១០ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់នៃពិភពទាំងមូល គឺព្រះអង្គហើយ
ដែលជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង!។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៥១
ឱព្រះជាម្ចាស់អើយ! សូមប្រណីសន្ដោសទូលបង្គំផង
ត្រូវពាក់ជីវិតថ្មីដ៏សុចរិត និងវិសុទ្ធមកពីសេចក្តីពិត ជាជីវិតដែលព្រះជាម្ចាស់បានបង្កើត ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ (អភ ៤,២៤)។
បន្ទរទី១ ៖ ព្រះអម្ចាស់មុខជាគាប់ព្រះហឫទ័យនឹងតង្វាយស្របតាមវិន័យ ដែលគេយកមកថ្វាយនៅលើអាសនៈរបស់ព្រះអង្គ។
៣ | ឱព្រះជាម្ចាស់នៃទូលបង្គំអើយ! សូមអាណិតមេត្តាទូលបង្គំ តាមព្រះហឫទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គផង សូមលើកលែងទោសឱ្យទូលបង្គំ តាមព្រះហឫទ័យអាណិតមេត្តាដ៏ទូលំទូលាយរបស់ព្រះអង្គផង!។ |
៤ | សូមលប់លាងកំហុសទូលបង្គំឱ្យបានស្អាតទាំងស្រុង សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធរួចពីបាប! |
៥ | ទូលបង្គំទទួលសារភាពកំហុសរបស់ទូលបង្គំហើយ អំពើបាបទូលបង្គំដិតជាប់នៅក្នុងអារម្មណ៍ទូលបង្គំជានិច្ច។ |
៦ | ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ គឺទាស់នឹងព្រះអង្គតែមួយគត់ ទូលបង្គំបានប្រព្រឹត្តនឹងអំពើដែលព្រះអង្គចាត់ទុកថាជាអំពើអាក្រក់។ ទោះបីព្រះអង្គដាក់ទោសទូលបង្គំយ៉ាងណាក្តី ក៏ព្រះអង្គនៅតែឥតកំហុសដែរ។ |
៧ | ទូលបង្គំមានកំហុសតាំងពីកំណើតមក ទូលបង្គំជាប់បាបតាំងពីនៅក្នុងផ្ទៃម្តាយមកម៉្លេះ! |
៨ | ក៏ប៉ុន្តែ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្តីពិត នៅក្នុងជម្រៅចិត្តមនុស្ស។ សូមប្រោសឱ្យស្គាល់ជម្រៅនៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គ |
៩ | សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធ នោះទូលបង្គំនឹងបានបរិសុទ្ធមែន សូមលាងសំអាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងសំឡីទៅទៀត។ |
១០ | សូមប្រាប់ឱ្យទូលបង្គំដឹងថា ព្រះអង្គអត់ទោសទូលបង្គំហើយ នោះទូលបង្គំនឹងមានអំណរសប្បាយ ចិត្តសោកសង្រេងរបស់ទូលបង្គំ នឹងប្រែជារីករាយឡើងវិញ។ |
១១ | ឱព្រះអង្គអើយ! សូមកុំទតមើលអំពើបាបរបស់ទូលបង្គំឡើយ។ សូមលប់បំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំផង។ |
១២ | ឱព្រះជាម្ចាស់អើយ! សូមប្រោសប្រទានឱ្យទូលបង្គំមានចិត្តបរិសុទ្ធ សូមបង្កើតចិត្តគំនិតថ្មីដ៏រឹងប៉ឹងដល់ទូលបង្គំផង។ |
១៣ | សូមកុំបោះបង់ទូលបង្គំឱ្យឃ្លាតឆ្ងាយពីព្រះអង្គ សូមកុំដកព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គចេញពីទូលបង្គំឡើយ។ |
១៤ | សូមប្រោសប្រទានឱ្យទូលបង្គំមានអំណរ ព្រោះតែព្រះអង្គសង្គ្រោះទូលបង្គំ សូមគាំទ្រទូលបង្គំ ដោយប្រទានព្រះវិញ្ញាណឱ្យទូលបង្គំ សុខចិត្តធ្វើតាមព្រះហឫទ័យព្រះអង្គជានិច្ច។ |
១៥ | ទូលបង្គំនឹងប្រៀនប្រដៅមនុស្សពាល ឱ្យស្គាល់មាគ៌ារបស់ព្រះអង្គ នោះពួកគេនឹងបែរចិត្តវិលមករកព្រះអង្គវិញ។ |
១៦ | ឱព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃទូលបង្គំ សូមរំដោះទូលបង្គំឱ្យរួចពីស្លាប់ ទូលបង្គំនឹងប្រកាសអំពីសេចក្តីសុចរិតរបស់ព្រះអង្គ។ |
១៧ | ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យបន្លឺសំឡេងផង នោះទូលបង្គំនឹងប្រកាសពាក្យសរសើរតម្កើងព្រះអង្គ។ |
១៨ | ព្រះអង្គមិនសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយយញ្ញបូជាទេ ទោះបីតង្វាយដុតទាំងមូល ក៏ព្រះអង្គមិនគាប់ព្រះហឫទ័យដែរ។ |
១៩ | យញ្ញបូជាដែលព្រះអង្គសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយ គឺចិត្តសោកសង្រេង ព្រះអង្គតែងតែទទួលចិត្តសោកសង្រេង និងចិត្តលែងមានអំនួត។ |
២០ | ឱព្រះអម្ចាស់អើយ! សូមប្រោសប្រណីក្រុងស៊ីយ៉ូន សូមមេត្តាកសាងកំពែងក្រុងយេរូសាឡឹមឡើងវិញផង។ |
២១ | ពេលនោះ ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងតង្វាយស្របតាមវិន័យ គឺតង្វាយដុតទាំងមូល និងយញ្ញបូជា គេនឹងយកគោឈ្មោលមកថ្វាយនៅលើអាសនៈរបស់ព្រះអង្គដែរ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់មុខជាគាប់ព្រះហឫទ័យនឹងតង្វាយស្របតាមវិន័យ ដែលគេយកមកថ្វាយនៅលើអាសនៈរបស់ព្រះអង្គ។
បទលើកតម្កើងតាមព្យាការីអេសាយ (អស ៤៥,១៥-២៥)
មនុស្សគ្រប់ជាតិសាសន៍នឹងក្លាយជាសាវ័ករបស់ព្រះអម្ចាស់
ដើម្បីឲ្យអ្វីៗទាំងអស់ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ (ភីល ២,១០)។
បន្ទរទី២ ៖ ពូជពង្សអ៊ីស្រាអែលទាំងមូលនឹងសុចរិត ហើយខ្ពស់មុខដោយសារព្រះអម្ចាស់។
(បទពាក្យ ៧)
១៥- | ឱព្រះជាម្ចាស់នៃយើងខ្ញុំ | ជាព្រះឧត្តមព្រះសង្គ្រោះ | |
មនុស្សពិបាករកឃើញណាស់ | កិត្តិនាមព្រះម្ចាស់ភ្លឺចិញ្ចែង | ។ | |
១៦- | ឱ្យអស់អ្នកដែលធ្វើរូបព្រះ | ឱនក្រាបសំពះគ្មានរអែង | |
ត្រូវអាម៉ាស់មុខខ្លាំងក្រៃលែង | ចេញទៅទីផ្សេងទាំងអៀនខ្មាស | ។ | |
១៧- | ចំណែកជនជាតិអ៊ីស្រាអែល | គេបានដំណែលពីព្រះម្ចាស់ | |
គឺការសង្គ្រោះយ៉ាងជាក់ច្បាស់ | គេមិនអាម៉ាស់សោះឡើយណា | ។ | |
១៨- | ព្រះម្ចាស់បង្កើតទាំងផ្ទៃមេឃ | ដីធំអនេកលើលោកា | |
សត្វលោកស្នាក់នៅជួបជុំគ្នា | សុខដុមរមនាគ្រប់ៗប្រាណ | ។ | |
ហើយទ្រង់មានព្រះបន្ទូលថា | គឺយើងនេះណាព្រះថ្កើងថ្កាន | ||
ព្រះក្រៅពីយើងនោះគឺគ្មាន | ទាំងប្រាជ្ញាញាណទាំងបារមី | ។ | |
១៩- | យើងមិននិយាយលាក់ស្ងៀមស្ងាត់ | ក្នុងទីងងឹតនៃផែនដី | |
យើងមិនប្រាប់ពូជយ៉ាកុបអី | ឱ្យឆាប់វិលវៃរកយើងទេ | ។ | |
យើងជាព្រះម្ចាស់និយាយទៅ | ពាក្យត្រឹមពាក្យត្រូវឥតវៀចវេរ | ||
អ្វីដែលយើងប្រកាសប្រាប់គេ | សុទ្ធតែគួរគាប់ពិតត្រឹមត្រង់ | ។ | |
២០- | ជនជាតិសេសសល់គ្រប់គ្នាអើយ | កុំនៅកន្តើយធ្វើរេរង់ | |
ត្រូវខំឃ្មាតខ្មីកុំបង្អង់ | ខិតចូលមកផងឱ្យជិតគ្នា | ។ | |
ឱអ្នកដែលសែងព្រះខ្លួនធ្វើ | ពីស្ពាន់ពីឈើគ្រប់អង្គា | ||
បួងសួងព្រះដែលមិនបានការ | ពួកនោះសុទ្ធជាមនុស្សល្ងង់ខ្លៅ | ។ | |
២១- | ចូរអ្នករាល់គ្នាគិតមើលចុះ | ឱ្យបានធ្លាយធ្លុះការនេះទៅ | |
តើនរណាបានប្រាប់ទុកនៅ | ហេតុការណ៍ដែលត្រូវកើតពេលនេះ | ។ | |
គឺមានតែយើងព្រះអម្ចាស់ | ដែលបានប្រកាសមុនប៉ុណ្ណោះ | ||
យើងព្រះសុចរិតព្រះសង្គ្រោះ | ក្រៅពីយើងនោះគ្មានព្រះផ្សេង | ។ | |
២២- | ឱអ្នកដែលរស់នៅទីឆ្ងាយ | ចូរវិលមកអាយកុំកន្តើយ | |
ខិតមកជិតយើងនឹងបានស្បើយ | គឺយើងនេះហើយព្រះនៃអ្នក | ។ | |
២៣- | អ្វីៗដែលយើងនិយាយមក | មិនមែនឆរបោកសុទ្ធសច្ចៈ | |
មិនអាចក្រឡះភូតកុហក | យើងសូមប្រាប់អ្នកដូច្នេះថា | ។ | |
មនុស្សលោកទាំងអស់នឹងមកសុំ | ក្រាបថ្វាយបង្គំយើងគ្រប់គ្នា | ||
មនុស្សគ្រប់សញ្ជាតិនឹងសច្ចា | គោរពសន្យាបម្រើយើង | ។ | |
២៤- | គេនឹងពោលថាមានតែព្រះ | ដែលជាអម្ចាស់មួយព្រះអង្គ | |
ដែលមានព្រះទ័យស្ម័គ្រស្មោះត្រង់ | អ្នកប្រឆាំងទ្រង់ត្រូវអាម៉ាស់ | ។ | |
២៥- | ពូជពង្សអ៊ីស្រាអែលទាំងអស់ | នឹងបានខ្ពង់ខ្ពស់ភ្លឺត្រចះ | |
ហើយបានសុចរិតឥតប្រែផ្លាស់ | ដោយសារព្រះម្ចាស់តរៀងទៅ | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ពូជពង្សអ៊ីស្រាអែលទាំងមូលនឹងសុចរិត ហើយខ្ពស់មុខដោយសារព្រះអម្ចាស់។
ទំនុកតម្កើងលេខ ១០០
អំណរសប្បាយនៃអស់អ្នកដែលចូលក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់!
ព្រះអម្ចាស់បានត្រាស់ហៅប្រជាជនដែលព្រះអង្គបានលោះ ឱ្យច្រៀងចម្រៀងនៃជ័យជម្នះ (សន្តអាថាណាស)។
បន្ទរទី៣ ៖ ចូរនាំគ្នាចូលមកជិតព្រះអង្គ ដោយច្រៀងយ៉ាងសប្បាយ !
១ | មនុស្សនៅលើផែនដីទាំងមូលអើយ! ចូរអបអរសាទរថ្វាយព្រះអម្ចាស់! |
២ | ចូរគោរពបម្រើព្រះអម្ចាស់ ដោយចិត្តរីករាយ ចូរនាំគ្នាចូលមកជិតព្រះអង្គ ដោយច្រៀងយ៉ាងសប្បាយ! |
៣ | ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះអង្គបានបង្កើតយើងមក យើងជាប្រជារាស្ត្ររបស់ព្រះអង្គ គឺជាប្រជារាស្ត្រដែលព្រះអង្គថែរក្សា។ |
៤ | ចូរនាំគ្នាចូលព្រះដំណាក់របស់ព្រះអង្គ ទាំងអរព្រះគុណ ចូរនាំគ្នាចូលមកក្នុងបរិវេណព្រះវិហារ ទាំងពោលសរសើរតម្កើង! ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ! |
៥ | ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេរជានិច្ច ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ចូរនាំគ្នាចូលមកជិតព្រះអង្គ ដោយច្រៀងយ៉ាងសប្បាយ !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៥៣,១១ខ-១២)
អ្នកបម្រើរបស់យើងសុចរិត លោកក៏ប្រោសមហាជនឲ្យសុចរិតដោយទទួលយកកំហុសរបស់ពួកគេ។ ហេតុនេះហើយបានជាយើងប្រគល់ឲ្យលោកគ្រប់គ្រងលើមនុស្សជាច្រើន លោកនឹងចែកជ័យភ័ណ្ឌរួមជាមួយពួកកាន់អំណាច ព្រោះលោកបានលះបង់អ្វីៗទាំងអស់រហូតដល់បាត់បង់ជីវិត និងសុខចិត្តឲ្យគេរាប់បញ្ចូលទៅក្នុងចំណោមជនឧក្រិដ្ឋ ដ្បិតលោកទទួលយកបាបរបស់មនុស្សទាំងអស់មកដាក់លើខ្លួនលោក ព្រមទាំងទូលអង្វរឲ្យមនុស្សបាបផង” ។
បន្ទរ៖ ព្រះអម្ចាស់នឹងរំដោះទូលបង្គំ*ឲ្យរួចផុតពីអន្ទាក់។ បន្ទរឡើងវិញ៖…
-ដែលគេដាក់ចាំចាប់ទូលបង្គំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ បើសេចក្ដីសុចរិតរបស់អ្នករាល់គ្នាមិនប្រសើរជាងសេចក្ដីសុចរិតរបស់ពួកបណ្ឌិតខាងវិន័យ និងពួកផារីស៊ីទេ អ្នករាល់គ្នាពុំអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខឡើយ» ។
៦៨ | ”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។ |
៦៩ | ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។ |
៧០ | ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម |
៧១ | គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង |
៧២ | ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ |
៧៣ | គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ ជាបុព្វបុរសរបស់យើងថា |
៧៤ | ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច |
៧៥ | ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។ |
៧៦ | ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ |
៧៧ | កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ ដោយលើកលែងគេឱ្យរួចពីបាប។ |
៧៨ | ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់ ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង |
៧៩ | និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់លោកសាការី (តាមបែបស្មូត) បទពាក្យ ៧
៦៨- | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់ព្រះរបស់ | |
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះ | យាងមករំដោះរាស្ត្រព្រះអង្គ | ។ | |
៦៩- | ទ្រង់បានប្រទានព្រះសង្គ្រោះ | ដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់ | |
ពីក្នុងចំណោមព្រះញាតិវង្ស | នៃអង្គដាវីឌបម្រើជាក់ | ។ | |
៧០- | ព្រះម្ចាស់ប្រទានព្រះសង្គ្រោះ | យើងមិនដែលលោះមិនដែលអាក់ | |
ដូចបានសន្យាតាមរយៈ | ព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន | ។ | |
៧១- | ព្រះអង្គសង្គ្រោះយើងឱ្យរួច | ចេញពីអំណាចខ្មាំងលើសលន់ | |
និងផុតពីដៃពួកទុរជន | ដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង | ។ | |
៧២- | ព្រះអង្គសម្ដែងព្រះហឫទ័យ | ករុណាប្រណីមិនឆ្មៃឆ្មើង | |
ដល់បុព្វបុរសដែលតម្កើង | សម្ពន្ធព្រះអង្គមិនភ្លេចសោះ | ។ | |
៧៣- | គឺព្រះអង្គហើយបានសន្យា | ពាក្យពិតសត្យាមិនចន្លោះ | |
នឹងអប្រាហាំបុព្វបុរស | ដូនតាយើងនោះដូច្នេះថា | ។ | |
៧៤- | ទ្រង់នឹងរំដោះយើងឱ្យរួច | ផុតពីអំណាចខ្មាំងឫស្យា | |
ដើម្បីយើងអាចក្រាបវន្ទា | ព្រះអង្គគ្រប់គ្រាគ្មានភ័យភិត | ។ | |
៧៥- | ព្រមទាំងឱ្យយើងបានរស់នៅ | ឥតមានអាស្រូវដោយសុចរិត | |
ជារៀងរាល់ថ្ងៃមួយជីវិត | គាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ | ។ | |
៧៦- | ចំណែកឯរូបរបស់កូន | នឹងក្លាយខ្លួនជាព្យាការី | |
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃ | រៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ | ។ | |
៧៧- | កូននឹងធ្វើឱ្យអស់ប្រជា | រាស្ត្រទាំងអស់គ្នាគេបានដឹង | |
ថាព្រះសង្គ្រោះគឺព្រះអង្គ | ទាំងលើកទោសផងរួចពីបាប | ។ | |
៧៨- | ព្រះរបស់យើងមានព្រះទ័យ | ករុណាប្រណីជាដរាប | |
ទ្រង់ប្រទានថ្ងៃរះរៀងរាប | រំដោះរួចបាបយើងពិតៗ | ។ | |
៧៩- | សម្រាប់បំភ្លឺដល់អស់អ្នក | ដែលបាននៅស្នាក់ទីងងឹត | |
ព្រមទាំងតម្រង់ផ្លូវជីវិត | យើងឆ្ពោះទៅរកក្តីសុខសាន្ត | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ បើសេចក្ដីសុចរិតរបស់អ្នករាល់គ្នាមិនប្រសើរជាងសេចក្ដីសុចរិតរបស់ពួកបណ្ឌិតខាងវិន័យ និងពួកផារីស៊ីទេ អ្នករាល់គ្នាពុំអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខឡើយ» ។
ពាក្យអង្វរសកល
ចូរយើងអរព្រះគុណព្រះគ្រីស្តជាព្រះអម្ចាស់ដែលបានប្រទានជីវិតឱ្យយើងខ្ញុំ ដោយព្រះអង្គបានសោយទិវង្គតនៅលើឈើឆ្កាង។ ចូរយើងទូលអង្វរព្រះអង្គ ដោយអស់ពីដួងចិត្តថា ៖
បន្ទរ៖ ដោយព្រះអង្គបានសោយទិវង្គត ព្រះអង្គប្រោសឱ្យយើងខ្ញុំមានជីវិតរស់ឡើងវិញ !
ឱព្រះបរមគ្រូ និងជាព្រះសង្រ្គោះ ! ព្រះអង្គបានបង្ហាញឱ្យយើងខ្ញុំស្គាល់ពីព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ហើយព្រះអង្គបានបង្កើតយើងខ្ញុំសាជាថ្មី ដោយទុក្ខលំបាករបស់ព្រះអង្គ
—សូមព្រះអង្គការពារយើងខ្ញុំកុំឱ្យធ្លាក់ចូលទៅក្នុងអំពើបាបម្តងទៀតឡើយ។ (បន្ទរ)
នៅថ្ងៃនេះ សូមព្រះអង្គជួយយើងខ្ញុំឱ្យចេះបដិសេធខ្លួនយើងខ្ញុំ
—និងសូមកុំឱ្យយើងខ្ញុំបដិសេធពីសេចក្តីត្រូវការរបស់អ្នកដទៃឡើយ។ (បន្ទរ)
នៅថ្ងៃនេះ សូមឱ្យយើងខ្ញុំទទួលយកការផ្តន្ទាខ្លួន ទុកជាអំណោយដែលមកពីព្រះអង្គ
—ហើយផ្តល់ឱ្យព្រះអង្គវិញនូវកិច្ចធម៌មេត្តា។ (បន្ទរ)
ព្រះអង្គជាម្ចាស់នៃចិត្តបះបោរប្រឆាំងរបស់យើងខ្ញុំ
—សូមបង្រៀនយើងខ្ញុំឱ្យមានចិត្តសប្បុរសផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះអម្ចាស់ជាព្រះបិតាអើយ ! ព្រះអង្គប្រោសឲ្យយើងខ្ញុំរៀបចំខ្លួនសម្រាប់បុណ្យចម្លងខាងមុខនេះ ដើម្បីរំឭកដល់ព្រះយេស៊ូសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ តាមរយៈការតមខាងផ្លូវកាយ សូមព្រះអង្គមេត្តាជួយឲ្យយើងខ្ញុំបង្កើតផលផ្លែល្អខាងផ្លូវចិត្ត។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅ ដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។