ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ ! យើង​មិន​សប្បាយ​ចិត្ត​នឹង​ឲ្យ​មនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

តើមនុស្សកំលោះត្រូវធ្វើយ៉ាងណា ដើម្បីឱ្យកិរិយាមាយាទរបស់ខ្លួនបានល្អត្រឹមត្រូវ?
គឺដោយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
១០ទូលបង្គំស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត
សូមកុំបណ្តោយឱ្យទូលបង្គំ វង្វេងចេញឆ្ងាយពីវិន័យរបស់ព្រះអង្គឡើយ!
១១ទូលបង្គំរក្សាព្រះបន្ទូលសន្យារបស់ព្រះអង្គទុកក្នុងចិត្ត
ដើម្បីកុំឱ្យប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ។
១២បពិត្រព្រះអម្ចាស់! ទូលបង្គំសូមលើកតម្កើងព្រះអង្គ!
សូមបង្រៀនឱ្យទូលបង្គំស្គាល់ក្រិត្យវិន័យរបស់ព្រះអង្គ!
១៣ទូលបង្គំរៀបរាប់អំពីសេចក្តីទាំងប៉ុន្មានដែលព្រះអង្គបានសម្រេចមក។
១៤ទូលបង្គំមានអំណរដោយបានអនុវត្តតាមដំបូន្មានរបស់ព្រះអង្គ
ប្រៀបដូចជាទូលបង្គំបានទទួលទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភដែរ។
១៥ទូលបង្គំនឹងពិចារណាអំពីច្បាប់របស់ព្រះអង្គ
ទូលបង្គំសញ្ជឹងគិតអំពីមាគ៌ារបស់ព្រះអង្គជានិច្ច។
១៦ទូលបង្គំពេញចិត្តនឹងក្រិត្យវិន័យរបស់ព្រះអង្គ
ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

កាលព្រះគ្រីស្តរស់នៅក្នុងលោកនេះនៅឡើយ…ព្រះអង្គទូលសូមព្រះជាម្ចាស់ដែលអាចសង្គ្រោះព្រះអង្គឱ្យរួចពីស្លាប់ (ហប ៥,៧)។

(ក)

(បទពាក្យ ៧)

២-ឱព្រះអម្ចាស់សូមសណ្តាប់ទូលបង្គំប្រាប់សំណូមពរ
ដ៏ត្រឹមល្អត្រូវស្រស់បវរសូមរកយុត្តិធម៌ឱ្យរូបខ្ញុំ
សូមយកព្រះហឫទ័យវែកញែកនិងសូរសម្រែកទូលបង្គំ
សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យខ្ញុំដែលអង្វរសុំដោយត្រង់ស្មោះ
៣-សូមរកយុត្តិធម៌ឱ្យខ្ញុំផងកុំបីសៅហ្មងឬបង់បោះ
សូមព្រះអង្គទតឱ្យច្បាស់ចុះអ្វីទៅដែលខុសអ្វីត្រឹមត្រូវ
ព្រះអង្គឈ្វេងយល់ចិត្តខ្ញុំច្បាស់ហើយព្រះអង្គត្រាស់ពិនិត្យនូវ
ល្បងលចិត្តខ្ញុំទាំងយប់ជ្រៅមិនឃើញអាស្រូវឬឆ្គាំឆ្គង
៤-ទូលបង្គំខំយកចិត្តទុកដាក់តាមបន្ទូលជាក់ព្រះអង្គផង
ហើយប្រព្រឹត្តខ្លួនមិនឱ្យហ្មងដូចមនុស្សយង់ឃ្នងឯទៀតឡើយ
៥-ទូលបង្គំខំដើរតាមមាគ៌ានៃអង្គក្សត្រាខ្ជាប់ខ្ជួនហើយ
ក៏បោះជំហានដើរតាមក្រោយដោយមិនថ្លោះធ្លោយលំអៀងបែរ
៦-ឱព្រះអម្ចាស់នៃខ្ញុំអើយខ្ញុំស្រែកដង្ហោយមិនប្រួលប្រែ
ហៅរកព្រះម្ចាស់មិនបែកបែរសូមកុំងាករេផ្ទៀងព្រះកាណ៌
៧-ព្រះអង្គតែងតែសង្គ្រោះអ្នកដែលមកជ្រកស្នាក់ដោយមេត្តា
ក្រោមម្លប់បារមីដ៏អស្ចារ្យឱ្យរួចពីការគាបសង្កត់
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

(ខ)

សូមរក្សាទូលបង្គំដូចរក្សាប្រស្រីភ្នែក
សូមការពារទូលបង្គំដូចសត្វស្លាបក្រុងកូនរបស់វា
សូមកុំឱ្យមនុស្សពាលធ្វើទុក្ខបៀតបៀនទូលបង្គំ
កុំឱ្យខ្មាំងសត្រូវមកឡោមព័ទ្ធ ប្រល័យជីវិតទូលបង្គំបានឡើយ។
១០អ្នកទាំងនោះគ្មានចិត្តត្រាប្រណីទេ
មាត់គេពោលចេញមកសុទ្ធតែពាក្យអួតព្រហើន
១១ពួកគេដេញតាមទូលបង្គំទាន់ គេឡោមព័ទ្ធទូលបង្គំទៀតផង
គេសម្លក់សម្លឹងមកទូលបង្គំ បម្រុងនឹងប្រហារជីវិតទូលបង្គំ
១២ពួកគេប្រៀបបីដូចជាសិង្ហដែលរង់ចាំតែហែកស៊ី
គេដូចជាសត្វសាហាវដែលពួនចាំចាប់រំពា។
១៣ឱព្រះអម្ចាស់អើយ! សូមតើនឡើង!
សូមយាងទៅប្រឈមមុខនឹងពួកគេ ឱ្យពួកគេបរាជ័យ!
សូមយកព្រះខ័នរបស់ព្រះអង្គមករំដោះទូលបង្គំ
ឱ្យរួចពីកណ្តាប់ដៃរបស់ជនពាល។
១៤ឱព្រះអម្ចាស់អើយ! សូមព្រះអង្គយកឫទ្ធិបារមីរបស់ព្រះអង្គ
ដេញពួកគេចេញពីចំណោមមនុស្សលោក។
សូមដាក់ទោសពួកគេឱ្យវិនាសអន្តរាយ
សូមឱ្យពួកគេរងទុក្ខវេទនាយ៉ាងខ្លាំង អស់មួយជីវិត តាំងពីកូនរហូតដល់ចៅ។
១៥ចំពោះទូលបង្គំវិញ ទូលបង្គំប្រព្រឹត្តតាមសេចក្តីសុចរិត
ទូលបង្គំនឹងឃើញព្រះភក្ត្រព្រះអង្គ ពេលទូលបង្គំភ្ញាក់ពីដំណេក
ទូលបង្គំនឹងស្កប់ចិត្ត ដោយព្រះអង្គគង់ជាមួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ ! យើង​មិន​សប្បាយ​ចិត្ត​នឹង​ឲ្យ​មនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) អគ ១៨,៣០ខ-៣២

ចូរ​វិល​ត្រឡប់​មក​វិញ ហើយ​លះ‌បង់​អំពើ​ទុច្ចរិត​ទាំង​អស់ កុំ​បណ្តោយ​ឲ្យ​កំហុស​របស់​អ្នក​រាល់​គ្នា បំផ្លាញ​ជីវិត​អ្នក​រាល់​គ្នា​ឡើយ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ ចូរ​បោះ​បង់​ចោល​អំពើ​ទុច្ចរិត​ទាំង​អស់ ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត។ ចូរ​មាន​ចិត្ត​គំនិត​ថ្មី និង​វិញ្ញាណ​ថ្មី! ជន​ជាតិ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​មិន​គួរ​ស្លាប់​ឡើយ ដ្បិត​យើង​មិន​សប្បាយ​ចិត្ត​នឹង​ឲ្យ​នរណា​ម្នាក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​រាន​មាន​ជីវិត» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់-។

បន្ទរ៖ ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ចិត្ត​បរិសុទ្ធ
—សូម​ប្រទាន​ចិត្ត​គំនិត​ថ្មី​ដ៏​រឹង‌ប៉ឹង​មក​ទូល‌បង្គំ​ផង។
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) សក ១,៣ខ-៤ខ

«ចូរ​នាំ​គ្នា​វិល​មក​រក​យើង នោះ​យើង​ក៏​នឹង​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​ដែរ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ កុំ​ធ្វើដូច​ដូន‌តា​របស់​អ្នក​រាល់​គ្នា​ឡើយ។ ពួក​ព្យាការី​នៅ​ជំនាន់​ដើម​ធ្លាប់​ប្រកាស​ប្រាប់​ដូន‌តា​របស់​អ្នក​រាល់​គ្នា​ថា “ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ចូរ​នាំ​គ្នា​វិល​មក​វិញ ដោយ​ងាក​ចេញ​ពី​មាគ៌ា​អាក្រក់ ហើយ​ឈប់​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ទៅ!” ។

បន្ទរ៖ ព្រះ‌អង្គ​អើយ សូម​កុំ​ទត​មើលអំពើ​បាប​របស់​ទូល‌បង្គំឡើយ
—តែ​សូម​លុប​បំបាត់​កំហុស​ទាំង​ប៉ុន្មានរបស់​ទូល‌បង្គំ​ទៅ។
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ដន ៤,២៤ខ

សូម​ព្រះ‌អង្គ​លះ‌បង់​អំពើ​បាប និង​កំហុស​ផ្សេងៗ ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​សម្ដែង​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​ចំពោះ​មនុស្ស​ទុរគត​វិញ ធ្វើ​ដូច្នេះ ព្រះ‌ករុណា​នឹង​បាន​សុខ​ក្សេម‌ក្សាន្ត​ត​ទៅ​មុខ​ទៀត» ។

បន្ទរ៖ យញ្ញ‌បូជា​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យឲ្យ​ទូល‌បង្គំថ្វាយ គឺ​ចិត្តសោក​ស្តាយ
—ព្រះ‌អង្គ​តែង‌តែ​ទទួល​ចិត្ត​សោក​ស្តាយ និង​ចិត្ត​លែង​មាន​អំនួត។
ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ ! ព្រះអង្គទតមើលប្រជារាស្ត្ររបស់ព្រះអង្គដោយព្រះហឫទ័យស្រឡាញ់។ សូមព្រះអង្គមេត្តាកែប្រែចិត្តគំនិតរបស់យើងខ្ញុំឲ្យលះបង់ចោលប្រយោជន៍ផ្ទាល់ខ្លួន ហើយប្រព្រឹត្តអំពើល្អចំពោះអ្នកដទៃ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!

30 Views

Theme: Overlay by Kaira