(រំឭកចាំបាច់)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

“អ្នកមានពិបាកចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខណាស់” (មថ ១៩,២៣)។

បន្ទរទី១ ៖ ចូរ​គិត​ពី​អ្វីៗដែល​នៅ​ស្ថាន​លើ កុំ​គិត​ពី​អ្វីនៅ​លើ​ផែនដី​នេះ​ឡើយ អាលេលូយ៉ា!

(ក)

ប្រជាជនទាំងឡាយអើយ! ចូរនាំគ្នាត្រងត្រាប់ស្តាប់!
មនុស្សម្នាដែលរស់នៅលើផែនដីទាំងមូលអើយ!
ចូរនាំគ្នាយកចិត្តទុកដាក់ស្តាប់!
គឺទាំងអ្នកតូច ទាំងអ្នកធំ ទាំងអ្នកមាន ទាំងអ្នកក្រ!
ខ្ញុំនឹងបរិយាយអំពីគតិបណ្ឌិត
ខ្ញុំនឹងសម្តែងចេញនូវគោលគំនិតប្រកបដោយប្រាជ្ញា។
ខ្ញុំនឹងផ្ចង់ចិត្តស្តាប់ពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញ
ខ្ញុំនឹងដោះស្រាយប្រស្នាទាំងលេងពិណកំដរផង។
នៅគ្រាមានអាសន្ន ឬពេលមានខ្មាំងសត្រូវមកឡោមព័ទ្ធ
ខ្ញុំមិនភ័យខ្លាចអ្វីឡើយ។
មនុស្សអាក្រក់តែងតែទុកចិត្តលើទ្រព្យរបស់ខ្លួន
គេអួតអាងព្រោះមានទ្រព្យសម្បត្តិស្តុកស្តម្ភ។
ពុំមាននរណាម្នាក់អាចលោះអ្នកដទៃបានឡើយ
ហើយក៏ពុំអាចបង់ថ្លៃថ្វាយព្រះជាម្ចាស់ ដើម្បីលោះជីវិតរបស់ខ្លួនបានដែរ
តម្លៃលោះជីវិតរបស់មនុស្សថ្លៃណាស់
ទោះបីជាគេខំបង់ថ្លៃយ៉ាងណាក៏ដោយ ក៏មិនគ្រប់ដែរ។
១០តើមនុស្សអាចរស់រហូត គេចផុតពីរណ្តៅនៃមច្ចុរាជបានឬ?។
១១យើងឃើញច្បាស់ថា អ្នកប្រាជ្ញក៏ដូចជាមនុស្សឆោតល្ងង់អាប់ឥតប្រាជ្ញាដែរ
គេត្រូវតែស្លាប់ទាំងអស់គ្នា ហើយទុកទ្រព្យសម្បត្តិខ្លួនឱ្យអ្នកដទៃ។
១២ខ្ញុំនឹកក្នុងចិត្តថា គេហដ្ឋានរបស់គេនឹងស្ថិតស្ថេររហូតតទៅ
លំនៅដ្ឋានរបស់គេនៅគង់វង្សពីជំនាន់មួយទៅជំនាន់មួយ
ហើយដាក់ឈ្មោះដីធ្លីរបស់គេ តាមឈ្មោះរបស់ខ្លួនថែមទៀត។
១៣មនុស្សដែលមានកិត្តិយសរុងរឿង ពុំអាចគេចផុតពីស្លាប់បានទេ
គេនឹងត្រូវបាត់បង់ជីវិត ដូចសត្វតិរច្ឆាន។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរ​គិត​ពី​អ្វីៗដែល​នៅ​ស្ថាន​លើ កុំ​គិត​ពី​អ្វីនៅ​លើ​ផែនដី​នេះ​ឡើយ អាលេលូយ៉ា!

បន្ទរទី២ ៖ ព្រះអម្ចាស់បាន​រំដោះ​ខ្ញុំឱ្យរួច​ពី​ស្លាប់ អាលេលូយ៉ា!

(ខ)

(បទកាកគតិ)

១៤-អ្នកដែលទុកចិត្តលើខ្លួនឯងពិតនោះគ្មានមារយាទ
ពេញចិត្តពាក្យខ្លួនជាមនុស្សមានស្នៀតអនាគតទៀត
យ៉ាប់យ៉ឺនពេកក្រៃ
១៥-អ្នកនោះប្រៀបបានចៀមសត្វតិរច្ឆានដែលគេប្រល័យ
មច្ចុរាជឃុំគ្រងវាយឥតសំចៃឃ្វាលរាល់យប់ថ្ងៃ
មិនឱ្យឃ្លាតឆ្ងាយ
រីមនុស្សសុចរិតនឹងជាន់ឈ្លីពិតលើរូបរាងកាយ
របស់ពួកគេរលាយអន្តរាយទៅដល់ទីឆ្ងាយ
ក្នុងស្ថានមនុស្សស្លាប់
១៦-ប៉ុន្តែព្រះម្ចាស់មានឫទ្ធិខ្លាំងណាស់រំដោះខ្ញុំឆាប់
ផុតពីអំណាចនៃសេចក្តីស្លាប់ព្រះអង្គប្រញាប់
មកយកខ្ញុំទៅ
១៧-ពេលអ្នកឃើញគេសម្បត្តិឡើងទ្វេកុំបីហ្មងសៅ
ឃើញទ្រព្យគេច្រើនចម្រើនតទៅសំងំពួននៅ
កុំភ័យខ្លាចអី
១៨-នៅពេលគេស្លាប់គេពុំអាចចាប់យករបស់អ្វី
អស់ទាំងសម្បត្តិទ្រព្យធនផ្សេងក្តីចូលទៅក្នុងដី
អ្នកក្ស័យបានឡើយ
១៩-ពេលមានជីវិតគេតែងនឹកគិតថាសុខឥតស្បើយ
ថាខ្លួនគេនឹងមិនខ្វល់អ្វីឡើយអ្នកផងកោតហើយ
ដែលគេមានបាន
២០-គេគង់នឹងត្រូវធ្លាក់ខ្លួនចុះទៅជួបនឹងសន្តាន
ជីតាជីដូនមានទាំងប៉ុន្មានទៅក្នុងទីស្ថាន
ដែលគ្មានពន្លឺ
២១-អ្នកមានកិត្តិយសរុងរឿងខ្ពង់ខ្ពស់ល្បីល្បាញរន្ទឺ
មិនយល់អ្វីសោះមិនភ័យព្រួយព្រឺអ្នកនោះហើយគឺ
ដូចសត្វដែលស្លាប់
សូមកោតសរសើរដល់ព្រះបិតាព្រះរាជ្យបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កានឥតហ្មង
ដែលគង់ជានិច្ច

បន្ទរ ៖ ព្រះអម្ចាស់បាន​រំដោះ​ខ្ញុំ​ឱ្យរួច​ពី​ស្លាប់ អាលេលូយ៉ា!

បន្ទរទី៣ ៖ ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះ‌បារមី តេជា‌នុភាព និង​សិរី‌រុង​រឿង អាលេលូយ៉ា!

១១“បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ
ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព
ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក
អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ
ដោយសារព្រះហឫទ័យរបស់ព្រះអង្គ” ។
គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា៖
“ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង
ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា
ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន
និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។
១០ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង
ហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី” ។
១២នាំគ្នាបន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា
ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង” ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះ‌បារមី តេជា‌នុភាព និង​សិរី‌រុង​រឿង អាលេលូយ៉ា!

សូម​បង‌ប្អូន​ចូល​មក​ជិត​ព្រះ‌គ្រីស្ត ជា​សិលា​ដ៏​មាន​ជីវិត ជា​សិលា​ដែល​មនុស្ស​លោក​បាន​បោះ​បង់​ចោល តែ​ព្រះ‌ជាម្ចាស់​បាន​រើស​យក ព្រោះ​ព្រះ‌អង្គ​ឈ្វេង​យល់​ថា​មាន​តម្លៃ​វិសេស។ រីឯ​បង‌ប្អូន​វិញ បង‌ប្អូន​ប្រៀប​បាន​នឹង​ថ្ម​ដ៏​មាន​ជីវិត​ដែរ ដូច្នេះ ចូរ​ផ្គុំគ្នា​ឡើង កសាង​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌វិញ្ញាណ ធ្វើជា​ក្រុម​បូជា‌ចារ្យ​ដ៏‌វិសុទ្ធ ដើម្បីថ្វាយ​យញ្ញ‌បូជា​ខាង​វិញ្ញាណ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ តាម‌រយៈ​ព្រះយេស៊ូ‌គ្រីស្ត។

បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ដោយបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ ៖ សន្តីកាតារីនតែងតែស្វែងរកព្រះជាម្ចាស់គ្រប់ទីកន្លែង។ ដោយសារកម្លាំងនៃសេចក្តីស្រឡាញ់របស់នាង នាងបានចូលទៅក្នុងសហភាពរួមជាមួយព្រះអង្គ អាលេលូយ៉ា!

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ សន្តីកាតារីនតែងតែស្វែងរកព្រះជាម្ចាស់គ្រប់ទីកន្លែង។ ដោយសារកម្លាំងនៃសេចក្តីស្រឡាញ់របស់នាង នាងបានចូលទៅក្នុងសហភាពរួមជាមួយព្រះអង្គ អាលេលូយ៉ា!

ដោយព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានប្រទានសេចក្តីសង្ឃឹមដ៏ពិតប្រាកដដល់ប្រជារាស្រ្តព្រះអង្គ។ ចូរយើងទូលសូមព្រះអង្គឱ្យអស់ពីដួងចិត្តថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់យេស៊ូ ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! សូមព្រះសណ្តាប់ពាក្យអង្វរយើងខ្ញុំផង !

បពិត្រព្រះអម្ចាស់យេស៊ូ ! ព្រះលោហិត និងទឹកបានហូរចេញពីស្នាមរបួសត្រង់ឆ្នឹងជំនីរព្រះអង្គ
—សូមប្រោសឱ្យព្រះសហគមន៍របស់ព្រះអង្គធ្វើជាកូនក្រមុំ ដែលគ្មានស្លាកស្នាមផង។ (បន្ទរ)

ឱម្ចាស់គង្វាលទាំងឡាយអើយ ! ក្រោយព្រះអង្គមានព្រះជន្មរស់ ឡើងវិញ ព្រះអង្គបានធ្វើឱ្យលោកសិលាក្លាយជាគង្វាលហ្វូងចៀមរបស់ព្រះអង្គ នៅពេលលោកប្រកាសថាស្រឡាញ់ព្រះអង្គ
—សូមព្រះអង្គពង្រីកសេចក្តីស្រឡាញ់ និងការលះបង់របស់សម្តេចប៉ាបព្រះនាម…ពីមួយថ្ងៃទៅមួយថ្ងៃផង។ (បន្ទរ)

ព្រះអង្គបានបង្ហាញឱ្យពួកសាវ័កស្គាល់ពីរបៀបចាប់ត្រី ដែលល្អប្រសើរជាង
—សូមព្រះអង្គផ្ញើអ្នកដទៃឱ្យបន្តការងារជាអ្នកនេសាទមនុស្សពីអស់លោកផង។ (បន្ទរ)

នៅមាត់បឹង ព្រះអង្គបានរៀបចំនំប៉័ង និងត្រីសម្រាប់ពួកសាវ័ក
—សូមកុំឱ្យយើងខ្ញុំអនុញ្ញាតឱ្យអ្នកដទៃត្រូវស្លាប់ ដោយការអត់ឃ្លាននោះឡើយ។ (បន្ទរ)

ព្រះយេស៊ូជាលោកអដាំថ្មី និងមានវិញ្ញាណដែលផ្តល់ជីវិត សូមព្រះអង្គបំផ្លាស់បំប្រែមនុស្សស្លាប់ឱ្យមានលក្ខណៈដូចព្រះអង្គ
—ដើម្បីឱ្យអំណរសប្បាយដ៏ពេញបរិបូណ៌របស់ព្រះអង្គស្ថិតក្នុងពួកគេ។ (បន្ទរ)

បពិត្រព្រះអម្ចាស់ជាព្រះបិតា ! ព្រះអង្គប្រោសឱ្យសន្តីកាតារីនស្រឡាញ់ព្រះអង្គយ៉ាងខ្លាំងបំផុត ដោយនាងនឹកសញ្ជឹងគិតអំពីព្រះយេស៊ូរងទុក្ខលំបាក ហើយព្រះអង្គក៏ត្រាស់ហៅនាងឱ្យបម្រើព្រះសហគមន៍ផងដែរ។ សូមព្រះអង្គប្រោសឱ្យយើងខ្ញុំស្រឡាញ់ព្រះអង្គ ដោយរួមស្លាប់ជាមួយព្រះគ្រីស្ត និងពោរពេញក្នុងអំណរសប្បាយ ក្នុងសិរីរុងរឿងរបស់ព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

6 Views

Theme: Overlay by Kaira